
រូបថតបង្ហាញស្នាមរបួសត្រង់ដៃជើង និងមុខមាត់របស់កញ្ញា សាសា បន្សល់ក្រោយពីរងការវាយដំ។ រូបថត ហ្វេសប៊ុក
Fri, 10 July 2015
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: ក្រោយមានការបកស្រាយពីមេធាវីឧកញ៉ា សុខ ប៊ុន ដែលអះអាងថា ការបង្កហិង្សាវ៉ៃតប់ផ្ដើមចេញពីទង្វើ សាសា គប់ទូរស័ព្ទ និងជេរប្រមាថនោះ កញ្ញា សាសា នៅតែរក្សាជំហររកយុត្តិធម៌ដាច់ខាតដោយនាងអះអាងថាមិនត្រូវការប្រាក់សំណងសូម្បីមួយដុល្លារ។
ប៉ុន្តែយោងតាមការចេញផ្សាយពីសារព័ត៌មានក្នុងស្រុកមួយ បានបញ្ជាក់ថា មេធាវីរបស់លោកឧកញ៉ា សុខ ប៊ុន ថា លោក សុខ ប៊ុន មិនដែលបានស្គាល់អតីតពិធីការិនី សាសា ពីមុនមកទេ ហើយនៅយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ ដែលជាថ្ងៃកើតហេតុឧកញ៉ា សុខ ប៊ុន ត្រូវបានមិត្តភក្តិហៅទទួលទានជុំគ្នាក្នុងហាងមួយកន្លែងនៅម្តុំកោះពេជ្រ ដោយមិនមានវត្តមានកញ្ញា សាសា ឡើយ។ លុះដល់ម៉ោងកើតហេតុ គឺម៉ោងជាង ១ រំលងអធ្រាត្រ គ្រាដែលឧកញ៉ា សុខ ប៊ុន កំពុងនឹងនាំនារីជប៉ុនម្នាក់ជានារីកំណាន់ចិត្តរបស់លោក មានអាការស្រវឹងទ្រេត ចាកចេញពីកន្លែងនោះ ស្រាប់តែលេចមុខកញ្ញា សាសា មកដល់ជាមួយស្ថានភាពស្រវឹងផងដែរ។
ក្រៅពីព្យាយាមរារាំងមិនឲ្យឧកញ៉ា សុខ ប៊ុន នាំនារីជនជាតិជប៉ុនចេញពីសាឡុង សាសា ថែមទាំងប្រើពាក្យគំរោះគំរើយមួយចំនួនទៀតទៅលើឧកញ៉ា សុខ ប៊ុន រួមទាំងការទាញទូរស័ព្ទរបស់ខ្លួនគប់ទៅលើឧកញ៉ាថែមទៀត (ដូចមានក្នុងវីដេអូស្រាប់)។
មេធាវីឧកញ៉ា សុខ ប៊ុន បានទទួលស្គាល់ថា មានការជ្រុលដៃជ្រុលជើងវាយតប់ទៅលើកញ្ញា សាសា ពិតមែន។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងទៅមេធាវីរបស់លោក សុខ ប៊ុន បានទេ ប៉ុន្តែយោងតាមសារព័ត៌មានក្នុងស្រុក មេធាវីរបស់ឧកញ៉ា សុខ ប៊ុន ត្រូវបានដកស្រង់សម្ដីដោយនិយាយថា «ខ្ញុំគ្រាន់តែចង់បញ្ជាក់ថា [បើគ្មានភ្លើង ក៏គ្មានផ្សែងនោះ ដែរ]។ ខ្ញុំចង់បកស្រាយឲ្យដឹងនូវរឿងពិត និងដើមចមមួយចំនួន ដើម្បីឲ្យសាធារណជន បានជាមូលដ្ឋានខ្លះ មុននឹងវិនិច្ឆ័យភាពល្អ ឬអាក្រក់ទៅលើបុគ្គលណាម្នាក់។ ជាពិសេសចង់បង្ហាញថា តារាដែលកំពុងតែទទួលបានការអាណិតអាសូរច្រើនពីសាធារណជនទូទៅនេះ ក៏ជាបុគ្គលមិនធម្មតាប៉ុន្មាននោះដែរ ហើយតារារូបនេះក៏ធ្លាប់បានរងនូវរឿងអាស្រូវជាច្រើនក្នុងពិភពសិល្បៈ»។
ឆ្លើយតបការលើកឡើងពីមេធាវីខាងឧកញ៉ា សុខ ប៊ុន កញ្ញា សាសា ទទួលស្គាល់ថាយប់កើតហេតុនោះ នាងពិតជាបានគប់ទូរស័ព្ទនៅមុខលោក ឧកញ៉ា សុខ ប៊ុន នោះមែន។
តាមការរៀបរាប់របស់ សាសា នៅយប់កើតហេតុនាងមានវត្តមាននៅហាងនោះយូរដល់យប់ជ្រៅ ដោយសារមិត្តភក្ដិជនជាតិជប៉ុនជាថៅកែហាងឲ្យនាងនៅជាមួយគាត់។
សាសា បានលើកហេតុផលថា៖ «មិនថាភ្ញៀវ ខ្មែរ ឬក៏បរទេស ទម្លាប់ជប៉ុន ម្ចាស់ហាងទទួលភ្លៀវខ្លួនឯង គាត់ផឹកស៊ីជាមួយភ្ញៀវស្រវឹង ហើយអង្គុយសាឡុងផ្សេង តែនៅជិតហើយគាត់ស៊ីញ៉ូប្រាប់ខ្ញុំថា គាត់ស្រវឹងហើយ ហើយខ្ញុំក៏ស៊ីញ៉ូប្រាប់គាត់វិញថា អ្នកឯងត្រូវធ្វើម៉េច? តែគាត់ក៏ប្រាប់ខ្ញុំវិញថា បន្តិចទៀតភ្ញៀវគាត់ចេញហើយ អ្នកឯងអង្គុយចាំបន្តិចសិនទៅ»។
ក្រោយពីសុំឲ្យលោកឧកញ៉ា សុខ ប៊ុន ចាកចេញពីហាងតែលោកមិនព្រម សាសា ក៏បានដឹកដៃមិត្តភក្ដិឡើងមកលើជាន់ទីមួយ ប៉ុន្តែប្រមាណ ៥ នាទីក្រោយ ក៏ស្រាប់តែឃើញឧកញ៉ា សុខ ប៊ុន ឡើងមកតាមអូសដៃមិត្តភក្ដិនាងយ៉ាងខ្លាំង ធ្វើឲ្យស្ត្រីជប៉ុននោះទ្រាំការឈឺមិនបានស្រែកទាំងស្រវឹងទន់ខ្លួនល្អៀចឲ្យនាងជួយ។
សាសា រៀបរាប់ថា៖ «ឮសំឡេងស្រែកជួយខ្ញុំផងៗ ខ្ញុំនិយាយថា បងឯងកុំធ្វើអ៊ីចឹង ហើយអង្គរក្សគាត់ក៏ស្រែកជេរខ្ញុំថា ង៉ែង ចង់ងាប់ ចុយម្រ៉ាយ។ ពាក្យនេះហើយឮពាក្យនេះខ្ញុំខឹង មែនទែន ហើយខ្ញុំប្រាប់វិញថា កុំលេងដល់ម៉ែឪខ្ញុំ ខ្ញុំចង្អុលទៅតៃកុងឡាន និងថានិយាយ ត្រឹមខ្ញុំបាន កុំជេរដៀលដល់ម៉ែឪខ្ញុំ ហើយទ្រាំនឹងកំហឹងជេរដៀលម៉ែឪខ្ញុំ ខ្ញុំជាស្រ្តីធ្វើអ្វីកើត មានតែគប់ទូរស័ព្ទ ហើយប្រាប់គាត់ថា កុំគំរាមខ្ញុំ ព្រោះអីគាត់យកដៃគាត់កាន់កាំភ្លើងនៅចង្កេះ»។
សាសា បញ្ជាក់ថា៖ «ពេលនោះខ្ញុំមិនដឹងទេ តែមិត្តភក្ដិគេប្រាប់ខ្ញុំថា គាត់អាមេកាំភ្លើង និងកេះកៃមិនផ្ទុះ មិនដឹងយ៉ាងណាទេ?»។
នាងថា៖ «ពេលនោះគាត់ក៏ឈប់បង្ខំមិត្តភក្ដិខ្ញុំ ខ្ញុំក៏ឈប់ជេរគាត់ តែប្រាប់ទៅតៃកុងឡានថា កុំជេរម៉ែឪខ្ញុំ តៃកុង ឡាននោះថា ម៉េចម៉ែឪង៉ែងអញថាមិនបាន ង៉ែងចង់ងាប់។ រំពេចនោះ ឧកញ៉ា សុខ ប៊ុន ក៏ស្ទុះមកវ៉ៃខ្ញុំដូចសត្វធាតុ ដែលគ្មាននរណាគិតថារឿងហ្នឹងដល់ថ្នាក់ហ្នឹង ទាំងខ្លួនជាបុរស មានងារជាឧកញ៉ា»។
យោងតាមកញ្ញា ឯក សុជាតា ហៅ សាសា មិត្តភក្ដិជនជាតិជប៉ុនរបស់នាងជានារីមានសង្សារ។ នារីជប៉ុននោះក៏បានស្គាល់ថា លោក សុខ ប៊ុន ជាមនុស្សមានប្រពន្ធមានកូនដែរ។
សាសា បានអះអាងថា៖ «ពេលនេះខ្ញុំមានឯកសារគ្រប់គ្រាន់។ មិត្តភក្ដិខ្ញុំមិនមែនជាស្រីកំណាន់របស់លោក សុខ ប៊ុន ទេ។ គ្មានទំនាក់ទំនងអីក្រៅពីភ្ញៀវ តែទង្វើដែលគាត់ធ្វើដាក់មិត្តភក្ដិខ្ញុំក្នុងនាមជាភ្ញៀវមែន បានធ្វើបាបវ៉ៃដំ រយៈពេលពីអាទិត្យមុនហ្នឹងម្តងហើយ នេះគាត់ធ្វើបាបខ្ញុំម្តងទៀត។ នាងក៏បានលាក់ខ្លួនបីថ្ងៃ ហើយបានចេញមកប្រាប់ខ្ញុំ ហើយក៏មិនមែនប្រាប់តែខ្ញុំម្នាក់ឯងដែរ រឿងទាំងអស់មិនមែនខ្ញុំនិពន្ធ ឬគិតខ្លួនឯងទេ ខ្ញុំក៏មានសាក្សីជនជាតិជប៉ុនប៉ុន្មាននាក់ទៀតដែរ»។
តាមការអះអាងពីស្ថានភាពស្នាមរបួស សាសា បញ្ជាក់ថា គ្រូពេទ្យចង់ឲ្យនាងសម្រាក និងចៀសវាងការគិតច្រើន ព្រោះនាងរងការប៉ះទង្គិចក្បាលខ្លាំង។
នាងបញ្ជាក់ថា ការដែលនាងដាក់ពាក្យប្តឹងនេះមិនចង់ទាម ទារសំណងយ៉ាងណានោះទេ គឺធ្វើតែតាមច្បាប់។
ក្រៅពីបញ្ជាក់ថានារី ជប៉ុនជាមិត្តភក្ដិនាងបានវិលទៅប្រទេសកំណើតដោយសារតែមានអារម្មណ៍ភ័យខ្លាចនោះ សាសា បានបញ្ជាក់ថា៖ «ខ្ញុំមានសមត្ថភាពរស់បាន ខ្ញុំមិនត្រូវការលុយអ្វីទាំងអស់បានពីអំពើហិង្សា លើខ្ញុំនោះ មកដោះដូរអ៊ីចឹងខ្ញុំអត់ចង់បានទេ»។
ជុំវិញអំពើហិង្សាបុរសមាន ងារជាឧកញ៉ាប្រព្រឹត្តមកលើពិធីការិនីបង្កឲ្យមានរបួសស្នាមពេញតាំងពីក្បាលដល់ជើង និងបានដាក់ពាក្យទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌហើយដែរនោះ លោក សុខ ខេមរិន្ទ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ក្រោយពីបានទទួលដីកាបញ្ជាឲ្យចូលខ្លួនពីអយ្យការអមសាលាដំបូង រាជធានីភ្នំពេញភ្លាម សមត្ថកិច្ចកំពុងតែធ្វើកិច្ចការងារនេះ យ៉ាងដុតដៃដុតជើង តាមរកចាប់ខ្លួនឧកញ៉ា សុខ ប៊ុន ជាជនដៃដល់ ដែលជាប់ចោទប្រើអំពើហិង្សាវាយដំលើអតីតពិធីការិនីទូរទស្សន៍ ស៊ីធីអិន កញ្ញា សាសា»។
លោកប្រធាននាយកដ្ឋានព្រហ្មទណ្ឌរូបនេះបានបញ្ជាក់ថា៖ «ពេលនេះមិនទាន់ចាប់បានទេ ហើយបើចាប់បាននោះនឹងហៅ ភ្នំពេញ ប៉ុស្តិ៍ ថតរូប ធ្វើការផ្សព្វផ្សាយហើយ»។
ភ្នំពេញ ប៉ុស្ដិ៍ ម្សិលមិញក៏បានព្យាយាមទាក់ទងទៅព្រះរាជអាជ្ញារងសាលាដំបូង លោក ហ៊ឹង ប៊ុនថន ដែរ ប៉ុន្តែមិនអាចទាក់ទងបាន។
ដោយឡែក លោក ឡុង សុជាតិ ក្រឡាបញ្ជី សាសាដំបូងរាជធានីភ្នំពេញ មិនបានបរិយាយពីបណ្ដឹងនេះក្បោះក្បាយនោះទេ ដោយលោកបានប្រាប់ថា៖ «រឿងហ្នឹងតំណាងអយ្យការលោក ហ៊ឹង ប៊ុនថន បានចេញដីកាកោះឲ្យចូលខ្លួនមកបំភ្លឺ ប៉ុន្តែអ្វីៗស្ថិតនៅលើមេ»៕
រាយការណ៍បន្ថែមដោយ ប៊ុត រស្មីគង្គា


និទណ្ឌភាព