ដោយ សិរីមុនី
2015-05-31
RFA

តំណាងក្រុមហ៊ុនទូរស័ព្ទ មេតហ្វូន (Metfone) ប្រគល់ថវិកាជូនម្ដាយយុវជន អ៊ុក ចាន់ថន សម្រាប់ធ្វើបុណ្យសព នាមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី៣១ ឧសភា ឆ្នាំ២០១៥។ RFA/Sireymuny
សមត្ថកិច្ចកំពុងស៊ើបអង្កេតចំពោះករណីស្លាប់សិស្សថ្នាក់ទី១២ នៅក្នុងកម្មវិធីលេងល្បែងប្រកួតពណ៌នៃការប្រគំតន្ត្រីក្រុមហ៊ុនមេតហ្វូន (Metfone) កាលពីរាត្រីថ្ងៃទី៣០ ឧសភា នៅកោះពេជ្រនោះ នៅឡើយ។ គ្រួសារជនរងគ្រោះទាមទារឲ្យក្រុមហ៊ុនមេតហ្វូន ទទួលខុសត្រូវលើករណីស្លាប់យុវជននេះ តែខាងក្រុមហ៊ុនវិញមិនទទួលខុសត្រូវនោះឡើយ។
ម្ដាយយុវសិស្សថ្នាក់ទី១២ អះអាងថា កូនរបស់គាត់គ្មានជំងឺអ្វីទេពីមុនមក ហើយនឹងគ្រោងប្ដឹងក្រុមហ៊ុនមេតហ្វូន ដើម្បីឲ្យទទួលខុសត្រូវលើករណីធ្វើឲ្យកូនគាត់ស្លាប់នោះ។
យុវជន អ៊ុក ចាន់ថន ស្លាប់ភ្លាមៗបន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត នៅម៉ោងប្រមាណ ៦ល្ងាច ថ្ងៃទី៣០ ខែឧសភា នៅក្នុងពិធីប្រគំតន្ត្រី ខូល័រ រ៉េស (Color Race) របស់ក្រុមហ៊ុន មេតហ្វូន នៅកោះពេជ្រ។
លោកស្រី ចាន់ ធី ដែលត្រូវជាម្ដាយរបស់យុវសិស្ស អ៊ុក ចាន់ថន ដែលស្លាប់នោះ អះអាថា កូនគាត់មានសុខភាពល្អ មិនដែលឈឺនោះទេ។ លោកស្រីបន្តថា ការស្លាប់របស់កូនគាត់ដោយសារតែក្រុមហ៊ុនមេតហ្វូន មិនមានវិធានការការពារត្រឹមត្រូវ ដោយអាជ្ញាធរអនុញ្ញាតឲ្យប្រើប្រាស់ស្ព្រាយ (Spray) មានជាតិពុល ខ្វះការត្រួតពិនិត្យត្រឹមត្រូវពីអ្នកជំនាញ និងមិនបិទបម្រាមហាមចំពោះអតិថិជនណាដែលមានសុខភាពមិនល្អបាញ់លេងតាមចិត្ត៖ «»។
ជុំវិញការស្លាប់របស់សិស្សទី១២អឺ នៃវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ យុវជន អ៊ុក ចាន់ថន នេះ វេជ្ជបណ្ឌិតជំនាញកោសល្យវិច័យប្រចាំមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត ណង សុវណ្ណរ័ត្ន អះអាងថា ការស្លាប់របស់យុវសិស្សនេះ ដោយសារជំងឺខូចសាច់ដុំបេះដូង ឬខ្យល់គរ។
លោកវេជ្ជបណ្ឌិតពន្យល់ថា ក្រុមគ្រូពេទ្យបានបូមឈាមជនរងគ្រោះដែលស្លាប់ទៅពិនិត្យមើលដើម្បីធ្វើរោគវិនិច្ឆ័យ ហើយជាលទ្ធផលគឺជនរងគ្រោះមានជំងឺខូចសាច់ដុំបេះដូង៖ «»។
ទោះបីជាយ៉ាងនេះក្ដី នៅក្រោយពេលស្លាប់របស់យុវសិស្សកាលពីរាត្រីថ្ងៃទី៣០ ខែឧសភា សារព័ត៌មានក្នុងស្រុកបានចុះផ្សាយភ្លាមៗ ដោយស្រង់សម្ដីសមត្ថកិច្ចដែលចុះទៅជួយសង្គ្រោះនោះ ថាការស្លាប់នេះ អាចមកពីការពុលស្ព្រាយពណ៌ដែលបាញ់លើខ្លួននោះ។
ទន្ទឹមនេះដែរ ប្រធានការិយាល័យកោសល្យវិច័យរាជធានីភ្នំពេញ លោក លុន មុនីរ័ត្ន អះអាងថា សមត្ថកិច្ចកំពុងស៊ើបអង្កេតជុំវិញការស្លាប់របស់សិស្ស អ៊ុក ចាន់ថន នេះ តើពិតជាស្លាប់ដោយសារជំងឺខូចសាច់ដុំបេះដូងពិតមែន ឬយ៉ាងណា?
លោកនិយាយថា បើតាមការពិនិត្យមើលសាកសព គឺពុំឃើញមានម្សៅ និងស្ព្រាយក្នុងមាត់ ច្រមុះ និងគ្មានជាតិពុលនោះទេ៖ «»។
យុវសិស្ស អ៊ុក ចាន់ថន ដួលសន្លប់នៅពេលលេងល្បែងប្រកួតពណ៌ ដែលមានឈ្មោះថា ខូល័រ រ៉េស ក្នុងកម្មវិធីប្រគំតន្ត្រីរបស់ក្រុមហ៊ុនមេតហ្វូន នៅកោះពេជ្រ កាលពីថ្ងៃទី៣០ ខែឧសភា។
ម្ដាយជនរងគ្រោះ លោកស្រី ចាន់ ធី អះអាងប្រាប់វិទ្យុអាស៊ីសេរីថា បន្ទាប់រៀបចំពិធីបុណ្យសពរួច លោកស្រីនឹងដាក់ពាក្យទៅកាន់តុលាការដើម្បីទាមទារសំណងពីក្រុមហ៊ុនមេតហ្វូន។ លោកស្រីបន្តថា ជាបឋមលោកស្រីទាមទារឲ្យក្រុមហ៊ុនមេតហ្វូត បង់លុយចំនួន ៥.០០០ពាន់ដុល្លារដើម្បីធ្វើបុណ្យសព។
ទាក់ទងនឹងការទាមទារសំណងនេះ ក្រុមហ៊ុនមេតហ្វូន បានប្រគល់លុយ ២.០០០ដុល្លារឲ្យក្រុមគ្រួសារជនរងគ្រោះ ដោយអះអាងថា ជាការចូលបុណ្យសព។ តំណាងក្រុមហ៊ុនមេតហ្វូន ដែលមិនព្រមបញ្ចេញឈ្មោះសោះនោះ ប្រាប់ក្រុមគ្រួសារសពថា លោកនឹងបន្តរៃអង្គារលុយពីបុគ្គលិកបន្ថែម ប៉ុន្តែមិនមានគម្រោងបង់សំណងជំងឺចិត្តនោះឡើយ។
មន្ត្រីអង្កេតជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត លើកឡើងថា ករណីនេះគឺជាការទទួលខុសត្រូវទាំងស្រុងរបស់ក្រុមហ៊ុនមេតហ្វូន។ លោកប្រាប់ថា ក្រុមហ៊ុនគឺជាអ្នករៀបចំកម្មវិធី ដូច្នេះក្រុមហ៊ុនត្រូវតែមានការផែនការការពារសុវត្ថិភាពជូនទស្សនិកជនដែលចូលរួមទស្សនាកម្មវិធីប្រគំតន្ត្រីនេះ។ ក្រុមហ៊ុនមេតហ្វូន ត្រូវតែពិនិត្យនូវម្សៅ និងស្ព្រាយដែលយកមកលេងនោះជាមុន ដើម្បីប្រាកដថា មិនមានជាតិពុល និងមិនអាចប៉ះពាល់ដល់សុខភាព។ លោកបន្តថា ក្រុមគ្រួសារជនរងគ្រោះមានសិទ្ធិដាក់ពាក្យប្ដឹងទៅកាន់តុលាការដើម្បីទាមទារការទទួលខុសត្រូវពីក្រុមហ៊ុនចំពោះការស្លាប់របស់យុវសិស្ស អ៊ុក ចាន់ថន នេះ៖ «»។
ប្រធានការិយាល័យកោសល្យវិច័យរាជធានីភ្នំពេញ លោក លុន មុនីរ័ត្ន បញ្ជាក់ថា ក្រុមគ្រួសារជនរងគ្រោះ អាចដាក់ពាក្យប្ដឹងទាមទារសំណងពីក្រុមហ៊ុនបាន បើសិនមានភស្តុតាងបញ្ជាក់ថា យុវជន អ៊ុក ចាន់ថន ពិតជាស្លាប់ដោយសារការពុលស្ព្រាយ និងម្សៅនោះពិតប្រាកដមែន។
សិស្សទី១២អឺ នៃវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ យុវជន អ៊ុក ចាន់ថន មានអាយុ ១៨ឆ្នាំ រស់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សពរបស់យុវសិស្ស អ៊ុក ចាន់ថន ត្រូវបានក្រុមគ្រួសារយកទៅតម្កល់ធ្វើបុណ្យនៅវត្តទួលសុណ្ណរ៉ាម ហៅទួលសង្កែ រាជធានីភ្នំពេញ។
ម្ដាយរបស់យុវជន អ៊ុក ចាន់ថន លោកស្រី ចាន់ ធី ជាស្ត្រីមេម៉ាយ និងមានកូនពីរនាក់។ យុវជន អ៊ុក ចាន់ថន ជាកូនពៅក្នុងគ្រួសារ។
លោកស្រី ចាន់ ធី ទទូចឲ្យនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ជួយអន្តរាគមន៍ជុំវិញការស្លាប់កូនរបស់លោកស្រី។ លោកស្រីបន្តថា លោកស្រីគ្មានទីពឹងទេនៅពេលអនាគត និងថាជីវិតលោកស្រីគ្មានន័យអ្វីទៀតឡើយ៖ «»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អង្គការក្រៅរដ្ឋាភិបាលផ្ដល់បច្ចេកទេសគ្រប់គ្រងគ្រោះមហន្តរាយតាមសាលារៀន
- ពលរដ្ឋខេត្តស្វាយរៀងតវ៉ារឿងកុងទ័រអគ្គិសនីឡើងខ្ពស់ជាថ្មីទៀត
- មន្ត្រីប៉ូលិសនៅបាត់ដំបងថាប្រធានអង្គភាពបង្ខំឲ្យកាត់លុយទៅកាកបាទក្រហម
- សង្គមស៊ីវិលអំពាវនាវឲ្យអាជ្ញាធរខេត្តស្វាយរៀងបង្ក្រាបវៀតណាមលក់ឆ្នោត
- សមត្ថកិច្ច៖ ករណីភ្លើងឆេះស្លាប់មនុស្ស៤នាក់នៅភ្នំពេញថ្មីបណ្ដាលមកពីឆ្លងចរន្តភ្លើង
- និវត្តជនស្នើនាយករដ្ឋមន្ត្រីផ្ដល់ដីសម្បទានសង្គមកិច្ចនិងផ្ទះឲ្យបានឆាប់
- ខ្យល់កន្ត្រាក់បំផ្លាញផ្ទះជាង៨០០ខ្នងនិងគំរាមកំហែងប្រាសាទខ្លះនៅសៀមរាប
- ពលរដ្ឋខេត្តស្វាយរៀងជាង១ពាន់គ្រួសារតវ៉ារឿងកុងទ័រភ្លើងឡើងខ្ពស់
- មនុស្ស១៨នាក់ស្លាប់និង២១នាក់របួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅស្វាយរៀង
យុវជនទាំងអស់គ្នា គួរតែចេះប្រុងប្រយ័ត្នខ្លួន ក្នុងការសម្រេចចិត្តចូលរួមក្នុងកម្មវិធីអ្វីៗ ទាំងអស់នៅកម្ពុជា យើងនេះ។
ឃើញទេ យើងទិញសំបុត្រតម្លៃ ៥ ដុល្លាចូលទស្សនា ចូលលេងកំសាន្ត ដោយរួមចំណែកលើកកំពស់កេរ្ត៍ឈ្មោះក្រុមហ៊ុនឲ្យល្បី តែដល់ពេលស្លាប់ គេថា យើ់ងស្លាប់ដោយសុខភាព។
វាពិតជាអាចអះអាងយ៉ាងដូចនេះហើយ ដោយសារ តែយើងបានស្លាប់តែម្នាក់ឯង។ គ្រូពេទ្យក៏អះអាងដូចនេះ ឯ ប៉ូលីស ក៏អះអាងដូចនេះ។ តែយើងពុំដឹងថា ក្រោយខ្នងនៃការអះអាង វាមានអ្វីខ្លះទេ។
ទោះយ៉ាងណា ក៏ត្រូវគិតថា អ្វីក៏ដោយ ដែលកើតឡើងក្នុងកម្មវិធីរបស់នរណាម្នាក់ឬ ក៏ក្រុមហ៊ុនណាមួយ ក្នុងបរិវេណនៃការទទួលខុសត្រូវរបស់នរណាម្នាក់គឺត្រូវតែម្ចាស់កម្មវិធី ឬម្ចាស់ទីកន្លេង ត្រូវតែជាប់ពាក់ព័ន្ធ។ យុវជននេះ អាចមានបញ្ហាសុខភាពទៅចុះ តែដល់គួបផ្សំនឹងការប្រើប្រាស់វត្ថុអ្វីមួយ គឺវាត្រូវតែមានបញ្ហា។
យើងមិនទាមទារផ្លូវច្បាប់ទេ តែសុំប៉ូលីស និង លោកគ្រូពេទ្យកុំ លើកហេតុផល ១០០% ថាពុំមានពាក់ព័ន្ធជាមួយការប្រើប្រាស់ស្ព្រាយពណ៌។ លោកនិយាយយ៉ាងនេះ ប្រហែលជា មានលុយនៅក្រោយខ្នង ហើយ។
នេះ គ្រាន់តែជារឿងសប្បាយ តែនៅរឿងមួយទៀត ដែលយុវជនយើងចូលចិត្តដែរ គឺរឿងបាតុកម្ម ដែលសព្វថ្ងៃនេះ ដូចជាស្ងាត់ទៅហើយ។ ប្រយ័ត្នណាបងប្អូន ប្រយ័ត្នតែពួកខូចអស់នេះ វាចង់ធ្វើបាប រាជរដ្ឋាភិបាល វាគប់គ្រាប់បែកសម្លាប់បងប្អូន ដើម្បីបង្កើតលេសចោទប្រកាន់រាជរដ្ឋាភិបាល។
ល្បែងនេះធ្លាប់មាននៅកម្ពុជា ដែលគេកំពុងតែចោទប្រកាន់រដ្ឋាភិបាល មិនទាន់ចប់ទេ។