​ឧកញ៉ា សុខ ប៊ុន រត់​ទៅ​ក្រៅប្រទេស​គេច​ពី​ការចាប់ខ្លួន​ពាក់ព័ន្ធ​ហិង្សា​លើ​កញ្ញា សា​សា

ដោយ៖​ យ៉ា រសាត់​ | ថ្ងៃសុក្រ ទី10 កក្កដា 2015
http://vodhotnews.com


កញ្ញាសាសា និង​ឧកញ៉ា សុខ ប៊ុន (រូបភាព​ឧកញ៉ាយក​ពីហ្វេសប៊ុក)


​មន្ត្រី​ក្រសួង​មហាផ្ទៃ​ឲ្យដឹងថា ឧកញ៉ា សុខ ប៊ុន ដែល​ត្រូវបាន​ចោទថា​បាន​ប្រើ​ហឹង្សា​លើ​អតីត​ពិធីការិនី​ទូរទស្សន៍​CTN កញ្ញា ឯក សុជាតា ហៅ​សា​សា កំពុងស្ថិត​នៅ​ក្រៅប្រទេស ខណៈ​អាជ្ញាធរ​កំពុង​ស្វែងរក​ចាប់ខ្លួន​។​

​ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​លោក សុខ ខេមរិន្ទ ឲ្យ​VOD​ដឹង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា តាម​ការពិនិត្យ​ឯកសារ​នៅ​អាកាស​យាន្ដដ្ឋាន​អន្ដរជាតិ​ភ្នំពេញ លោក សុខ ប៊ុន បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​សិង្ហ​បុរី​កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៥​។​

​លោក សុខ ខេមរិន្ទ បន្តថា បច្ចុប្បន្ន លោក​កំពុង​រៀបចំ​នីតីវិធី ដើម្បី​ស្នើសុំ​ការឃាត់ខ្លួន លោក ឧកញ៉ា សុខ ប៊ុន ដែល​បាន​ប្រើ​ហិង្សា​លើ​កញ្ញា សា​សា កាលពី​យប់​ថ្ងៃ​ទី​១ ឈានចូល​ថ្ងៃ​ទី​២ ខែកក្កដា ក្នុង​ហាង​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​។ ទោះយ៉ាងណា លោក​ថា សមត្ថកិច្ច​លោក​នឹង​ធ្វើ​ការឃាត់ខ្លួន​លោក សុខ ប៊ុន តែម្ដង ប្រសិនបើ ប្រទះ​ឃើញ​ទៅ​កន្លែង​ណាមួយ​។ លោក​បន្ដថា នៅពេល​នេះ​សមត្ថកិច្ច​ក៏​កំពុង​ស្វែងរក​ឃាត់ខ្លួន​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រើ​ហិង្សា​នេះ​ផងដែរ​។​

​លោក សុខ ខេមរិន្ទ មានប្រសាសន៍ថា «​អត់​អី​ទេ​រឿង​នេះ​កំពុងដំណើរការ​នីតិវិធី​ស្នើសុំ​ដីកា​តាម​ចាប់ ហើយ​ឥឡូវនេះ​ប្រសិនបើ​ឃើញ នឹង​គេ​ឃាត់ខ្លួន​ហើយ​ណា …​ខ្ញុំ​តាម​ចាប់​គាត់​រហូត​តាំងពី​មានរឿង​ភ្លាម ឥឡូវ​កំពុង​ដំណើរការ​នីតិវិធី​រក​បក្សពួក​ដែល​នៅ​សេសសល់​ដូច​ជា​បក្សពួក​គាត់​អីចឹង​ណា កំពុងតែ​រក​ដែរ ពាក់ព័ន្ធ​នឹង​បញ្ហា​ហ្នឹង ខ្ញុំ​អត់​អាច​ផ្ដល់​ព័ត៌មាន​បាន​ទេ​»​។ 

​លោក​មេធាវី សុក សំអឿន មានប្រសាសន៍ថា ករណី​ជន​ដែល​អាជ្ញាធរ​ស្វែងរក​ចាប់ខ្លួន​អ្នកណាម្នាក់ ប៉ុន្ដែ​ជន​នោះ​កំពុង​ស្ថិតនៅ​បរទេស លោក​ថា សមត្ថកិច្ច​អាច​រង់ចាំ​ជន​នោះ​វិលត្រឡប់​មក​ចូល​ស្រុក​វិញ ឬ​ស្នើសុំ​ធ្វើ​បត្យាប័ណ្ណ​ពី​អាជ្ញាធរ​ប្រទេស​ដែល​ជន​នោះ​កំពុងស្ថិត​នៅ​ឲ្យ​ចាប់​បញ្ជូន​ជន​នោះ​ត្រឡ​ប់​មក​វិញ​។​

​លោក សុក សំអឿន មានប្រសាសន៍ថា «[​ជន​នោះ​]​នៅ​ស្រុក​ក្រៅ បើ​គេ​[​ត្រឡប់​]​មកវិញ [​ទើប​ចាប់ខ្លួន​]​ហ្នឹង​មួយ ទី​ពីរ​ធ្វើ​បត្យាប័ណ្ណ បត្យាប័ណ្ណ​មានន័យថា សុំ​ឲ្យ​ប្រទេស​ដែល​អ្នក​ហ្នឹង​ស្នាក់នៅ​ហ្នឹង បញ្ជូន​មនុស្ស​ហ្នឹង​ត្រឡប់​មក​កម្ពុជា​វិញ​»​។​

​ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​នេះ កូនប្រុស​នាយករដ្ឋមន្ត្រី​និង​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន ម៉ា​នី សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​កាល​ពី​ម្សិលមិញ​ថា «​ទោះបីជា​មាន​បញ្ហា​អ្វី​ក៏ដោយ រាល់​ការប្រើប្រាស់​អំពើហឹង្សា​លើ​ស្ត្រី​ជា​ដំណោះស្រាយ គឺជា​អ្វី​ដែល​សង្គម​មិន​អាច​ទទួលយកបាន និង​ជា​ទង្វើ​ដែល​ត្រូវ​ថ្កោលទោស​» ។​

VOD មិនអាច​ទាក់ទង​កញ្ញា សា​សា ដើម្បី​សុំ​ការ​បញ្ជាក់បន្ថែម​លើ​ករណី​នេះ​បាន​នៅឡើយ​ទេ ដោយសារ​ទូរស័ព្ទ​របស់​កញ្ញា​មិនអាច​ទាក់ទង​បាន​។

​វីដេអូ​ឃ្លីបស​ខ្មៅ​មួយ​ដែល​ត្រូវ​បាន​ចែកចាយ​លើ​បណ្ដាញ​សង្គម​បាន​បង្ហាញ​ពី​សកម្មភាព​លោក សុខ ប៊ុន អគ្គនាយក​ក្រុមហ៊ុន សុខ ប៊ុន គ្រុប និង​ជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ព្រម​ទាំង​អង្គរក្ស​បាន​វាយដំ​លើ​អតីត​ពិធី​ការិនី​ទូរទស្សន៍​CTN កញ្ញា សា​សា​។ កញ្ញា សា​សា អះអាងថា​បាន​ដាក់​ពាក្យបណ្ដឹង​ពីរ​ដង​ទៅ​តុលាការ​សម្រាប់​ករណី​នេះ​។​

​អតីត​ពិធី​ការិនី​រូប​អះអាងថា ហេតុការណ៍​នោះ​កើតឡើង​នៅ​ពេល​ដែល​កញ្ញា បាន​ទៅលេង​ក្នុង​ហាង​ផឹកស៊ី​របស់​មិត្ត​ភ័ក្ត្រ​ជា​ជនជាតិ​ជប៉ុន​នៅ​កោះ​ពេជ្រ កាលពី​យប់​ថ្ងៃ​ទី​១ ខែកក្កដា ឈានចូល​ថ្ងៃ​ទី​២ កក្កដា ហើយក៏​បាន​ជួប​លោក​ឧកញ៉ា សុខ ប៊ុន និង​បក្សពួក​ទៅ​ផឹកស៊ី​នៅ​ទីនោះ​។ បុរស​ដៃដល់​បាន​ហៅ​មិត្ត​ភ័ក្ត្រ​របស់​នាង​ជា​ម្ចាស់​ហាង​ឲ្យនៅ​អង្គុយ​ផឹកស៊ី​ជាមួយ លុះ​ដល់​ស្រវឹង​ក៏​អូស​ដៃ​នាង​ឲ្យចេញ​ទៅក្រៅ​ជាមួយ​ខ្លួន ប៉ុន្តែ​ក្រោយ​មិត្ត​ភ័ក្ត្រ​នាង​ប្រកែក​ក៏​នាំគ្នា​បើកឡាន​ចេញទៅ​។​

​កញ្ញា​បន្ត​ថា​ប្រមាណ​តែ​បួនដប់​នាទី​ប៉ុណ្ណោះ ពួកគាត់​ក៏​ត្រឡប់មកវិញ ហើយ​ចាប់​អូស​ដៃ​មិត្ត​ភ័ក្ត្រ​នាង​ដែល​ជា​ជន​ជនជាតិ​ជប៉ុន​ទាំង​បង្ខំ​ឲ្យចេញ​ពី​ហាង ទើប​បណ្ដាលឲ្យ​មាន​ទាក់ពាក្យស​ម្ដី​ជាមួយនា​ង​ដែល​ចូល​មក​ឃាត់​។ កញ្ញា​បន្ថែម​ថា​ក្នុង​ពេល​នោះ អង្គរក្ស​របស់​លោក​សុខ ប៊ុន ក៏​បាន​ស្រែក​ជេរ​នាង​ថា​«​ង៉ែ​ង​ចេះ​អី មី​ចុយ​ម្រាយ​មិ​ច​ង៉ែ​ង​ចង់​ងាប់​អ្ហី​!»​ទើប​បណ្ដាល​ឲ្យ​កើត​ជា​ជម្លោះ​ដាក់គ្នា​។​

​កញ្ញា សា​សា ទទួលស្គាល់​ហេតុការណ៍​ដែល​នាំឲ្យ​កើត​ជម្លោះ គឺ​បណ្ដាលមកពី​កំហុស​ពាក្យសម្ដី​ម្ខាងៗ ប៉ុន្តែ​នាង​យល់​ថា​អំពើហិង្សា​ដែល​ជនល្មើស​បាន​បង្ក​ចំពោះ​ខ្លួន គឺ​មិន​អាច​ទទួលយកបាន ទើប​គ្មាន​ការសម្រុះសម្រួល​។ កញ្ញា​អះអាង​ទៀតថា ក្នុង​ពេល​កើត​រឿង នាង​មិន​បានដឹងថា​បុរស​ដែល​បាន​បង្កហេតុ គឺជា​ឧកញ៉ា​នោះទេ គឺ​រហូត​ទាល់តែ​ចប់សព្វគ្រប់ ទើប​មាន​ការបញ្ជាក់​ថា​លោក គឺជា​ឧកញ៉ា​សុខ ប៊ុន ដែល​ជា​អ្នកជំនួញ​វ៉ាល់​លាន និង​មាន​ក្រុមហ៊ុន​រាប់មិនអស់​ក្នុង​ដៃ​។ ទោះយ៉ាងណា​ក៏ដោយ នាង​អះអាង​ថា​មិន​ខ្លាច​ចំពោះ​សុវត្ថិភាព​នោះទេ គឺ​នៅ​តែ​រក្សា​ជំហរ​បន្ត​ពាក្យបណ្ដឹង​រហូត​ជន​ដែល​បង្ក​ស្នាមរបួស​ចំពោះ​ខ្លួន ទទួលទោស​តាម​ច្បាប់​៕

​សរសេរ​មកកាន់ លោក យ៉ា រសាត់ តាមរយៈ rorsart@vodhotnews.com


ក្រសួងកិច្ចការនារីថ្កោលទោសឧកញ៉ាម្នាក់ប្រើហិង្សាលើស្រ្តីអតីតពិធីការិនីទូរទស្សន៍ (វីដេអូ)​

ដោយ៖​ ឧស្សាហ៍​ | ថ្ងៃសុក្រ ទី10 កក្កដា 2015, 06:43 PM​
http://vodhotnews.com

ក្រសួងកិច្ចការនារីថ្កោលទោសឧកញ៉ាម្នាក់ប្រើហិង្សាលើស្រ្តីអតីតពិធីការិនីទូរទស្សន៍


What Next?

Recent Articles

One Response to "​ឧកញ៉ា សុខ ប៊ុន រត់​ទៅ​ក្រៅប្រទេស​គេច​ពី​ការចាប់ខ្លួន​ពាក់ព័ន្ធ​ហិង្សា​លើ​កញ្ញា សា​សា"

  1. thang cheng says:

    Ar cke Sok bun chea yuon .