ដោយ យ៉ង ចាន់តារា
2015-07-21
RFA

រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ថ្លែងក្នុងពិធីសម្ពោធសមាគមធនធានមនុស្ស នារាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥។ RFA/Yang Chandara
កម្ពុជានៅមានបញ្ហាខ្វះខាតធនធានមនុស្ស បើទោះបីជាមានការខិតខំដោះស្រាយពីសំណាក់ភាគីពាក់ព័ន្ធក៏ដោយ។ វិស័យធនធានមនុស្សដើរតួសំខាន់ក្នុងការសម្របសម្រួលឱ្យអង្គភាពមួយដំណើរការទៅប្រកបដោយចីរភាព ដែលស្របទៅតាមច្បាប់ការងារ និងជាតម្រូវការរវាងបុគ្គលិកនិងម្ចាស់ស្ថាប័ន។
អ្នកជំនាញបានអះអាងថា កម្ពុជានៅតែមិនទាន់អាចដោះស្រាយបញ្ហាវិស័យធនធានមនុស្សរបស់ខ្លួនបាននៅឡើយ ខណៈពេលសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ខិតជិតមកដល់នោះ។
ថ្លែងតាមរយៈអ្នកបកប្រែក្នុងពិធីសម្ពោធសមាគមធនធានមនុស្ស កាលពីរសៀលថ្ងៃទី២០ ខែកក្កដា លោក គ្រីស្តុបហ្វឺ លី (Christopher Lee) ជាស្ថាបនិក និងទីប្រឹក្សានៃអង្គការ អេច្ឆ.អ៊ី.ឌី.ស៊ី (HEDC) អន្តរជាតិ និងជាអ្នកជំនាញផ្នែកអភិវឌ្ឍមនុស្ស បានបកស្រាយថា ការមិនទាន់ឱ្យតម្លៃលើវិស័យធនធានមនុស្ស និងការមិនទាន់ផ្លាស់ប្តូរផ្នត់គំនិតតាមបណ្តាស្ថាប័នការងារនីមួយៗ នៅតែជាឧបសគ្គដែលធ្វើឱ្យកម្ពុជា មិនទាន់ជោគជ័យក្នុងការដោះស្រាយបញ្ហានេះ។
លោក គ្រីស្តុបហ្វឺ លី៖ «មានក្រុមហ៊ុន អង្គភាពជាច្រើន មិនទាន់បានយល់ច្បាស់អំពីសារសំខាន់នៃធនធានមនុស្សនោះទេ។ គេកំណត់ត្រឹមថា HR (ធនធានមនុស្ស) គឺគេគិតត្រឹមថា ជួលបុគ្គលិក បញ្ឈប់បុគ្គលិក ហើយនិងផ្តល់ជាវគ្គបណ្តុះបណ្តាលដល់បុគ្គលិក ហើយឱ្យប្រាកដថា ប្រាក់បៀវត្សដែលផ្តល់ទៅហ្នឹង គឺត្រូវទៅតាមច្បាប់ ឬក៏គោលការណ៍»។
លោក គ្រីស្តុបហ្វឺ លី បានសង្កត់ធ្ងន់ពីតម្រូវការ និងការផ្គត់ផ្គង់ធនធានមនុស្សនៅកម្ពុជា ដែរ ដោយលោកបានលើកឡើងថា ការអប់រំនៅថ្នាក់ឧត្តមសិក្សាមិនទាន់មានលក្ខណៈគ្រប់គ្រាន់ដែលអាចឆ្លើយតបនឹងតម្រូវការក្នុងការអភិវឌ្ឍធនធានមនុស្សនៅឡើយ៖ «ម្យ៉ាងទៀត បច្ចុប្បន្នបើយើងមើលទៅស្ថាប័នផ្នែកឧត្តមសិក្សា បើយើងមើលទៅសាកលវិទ្យាល័យ វិទ្យាស្ថានអីជាដើម មិនអាចដោះស្រាយបញ្ហាហ្នឹងបានទេ។ មានន័យរហូតមកដល់ពេលនេះ គឺពិបាកសម្រាប់យុវជន ឬបុគ្គលិកដែលគាត់ចង់ស្វែងរកសាលារៀនណា ឬក៏វគ្គដែលគេបង្រៀនអំពីវិស័យធនធានមនុស្សច្បាស់ថាពេលដែលគេរៀនចប់ហើយ គេទៅធ្វើការហ្នឹងឱ្យត្រូវទៅតាមជំនាញគេហ្នឹងតែម្តង»។
លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ដែលមានវត្តមានក្នុងកម្មវិធីនេះដែរ បានមានប្រសាសន៍ថា កម្ពុជាត្រូវការពេលវេលាយ៉ាងហោចណាស់ក៏ ៥ ទៅ ១០ឆ្នាំដែរ ដើម្បីដោះស្រាយបញ្ហានេះ។
លោកបញ្ជាក់ថា វាចាំបាច់ណាស់ដែលអ្វីៗត្រូវផ្ដើមចេញពីការសិក្សាទាំងផ្នែកជំនាញរឹង និងជំនាញទន់ ដែលផ្ដល់ឱ្យប្រជាជនកម្ពុជា នូវចំណេះដឹង ចំណេះធ្វើ សីលធម៌ និងការរស់នៅថ្លៃថ្នូរ៖ «អ៊ីចឹងហើយបានជាយើងពិនិត្យឡើងវិញលើកម្មវិធីសិក្សា ពិនិត្យឡើងវិញលើសៀវភៅសិក្សា លើកទឹកចិត្តគ្រូបង្រៀន មានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ទាក់ទាញឱ្យមានអ្នកឆ្នើមទៅជាគ្រូ ធ្វើអធិការកិច្ចនៅតាមសាលារៀន វាយតម្លៃជាប្រចាំនូវលទ្ធផលសិក្សា កែលម្អបរិសា្ថនសិក្សាជាដើម រួមទាំងកំណែទម្រង់ក្នុងឧត្តមសិក្សា ក្នុងគោលដៅធ្វើយ៉ាងណាផលិតធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ធនធានមនុស្ស»។
សមាគមធនធានមនុស្សកម្ពុជា ត្រូវបានសម្ពោធជាផ្លូវការនៅរសៀលថ្ងៃទី២០ ខែកក្កដា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។ គោលបំណងនៃការបង្កើតសមាគមនេះ គឺដើម្បីប្រមូលផ្តុំអ្នកអាជីពខាងធនធានមនុស្សទាំងក្នុងវិស័យរដ្ឋ និងឯកជនឱ្យមានឱកាសពង្រឹងសមត្ថភាពខ្លួនបន្ថែមទៀត ស្របទៅតាមបទដ្ឋានតំបន់ និងអន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គ្រូបង្រៀននៅខេត្តបាត់ដំបងត្អូញត្អែរមិនបានបើកប្រាក់បង្រៀនពីរពេលចំនួន៩ខែ
- អង្គការរូមធូរីដកម្ពុជាប្រកាសជ្រើសរើសអ្នកចង់ក្លាយជាកវីនិពន្ធរឿងសម្រាប់កុមារ
- គ្រូបង្រៀនវិទ្យាល័យវ៉ារិនខេត្តសៀមរាបរអ៊ូរទាំថាមិនទាន់បានបើកប្រាក់បន្ថែមម៉ោង
- សង្គមស៊ីវិលមួយចំនួននឹងចូលរួមសង្កេតការប្រឡងបាក់ឌុបឆ្នាំ២០១៥
- គ្រូបង្រៀនសាលាបឋមសិក្សានៅតាកែវមិនទាន់បានបើកប្រាក់បន្ថែមថ្ងៃព្រហស្បតិ៍
- ក្រសួងអប់រំរក្សាការរឹតបន្តឹងប្រឡងបាក់ឌុបដោយឈរលើគោលការណ៍៤ចំណុច
- ក្រសួងការបរទេសរៀបចំកម្មវិធីសំណួរចម្លើយពីចំណេះដឹងអាស៊ានដើម្បីយករង្វាន់
- គ្រូបង្រៀននៅវិទ្យាល័យ ជា ស៊ីម បឹងកេងកង ស្នើសុំដកតំណែងនាយកសាលា
- គ្រូបង្រៀនមួយចំនួននៅខេត្តត្បូងឃ្មុំមិនទាន់បើកប្រាក់បន្ថែមម៉ោងជិត១ឆ្នាំ
ធនធានមនុស្សស្អីទៅ សិស្សកគេចសាលារាប់មឺុននាក់វីវក់នឹងថ្នាំញៀនវីវក់នឹងល្បែងស្រីស្រារ មានធន
ធានមនុស្សមកពីណាទៀត អ្នកចេះមិនប្រើ ប្រើតែពួកអាមន្រ្តីល្ងងដូចគណបក្សស៊ីភីភី ប្រើតែពួកអា
មន្រ្តីល្ងីល្ងើ ធ្វើអោយសម្លេងឆ្នោតធ្លាក់ជាច្រើន នេះមិនមែនមកពីមានពួកអាល្ងងទាំងមេ ទាំងកូននោះ
ទេហី
It is at least a start to accept the failure of educational system, under the negligence of RGC. Thanks Mr. Hang Chuan Naron for your acknowledgement and attempt to remedy for future of our youth and the country.
Samneang