តុលាការ​ផ្ដន្ទាទោស​សកម្ម​ជន​បក្ស​សង្គ្រោះ​ជាតិ​ទាំង​១១​នាក់​​ពី​៧​ឆ្នាំទៅ​២០​ឆ្នាំ​​

ដោយ៖​ យ៉ា រសាត់ និង​ឡាយ សាមាន​ | ថ្ងៃអង្គារ ទី21 កក្កដា 2015, 06:10 PM
http://vodhotnews.com


លោក មាជ សុវណ្ណារ៉ា និង​សកម្មជន​បក្សសង្គ្រោះជាតិ​ផ្សេង​ទៀត​ចេញ​ពី​តុលាការ​នាពេល​កន្លង​មក​ (រូបភាព​៖ ទេព សូនី)


​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​១០​នាក់​ផ្សេង​ទៀត​ឲ្យ​ជាប់​ពន្ធនាគារ​ពី​៧​ឆ្នាំទៅ​២០​ឆ្នាំ ពី​បទ​ដឹកនាំ​និង​ចូលរួម​ក្នុង​ចលនា​កុប្បកម្ម​នាំឲ្យ​មាន​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​២០១៤​។​

​បន្ទាប់ពី​បាន​បើក​សវនាការ​អស់​ពេញ​មួយ​ថ្ងៃ​នៅថ្ងៃនេះ ចៅក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​អាន​សាលក្រម​សម្រេច​ផ្ដន្ទាទោស​លោក មា​ជ សុវណ្ណារ៉ា លោក អឿ ណា​រិទ្ធិ និង​លោក ឃិន ជំរឿន ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់​២០​ឆ្នាំ ពី​បទ​ដឹកនាំ​កុបកម្ម ចំណែក​សកម្មជន​៨​នាក់​ផ្សេង​ទៀត​ត្រូវ​ជាប់ទោស​ម្នាក់​៧​ឆ្នាំ​ពី​បទ​ចូលរួម​ក្នុង​ចលនា​កុប្បកម្ម​នាំឲ្យ​មាន​ហិង្ស​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៤​។​

​តុលាការ​ក៏​បាន​សម្រេច​ឲ្យ​សកម្មជន​ទាំង​១១​នាក់​ត្រូវ​រួម​គ្នា​ផ្ដល់​ប្រាក់​សំណង​រដ្ឋ​វ​ប្បវេណី​ទៅ​ដើមបណ្ដឹង​ជា​សន្តិសុខ​ខណ្ឌដូនពេញ​ចំនួន​៣៩​នាក់​ចាប់​ពី​៨​លាន​រៀល ដល់​២០​លាន​រៀល​ផងដែរ​។ សកម្មជន​ទាំង​១១​នាក់​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​ពន្ធនាគារ​ព្រៃ​ស​បន្ទាប់ពី​សវនាការ​។​

​នៅក្នុង​សវនាការ​នា​ថ្ងៃនេះ មានតែ​មេធាវី​ម្នាក់​ក្នុងចំណោម​មេធាវី​៩​នាក់​ដែល​ការពារ​ក្ដី​ឲ្យ​ជនជាប់ចោ​ទទាំង​១១​នាក់​ប៉ុណ្ណោះ​ដែល​មាន​វត្តមាន ដោយ​មេធាវី​៨​នាក់​ផ្សេង​ទៀត​ត្រូវ​គេ​រាយការណ៍​ថា​បាន​ធ្វើពហិការ​មិន​ចូលរួម​សវនាការ​។​

​អ្នកស្រី សន ស៊ូ​ដាឡែន មេធាវី​ការពារ​ក្ដី​ដែល​បាន​ចូលរួម​សវនាការ​នៅ​ថ្ងៃនេះ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​សេចក្ដីសម្រេច​របស់​តុលាការ ដោយ​អះអាង​ថា កំពុង​ធ្វើការ​លើ​រឿងនេះ និង​ឲ្យ​ទាក់ទង​ទៅ​ពេល​ក្រោយ​។

​ភ្លាមៗ​ក្រោយ​ពី​សេចក្ដីសម្រេច​របស់​តុលាការ អង្គការ​លីកាដូ​បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​ដោយ​បាន​ធ្វើការ​ថ្កោលទោស​សាលក្រម​របស់​តុលាការ និង​អំពាវនាវ​ឲ្យ​តុលាការ​ទម្លាក់ចោល​សាលក្រម ដែល​ផ្ដន្ទាទោស​សកម្មជន​ទាំង​១១​នាក់ ដោយ​អះអាង​ថា ដោយ​ផ្អែក​ទៅលើ​ភាពមិនប្រក្រតី​នៃ​ការជំនុំជម្រះ និង​អង្គហេតុ​នៃ​សំណុំរឿង​នេះ​។ លីកាដូ​ក៏បាន​អំពាវនាវ​កុំ​ឲ្យមាន​ការ​​ប្រើ​ប្រាស់​តុលាការ​ជា​​ឧបករ​ណ៍​នយោបាយ​ផង​ដែរ​។

​វី​អូ​ឌី (VOD) មិនទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី និង​លោក កឹម សុខា ព្រមទាំង​មន្ត្រីជាន់ខ្ពស់​របស់​គណ​បក្ស​នេះ​បាន​នៅឡើយ​ទេ ដោយ​ទូរស័ព្ទ​មិន​ចូល ឬ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នកទទួល​។​

​ទាក់ទង​នឹង​ការផ្ដន្ទាទោស​របស់​តុលាការ​នេះ​ដែរ សា​ស្រា​ចារ្យ​នយោបាយ សូ ចន្ថា យល់ថា ការដែល​តុលាការ​ធ្វើការ​ចោទប្រកាន់ និង​ផ្តន្ទាទោស​សកម្មជន និង​មន្ត្រី​បក្សប្រឆាំង​ទាំង​១១​នាក់​នោះ ហាក់បីដូច​ជា​រឿង​អយុត្តិធម៌​មួយ និង​គ្មាន​ការវាយតម្លៃ​ច្បាស់លាស់​។ បែប​នេះ​ក្តី លោក​មើលឃើញថា មូលហេតុ​ចម្បង​ដែល​តុលាការ​ផ្តន្ទាទោស​នោះ គឺជា​ការ​ដាក់​សម្ពាធ​ដល់​បក្សប្រឆាំង ករណី​សើរើ​រឿង​ព្រំដែន​។

​គួរបញ្ជាក់​ថា ក្រោយ​ហិង្សា​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​២០១៤ លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន​ទៀត​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​។ នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ មុន​ចូលឆ្នាំ​ខ្មែរ លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងនោះ​ត្រូវបាន​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បាន​ជួប​ចរចា​គ្នា​នៅពេលដែល​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​លេចចេញ​ជា​រូបរាង​៕

សូម​សរសេរ​មក​លោក យ៉ា រសាត់ តាម​រយៈ rorsart@vodhotnews.com


តុលាការផ្តន្ទាទោសសកម្មជនគណបក្សសង្គ្រោះជាតិទាំង​១១​នាក់ជាប់​ទោស​ពី​៧​ទៅ​២០​ឆ្នាំ (វីដេអូ)​

ដោយ៖​ ឧស្សាហ៍​ | ថ្ងៃអង្គារ ទី21 កក្កដា 2015, 05:17 PM​
http://vodhotnews.com

តុលាការផ្តន្ទាទោសសកម្មជនគណបក្សសង្គ្រោះជាតិទាំង​១១​នាក់ជាប់​ទោស​ពី​៧​ទៅ​២០​ឆ្នាំ


What Next?

Recent Articles

One Response to "តុលាការ​ផ្ដន្ទាទោស​សកម្ម​ជន​បក្ស​សង្គ្រោះ​ជាតិ​ទាំង​១១​នាក់​​ពី​៧​ឆ្នាំទៅ​២០​ឆ្នាំ​​"

  1. :( says:

    ចាប់អោយអស់ទៅលោកម្ចាស់ ច្បាប់នៅនឹងមាត់លោកម្ចាស់ហើយ ចាប់ទៅលោកម្ចាស់
    ព្រោះអាណត្តិក្រោយលោកម្ចាស់មិនដឹងជាយ៉ាងមេចយ៉ាងម៉ាទេ