​វិភាគ​៖ តើ​ការបន្ត​ប្រើ​អគ្គលេខាធិការ គ​.​ជ​.​ប ចាស់ អាច​ផ្ដល់​ទំនុកចិត្ត​ដល់​អ្នកបោះឆ្នោត​ទេ​?​

ដោយ៖​ ណុល ដា​រ៉ា​ | ថ្ងៃចន្ទ ទី25 ឧសភា 2015
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

លោក ទេព នីថា អគ្គលេខាធិការ​ គ​.​ជ​.​ប

​ក្រោយ​ការបោះឆ្នោតជាតិ​អាណត្តិ​ទី​៥ នា​ឆ្នាំ​២០១៣ បក្ស​ប្រឆាំង​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ដោយ​ចោទ​ថា​មាន​ការលួចបន្លំ នាំឲ្យ​មាន​វិបត្តិ​ជាប់គាំង​នយោបាយ​អូសបន្លា​យ​ជិត​១​ឆ្នាំ ។ ក្នុង​រយៈពេល​នោះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទាក់ទង​បរទេស មាន​ជប៉ុន និង​សហភាព​អឺរ៉ុប​ជាដើម ឲ្យមក​ជួយ​ធ្វើ​កំណែទម្រង់ គ​.​ជ​.​ប ឡើងវិញ ។ ករណី​នេះ​ទាំង​បក្សប្រឆាំង ទាំង​អ្នកវិភាគ គិត​ដូចៗ​គ្នា​ថា សូម្បីតែ​គណបក្ស​ប្រជាជន​កម្ពុជា​ខ្លួនឯង ក៏​ទទួលស្គាល់​ភាព​មិន​ប្រក្រតី​របស់ គ​.​ជ​.​ប ដែរ ទើបបាន​ជា​ស្ម័គ្រចិត្ត​ចេញទៅ​ហៅរក​បរទេស​ឲ្យមក​ជួយ​កែ​ទម្រង់​បែបនេះ ។​

​ដើម្បី​បញ្ចប់​វិបត្តិ​ជាប់គាំង​នយោបាយ​ក្រោយ​ការបោះឆ្នោត​នាពេល​នោះ គណបក្ស​ទាំងពីរ​បាន​ធ្វើ​កិច្ចព្រមព្រៀង​មួយ​នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៤ ដែលមាន​៧​ចំណុច ហើយ​ក្នុងនោះ​ក៏​មាន​ការផ្លាស់ប្ដូរ​ក្បាលម៉ាស៊ីន គ​.​ជ​.​ប និង​អគ្គលេខាធិការ​ផងដែរ ។​

​ប៉ុន្តែ​ចាប់តាំងពី​ក្បាលម៉ាស៊ីន គ​.​ជ​.​ប ថ្មី​ត្រូវបាន​បង្កើតឡើង​នៅ​មុន​ចូលឆ្នាំ​ខ្មែរ ឆ្នាំ​២០១៥ រហូតដល់​ពេល​នេះ អគ្គលេខាធិការ​ចាស់ នៅតែ​បន្ត​តួនាទី​របស់​ខ្លួន​ក្នុង​ស្ថាប័ន គ​.​ជ​.​ប ថ្មី ។ កត្តា​នេះ អនុប្រធាន គ​.​ជ​.​ប លោក គួ​យ ប៊ុន​រឿន ថ្លែងថា ការ​ដែល​មិន​ទាន់​ជ្រើសរើស​អគ្គលេខាធិការ​ថ្មី ដោយសារ គ​.​ជ​.​ប រវល់​ធ្វើ​ការងារ​អាទិភាព គឺ​រៀបចំ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​មួយ​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព និង​តម្លាភាព ។ លោក​បន្តថា គ​.​ជ​.​ប នឹង​ជ្រើសរើស​អគ្គលេខាធិការ និង​អគ្គលេខាធិការរង នៅ​ពេលវេលា​សមស្រប ហើយ​ខណៈ​ដែល​មិនទាន់​មាន​អ្នកថ្មី​មក​ជំនួស​ទេ អ្នក​ចាស់​នៅ​តែ​បន្ត​ការងារ​របស់​ខ្លួន ។​

​តើ​ការបន្ត​ប្រើ​អគ្គលេខាធិការ គ​.​ជ​.​ប ចាស់ អាច​ផ្ដល់​ទំនុកចិត្ត​ដល់​អ្នកបោះឆ្នោត​ទេ​?

​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ហៅ​កាត់​ថា​ខុម​ហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍ថា សមាជិក គ​.​ជ​.​ប ទាំង​៩​រូប ជា​អ្នក​មាន​សិទ្ធិ​ត្រូវ​ជ្រើសរើស​អគ្គលេខាធិការ និង​អគ្គលេខាធិការរង ព្រោះ​អគ្គលេខាធិការ និង​អគ្គលេខាធិការរង ជា​សេនាធិការ​ផ្ទាល់​របស់ គ​.​ជ​.​ប ។ លោក​បន្តថា ច្បាប់​បង្កើត គ​.​ជ​.​ប មាន​ចរិត​មិន​បង្ហាញ​ផ្លូវ​ច្បាស់លាស់ ព្រោះ​បាន​ចែង​ថា បើ​មិន​ទាន់​រក​បាន​អគ្គលេខាធិការ និង​អគ្គលេខាធិការរង​បានទេ នោះ​អគ្គលេខាធិការ និង​អគ្គលេខាធិការរង​ដែល​មាន​ស្រាប់ នៅ​បន្ត​ដំណើរការ​ធម្មតា ។​

​លោក គល់ បញ្ញា បន្ថែមថា អគ្គលេខាធិការ និង​អគ្គលេខាធិការរង​នៅក្រោម គ​.​ជ​.​ប ផ្ទាល់ គឺ​ដូច​សភា និង​គណៈរដ្ឋមន្ត្រី​ដែរ ហើយ​អគ្គលេខាធិការ និង​អគ្គលេខាធិការរង​អាច​មាន​អាណត្តិ​ដូច គ​.​ជ​.​ប ផងដែរ ។ លោក​ថា «​គ​.​ជ​.​ប សម្រេច​ទៅ អគ្គលេខាធិការ អគ្គលេខាធិការរង​ហ្នឹង ព្រោះ​កន្លែង​ហ្នឹង​កន្លែង​គេ​ហៅថា ប៉ុស្តិ៍​សេនាធិការ​សំខាន់ ដើម្បី​នៅ​ហ្នឹង​យើង​សិក្សា​វាយតម្លៃ​ទៅ​អំពី របៀប​វាយតម្លៃ​ឡើងវិញ អំពី​កម្រិត​នៃ​ការទុកចិត្ត​អំពី​អ្នកពាក់ព័ន្ធ ទៅលើ​អគ្គលេខាធិការ អគ្គលេខាធិការរង​ហ្នឹង សមត្ថភាព ដើម្បី​ឆ្លើយតប​នឹង​ច្បាប់​ថ្មី​ហ្នឹង ហើយ​និង​កិច្ចការងារ ប្រសិទ្ធភាព​ការងារ​ស្អីៗ​មួយចំនួនទៀត ដែល គ​.​ជ​.​ប ពិនិត្យ​ទៅ​វាយតម្លៃ​ទៅ​» ។  

​ទាក់ទង​នឹង​បញ្ហា​អគ្គលេខាធិការ និង​អគ្គលេខាធិការរង​នេះដែរ អ្នកវិទ្យាសាស្ត្រ​នយោបាយ លោក​សាស្ត្រាចារ្យ រស់ រ៉ាវុធ មានប្រសាសន៍ថា សមាជិក គ​.​ជ​.​ប ថ្មី​ទាំង​៩​រូប មាន​ភារកិច្ច​ជ្រើសរើស​អគ្គលេខាធិការ អគ្គលេខាធិការរង និង​មាន​ភារកិច្ច​ផ្សេងៗ​ទៀត​ក្នុង គ​.​ជ​.​ប រួមទាំង​ការធ្វើសមាហរណកម្ម​បុគ្គលិក ។ លោក​ថា ការ​រក្សាទុក​អ្នក​ចាស់ ឬក៏​ត្រូវ​ជ្រើសរើស​ថ្មី គឺជា​ការទទួលខុសត្រូវ​របស់​សមាជិក​គ​.​ជ​.​ប ថ្មី​ទាំង​៩​រូបនោះ ។ 

លោក​សាស្ត្រាចារ្យ រស់ រ៉ាវុធ បន្ថែមថា អគ្គលេខាធិការ​ចាស់ ឬ​ថ្មី​មិន​សំខាន់​ទេ សំខាន់​គឺ​ការងារ​នោះ​អាច​ជឿ​ទុកចិត្តបាន ។ លោក​មានប្រសាសន៍ថា «​អ្វី​ដែល​យើង​ចង់បាន​នោះ មនុស្ស​ចាស់​ក៏ដោយ មនុស្ស​ថ្មី​ក៏ដោយ សំខាន់​រឿង​ថា​តើ​ការប្រព្រឹត្តទៅ​របស់ គ​.​ជ​.​ប មាន​ភាពយុត្តិធម៌​ត្រឹមត្រូវ​ឬ​អត់ ។ ព្រោះ​បច្ចុប្បន្ននេះ​ខ្ញុំ​ឃើញ​មាន​ការ​កែទម្រង់​ច្រើន គឺ​បាន​សហការ​ជាមួយនឹង​សហគមន៍​អឺរ៉ុប បាន​សហការ​ផ្នែក​បច្ចេកទេស​ជាមួយនឹង​ជប៉ុន ។ អ៊ីចឹង​ខ្ញុំ​គិតថា ទោះបីយ៉ាងណា បើ​គាត់​ចាស់​ក៏ដោយ តែ​គាត់​ធ្វើ​ការផ្លាស់ប្ដូរ​តាម​បច្ចេកទេស នោះ​ជា​ការប្រសើរ​មួយ​សម្រាប់​ជាតិ​» ។​

​លោក​សាស្ត្រាចារ្យ​បញ្ជាក់ថា មិន​ថា​អគ្គលេខាធិការ​ចាស់ ឬ​ថ្មី​នោះទេ បើ​សមាជិក គ​.​ជ​.​ប ថ្មី​ទាំង​៩​រូប មិន​ឯកភាព​លើ​ការងារ​របស់​អគ្គលេខាធិការលើ​ចំណុ​ច​ណាមួយ នោះ​ពួកគាត់​ទាំង​៩​រូប​មាន​សិទ្ធិ​ក្នុង​ការតវ៉ា ។ 

ប៉ុន្តែ​សម្រាប់​អ្នក​ស្រាវជ្រាវ​ពី​ការអភិវឌ្ឍ​សង្គម​វិញ លោក កែម ឡី មាន​យល់ថា បើ គ​.​ជ​.​ប ពិតជា​មាន​ឆន្ទៈ​ធ្វើការ​មួយ​ឲ្យ​ល្អប្រសើរ មាន​សុចរិត​ភាព អាច​ទទួលយក​បាន​ទាំង​ម្ចាស់ឆ្នោត នោះ គ​.​ជ​.​ប គួរតែ​ជ្រើសរើស​អគ្គលេខាធិការ​ថ្មី​មួយ ដែល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ស្នាម​ចាស់​កន្លងមក ។ លោក​បន្តថា បើ គ​.​ជ​.​ប ថ្មី​នេះ បន្ត​ប្រើ​អគ្គលេខាធិការ​ចាស់​ទៀត ទោះបី​មាន​ការធានា​អះអាង​យ៉ាងណាក៏ដោយ ក៏​ភាពត្រឹមត្រូវ​យុត្តិធម៌​ក្នុង​ការរៀបចំ​ការបោះឆ្នោត នៅតែ​ពិបាក​ជឿ​ទុកចិត្ត​បាន​ដដែល ។ លោក​ថា ​«​កិត្តិយស កិត្យានុភាព អគ្គលេខាធិការ​ចាស់​កន្លងមក បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ ជា​ពិសេស​អ្នក​បោះឆ្នោត​ហ្នឹង គាត់​មិន​សប្បាយចិត្ត​ខ្លាំងណាស់​ទៅហើយ ។ អ៊‍ីចឹង​ខ្ញុំ​គិតថា​បើ​យើង​ចង់​ធ្វើ​កំណែទម្រង់​មែន គួរតែ​ពិនិត្យ​មើល​សមា​សភា​ពដ​ដៃៗ​ទៀត ដែល​គេ​មាន​តម្លាភាព​នៅក្នុង​ខ្លួនគេ គេ​មាន​ប្រព័ន្ធ​សុចរិត​ភាព​នៅក្នុង​ខ្លួនគេ អាហ្នឹង​បាន​អាច​ជួយ​ធានា​នូវ​ការបោះឆ្នោត​មួយ​ដែល​អាច​ជឿ​បាន ។ ប៉ុន្តែ​វា​ទាក់ទង​ទៅនឹង​ប្រព័ន្ធ​បោះឆ្នោត វា​ទាក់ទង​នឹង​នីតិវិធី​ផ្សេងៗ​ទៀត​» ។​

​ផ្អែក​លើ​មតិយោបល់​ទាំងអស់​ខាងលើ​នេះ​ឃើញថា ភាព​អាច​ជឿ​ទុកចិត្ត​បាន​ពី​អ្នកបោះឆ្នោត​ជា​រឿង​សំខាន់ ។ បើ​តាម​លោក គល់ បញ្ញា និង​លោក​សាស្ត្រាចារ្យ រស់ រ៉ាវុធ គឺ​សមាជិក គ​.​ជ​.​ប ថ្មី​ទាំង​៩​រូប ជា​អ្នកធានា និង​វាយតម្លៃ​លើ​ការងារ​របស់​អគ្គលេខាធិការ ។ ប៉ុន្តែ​បើ​តាម​លោក កែម ឡី ទោះបីជា​មាន​ការធានា​យ៉ាងណាក៏ដោយ ក៏​នៅតែ​ពិបាក​នឹង​ឲ្យ​ម្ចាស់ឆ្នោត​ជឿ​ទុកចិត្ត​បាន​ដដែល ព្រោះ​លោក​យល់ថា អគ្គលេខាធិការ​ចាស់​នោះ ដិតដាម​ដោយ​ស្នាម​ប្រឡាក់​រួចទៅហើយ ៕ 

​សូម​សរសេរ​មក​លោក ណុល ដា​រ៉ា តាមរយៈ dara@vodhotnews.com

What Next?

Recent Articles

4 Responses to "​វិភាគ​៖ តើ​ការបន្ត​ប្រើ​អគ្គលេខាធិការ គ​.​ជ​.​ប ចាស់ អាច​ផ្ដល់​ទំនុកចិត្ត​ដល់​អ្នកបោះឆ្នោត​ទេ​?​"

  1. ពូជអ្នកជា says:

    បើបានជាបង្កើត គជប ថ្មីហើយ ទៅពិបាកអីជ្រើសរើសអគ្គលេខាធិការថ្មីនោះ ព្រោះថាកាល

    ណាមានស្នាមហើយ ទោះជាយកអីមកបិទ ឬក៏ជួសជុលនោះ ក៏វានៅតែមានស្នាមដដែល​ ។

    ខ្ញុំគិតថាមិនខ្វះទេមនុស្សមានសមត្តភាព សំខាន់ គជប ខ្លួនឯងហ្នឹងមានចិត្តចង់ ឬមិនចង់

    តែប៉ុណ្ណឹងឯង ។

  2. Meanchan says:

    If change new NEC why is can not general NEC .We need to change TEP NETHA .

  3. ខ្មែរ says:

    សុភាសិត​ខ្មែរ​ពោលថា ៉​ត្រី១កន្រ្តក ស្អុយ១ ស្អុយ​ទាំង​អស់ ៉។ យើងបានកន្រ្តកថី្ម​ ត្រីថ្មី​ លើកលែងតែត្រីចាស់ស្អុយមួយនេះ។ តើយើងសុខចិត្ត​ទុកត្រីស្អុយនេះ ធ្វើឲស្អុយត្រីទាំងអស់ក្នុង​កន្រ្តកឬ? ។

  4. ចិត្តគេ says:

    ទុកឲ្យមនុស្សថ្មីគំនិតថ្មីរចនាបទក៏ថ្មីទៅតេីយកមកធេី្វអីអាមនុស្សស្អុយរលួយដូចកាក់សំណល់

    មានជំនឿអីទៀត។នេះជាការរៀបចំប្រទេសឲ្យល្អមិនមែនរៀបចំមនុស្សស្អុយរលួយទេគិតឲ្យបាន

    ច្បាស់ណាពូពូលេាកអ៊ំលេាកអ៊ំគេមិនមែនល្ងង់មួយប្រទេសទេ។