មាស សុខសោភា ពាក់​ប៊ីគីនី​​​​ផ្អើល​ហ្វេសប៊ុក

Content image - Phnom Penh Post

ឈុត​ក្នុង​វីដេអូ​ផ្សព្វផ្សាយ​បទ​ចម្រៀង​ថ្មី​របស់​ មាស សុខសោភា។ រូបថត ហ្វេសប៊ុក



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ត្រឹម​វេលា​ជិត ១ នាទី​នៃ​ឈុត​វីដេអូ​​ចម្រៀង​បទ «ធ្វើ​ចិត្ត​ឲ្យ​សប្បាយ» ដែល​សម្តែង​ដោយ​តារាស្រី​ល្បី​ទាំង​អាជីព​សិល្បៈ​ចម្រៀង និង​សកម្មភាព​មនុស្ស​ធម៌​ការពារ​ព្រៃ​ឈើ​ កញ្ញា មាស សុខសោភា ក្នុង​កាយ​វិការ​បង្ហាញ​នូវ​អារម្មណ៍​ហាក់​ពុំ​ខ្វល់​ខ្វាយ​ពី​អ្វី​នៅ​ជុំវិញ​ខ្លួន បាន​បង្ហាញ​នូវ​​រាង​កាយ​ស្ទើរ​អាក្រាត​​បិទ​បាំង​ត្រឹម​ឈុត​ហែល​ទឹកដូច​អាវ​វ៉ែនតា​ ពណ៌​ផ្កាឈូក និងខោ​សំពត់​ខ្មៅ​ខ្លី​កំប៉ិត​ឡិត នៅ​ឆ្នេរ​សមុទ្រ​កោះរ៉ុង ប្រទេស​កម្ពុជា។

ក្រោយ​ពី​វីដេអូ​ចម្រៀង​ជាស្នាដៃ​និពន្ធ​ថ្មី​របស់​ក្រុម​តន្ត្រី Camtraxmusic ដ៏​ក្មេង​ខ្ចី​របស់​នាយ​ក្ដឹប​នេះ ត្រូវ​បាន​បង្ហោះ​ក្នុង​ទំព័រ​​ផ្លូវ​ការ​របស់​ កញ្ញា មាស សុខសោភា ក្នុង​​បណ្តាញ​សង្គម​ហ្វេសប៊ុក តារា​ស្រី​ដែល​មាន​ប្រិយមិត្ត​ចូលចិត្ត​ជាង ១,១៣ លាន​នាក់​រូបនេះ បាន​រង​នូវ​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​ថាការ​ស្លៀកពាក់​របស់​នាង​ឆ្គង​នឹង​ប្រពៃណី ខណៈ​អ្នក​គាំទ្រ​ខ្លះ​ទៀត​បែរ​ជា​សម្ដែង​ទស្សនៈ​​គាំទ្រ​​រូប​នាង​ឆ្ពោះទៅ​រក​​ភាព​ស៊ីវិល័យ​​ដូច​សិល្បៈ​បស្ចិម​ប្រទេស។

ឈុតសម្តែង​របស់​ក្រុមតន្ត្រី​នាយ​ក្តឹប​ក្នុង​បទ «ធ្វើ​ចិត្ត​ឲ្យ​សប្បាយ» ជា​​វីដេអូ​ផ្សាយ​សាក​ល្បង ​រយៈ​ពេល​​ត្រឹម​ជិត ១ នាទី ដែល​ហោះ​ហើរ​ពាស​ពេញ​បណ្ដាញ​សង្គម​​ហ្វេសប៊ុក និង​ត្រូវ​បាន​​អ្នក​និយម​បញ្ចេញ​ទស្សនៈ​អភិរក្ស​វប្បធម៌​ប្រពៃណី​ខ្មែរ​នាំ​គ្នា​​លើក​ឡើង​ថា ​ពាក់​អាវ​វ៉ែន​តា និង​ខោ​ខ្លី​​​បញ្ចេញ​ភាព​សិច​ស៊ី​ជ្រុល​ពេក​ មិន​​សម​​ជា​នារី​ខ្មែរ​ទាល់​តែ​សោះ។

ក្រុម​អ្នករិះគន់​ទាំង​នេះ​លើក​ឡើង​ថា៖ «នេះ​គ្រាន់​តែ​ជា​វីដេអូ​ខ្លីមួយ នៅ​ក្នុង​ឈុត​សម្តែង​​បទ​​ចម្រៀង​ប៉ុណ្ណោះ តែ​វា​មិន​ទាន់​បាន​ចេញ​លក់​ជា​ផ្លូវ​ការ​ទេ ​ហើយ​បើសិន​ជា​ចេញ​លក់​​ជា​ផ្លូវ​ការ​មែន​នោះ ​ឈុត​សម្តែង​នេះ​មិន​ដឹង​ជា​ ទទួល​រង​នូវការ​រិះ​គន់ខ្លាំង​ប៉ុនណា​ទេ?»។

ទន្ទឹម​នឹង​មតិ​រិះគន់​​ធ្ងន់​ៗ​ឥត​សំចៃ​​មាត់​ មតិ​គាំទ្រ​​កាយ​វិការ​សម្តែង​​របស់ មាស សុខសោភា ​បាន​លើក​ឡើង​របៀប​​ការពារ​តារា​ស្រី​ក្នុង​ដួង​ចិត្ត​របស់​ពួកគេ​​ថា៖ «ល្មម​ប្តូរ​ហើយ​​ការ​រិះ​គន់​បែប​នឹង​នោះ អ៊ីចឹង​ហើយ​បាន​យើង​​នៅ​អន់​ជាង​គេ។ ល្មមឈប់​រិះគន់​​ទៅ​សម័យ ២០១៥​ ហើយ។ បង្ហាញ​ពី​អារម្មណ៍​អន្ទះសា កាល​ណា​ចេញ​បទ​ហ្នឹង ខ្ញុំ​ឆាប់​បាន​ស្តាប់»។

ក្រុម​អ្នកកាន់​ជើងតារា​ចម្រៀង មាស សុខ សោភា ​បាន​សរសេរ​តប​​ការពារ​នាង​យ៉ាង​ដូច្នេះ​ថា៖ «រិះគន់​ជាន់​ពន្លិច​អ៊ីចឹង ទើប​សិល្បៈ​​ខ្មែ​រមិន​ទៅ​​មុខ​សោះ។ គ្រាន់​តែ​គាត់​ស្លៀក​អ៊ីចឹង​ក៏​ថា​ថោក​ពូជ​ខ្មែ​រដែ​រ និយាយ​ធ្វើ​មើល តែ​បង​ភា ស្លៀក​ដើរ​ពេញ​ក្រុងអ៊ីចឹង​ និយាយ​​ចេញ​មក​អត់​ចេះ​គិត​មើល​»។

ទោះយ៉ាងណា ជុំវិញ​ភាព​ក្លាហាន​បង្ហាញ​រាង​កាយ​ដ៏​សិចស៊ី ពាក់​ប៊ីគីនី​ អាវ​វ៉ែនតា​ និង​សំពត់​ខ្លី បញ្ចេញ​ក្នុង​វីដេអូ​ ផ្សព្វ​ផ្សាយ​បទ​ចម្រៀង​ក្នុង​ក្រុម​តន្ត្រី​នាយ​ក្តឹប​នោះ កញ្ញា មាស សុខសោភា ​មិន​អាច​សុំ​​ការ​បក​ស្រាយ​ផ្ទាល់​បាន​នោះទេ ខណៈទូរស័ព្ទ​​មិន​អាច​ទាក់​ទង​បាន​។

ប៉ុន្តែ​ក្នុងនាម​បង​បង្កើត និង​ជា​អ្នកនាំ​ពាក្យ​ឲ្យ​ប្អូនស្រី​គ្រប់រឿង លោក មាស សុខរតនៈ បាន​បក​ស្រាយ​ប្រាប់​ថា វីដេអូ​ចម្រៀង​ដែលមាន​អ្នក​ចូល​មើល ៣ ម៉ឺន​ដង​គិត​ត្រឹម​ម្សិល​មិញ​​នោះ ថា​ជា​ឈុត​ឆាក​សម្ដែង​ដើម្បី​ផ្សព្វផ្សាយ​បទ​ចម្រៀង ​ថ្មី​របស់​នាង​តែ​ប៉ុណ្ណោះ។

លោក មាស សុខរតនៈ បាន​បញ្ជាក់​ថា៖ «កាយ​វិការ​នោះ​គ្រាន់​ជា​ការ​បង្ហាញ​ដើម្បី​ប្រូម៉ូដ (Promote) បទ​ចម្រៀង (ធ្វើ​ចិត្ត​ឲ្យ​សប្បាយ) តែ​សម្រាប់​ការ​សម្តែង​មែន​ទែន មិន​មែន​ដូច​នោះ​ទេ»។

អ្នកចាត់​ការ​ទូទៅ​ផលិតកម្ម​ថោន​ដែល​ធ្លាប់​លើក​ឡើង​ថា ឆ្នាំ ២០១៥ ហើយ មិន​មែន​ ២០ ឬ​៣០ ឆ្នាំ​មុន​ទេ​នោះ​ លោក​បាន​​អះអាង​​ទៀត​​ថា៖​ «យ៉ាងណា ការ​សម្តែង ​MV Full មិន​សម្តែង​ក្នុង​សម្លៀក​បំពាក់​​អ៊ីចឹង​ទេ។ ក្នុង​សភាព​បែបស​ប្បាយៗ​តាម​អត្ថន័យ​បទ​ចម្រៀង​ដែរ តែ​វា​ខុស​ពី​ហ្នឹង អាហ្នឹង​គ្រាន់​តែ​ជាឈុត​ផ្សព្វផ្សាយ​ឲ្យ​គេស្គាល់​បទ​ចម្រៀង​ទេ»។

ក្រៅពីការ​បក​ស្រាយ​នូវ​ឈុត​ឆាក​សម្ដែង​ស្លៀក​ប៊ីគីនី​នៅ​តំបន់​ឆ្នេរ កោះរ៉ុង ដែល​រង​ការ​រិះ​គន់​​នោះ ​លោក​​ មាស សុខរតនៈ បាន​បញ្ចេញ​​នូវ​ទស្សនៈ​​ផ្ទាល់​ខ្លួន​របស់​លោក​ថា៖​ «ជា​ការ​ពិត​ការ​អភិរក្ស ក៏​ចាំបាច់​ឲ្យ​មាន​ការ​អភិវឌ្ឍ​ដែរ។ បើ​គិត​តែ​ពី​មើល​ឃើញ​ជ្រុង​នៃ​អភិរក្ស មិន​គិត​ពី​ជ្រុង​អភិវឌ្ឍន៍ តើ​​យើង​ដើរទាន់​ទេ? ឆ្នាំនេះ ២០១៥ ចូល​​ឆ្នាំ​ ២០២០ ​ស្អែក​ខាន​ស្អែក​​ហើយ។ ​ចាំបាច់​មានការ​អភិវឌ្ឍ​ផង​បាន​​ទៅ​ប្រកួត​ប្រជែង​គេ​បាន»។

គួរ​បញ្ជាក់ផង​ដែរ​​ថា តារា​ចម្រៀង​ស្រី​ដ៏​ល្បី​​នៅ​​ផលិតកម្ម​ថោន មាស សុខសោភា ធ្លាប់​បាន​ប្រាប់​ឲ្យដឹង​ផង​ដែរ​ថា នាង​បាន​ច្រៀង​សម្ដែង​ឲ្យ​តន្ត្រី Camtraxmusic ជាង​មួយ​ឆ្នាំ​ហើយ ដោយ​ការងារ​នេះ​ត្រូវ​បាន​​នាង​ធ្វើ​ការ​អះ​អាង​​ថា​ ក្នុង​បំណង​លើក​ស្ទួយ​បទ​ចម្រៀង​តែង​និពន្ធ​ថ្មី​ដោយ​កូន​ខ្មែរ​ផ្ទាល់​ និង​ផលិត​សម្រាប់​ផ្សព្វ​ផ្សាយ​តាម​​អនឡាយ នោះ​វា​​មិន​ប៉ះពាល់​ដល់​ការងារ​សិល្បៈ​នៅ​​ទ្រនំ​សុខ​សាន្ត​ ជា​ច្រើន​​ឆ្នាំ​របស់​នាង​នៅ​ផលិតកម្ម​ថោន​ឡើយ៕


What Next?

Recent Articles

3 Responses to "មាស សុខសោភា ពាក់​ប៊ីគីនី​​​​ផ្អើល​ហ្វេសប៊ុក"

  1. Battambang says:

    What’s wrong with the bikini dress like the one Meas Sok Sophea was wearing? Nothing is wrong at all. What would you wear when you go to the beach?
    Criticize violence or behavior of leaders and corruption would be better. Stop criticizing singers or movie stars dressing sexily. It’s just art.

  2. Kaodang UN says:

    Bikini have many, but she wearing like daly underwear, so she looked a bit crazy