ពលរដ្ឋ​ខេត្ត​ស្វាយរៀង​អះអាង​ថា​វៀតណាម​ឲ្យ​គាស់​ឆ្អឹង​ដូនតា​ចេញ​ពី​តំបន់​ទួល​តា​ព្រាប

ដោយ ថា កិត្យា
2015-07-21
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ព្រំដែន ស្វាយរៀង ទួល​តា​ព្រាប ៦២០
ពលរដ្ឋ និង​ទាហាន​វៀតណាម ឈរ​នៅ​តំបន់​ទួល​តា​ព្រាប និង​លើ​វាល​ស្រែ​ដែល​ពលរដ្ឋ​កម្ពុជា អះអាង​ថា ជា​អតីត​ទឹក​ដី​ខ្មែរ នា​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Tha Kitya


ពលរដ្ឋ​ខ្មែរ​បដិសេធ​មិន​ព្រម​គាស់​ឆ្អឹង​សព​ដូនតា​របស់​ពួក​គាត់ ចេញ​ពី​តំបន់​ទួល​តា​ព្រាប អតីត​ទឹក​ដី​ខ្មែរ ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​វៀតណាម និង​កំពុង​ធ្វើ​ផ្លូវ​នៅ​ក្បែរ​នោះ​ទេ។ ការ​អះអាង​បែប​នេះ បន្ទាប់​ពី​អាជ្ញាធរ​វៀតណាម បាន​ទាមទារ​ឲ្យ​ពួក​គាត់​គាស់​ឆ្អឹង​ដូនតា​ចេញ​ទៅ​ដាក់​នៅ​វត្ត ដោយ​ជួយ​ឧបត្ថម្ភ​ជា​លុយ​ខ្លះ។

ទាក់ទង​បញ្ហា​នេះ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹក​នាំ​ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ ២​ពាន់​នាក់ ទៅ​ទស្សនកិច្ច​ព្រំដែន​មាន​ជម្លោះ​នៅ​ស្រុក​កំពង់រោទិ៍ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ក៏​មិន​បាន​ទៅ​ដល់​តំបន់​ផ្នូរ​បុរាណ​របស់​ខ្មែរ និង​កន្លែង​វៀតណាម កំពុង​ធ្វើ​ផ្លូវ​ក្បែរ​ព្រំដែន​តាម​ក្តី​ប្រាថ្នា​ដែរ ដោយសារ​វៀតណាម មិន​អនុញ្ញាត។

ទួល​តា​ព្រាប ដែល​ជា​កន្លែង​បញ្ចុះ​សាកសព​បុព្វបុរស​ខ្មែរ​តាំង​ពី​សម័យ​បុរាណ​មក ស្ថិត​នៅ​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង បច្ចុប្បន្ន​នេះ គឺ​ស្ថិត​នៅ​ក្នុង​ទឹក​ដី​របស់​ប្រទេស​វៀតណាម។ ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ព្រំដែន​ទាំង​នោះ ប្រកែក​ដាច់​អហង្ការ មិន​ព្រម​គាស់​ឆ្អឹង​ដូនតា​របស់​ពួក​គាត់​ចេញ​ពី​ទួល​តា​ព្រាប តាម​បង្គាប់​របស់​អាជ្ញាធរ​វៀតណាម នោះ​ទេ។ ពួក​គាត់​អះអាង​ថា ដី​ទីនោះ គឺ​ជា​ដី​កេរ​ដូនតា​ខ្មែរ​ជាច្រើន​ជំនាន់​មក​ហើយ មិន​មែន​ជា​ដី​របស់​វៀតណាម នោះ​ទេ។

អ្នកស្រី សឿង ភារម្យ ដែល​មាន​សាច់ញាតិ​កប់​នៅ​ទួល​តា​ព្រាប នោះ​អះអាង​ថា វៀតណាម បាន​ឈ្លាន​ពាន​ចូល​ដី​ខ្មែរ​ជា​បន្តបន្ទាប់ ជាពិសេស​នៅ​ឆ្នាំ​២០១៥ នេះ វៀតណាម បាន​បង្ខំ​ឲ្យ​ពួក​គាត់​យោង​ផ្នូរ​ខ្មោច​ចេញ​ពី​ទួល​តា​ព្រាប នោះ ទៅ​ដាក់​វត្ត ដើម្បី​ឲ្យ​វៀតណាម ធ្វើ​ផ្លូវ៖ «ទោះ​ឲ្យ​លុយ​កាក់​ច្រើន​សន្ធឹកសន្ធាប់​យ៉ាង​ណា ក៏​ពួក​ខ្ញុំ​មិន​ទៅ​យោង​ផ្នូរ​ចេញ​មក​ដែរ ព្រោះ​ដូនតា​ខ្ញុំ​ស្លាប់​នៅ​លើ​ដី​ពួក​គាត់ កប់​នៅ​លើ​ដី​របស់​គាត់ ភូមិ​ស្រុក​របស់​គាត់។ មូលហេតុ​ដែល​ពួក​ខ្ញុំ​មិន​ចេញ​នោះ ដោយសារ​ខ្លាច​បាត់បង់​ទឹក​ដី និង​ខ្លាច​ត្រូវ​បណ្ដាសា​ដូនតា»

អ្នកស្រី​ថា ជា​រៀង​រាល់​ឆ្នាំ សាច់ញាតិ​នៃ​សាកសព​ទាំង​នោះ​តែង​តែ​ទៅ​បង្សុកូល​មិន​ដែល​ដាច់​ឡើយ ប៉ុន្តែ​ចាប់​ពី​ពេល​នេះ​ត​ទៅ វៀតណាម មិន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​បង្សុកូល​ទៀត​ឡើយ ក្រោយ​ពី​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដឹក​នាំ​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​មិន​ប្រក្រតី​នៅ​តំបន់​នោះ។

ទាក់ទិន​បញ្ហា​នេះ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា កន្លង​ទៅ រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា លោក ឡុង វិសាលោ ក៏​បាន​ស្នើ​ភាគី​វៀតណាម អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​បាន​ចូល​ទៅ​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ដល់​ដូនតា​ពួក​គាត់​ផង។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន លើក​ឡើង​ថា ផ្នូរ​ខ្មោច​នេះ​មិន​អាច​គាស់​ចេញ​បាន​ទេ ព្រោះ​វា​គឺ​ជា​ភស្តុតាង​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ប្ដឹង​ទៅ​អង្គការ​សហប្រជាជាតិ៖ «ផ្នូរ​ដូនតា​យើង​តាំង​ពី​ណា​ពី​ណី​មក​នៅ​លើ​ទួល​តា​ព្រាប ដូច្នេះ​ទាំង​នេះ​គឺ​ជា​ភស្តុតាង​ដ៏​សំខាន់​មួយ ហើយ​បើ​រើ​គាស់​ចេញ​ទៅ តើ​បាន​អ្វី​ទៀត​ធ្វើ​ជា​ភស្តុតាង? ឲ្យ​លុយ​យ៉ាង​ណា​ក៏ដោយ ក៏​មិន​អាច​កាត់​ថ្លៃ​ទឹក​ដី​ខ្មែរ​យើង​បាន​ដែរ»

អ្នក​ភូមិ​នៅ​ជាប់​ព្រំដែន​នោះ​រៀបរាប់​ថា ទួល​តា​ព្រាប គឺ​ជា​ដី​របស់​តា​ព្រាប។ លុះ​ក្រោយ​មក តា​ព្រាប បាន​ស្លាប់​ទៅ កូន​ចៅ​របស់​គាត់​បាន​បញ្ចុះ​សាកសព​នៅ​លើ​ទួល​នោះ។ ក្រោយៗ​មក​ទៀត ក៏​មាន​ប្រជាពលរដ្ឋ​ខ្មែរ ៤៣​គ្រួសារ​ផ្សេង​ទៀត បាន​បញ្ចុះ​សព​នៅ​លើ​ទួល​នោះ​ដែរ។

ដោយឡែក អ្នកស្រី សឿង ហ៊ុំ និយាយ​ថា លើស​ពី​នេះ ទឹក​បឹង និង​ដី​ស្រែ​ដែល​អ្នកស្រី​ធ្លាប់​អាស្រ័យ​ផល​តាំង​ពី​ឆ្នាំ​១៩៧៩ មក​នោះ ឥឡូវ​វៀតណាម ក៏​មក​ដណ្ដើម​យក​ដី​ស្រែ និង​ទឹក​បឹង​ពាក់​កណ្ដាល​ម្នាក់​ថែម​ទៀត។ អ្នកស្រី​ទទូច​ឲ្យ​រដ្ឋាភិបាល និង​អង្គការ​សហប្រជាជាតិ ជួយ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់​បំផុត ដើម្បី​ឲ្យ​ពួក​គាត់​បាន​ទទួល​ទី​កប់​សព​ដូនតា​មក​វិញ៖ «ហ្នឹង​ហើយ​គេ​ថា​ដី​របស់​គេ​ដែរ។ គេ​ទើប​តែ​និយាយ​ថ្មីៗ​ហ្នឹង។ គាត់​ចង្អុល​ទៅ ហើយ​និយាយ​ថា នោះ​ឥឡូវ​ឃើញ​ដែរ ទាហាន​គេ​កំពុង​ឈរ​នៅ​លើ​ដី​របស់​ខ្ញុំ»

កុយ ពិសី ៦១០
អនុប្រធាន​កិច្ចការ​ចម្រុះ​ព្រំដែន អ្នកស្រី កុយ ពិសី និង​មន្ត្រី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន (ស្ដាំ) ថ្លែង​ក្នុង​សន្និសីទ​កាសែត​ច្រាន​ចោល​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី២៨ ខែ​មីនា ឆ្នាំ​២០១៣។

ទាក់ទិន​បញ្ហា​នេះ អនុប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា អ្នកស្រី កុយ ពិសី មាន​ប្រសាសន៍​ថា អ្នកស្រី​មិន​ដែល​ឮ​ព័ត៌មាន​រឿង​វៀតណាម ឲ្យ​ពលរដ្ឋ​ខ្មែរ​គាស់​ផ្នូរ​ដូនតា​ចេញ​នោះ​ទេ។ អ្នកស្រី​បន្ត​ថា មួយ​ខែ​ចុង​ក្រោយ​នេះ​មាន​ព័ត៌មាន​ថ្មីៗ​ប្លែកៗ បាន​កើត​ចេញ​ពី​តំបន់​បង្គោល​លេខ​២០៣ ជា​បន្តបន្ទាប់ ដោយ​អ្នកស្រី​ដាក់​ការ​សង្ស័យ​ថា អាច​មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នង៖ «ពលរដ្ឋ​មាន​ច្រើន​ប្រភេទ​ណាស់ ពួក​គាត់​នោះ​មិន​ដឹង​ជា​ពលរដ្ឋ​ញុះញង់ ឬ​មិន​ដឹង​ថា​ជា​ពលរដ្ឋ​យ៉ាង​ម៉េច ព្រោះ​ពលរដ្ឋ​ធម្មតា​នៅ​ទីនោះ គាត់​ស្ងប់ស្ងាត់​យូរ​ហើយ»

តាម​ប្រភព​ពី​មន្ត្រី​ប៉ូលិស​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ បាន​ឲ្យ​ដឹង​ថា កន្លង​មក​កង​កម្លាំង​វៀតណាម ប្រចាំ​ការ​នៅ​ប៉ុស្តិ៍​៨៧៣ តែង​តែ​ប្រាប់​អាជ្ញាធរ​កម្ពុជា ឲ្យ​ណែនាំ​ទៅ​ប្រជាពលរដ្ឋ​យក​សព​ចេញ​ពី​ដី​ដែល​វៀតណាម កំពុង​គ្រប់គ្រង ហើយ​វៀតណាម ហ៊ាន​ផ្តល់​សំណង​ឲ្យ​ខ្លះ​ទៀត​ផង ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​បដិសេធ​រហូត។

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដឹក​នាំ​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ប្រមាណ ២​ពាន់​អង្គ និង​នាក់ ទៅ​ទស្សនកិច្ច​ព្រំដែន​ដែល​ធ្លាប់​មាន​ការ​ប៉ះ​ប្រយុទ្ធ​គ្នា​ជាមួយ​វៀតណាម ជា​លើក​ទី​ពីរ ក្នុង​គោល​បំណង​ទៅ​ឲ្យ​ដល់​កន្លែង​ផ្នូរ​សព​ដូនតា​ខ្មែរ ផ្លូវ​វៀតណាម កំពុង​ធ្វើ និង​បង្គោល​ព្រំដែន​លេខ​២០៣ ប៉ុន្តែ​អាជ្ញាធរ​យល់ព្រម​ឲ្យ​តែ ១០០​នាក់​ប៉ុណ្ណោះ​បាន​ចូល​ដល់​បង្គោល​២០៣ ដោយឡែក​ទីតាំង​ផ្នូរ​ខ្មែរ និង​ផ្លូវ​វៀតណាម កំពុង​ធ្វើ​នោះ វៀតណាម ហាម​ដាច់​ខាត។

លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ រក​ឃើញ​ថា បង្គោល​ព្រំដែន​លេខ​២០៣ មាន​ភាព​មិន​ប្រក្រតី​ជាច្រើន ដូចជា​វៀតណាម នៅ​តែ​បន្ត​ធ្វើ​ស្រែ​នៅ​លើ​ដី​ខ្មែរ​ដដែល បើ​ទោះ​បី​ជា​ប្រទេស​ទាំង​ពីរ​បាន​បោះ​បង្គោល​ព្រំដែន​តាំង​ពី​ឆ្នាំ​២០០៩ ហើយ​ក្តី។ ករណី​នេះ លោក​បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង កោះ​ហៅ​ឯកអគ្គរដ្ឋទូត​វៀតណាម ប្រចាំ​នៅ​ភ្នំពេញ ដើម្បី​ធ្វើ​ការ​ស្ដី​បន្ទោស​រឿង​វៀតណាម ចូល​វាយ​ខ្មែរ​ក្នុង​ទឹក​ដី​ខ្មែរ និង​បំភ្លឺ​អំពី​បញ្ហា​គ្រប់គ្រង​ដី​ខ្មែរ​នៅ​ទីនោះ៖ «ត្រូវ​ហៅ​មក​សួរ​ឲ្យ​ច្បាស់​រឿង​វៀតណាម នៅ​តែ​ធ្វើ​ស្រែ​នៅ​លើ​ទឹក​ដី​ខ្មែរ និង​ហេតុ​អី​បាន​ជា​គ្រឿងចក្រ​សន្យា​ថា​ឈប់​ហើយ បែរ​ជា​មិន​ដក​ទៅ​វិញ ព្រោះ​ទាំង​នេះ​គឺ​ជា​បញ្ហា។ ម្យ៉ាង​វិញ​ទៀត មិន​ត្រូវ​កំណត់​បង្គោល​រណប​ព្រំដែន​តាម​ផ្លូវ​ដែល​វៀតណាម កំពុង​ធ្វើ​នៅ​នោះ​ទេ គឺ​ត្រូវ​កំណត់​តាម​ផែនទី​របស់​អង្គការ​សហប្រជាជាតិ»

ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ អ្នកស្រី កុយ ពិសី បញ្ជាក់​ថា គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា-វៀតណាម មិន​ទាន់​បាន​កំណត់​ខណ្ឌ​សីមា ឬ​បង្គោល​បំពេញ​បន្ថែម​នៅ​ឡើយ មាន​ន័យ​ថា ភាគី​ទាំង​ពីរ​អាច​បន្ត​គ្រប់គ្រង​ដី​នៅ​តំបន់​នោះ​បាន ដោយ​យោង​តាម​ស្មារតី​នៃ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ឆ្នាំ​១៩៩៥។ ម្យ៉ាង​វិញ​ទៀត ទោះ​បី​ជា​វៀតណាម ឲ្យ​ពលរដ្ឋ​ខ្មែរ​គាស់​ផ្នូរ​ខ្មោច​ចេញ ក៏​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​មិន​អនុញ្ញាត​ដែរ៖ «បច្ចុប្បន្ន​នៅ​តាម​បណ្តោយ​ព្រំដែន គឺ​យើង​មាន​សេចក្តី​ប្រកាស​ព័ត៌មាន​រួម ១៧ មករា ឆ្នាំ​១៩៩៥។ ដូច្នេះ ប្រសិន​បើ​ផ្នូរ​ខ្មោច​ខ្មែរ​នៅ​ទីណា គឺ​ត្រូវ​តែ​ទុក​នៅ​ទីនោះ ពោល​គឺ​អត់​មាន​វៀតណាម ណា​ហ៊ាន​មក​ឲ្យ​ខ្មែរ​យក​ចេញ​ទេ ព្រោះ​យើង​គោរព​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​នោះ​រហូត​មក​ដល់​បច្ចុប្បន្ន។ អ៊ីចឹង​ហើយ​បាន​ជា​វៀតណាម នៅ​តែ​ធ្វើ​ស្រែ​នៅ​លើ​ដី​នោះ​ដដែល ប៉ុន្តែ​អនាគត​នៅ​ពេល​យើង​កំណត់​ខណ្ឌ​សីមា​ហើយ​នោះ ដី​ទាំង​នោះ គឺ​មក​ខាង​កម្ពុជា វិញ។ សេចក្តី​ប្រកាស​នោះ​មាន​ន័យ​ថា ឲ្យ​រក្សា​ស្ថានភាព​ដដែល គឺ​អ្នក​ណា​នៅ​ទីណា​នៅ​ទីនោះ​សិន»

ក្នុង​ដំណើរ​ទស្សនកិច្ច​ព្រំដែន​ទាំង​មេឃ​ភ្លៀង​រលឹម​នោះ ក៏​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា និង​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​រវាង​ជន​ស្លៀក​ពាក់​ជា​ស៊ីវិល​ដែល​គេ​ស្គាល់​ថា​ជា​ទាហាន មាន​គ្នា​ប្រហែល ១០០​នាក់ ប្រដាប់​ដោយ​ដំបង​គ្រប់​ដៃ ដើម្បី​ត្រៀម​សម្រាប់​រារាំង​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ជាង ២​ពាន់​នាក់ មិន​ឲ្យ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​លេខ​២០៣ នោះ។ ក្រៅ​ពី​នេះ ក៏​មាន​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ បាន​ដាក់​ពង្រាយ​តាម​វាល​ស្រែ ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ។

យ៉ាង​ណា​ក៏ដោយ ការ​យក​កម្លាំង​ពលរដ្ឋ​មួយ​ក្រុម​ប្រដាប់​ដោយ​ដំបង​មក​រារាំង​ការ​ចុះ​ពិនិត្យ​ព្រំដែន​នោះ ត្រូវ​បាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ហៅ​ថា​ជា​ល្បិច​យក​បន្លា​ជោះ​បន្លា ឬ​ជា​ល្បិច​ក្ដិច​សង្អារ​ប្រជល់​សង្អារ​របស់​អាជ្ញាធរ​នៅ​តំបន់​ព្រំដែន​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

4 Responses to "ពលរដ្ឋ​ខេត្ត​ស្វាយរៀង​អះអាង​ថា​វៀតណាម​ឲ្យ​គាស់​ឆ្អឹង​ដូនតា​ចេញ​ពី​តំបន់​ទួល​តា​ព្រាប"

  1. Stupid says:

    អាឆ្កួតណាតែងតាំងគណៈកម្មាធិកាព្រំដែន​ សុទ្ធតាមនឹស្សចោលម្សៀតអង់ហ្នឹង! វាជ្រុលពេកហើយ ចេះពោលពាក្យថា ៉​មិនដែលឮចេញរួចដែរ៉​ បើមិនដែលឮ ម៉េចក៏មិនទៅសិក្សាអោយដល់កន្លែង? អាពួកនេះធ្វើការយកតាប្រាក់ខែមកចាយ អាអត់បាយក៏អត់ទៅ អាណាបាត់ដីក៏បាត់ទៅ! ចេះហាមាត់និយាយទៅររួចដែរ! អាលាយហើយស្រុកខ្មែរបើមានមន្ត្រីថ្នាក់ហ្នឹង!!!

  2. ប្រជាពលរដ្ឋ says:

    ហេតុអី បានជាខ្មែរ ខ្លះ ក្បត់ជាតិ ខ្លួនអែង ដោយសារអ្វី ? ដើម្បីអ្វី ?

    ពួកក្បត់ជាតិ ខ្លួនអែង ត្រូវធ្លាក់ នរក ងើបមុខ មិនរួច ជាប្រវត្តិសាស្ត្រ !

  3. Anonymous says:

    We have 10 million; they have 100 million.
    Give it them. They give us Power and Pretty Lady too.
    It’s still wide. If not wide ; Kill some like Pol Pot.
    Has!!!!!!! Kill ourselves !!!!!! Has

  4. ?? says:

    I fell so sorry for our Cambodian people after I heard their expression. after all our poor nation can’t depending on their own leader . the leader that still in question about election in 2013 to be their representative this nation. most people they couldn’t believe that CPP of HUN SEN win that election. 2013 was the year that Cambodian very much wanted to change the leader that have been form by those Viet nation. majority of Cambodian knew that this current leader was the puppet of the Viet government. they can tell they can see from the action of this leader. HUN SEN have been seeing from the world community that he is a crime again humanity . in secret we Cambodian are not sour how many life that this gangsters took . I have no confident to HUN SEN the act knowledge man can taking care this nation. the reason that I’m felling bad about our nation is?? all the worse genocide of human kind in the world history. even after those sadness for many years our people still facing uncertainty future. I knew our nation have to change the leader that not honest to his nation . I still having confident that one day our people will see the bright light the real democracy that our people very much wanted.>>>>>>>> peace to all Cambodian who love their own nation