Tue, 2 June 2015
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: ជីវិតនៅកំលោះខ្លួនមួយជាច្រើនទសវត្សរ៍របស់តារាសម្ដែងជើងចាស់មានទីផ្សារដូចផ្ការីកគ្រប់រដូវលោក ទេព រិន្ទដារ៉ូ នៅតែជាប្រធានបទដែលមហាជនយកមកជជែកចង់ដឹងថា តើនារីដែលលោកធ្លាប់ចាប់ចិត្តប្រតិព័ទ្ធជាអ្នកណា? ហើយថាតើនាងម្នាក់ណាទៅដែលនឹងមានវាសនាឃុំគ្រងបេះដូងរបស់លោកនោះ។
ផ្តោតលើខ្សែជីវិតគូស្រកររបស់កំលោះចាស់ ខ្សែភាពយន្តភាគរឿង «ក្រមុំ ៣១ កំលោះ ៥២ ឆ្នាំ» បង្កប់នូវសាច់រឿងនិយាយពីកំលោះចាស់វ័យជាងកន្លះទសវត្សរ៍ ដោយពុំដែលភ្នកនឹកគិតដល់ជីវិតគូ បើទោះជាត្រូវបានផ្គូផ្គងដឹកញីបន្ស៊ីឈ្មោលពីចាស់ទុំក្តី ប៉ុន្តែលោកបែរជាលង់ស្នេហ៍ក្រមុំវ័យ ៣១ ដែលប្រទះឃើញនឹងភ្នែកត្រឹមតែម្តងគត់ ក៏លង់ស្រឡាញ់រូបនាងបាត់មុខមិនបាន។
អ្វីដែលកាន់តែចាប់អារម្មណ៍នោះ វណ្ណកម្មរបស់ផលិតកម្ម រិជឃិតមេឌា រឿង «ក្រមុំ ៣១ កំលោះ ៥២ ឆ្នាំ» មានតួអង្គកំលោះវ័យ ៥២ ឆ្នាំ គឺជាតារាភាពយន្តជើងចាស់ លោក ទេព រិន្ទដារ៉ូ ដែលលោកនឹងបញ្ចេញវិជ្ជាគុណសម្ដែងដល់កម្រិតកំពូលដើម្បីរំលេចនូវសាច់រឿងជីវិតបានជួបគូស្រកររបស់បុរសវ័យជ្រេ។
រីឯ តារាកំប្លែងកំពុងពេញនិយមនាង ខ្ញុង នឹងដើរតួឯកស្រីដែលគ្រាន់តែប្រទះមុខម្ដង ក៏ថ្ពក់បានបេះដូងលោក ទេព រិន្ទដារ៉ូ ជាប់ភ្លាម។
មិនត្រឹមតែតួឯកទាំងពីរទេដែលលេចធ្លោ ភាពយន្តនេះក៏ចូលរួមវត្តមានដោយតារាសម្តែងល្បីៗ និងមានសម្រស់ទាក់ទាញរួមមាន ម្ចាស់មូលនិធិកុមារសាវិន កម្ពុជា លោក សាវិន ហ្វីលីព កញ្ញា ជាតា វណ្ណ និងតារាថ្មីដែលទើបលេចធ្លាយរូបស្រាត សម្រស់ដើមទ្រូងសិចស៊ី កញ្ញា បេននី យ៉ាំង ផងដែរ។
អ្នកដឹកនាំរឿងវ័យក្មេង ប្រចាំផលិតកម្ម រិជឃិតមេឌា ចាន់ណា រ៉ូណាន់ បញ្ជាក់ថា៖ «សាច់រឿង ក្រមុំ ៣១ កំលោះ ៥២ ឆ្នាំ បែបកំប្លែង វាយប្រហារ និងពិសេសនោះ គឺផ្តោតលើជីវិតកំលោះ ដូចជា តារាសម្តែងជើងចាស់ លោក ទេព រិន្ទដារ៉ូ ដែលដើរតួសម្តែងដោយលោក ទេព រិន្ទដារ៉ូ ផ្ទាល់ និងតួឯកស្រីគឺក្រមុំ ៣១ សម្តែងដោយនាង ខ្ញុង»៕
ម្ចាស់ផលិតកម្ម ភ្នែកស្អុយមិនគួយក មីបេននី យាំង ដែលថតរូបស្រាត មកសំដែងទេ,ខ្វៈអីតួផ្សេង ម៉េចមិនយក,