មន្រ្តីកិច្ច​ការ​ព្រំដែន​អះអាង​ថា​កម្ពុជា និងវៀតណាម មាន​​ទស្សនៈ​ផ្សេងគ្នា​ក្នុង​កិច្ច​ប្រជុំព្រំដែន

ដោយ៖​ ណាត សុភាព និង​ស៊ុន ណារិន​ | ថ្ងៃសុក្រ ទី10 កក្កដា 2015
http://vodhotnews.com


អនុប្រធាន​គណៈកម្មាធិការទទួល​បន្ទុក​កិច្ច​ការព្រំដែន លោក​ស្រី កុយ ពិសី ពេល​ចុះ​ហត្ថលេខាជាមួយ​ភាគី​វៀតណាម (រូបថតដោយ ទេព សូនី)


អនុប្រធាន​គណៈកម្មាធិការទទួល​បន្ទុក​កិច្ច​ការព្រំដែន លោក​ស្រី កុយ ពិសី ឲ្យ​ដឹង​ថា​ភាគីកម្ពុជា និង​វៀតណាម​មាន​ទស្សនៈផ្ទុយ​គ្នានៅ​​ក្នុងកិច្ចប្រជុំ​រយៈ​ពេល​បីថ្ងៃ​លើ​បញ្ហា​ព្រំដែន​ ស្រ​ប​ពេល​ដែល​មាន​ការ​រិះគន់​ថា​លទ្ធផលនៃ​កិច្ច​ប្រជុំមាន​​ការ​លា​ក់​បាំ​ង​។​

ក្រោយ​ពីការ​បញ្ចប់​កិច្ច​ប្រជុំកាលពីថ្ងៃ​ព្រហស្បតិ៍​ ប្រធាន​គណៈកម្មាធិការកិច្ច​ការ​ព្រំដែន លោក វ៉ា គឹមហុង បាន​បដិសេធមិន​​បកស្រាយ​បន្ថែម​ទៅ​កាន់​អ្នកសារព័ត៌មាន​លើ​កិច្ច​ប្រជុំ​បញ្ហាព្រំដែន​ជាមួយ​ភាគី​វៀតណាម​ ដោយ​គ្រាន់​​តែ​ឲ្យ​​សេចក្តីប្រកាស​ព័ត៌មានមួយសន្លឹក។​ ឯកសារចុះកិច្ចព្រមព្រៀងរវាង​កម្ពុជា និង​​វៀតណាម​លើ​បញ្ហាព្រំដែ​ន​ស្ថិត​ក្នុង​ការ​លាក់​​បាំង​ ស្រប​ពេល​ដែល​​ភាគីទាំងពីរ​បាន​ចុះ​ហត្ថលេខាលើ​ឯកសារ​ជាច្រើន​សន្លឹក។

លោកស្រី  កុយ ពិសី ប្រាប់​VODនៅថ្ងៃ​សុក្រនេះ​ថាលោក​ស្រីជា​ធម្មតា​ ​ការចរចា​លើបញ្ហា​ព្រំដែន ភាគីទាំងសង​ខាង​តែង​តែ​​ចង់បាន​ផលប្រយោជន៍រៀងៗ​ខ្លួន ដូច្នេះ​វា​មិន​មាន​ការ​ឯក​ភាព​លើ​ចំណុច​មួយ​ចំនួន។ ប៉ុន្តែ​លោក​ស្រី​បាន​បដិសេធ​បកស្រាយ​លម្អិត​លើ​បញ្ហានេះ ដោយ​ចាត់ទុក​វា​ជា​បញ្ហា​ស្មុគស្មាញ បច្ចេកទេស​ពិបាកយល់​សម្រាប់​អ្នក​សារព័ត៌មាន​ និង​ប្រជាជន។ លោក​ស្រី​បញ្ជាក់​ថា​«មិនមែនគេ​មិន​ចង់​​ទេ​​អូន ​គេក៏​ចង់​ដោះ​ យើង​ក៏​ចង់​ដោះ គ្រាន់​តែ​យើង​មានទស្សនៈ​ខុសគ្នា គេ​ប្រកាន់​ជំហរផ្សេង​ យើង​ប្រកាន់​ជំហរផ្សេងណាស់​ ដូច្នេះវាអត់​បាន​ឈាន​​ទៅ​ដល់អ្វី ដែល​យើង​ចង់បាន រឿងវា​នៅ​ហ្នឹង»

លោក​ស្រី កុយ ពិសី ​បន្ត​ថា​សេចក្តីប្រកាស​ព័ត៌មាន​ចេញផ្សាយ​កាលពីថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ ​ត្រូវ​បាន​ធ្វើ​ឡើង​រួមគ្នារវាង​កម្ពុជា និង​វៀតណាម។ នៅពេល​សាក​សួរ​ហេតុអ្វី​បាន​ជា​មិន​មាន​ការ​ផ្តល់​បទសម្ភាសន៍ទៅកាន់​អ្នក​សារព័ត៌មាន លោក​ស្រី​ប្រាប់​ថា​ដោយ​សារ​ពុំមាន​ពេល​គ្រប់គ្រាន់ ព្រោះភាគីវៀតណាម​ត្រូវចាកចេញពីកម្ពុជា។​

នៅពេលសាកសួរ​ថា​តើ​កម្ពុជា​ចាញ់ប្រៀប​វៀតណាម​នៅពេល​ចរចានេះ លោក​ស្រី​បានច្រាន​ចោល​ការ​លើក​ឡើង​នេះ​ ​ដោយ​បញ្ជាក់​ថាការ​ចរចា​មិន​ដូចអ្វី​ដែលភាគីនីមួយៗ​ចង់​បាន​នោះទេ។​

បើតាម​លោក​ស្រី ​កុយ ពិសី ភាគី​ទាំងពីរបាន​​ឯកភាពគ្នាក្នុង​ការ​ចរចា​បញ្ហានៅ​សេសសល់​ក្នុង​​ខែ​សីហាបន្ត​ទៀត ដែលគ្រោង​​នឹង​​ធ្វើឡើង​ក្នុង​​ប្រទេស​វៀតណាម។​ លោក​ស្រីបញ្ជាក់​ថា​ការ​ចរចាគ្នា​រាប់​រយ​រាប់ពាន់​ទៀត​នឹង​ត្រូវ​ធ្វើ​ឡើង​​ជា​បន្ត​បន្ទាប់។​

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ភាគី​កម្ពុជាដែល​សរុប​លទ្ធផលនៃ​កិច្ច​ប្រជុំ​បីថ្ងៃឲ្យ​ដឹង​ថា​កិច្ចប្រជុំ​​នេះ​បាន​ដំណើរ​ការ​ប្រក​ប​ដោយ​បរិយាកាស​ស្និទ្ធស្នាល ឈរ​លើ​មូលដ្ឋាន​ និង​ស្មារតី​គោរពគ្នា​ទៅវិញ​ទៅ​មក​នូវ​​ឯក​រាជ្យ​ អធិបតេយ្យ​ភាព និង​បូរណ​ភាព​ទឹក​ដី​នៃ​ប្រទេស​​នីមួយៗ។ សេចក្តីប្រកាស​បន្ត​ថា​«ភាគីទាំងពីរ​ទទួល​​ស្គាល់​ថា​ការងារ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​គោក​រវាងប្រទេសទាំងពីរ​មាន​ការ​ស្មុគស្មាញច្រើន ទោះ​ជា​ភាគីទាំងពីរ​បាន​បោះ​បង្គោល​ព្រំដែន​បាន​ចំនួន​ប្រមាណ​៨៣ភាគរយ​រួច​ហើយ​ក៏​ដោយ​។ ភាគីទាំងពីរ​បាន​ឯក​ភាព​គ្នា​នឹង​ខិត​ខំ​បញ្ចប់​កិច្ច​ការ​ព្រំដែន​ឲ្យ​​បាន​ចប់នាពេល​ខាងមុខ»។ បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​ភាគីទាំងពីរ​បាន​ឯកភាព​អនុវត្ត​ឲ្យ​បាន​ម៉ឹងម៉ាត់​ តាម​ស្មារតី​នៃ​សេចក្តីប្រកាស​​​​ព័ត៌មាន​រួម ចុះ​ថ្ងៃ​ទី​១៧​ខែ​មករា ឆ្នាំ​១៩៩៥ ស្តីពី​ការ​រក្សា​ស្ថាន​ភាព​បច្ចុប្បន្ន​នៅ​តាម​បណ្តោយ​ព្រំដែន។ សេចក្តី​ប្រកាស​បន្ថែម​ថា​«ភាគីទាំងពីរ​ឯក​ភាព​ឲ្យ​ក្រុម​បច្ចេក​ទេសចម្រុះព្រំដែន​ ក៏​ដូច​ជា​អាជ្ញាធរ​នៅ​តាម​​បណ្តា​​ខេត្ត​ជាប់ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​សហការគ្នា​ដោះ​ស្រាយ​ឲ្យ​មាន​ប្រសិទ្ធ​ភាពរាល់​បាតុ​ភាព​ដែល​កើ​​ត​មាន​ឡើង​នៅ​តាម​បណ្តោយ​ព្រំដែន​ ដើម្បីទប់ស្កាត់​ និង​បញ្ចៀស​ការរីក​រាល​ដាល ដែល​នាំ​ឲ្យ​ប៉ះពាល់​​ដ​ល់​ទំនា​ក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ»។​

សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ទិប ទាវ យល់ថាមន្ត្រីកិច្ចការព្រំដែនមិនត្រូវលាក់បាំងព័ត៌មានប្រជុំជាមួយវៀតណាមទេ ហើយកម្ពុជាក៏មិនត្រូវធ្វើអ្វីតាមការ​ចង់បានរបស់វៀតណាម។​ លោកបញ្ជាក់ថាជម្រើសល្អកម្ពុជាត្រូវដាក់កំហិតឲ្យវៀតណាមដកចំណុចដែលទន្ទ្រានយកដីកម្ពុជា ដោយគោរពតាមផែនទីតម្កល់នៅអង្គការសហប្រជាជាតិ។​

កន្លងទៅ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀមរាប ​លោក អ៊ុំ សំអាន ដែល​បាន​រក​ឃើញ​ថា​កម្ពុជា​​បាន​បាត់​បង់​ទឹក​ដី​ទៅ​ឲ្យ​វៀតណាបាន​​ស្នើ​ឲ្យ​ផ្អាក​ការបោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម រហូត​ដល់​​ក្រោយ​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨ ។ តំណាងរាស្រ្ត​បក្ស​ប្រឆាំង​លើក​ឡើង​ថា​ភាគី​ខ្មែរ និង​ខ្មែរ ជា​ពិសេស​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មាន​ទស្សនៈ​ផ្ទុយ​គ្នា​នៅឡើយ​ពាក់ព័ន្ធ​​នឹង​បញ្ហា​ព្រំដែន​។​

គួរ​បញ្ជាក់​ថា កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ​បាន​សរសេរលិខិត​មួយច្បាប់​​ទៅ​អគ្គលេខាធិ​ការ​អង្គការសហប្រជាជាតិ លោក បាន គីមូន ដោយ​ស្នើ​សុំ​ផែន​ទី​កម្ពុជាដែល​តម្កល់​នៅ​អង្គការប្រជាជាតិ មកពិនិត្យ​ផ្ទៀងផ្ទាត់ជាមួយ​ផែន​ទី​ដែល​រដ្ឋាភិបាល​បានប្រើ​ប្រាស់​ដោះស្រាយ​បញ្ហាព្រំដែន​ជាមួយ​ប្រទេស​ជិតខាង៕

សរសេរមកកាន់លោក ណាត សុភាព តាមរយៈsopheap@vodhotnews.com

What Next?

Recent Articles

4 Responses to "មន្រ្តីកិច្ច​ការ​ព្រំដែន​អះអាង​ថា​កម្ពុជា និងវៀតណាម មាន​​ទស្សនៈ​ផ្សេងគ្នា​ក្នុង​កិច្ច​ប្រជុំព្រំដែន"

  1. Rayuth says:

    This old man is too silly. besides the very short joint statement, what is the real result? It looks that Var Kimhong tried to gloss over the real fact and information. As everyone said that Var Kimhong has to be to removed because he is not a representative of people and the nation of the country. It is too hurt for Cambodia and her people to have such an idiot man. Var Kimhong must be responsible for any loss of the Cambodia land to Vietnam. This old man must be recorded in Cambodia history, in terms of losing land to Vietnam or Vietnam’s encroachment into Cambodia territorial integrity and sovereignty.

  2. love cambodia says:

    យួនវាដែលគោរពកិច្ចព្រមព្រៀងជាមួយខ្មែរពីកាល?ចឹងមិនមាែនវាចូលជីកស្រះក្នុងដីខ្មែរនោះទេ…មានតែពួកក្បត់ជាតិcpp ប៉ុណ្ណោះ​ដែលល្ង់មិមដឹង

  3. បរិមី ព្រះវិហារ says:

    Love Cambodia: អ្នកណាេគកំពុងធ្វើ ហើយខាងវៀតណាមឯកភាពតាម បើតាមមាយាទពួកឯងម្ល៉េះ ឈាមយុវជនខែ្មរយួនកំពុងហូរ ហើយក្បាលlove Cambodia កំពុងក្រាបនៅបាតត្រង់សេ banker! កុំសូវមើលមកCPPក្បត់ជាតិ ហើយមានតែពួកឯងបានស្នេហាជាតិ បើគ្មានCPP ឯងគ្មានឱកាសមកជេរប្រមាថដូចនេះ ម្លេះងាប់ដាច់ពូជទៅហើយ !!! មើលឃើញស្រីស្អាតខែ្មរ គេមានសមត្ថភាពជាងលោកLove Cambodia!!!

  4. rocky says:

    Never trust you guys