កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​អាក្រក់​បំផុត​ផ្នែក​នីតិរដ្ឋ​នៅក្នុង​តំបន់

ស្ត្រី​អ្នក​ភូមិ​បឹង​កក់​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​គ្រាន់តែ​តវ៉ា​រឿង​ដីធ្លី​កាលពី​ដើម​ឆ្នាំ​នេះ។

ស្ត្រី​អ្នក​ភូមិ​បឹង​កក់​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​គ្រាន់តែ​តវ៉ា​រឿង​ដីធ្លី​កាលពី​ដើម​ឆ្នាំ​នេះ។ ហេង ជីវ័ន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ កម្ពុជា​មាន​ពិន្ទុ​មិន​ល្អ​ក្នុង​សន្ទស្សន៍​ប្រចាំ​ឆ្នាំ​ ដែល​ត្រូវ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ ដែល​​ជា​សន្ទស្សន៍​វាយតម្លៃ​​​នីតិរដ្ឋ​សម្រាប់​ប្រទេស​ចំនួន ១០២ ដោយ​កំណត់​កម្ពុជា​ជាប់​លេខ ៩៩ និង​ចំណាត់​ថ្នាក់​អាក្រក់​បំផុត​នៅក្នុង​តំបន់។

សន្ទស្សន៍​​នីតិរដ្ឋ​របស់​គម្រោង​យុតិ្តធម៌​ពិភពលោក ដែល​​ផ្អែក​លើ​ការ​ស្ទង់​មតិ​ជាមួយ​នឹង​មនុស្ស​សាមញ្ញ និង​អ្នកជំនាញ​ក្នុង​ប្រទេស កំណត់​ចំណាត់ថ្នាក់ ប្រទេស​នានា ដោយ​ផ្អែក​លើ​សូចនាករ​សំខាន់ៗ​ទាំង​ប្រាំ​បី​រួមមាន​ការ​កំហិត​លើ​អំណាច​រដ្ឋាភិបាល អវត្តមាន​នៃ​អំពើ​ពុករលួយ​ និង​ការ​អនុវត្ត​ច្បាប់​។

ចំពោះ​កត្តា​ទាំងអស់ ដែល​បាន​វាស់វែង កម្ពុជា​ទទួល​បាន​ពិន្ទុ​អាក្រក់​បំផុត នៅក្នុង​តំបន់ អាស៊ីបូព៌ា និង​​ប៉ាស៊ីហ្វិក​ដែល​ប្រទេស​ដទៃ​ទៀត ក៏​ត្រូវ​បាន​កំណត់​ចំណាត់ថ្នាក់​ផង​ដែរ គឺ​រួមមាន មីយ៉ាន់ម៉ា វៀតណាម និង​ម៉ុងហ្គោលី។

របាយការណ៍​បាន​កត់សម្គាល់​ថា សារៈសំខាន់​នៃ​​នីតិរដ្ឋ​ប្រកប​ដោយ​ប្រសិទ្ធភាព​ដែល​រដ្ឋាភិបាល​ត្រូវ​​ទទួល​ខុសត្រូវ គឺ​សិទិ្ធ​ជា​មូលដ្ឋាន​ត្រូវ​បាន​ការពារ ប្រព័ន្ធ​តុលាការ​មាន​ឯករាជភាព មិន​អាច​មើល​ស្រាល​បាន​ឡើយ។

របាយការណ៍​បាន​បន្ត​ថា៖ «​នៅពេល​ដែល​​នីតិរដ្ឋ​ទន់​ខ្សោយ ថ្នាំ​ព្យាបាល​មិន​អាច​​ទៅ​ដល់​មណ្ឌល​សុខភាព​ អំពើ​ហិង្សា​ព្រហ្មទណ្ឌ ពុំ​ត្រូវ​បាន​ត្រួតពិនិត្យ ច្បាប់​ត្រូវ​បាន​អនុវត្ត​​មិន​ស្មើភាព​គ្នា​ក្នុង​សង្គម និង​ពុំ​មាន​ការ​វិនិយោគ​បរទេស​ឡើយ»។​ «​នីតិរដ្ឋ​ដែល​មាន​ប្រសិទ្ធភាព ជួយ​កាត់បន្ថយ​អំពើ​ពុករលួយ លើក​កម្ពស់​សុខភាព​សាធារណៈ ពង្រឹង​វិស័យ​អប់រំ កាត់បន្ថយ​ភាព​ក្រីក្រ និង​ការពារ​មនុស្ស​ពី​ភាព​អយុត្តិធម៌ និង​គ្រោះថ្នាក់​ធំ​តូច»​។

ប្រទេស​ដែល​មាន​ពិន្ទុ​អាក្រក់​ជាង​កម្ពុជា ក្នុង​សន្ទស្សន៍​នោះ គឺ​ប្រទេស​ហ្ស៊ីមបាវ៉េ អាហ្វហ្គានីស្ថាន និង​វ៉េណេស៊ុយអេឡា។

ចំពោះ​ឧទាហរណ៍​នៃ​ការ​ខក​ខាន​ក្នុង​ការ​អនុវត្ត​នូវ​នីតិរដ្ឋ របាយការណ៍ បាន​បង្ហាញ​ថា ក្នុង​ចំណោម​អ្នក​ឆ្លើយ​សំណួរ ១០០០ នាក់ នៅ​រាជធានី​ភ្នំពេញ ខេត្ត​បាត់ដំបង និង​កំពង់ចាម មាន​ចំនួន ២៨ ភាគរយ​ជឿជាក់​ថា នគរបាល​ធ្វើ​សកម្មភាព​តាម​ច្បាប់ ចំនួន ៣០ ភាគរយ ជឿជាក់​ថា នគរបាល​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ជនសង្ស័យ​ និង ២២ ភាគរយ ជឿជាក់​ថា នគរបាល​ត្រូវ​បាន​ដាក់​ទោស​​ចំពោះ​ការ​រំលោភ​ច្បាប់។

ប្រទេស​កម្ពុជា ដែល​កាលពី​ឆ្នាំ​មុន បាន​ជាប់​ចំណាត់​ថ្នាក់​ទី ៩១ និង ៩៩ មាន​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ឆ្នាំ​នេះ លើ​ផ្នែក​ «សណ្ដាប់​ធ្នាប់​ និង​សន្តិសុខ​» ដែល​ពិន្ទុ ៧២ នៅ​តែ​ពិន្ទុ​ល្អ​បំផុត ហើយ​វិស័យ «យុត្ដិធម៌​ស៊ីវិល ” កម្ពុជា​នៅ​ពី​ក្រោយ​ប្រទេស​ដទៃ​ទៀត​​ដែល​បាន​ស្ទង់​មតិ។

លោក សុក សំអឿន អ្នក​ជំនាញ​ផ្នែក​ច្បាប់​បាន​ថ្លែង​ថា លោក​មិន​មាន​ការ​ភ្ញាក់ផ្អើល​ទេ ចំពោះ ចំណាត់​ថ្នាក់​មិន​ល្អ នេះ ក្នុង​វិស័យ​ទាំងនោះ​ដោយ​លោក​បាន​គូសបញ្ជាក់​ពី​គុណវិបត្តិ​ជាច្រើន​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​។

លោក​ថ្លែង​ថា៖ «កម្ពុជា​មិន​ទាន់​មាន​ប្រព័ន្ធ​តុលាការ​ឯករាជ្យ​ទេ។ ចៅក្រម​មិន​មាន​អព្យាក្រឹតភាព មិន​ឯករាជ្យ​»។

លោក សំអឿន បាន​លើក​ឡើង​ថា «រឿង​នយោបាយ» នៃ​តុលាការ​កម្ពុជា​កង្វះ មូលនិធិ និង​ចំណេះដឹង​វិទ្យាសាស្រ្ត សម្រាប់​ការ​ធ្វើ​កោសល្យ​វិច័យ និង​ការ​ខកខាន​ក្នុង​ការ​អនុវត្ត​ច្បាប់​ជា​ឧបសគ្គ​ចម្បង​ចំពោះ​នីតិរដ្ឋ​ក្នុង​ប្រទេស​នេះ។ «​អំពើ​ពុករលួយ​គឺជា​ឧបសគ្គ​មួយ​ផង​ដែរ​។ អំពើ​ពុករលួយ​កើត​មាន​ឡើង​​គ្រប់​ទីកន្លែង​»។

ក៏​ប៉ុន្តែ​លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល បាន​ច្រាន​ចោល​ការ​រកឃើញ​នៃ​សន្ទស្សន៍​នេះ ដោយ​​លោក​ទទូច​ថា ការ​ខិតខំ​ប្រឹងប្រែង​ទាំងឡាយ​ត្រូវ​បាន​គេ​ធ្វើ​ឡើង ដើម្បី​អនុវត្ត​នីតិរដ្ឋ​។

ទោះ​ជា​យ៉ាង​ណា លោក​បាន​បដិសេធ​ដោយ​មិន​ឆ្លើយតប​ទៅ​នឹង​​ក្តីកង្វល់​មួយ​ចំនួន ដែល​បាន​លើក​ឡើង​ក្នុង​របាយការណ៍​នេះ​ទេ។

លោក​ថ្លែង​ថា៖ «​គេ​គ្មាន​អ្វី​ទេ គ្មាន​សារ​ដែល​សំខាន់​ទេ។ តើ​អ្នក​អាច​​ធ្វើការ​ប្រៀបធៀប​ប្រទេស​ដទៃ​ជាមួយ​នឹង​ប្រទេស​កម្ពុជា​ដោយ​របៀប​ណា?»៕ TK


What Next?

Recent Articles

2 Responses to "កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​អាក្រក់​បំផុត​ផ្នែក​នីតិរដ្ឋ​នៅក្នុង​តំបន់"

  1. 2015 says:

    ឱ្យកម្ពុជាជាប់លេខរៀងទី ១០២ ទើបសមមុខ ហ៊ុន សែន និងពួក cpp ។

  2. Anonymous says:

    លោក ផៃ ស៊ីផាន ធ្វើខុស ត្រូវកែខ្លួន កុំចេះតែដោះសារ មិនល្អ ទេ !

    ការ ដែលធ្វើខុសមិនកែខ្លួន នេះហើយ ដែលនាំអោយប្រទេសជាតិ រងនូវ វិនាសកម្ម មិនឈប់ ឈរ !