ឪពុក សាសា បដិសេធ​ទទួល​សំណង ៤ ម៉ឺន​ដុល្លារ​ពី​ឧកញ៉ា​វៃ​កូន

PPP-oknha-sokbun-and-wounded-sasa_0



and
ភ្នំពេញប៉ុស្តិ៍

ខណៈ​ដែល​ល្បី​ថា ជន​បង្ក​ហិង្សា​លោក សុខ ប៊ុន កំពុង​ស្ថិត​នៅ​ប្រទេស​សិង្ហបុរី​អំឡុង​ពេល​សមត្ថកិច្ច​កំពុង​តាម​ឃាត់​ខ្លួន រីឯ​អ្នក​រងគ្រោះ​អតីត​ពិធីការិនី​ស៊ីធីអិន​កញ្ញា សាសា ក៏​ត្រូវ​បាន​ក្រុម​គ្រួសារ​ប្រាប់​ថា កំពុង​ស្វែងរក​ការ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ឯ​ប្រទេស​ថៃ​ដែរ​នោះ​ក៏​មាន​ព័ត៌មាន​លេចឮ​ថា ខាង​លោក​ព្រម​ទទួល​សំណង​បញ្ចប់​រឿង ៤ ម៉ឺន​ដុល្លារ ក្រោយ​ល្បី​ថា​ប្តឹង​ទារ​សំណង​មួយ​លាន​ដុល្លារអាមេរិក។

ប៉ុន្តែ​ជុំវិញ​ព័ត៌មាន​ទទួល​យក​សំណង​ចំនួន ៤ ម៉ឺនដុល្លារ និង​ថា​លោក​បាន​ប្រកាស​ប្ដឹង​ទារ​សំណង​ចំនួន​លាន​ដុល្លារ​នោះ​ត្រូវ​បាន​ឪពុក​កញ្ញា ឯក សុជាតា ហៅ សាសា បដិសេធ​ទាំង​ស្រុង។

ផ្តល់​បទសម្ភាស​ជាមួយ​ ភ្នំពេញ​ប៉ុស្តិ៍ លោក​ឧកញ៉ា អ៊ុត ធី បាន​បដិសេធ​ថា៖ «ក្នុង​ពាក្យបណ្តឹង​ដាក់​ប្តឹង​លោក សុខ ប៊ុន រឿង​ប្រើ​ហិង្សា​លើ​កូនស្រី​ខ្ញុំ អតីត​ពិធីការិនី កញ្ញា សាសា កាលពី​រាត្រី​ថ្ងៃ​ទី ២ ខែ​កក្កដា នោះ ខ្ញុំ​មិន​បាន​ទាមទារ​សំណង​ហើយ​ក៏​គ្មាន​ដាក់​ថា​យក​មួយ​លាន​ដុល្លារ​នោះ​ដែរ គ្មាន​ទេ»។

ក្រោពី​ការ​លាន់​មាត់​ថា៖ «មួយ​លាន​យក​មក​ធ្វើអ្វី បើ​យក​ពីរ​លាន​យក​ទៅ​ជួយ​កាកបាទ​ក្រហម​ទាំងអស់» នោះ​ឪពុក កញ្ញា ឯក សុជាតា ហៅ សាសា បាន​បញ្ជាក់​ទៀត​ថា៖ «ក្នុង​ពាក្យ​បណ្តឹង​នោះ​ខ្ញុំ​មិន​បាន​ទាមទារ​សំណង​អ្វី​ទាំងអស់ ក្នុង​នោះ​គឺ​ប្តឹង​រក​យុត្តិធម៌​តាម​ច្បាប់​ឲ្យ​កូនស្រី​ខ្ញុំ​តែ​ប៉ុន​ហ្នឹង​ទេ»។

ជាមួយ​ការ​លើក​ឡើង​នេះ លោក អ៊ុត ធី ក៏​បាន​បញ្ជាក់​ជុំវិញ​ដំណឹង​ទទួល​សំណង ៤ ម៉ឺន​ដុល្លារ​បញ្ចប់​រឿង​ក្ដី​ដោយ​លោក​អះអាង​ទៀត​ថា៖ «មិន​មាន​ទេ​ព័ត៌មាន​នេះ​វា​ជា​រឿង​មិន​ពិត​ទេ។ នោះ​គឺជា​ការ​ប្រឌិត​ឡើង​តែ​ប៉ុណ្ណោះ»។

នា​រសៀល​ថ្ងៃ​សុក្រ ទី ១០ ខែ​កក្កដា​នេះ កញ្ញា សាសា ក៏​បាន​បង្ហោះ​សារ​ក្នុង​បណ្ដាញ​ហ្វេសប៊ុក​របស់​នាង​ពី​ទីក្រុង​បាងកក​ដោយ​នាង​សរសេរ​បញ្ជាក់​ច្បាស់ៗ​ថា៖ «គ្រួសារ​ខ្ញុំ​មិន​ដែល​និយាយ​រឿង​លុយ ឬ​សំណង​អ្វី​នៅ​ឡើយ​ទេ​ទោះ​ជា​ប៉ុន្មាន​លាន​ក៏ដោយ​សូម​ឲ្យ​ចេញ​មុខ​ដោះស្រាយ​ចំពោះ​មុខ​ច្បាប់ !»៕


What Next?

Recent Articles

2 Responses to "ឪពុក សាសា បដិសេធ​ទទួល​សំណង ៤ ម៉ឺន​ដុល្លារ​ពី​ឧកញ៉ា​វៃ​កូន"

  1. អាឡេវ says:

    ព្ញសូរតែកាកបាតក្រហម ឆ្អែត…

  2. ឆ្មាខ្មៅ says:

    ឥទ្បូវគេឈប់ហៅថា កាកបាទក្រហមហើយ គេហៅថាកាកបាទក្ររហាម