ឯកអគ្គរដ្ឋទូតអាមេរិកថាដំណើរទស្សនកិច្ចរបស់ឧបការីបង្ហាញពីការប្តេជ្ញាលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃអង្គារ ទី2 មិថុនា 2015
http://vodhotnews.com


ឯកអគ្គរដ្ឋទូតអាមេរិក លោក វាលៀម ថដ (William E. Todd)

ឯកអគ្គរដ្ឋទូតអាមេរិក លោក វាលៀម ថដ(William E. Todd)  បានគូសបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់ឧបការីរងក្រសួងការបរទេសសហរដ្ឋអាមេរិកដែលទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ លោកScott Busby បង្ហាញពីការប្តេជ្ញារបស់សហរដ្ឋអាមេរិកលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ 

ដំណើរទស្សនកិច្ចរបស់លោកScott Busby ធ្វើឡើងស្របពេលដែលសង្គមស៊ីវិលកំពុងតែរិះគន់លើសេចក្តីព្រាងច្បាប់សមាគម និងអង្គការក្រៅរដ្ឋាភិបាល ដោយសង្គមស៊ីវិលបានទាមទារឲ្យរដ្ឋាភិបាលបញ្ចេញសេចក្តីព្រាងជាសាធារណៈ ដើម្បីខ្លួនអាចផ្តល់យោបល់។ ដំណើរទស្សនកិច្ចនេះក៏ធ្វើឡើងស្របពេលដែលសហជីពកំពុងតែទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការធ្វើសេចក្តីព្រាងច្បាប់ស្តីពីសហជីព ដោយចាត់ទុកថាច្បាប់នេះនឹងរឹតត្បិតសេរីភាពសហជីព។
នៅលើប្លកដែលចេញផ្សាយនៅថ្ងៃទី០១ខែមិថុនា ឆ្នាំ២០១៥នេះ លោក វាលៀម ថដ បានលើកឡើងថាឧបការីរងនឹងពិភាក្សាជាមួយមន្រ្តីរដ្ឋាភិបាលកម្ពុជា និងសង្គមស៊ីវិល លើបញ្ហាសំខាន់មួយចំនួន ក្នុងនោះរួមមានសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលដែលកំពុងរងការរិះគន់ សេចក្តីព្រាងច្បាប់សហជីព និងបញ្ហាជនជាតិម៉ុងតាញ៉ា។ លោកបានអំពាវនាវឲ្យមានការពិភាក្សាលើសេចក្តីព្រាងច្បាប់ទាំងនេះ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ 

លោកបញ្ជាក់ថា«ដំណើរទស្សនកិច្ចរបស់ឧបការីScott Busby គឺជាសញ្ញាមួយទៀតនៃការប្តេជ្ញារបស់យើងលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដែលរាប់ទាំងសង្គមស៊ីវិលដែលរឹងមាំមួយ»។ 

លោក វាលៀម ថដ ឲ្យដឹងទៀតថារដ្ឋាភិបាលកម្ពុជាគួរតែចាត់វិធានការភ្លាមៗ ដោយធ្វើការជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន និងអង្គការផ្សេងៗទៀត ដើម្បីរកដំណោះស្រាយយូរអង្វែងសម្រាប់ជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោន ឲ្យស្របតាមស្តង់ដារមនុស្សធម៌អន្តរជាតិ។

ទាក់ទងនឹងសេចក្តីព្រាងច្បាប់សហជីពវិញ លោក វាលៀម ថដ បន្តថា«សម្រាប់ការចរចាទៅថ្ងៃអនាគត ខ្ញុំជំរុញឲ្យគ្រប់ភាគីទាំងអស់បន្តនូវការប្តេជ្ញាសម្រាប់ការពិភាក្សាមួយដែលមានការគោរព និងប្រកបដោយសន្តិភាព ដោយប្រើប្រាស់ជំនួយពីអង្គការអន្តរជាតិខាងការងារ(ILO) និងអ្នកជំនាញផ្សេងទៀត ក្នុងការ ការសម្រេចចិត្តតាមទិន្នន័យដែលប្រមូលបានពីការពិភាក្សាសម្រាប់ផលប្រយោជន៍នៃគ្រប់ភាគី»

ថ្មីៗនេះ ក្រសួងមហាផ្ទៃបានអះអាងសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលត្រូវបានធ្វើឡើងផ្អែកលើមូលដ្ឋានរដ្ឋធម្មនុញ្ញកម្ពុជា និងកតិកាសញ្ញាអន្តរជាតិ ដោយអំពាវនាវកុំឲ្យមានការព្រួយបារម្ភពាក់ព័ន្ធនឹងការរឹតត្បិតសេរីភាព។ ចំណែកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវកុំឲ្យមានការជំទាស់នឹងសេចក្តីព្រាងច្បាប់សហជីពដែលត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០០៨ ដោយអះអាងថាសេចក្តីព្រាងច្បាប់នេះត្រូវបានធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា និងធានាប្រយោជន៍របស់ភាគីពាក់ព័ន្ធ៕

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles

One Response to "ឯកអគ្គរដ្ឋទូតអាមេរិកថាដំណើរទស្សនកិច្ចរបស់ឧបការីបង្ហាញពីការប្តេជ្ញាលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា​"

  1. ?? says:

    look at the smelling face of WILLIAM E TODD , I can tell that he think he is playing a game whit a well educated leader of Cambodia. why I said a well educated leaders because they was finish their diplomat from the jungle. in the whole world you never seen the leader like this ever. the way I think if we have more leaders like HUN SEN the whole world will going like a YOYO. peace to all Cambodian who love their own nation