អាជ្ញាធរ​រារាំង​មិន​ឲ្យ​សកម្មជន និង​អង្គការ​សង្គម​ស៊ីវិល​ហែ​ក្បួន​ប្រឆាំង​ច្បាប់​អង្គការ​ និង​​សហជីព​​

ដោយ៖​ ណាត សុភាព​ | ថ្ងៃអង្គារ ទី30 មិថុនា 2015
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

អាជ្ញាធរ​ដាក់​រនាំង​រារាំង​អ្នក​ហែ​ក្បួន​នៅ​ចាក់​អង្រែ​លើ


សមត្ថកិច្ចប្រដាប់ដោយខែល និងដំបងឆក់ស្ទើគ្រប់ដៃ នៅថ្ងៃអង្គារនេះ បានរាំងខ្ទុបការដើរក្បួនដោយសន្តិវិធីរបស់សកម្មជនសិទ្ធិមនុស្សដែលជំទាស់នឹងការអនុម័តច្បាប់គ្រប់គ្រងអង្គការសង្គមស៊ីវិល ប៉ុន្តែពុំមិនមានហិង្សាធ្ងន់ធ្ងរនោះទេ។

ក្រុម​សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​ដីធ្លី រាប់រយ​នាក់​បាន​បើក​យុទ្ធនាការ​ប្រឆាំងនឹង​ការអនុម័ត​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ​ជា​ទ្រង់ទ្រាយ​ធំ​នៅ​ព្រឹក​នេះ ដោយ​មាន​ធ្វើ​ដំណើរ​ថ្មើរជើង​ចេញពី​គោលដៅ​ចំនួន​៤ ឆ្ពោះ​ទៅកាន់​មុខ​រដ្ឋសភា ។ 

ប៉ុន្តែ​សមត្ថកិច្ច​បាន​រារាំង​ពួកគេ​គ្រប់​ច្រក ដូចជា​នៅ​ម្តុំ​ស្ថានទូត​បារាំង នៅតាម​ផ្លូវ​កម្ពុជា​ក្រោម នៅតាម​ផ្លូវ​ពី​ចាក់អង្រែ និង​ផ្លូវជាតិ​លេខ​១​ម្តុំ​ច្បារអំពៅ​ជាដើម ។​

តំណាង​សហគមន៍​បុរី​កីឡា អ្នកស្រី អា​ត សំណាង ដែល​ចូលរួម​ក្នុង​ការដើរ​ហែ​ក្បួន​នោះ បាន​រិះគន់​ទង្វើ​របស់​សមត្ថកិច្ច និង​កង​សន្តិសុខ​នៅ​តាម​ខណ្ឌ​ទាំងនោះ​ថា ជាការ​បំបិទ​សិទ្ធិសេរីភាព​ពួកគេ​ក្នុង​ការតវ៉ា​ដោយ​សន្តិវិធី​ដែល​ធានា​ដោយ​ច្បាប់រដ្ឋធម្មនុញ្ញ ។ អ្នកស្រី​ព្រួយបារម្ភ​ថា នៅពេល​ច្បាប់​នេះ​ចេញ​មក នឹង​បិទ​សិទ្ធិសេរីភាព​ប្រជា​សហគមន៍ នឹង​អង្គការ​មិនមែន​រដ្ឋាភិបាល​បន្ថែមទៀត ដោយសារ​ទង្វើ​របស់​ស​ម​ត្ថ​កិច្ច​នៅពេលនេះ​បង្ហាញថា រដ្ឋាភិបាល​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​មាន​ចេតនា​បង្ក្រាប​លើ​អ្នក​តវ៉ា​តាំង​ពី​ច្បាប់​គ្រប់គ្រង​សង្គម​ស៊ីវិល​មិន​ទាន់​អនុម័ត «​ច្បាប់​ហ្នឹង​មិន​ទាន់​ចេញ​ផង គាត់​បិទ​សិទ្ធិ​ពួក​ខ្ញុំ​ប៉ុណ្ណឹង​ហើយ ចុះ​ទម្រាំ​ច្បាប់​ហ្នឹង​ចេញមក តើ​ពួក​ខ្ញុំ​ជា​សហគមន៍​នេះ ពួក​ខ្ញុំ​ព្រួយបារម្ភ ពួក​ខ្ញុំ​មាន​ការភ័យខ្លាច មិនមែន​ខ្លាច​អ្វី​ទេ ខ្លាច​ច្បាប់​ហ្នឹង​មក​គាបសង្កត់​ពួក​ខ្ញុំ និង​អង្គការ​សង្គម​ស៊ីវិល ព្រោះ​ពួក​ខ្ញុំ​សហគមន៍​រាល់ថ្ងៃ គឺ​មាន​សិទ្ធិ​របស់​ខ្ញុំ​ហ្នឹងហើយ បាន​ខ្ញុំ​មាន​សិទ្ធិ​និយាយស្តី​ទៅកាន់​អ្នកផ្សេងៗ ប៉ុន្តែ​គាត់​បិទ​សិទ្ធិ​ពួក​ខ្ញុំ ចប់​ហើយ​» ។​

អាជ្ញាធរ​ប្រមូល​​ក្រុម​សកម្មជន និង​អង្គការ​សង្គមស៊ីវិល​ឲ្យ​នៅ​ផ្ដុំ​គ្នា​ក្បែរ​ស្ថានទូត​បារាំង និង​ហាម​មិន​ឲ្យ​ហែ​ក្បួន​

​អ្នកស្រី អា​ត សំណាង បន្ថែមថា សមត្ថកិច្ច​និង​កង​សន្តិសុខ​ខណ្ឌ​ប្រើពាក្យ​អសុរោះ​មកលើ​រូប​គាត់​ថា​បើ​ចង់​ធ្វើ​ដំណើរ​ទៅមុខទៀត ត្រូវ​ដោះអាវ​ដែល​គាត់​ពាក់ ដោយ​សរសេរថា "​និយាយ​ថា​ទេ ច្បាប់​សហជីព ច្បាប់​សមាគម​និង​អង្គការ​"  ។ អ្នកស្រី​យល់ថា សម្តី​របស់​មន្ត្រី​រដ្ឋាភិបាល​និយាយ បាន​មើលងាយ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត ។​

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ មានប្រសាសន៍ថា ការដាក់​កម្លាំង​រារាំង​មិន​ឲ្យ​ប្រជា​សហគមន៍ សមាគម និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​តវ៉ា​ប្រឆាំង​ការអនុម័ត​ច្បាប់​NGO​នោះ ដើម្បី​ទប់ស្កាត់​កុំឲ្យ​មាន​អនាធិបតេយ្យតា​មដង​ផ្លូវ ។ លោក​ថា «​យើង​ប្រើ​វិធានការ​ដើម្បី​សន្តិសុខ សណ្តាប់ធ្នាប់​របស់​សង្គម រាជធានី​ភ្នំពេញ ជា​របស់​ប្រជាពលរដ្ឋ​២​លាន​នាក់ មិនមែន​ជា​របស់​អ្នក​តវ៉ា​មួយ​ក្តាប់​តូច ដែល​ធ្វើឲ្យ​មាន​ការ​បង្កចលាច​ល នៅក្នុង​រាជធានី​ភ្នំពេញ​អ៊ីចឹង​ទេ​» ។​

អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ណៃ វង់​ដា ដែល​ចូលរួម​ហែ​ក្បួន​ដែរ បាន​ហៅ​ទង្វើ​របស់​សមត្ថកិច្ច និង​កង​សន្តិសុខ​ខណ្ឌ​ចំការមន​ថា បិទ​សិទ្ធិសេរីភាព​ប្រជា​សហគមន៍ និង​មន្ត្រី​សិទ្ធិមនុស្ស​ក្នុង​ការប្រឆាំង​នឹង​រដ្ឋ​សភា​មិន​ឲ្យ​អនុម័ត​ច្បាប់​NGO ។ លោក​ថា «​គោលបំណង​នៃ​ការ​ដង្ហែ​ក្បួន​នេះ ដែល​យើង​ដឹង​គឺ​ធ្វើដំណើរ​ទៅ​កាន់​រដ្ឋសភា​ដើម្បី​បង្ហោះ​ប៉ោង​ប៉ោង​នៅ​ទីនោះ និង​ផ្ញើ​សារ​ដល់​សមាជិក​រដ្ឋសភា​កុំឲ្យ​អនុម័ត​ច្បាប់​ចម្រូងចម្រា​សទាំង​អស់នោះ ។ ដូច្នេះ​បើ​សិន​ជា​គាត់​រារាំង​អ៊ីចឹង គឺ​ធ្វើឲ្យ​ចរាចរណ៍​ស្ទះ​ទៅវិញ​ទេ ប៉ុន្តែ​បើសិនជា​អនុញ្ញាត​ឲ្យទៅ​គឺ​ដំណើរការ​បាន​ដោយ​រលូ​ន​» ។​

​មន្ត្រី​សង្គម​ស៊ីវិល​បញ្ជាក់ថា មាត្រា​៥ មាត្រា​១០ មាត្រា​១៥ មាត្រា​២២ មាត្រា​៣០ និង​មាត្រា​៣២ សុទ្ធតែ​ជា​ការបារម្ភ​ខ្លាំង ដែល​មាត្រា​៣២​នេះ បាន​ចែង​ពី​ការផាកពិន័យ​ធ្ងន់ធ្ងរ​ដល់​អង្គការ ឬ​សមាគម​ណា​ដែល​មិន​បាន​បំពេញ​លក្ខខណ្ឌ​តាម​ច្បាប់​នោះ ហើយ​ឈាន​ទៅ​លុបឈ្មោះ​អង្គភាព​នោះ​ចោល ។​

​មន្ត្រី​សិទ្ធិមនុស្ស​អះអាងថា នៅពេល​ច្បាប់​នេះ​ចេញ​នឹង​ធ្វើ​ឲ្យ​សមាគម​តូចៗ និង​សកម្មភាព​ការងារ​ស្ម័គ្រចិត្ត​របស់​យុវជន និង​សកម្មជន​តាម​មូលដ្ឋាន នឹងត្រូវ​បញ្ចប់​ព្រោះតែ​ពួកគេ​មិន​អាច​បំពេញ​លក្ខខណ្ឌ​តាម​អ្វី​ដែល​រដ្ឋាភិបាល​បានកំណត់​ក្នុង​ច្បាប់​នោះ ៕

សូម​សរសេរ​មក​លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com


អាជ្ញាធររារាំងការហែក្បូនប្រឆាំងច្បាប់អង្គការនិងសហជីពត្រង់ចំនុចស្ពានអាកាសក្បាលថ្នល់ (វីដេអូ)​

ដោយ៖​ ឧស្សាហ៍​ | ថ្ងៃអង្គារ ទី30 មិថុនា 2015, 11:07 AM​
http://vodhotnews.com

អាជ្ញាធររារាំងការហែក្បូនប្រឆាំងច្បាប់អង្គការនិងសហជីពត្រង់ចំនុចស្ពានអាកាសក្បាលថ្នល់



អាជ្ញាធរខណ្ឌច្បារអំពៅរារាំងការហែក្បូនក្បែរវត្តនិរោធ (វីដេអូ)​

ដោយ៖​ ឧស្សាហ៍​ | ថ្ងៃអង្គារ ទី30 មិថុនា 2015, 12:13 PM​
http://vodhotnews.com

អាជ្ញាធរខណ្ឌច្បារអំពៅរារាំងការហែក្បូនក្បែរវត្តនិរោធ


សន្តិសុខខណ្ឌដូនពេញរារាំងការហែក្បួនប្រឆាំងច្បាប់អង្គការ និងសហជីពនៅក្បែរទូតបារាំង (វីដេអូ)​

ដោយ៖​ សីហា​ | ថ្ងៃអង្គារ ទី30 មិថុនា 2015, 11:28 AM​
http://vodhotnews.com

សន្តិសុខខណ្ឌដូនពេញរារាំងការហែក្បួនប្រឆាំងច្បាប់អង្គការ និងសហជីពនៅក្បែរទូតបារាំង


What Next?

Recent Articles

One Response to "អាជ្ញាធរ​រារាំង​មិន​ឲ្យ​សកម្មជន និង​អង្គការ​សង្គម​ស៊ីវិល​ហែ​ក្បួន​ប្រឆាំង​ច្បាប់​អង្គការ​ និង​​សហជីព​​"

  1. ពួកអាបំផ្លាញជាតិ says:

    បើមិនច្រឡំទេ លោកស្អី លោក ឡុង ឌីម៉ង់ហ្នឹងចេះវិភាគនូវសំដីដែលគាត់និយាយហ្នឹងទេ ? ពីរលាននាក់ហ្នឹងជាស្អី ? មិនគឺជាខ្មែរ ចុះអ្នកដើរហ្នឹងស្អី មិនខ្មែរដែរ យី ចំជាឆ្គួតមែន ចេញពីសាលាណាម៉ោ មិនចេះវិភាគសំដីខ្លួនឯង ឆ្គួតស្មោះ សុទ្ទតែពួកឆ្គួតមន្ត្រីថ្នាក់លើកប់ពពករបស់បក្សប្រជាជន ។