ដោយ៖ ណាត សុភាព | ថ្ងៃអង្គារ ទី21 កក្កដា 2015, 05:47 PM
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
តំណាងរាស្ត្រ និងប្រជាពលរដ្ឋ ដែលទៅពិនិត្យបង្គោលព្រំដែនលេខ ២០៣ ស្ថិតក្នុងខេត្តស្វាយរៀង (រូបថត៖ ណាត សុភាព)
សកម្មជនទៅមើលព្រំដែនរាប់ពាន់អង្គ/នាក់ បានដើរជជែកគ្នាពីនេះពីនោះលាយឡំនឹងសម្រិបជើងព្រមៗគ្នា នៅលើផ្លូវរអិលស្ទើរទៅមុខមិនរួច ដែលមានទទឹងប្រមាណ៥ម៉ែត្រ និងបណ្តោយប្រមាណ១០គីឡូម៉ែត្រនៅជាប់ព្រំដែនកម្ពុជា-វៀតណាម។
ភូមិសាស្ត្រនោះស្ថិតក្នុងឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ជិតតំបន់ដែលប្រជាពលរដ្ឋខ្មែរប៉ះទង្គិចគ្នាជាមួយវៀតណាម កាលពីចុងខែមិថុនា ឆ្នាំ២០១៥ នៅបង្គោលព្រំដែនលេខ២០៣។
ក្នុងសម្លៀកបំពាក់ទទឹកភ្លៀងជោគ ហើយប្រឡាក់ដោយភក់តិចៗ ស្ត្រីម្នាក់បានបីកូនចេញមកឈរស្វាគមន៍តំណាងរាស្ត្រគណបក្សប្រឆាំង និងប្រជាពលរដ្ឋមកពីរាជធានីភ្នំពេញ ប្រមាណ២០០០នាក់ ដែលទៅពិនិត្យព្រំដែន។ រស់នៅភូមិធ្លោកថ្មីជាប់ព្រំដែនវៀតណាម អ្នកស្រី អិន សាវី រៀបរាប់ថា វៀតណាមបានរំលោភយកដីខ្មែរជាច្រើនឆ្នាំមកហើយ និងបានធ្វើការអភិវឌ្ឍប្រឡាយទឹក ភ្លើង ផ្លូវថ្នល់ជាដើម នៅក្នុងអំឡុងពេល៥ឆ្នាំចុងក្រោយនេះ។ អ្នកស្រីបញ្ជាក់ថា សម្រាប់កម្ពុជាដែលម្ចាស់ដីមិនបានធ្វើការអភិវឌ្ឍ ដូចវៀតណាមនោះទេ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់នោះជួបបញ្ហាប្រឈម ខ្វះទឹកធ្វើកសិកម្ម និងបញ្ហាផ្សេងៗទៀត។ លោកស្រីថា៖ “ចង់ឲ្យគាត់ធ្វើដូចគេអ៊ីចឹង។ យើងមើលគេ គេជឿនលឿនណាស់ពួកប្រជាជនគេ ខ្មែរឯងពិបាកណាស់។ មើលថ្នល់គេ គេនៅទីណា គេធ្វើដល់ទីនោះ ខ្មែរឯងអត់មានជឿនលឿនអីសោះ ប៉ុនណានៅតែប៉ុណ្ណឹង។ ដូចដឹងស្រាប់ហើយ ពេលភ្លៀង វេទនាអ៊ីចឹង។ គេសុទ្ធតែថ្នល់ចាក់កៅស៊ូអី ហើយស្រុកខ្ញុំពិបាកសឹងអី ធ្វើឲ្យដូចគេមានប្រឡាយរាំងស្ទះ ដីយើងត្រឹមណាៗ”។
កសិករខ្មែរម្នាក់ទៀតដែលទើបមកពីធ្វើស្រែ លោក សឿ ជិន រៀបរាប់ប្រាប់អ្នកយកព័ត៌មាន VOD នៅក្រោមដើមឈើថា យុវជននិងយុវតីដែលពេញកម្លាំង នាំគ្នាចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ដោយសារតែនៅតាមព្រំដែនក្នុងប្រទេសកម្ពុជា ពួកគេអត់មានមុខរបរច្បាស់លាស់ និងធ្វើស្រែខាតច្រើន ដោយខ្វះបច្ចេកទេស ខ្វះប្រភពទឹក និងជីថ្លៃ។ លោកថា៖ “គាត់ពិបាករកស៊ី ហើយម្យ៉ាងធ្វើស្រែចម្ការក៏ពិបាក អត់បានលូតលាស់ទៅមុខ ចេះតែខាតរហូត ខ្វះទឹក ព្រោះដោយសារអត់មានប្រឡាយ ធ្វើអ៊ីចឹងជួបប្រទះនឹងការរាំងស្ងួត ខ្វះទឹក ធ្វើស្រែ ដល់អ៊ីចឹងហើយ គាត់ធ្វើចេះតែខាតទៅ គាត់ចេះតែធ្វើចំណាកស្រុកទៅរកស៊ីក្រៅៗដើម្បីរកលុយមក សងថ្លៃខាតហ្នឹង”។
ការដែលពលរដ្ឋខ្មែរពេញកម្លាំងនាំគ្នាចាកចេញពីភូមិ ទៅធ្វើកម្មករនៅក្រៅប្រទេស ជាមូលហេតុមួយដែលអ្នកភូមិនៅតាមព្រំដែនលើកឡើងថា ជាឱកាសដែលបរទេសឈ្លានពានទឹកដីខ្មែរបន្តបន្ទាប់។
ប្រជាពលរដ្ឋម្នាក់ទៀត លោក អ៊ិន ទុយ ឲ្យដឹងថា ពួកគាត់រស់នៅក្បែរព្រំដែនជាប់ប្រទេសវៀតណាមនោះមានការព្រួយបារម្ភខ្លាំង នៅពេលឃើញរដ្ឋាភិបាលវៀតណាមធ្វើការអភិវឌ្ឍ និងបញ្ជូនប្រជាជនគេឲ្យមករស់នៅច្រើនក្នុងតំបន់នោះ។ លោកស្នើទៅរដ្ឋាភិបាលកម្ពុជា ត្រូវធ្វើការអភិវឌ្ឍនៅតំបន់ព្រំដែនឲ្យដូចវៀតណាម ដើម្បីការពារទឹកដី និងកុំឲ្យប្រជាពលរដ្ឋចំណាកស្រុក។ លោកបញ្ជាក់ថា៖ “ចង់ឲ្យធ្វើដូចគេអ៊ីចឹង ឲ្យមានខ្សែក្រវ៉ាត់ព្រំដែន មានទ័ពនៅតាមព្រំដែនដូចពួកគេ កុំឲ្យប្រជាជនយើងភ័យបារម្ភទៅថ្ងៃមុខ ការពារផលប្រយោជន៍ប្រទេសជាតិផង ការពារប្រជាជនផងតាមខ្សែក្រវ៉ាត់ព្រំដែនកុំឲ្យមានគ្រោះថ្នាក់ កុំឲ្យប្រជាជនចំណាកស្រុកទៅខាងស្រុកគេ ឲ្យយើងរកស៊ីស្រួលបួលទៅ កុំឲ្យថាវានៅអ៊ីចឹង ទៅតែប្រទេសគេ ចំណាកស្រុករហូត។ មិនពិបាកត្រឹមប្រជាជន ពិបាកដល់ប្រទេសជាតិទៀត យើងទៅរកស៊ីស្រុកគេ ឲ្យគេមើលងាយ មើលថោក”។
អាយុជាង៤០ឆ្នាំ លោក ប៊ុន ចាន់ឯក រស់នៅឃុំត្នោតឲ្យដឹងថា វៀតណាមពិតជាបានរំលោភយកដីខ្មែរពិតមែន។ លោកថា បើរដ្ឋាភិបាលមិនដោះស្រាយឲ្យបានច្បាស់លាស់រឿងទឹកដី ដែលវៀតណាមរំលោភយករបស់ខ្មែរទេនៅអាណត្តិក្រោយនេះ ប្រជាពលរដ្ឋនឹងឈប់បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ លោកថា៖ “រដ្ឋាភិបាលក្នុងនាមអ្នកគ្រប់គ្រងប្រទេសខ្មែរទាំងមូល គួរជួយដោះស្រាយដល់ប្រជាពលរដ្ឋខ្មែរ បើចង់ឈរឈ្មោះជាតំណែងនាយករដ្ឋមន្ត្រី ឲ្យតែអ្នកឯងមានសមត្ថភាពដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានច្បាស់លាស់ កុំធ្វើរបៀបហ្នឹង អត់បានទេ។ ប្រជាពលរដ្ឋធ្លាក់ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ ក្រពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ ធ្លាក់ខ្លួនក្រថែមទៀត។ ពីមានដល់ក្រ មិនមែនពីក្រដល់មានទេ”។
អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោកស្រី កុយ ពិសី មានប្រសាសន៍ថា ជាគោលការណ៍រដ្ឋាភិបាលមានគោលនយោបាយអភិវឌ្ឍន៍នៅតាមព្រំដែនជាប់ប្រទេសជិតខាង ដែលកន្លែងមួយចំនួនបានធ្វើកាស៊ីណូជាដើម។ ប៉ុន្តែលោកស្រីថា តំបន់ដែលមិនទាន់កំណត់បោះបង្គោលច្បាស់លាស់ នោះរដ្ឋាភិបាលមិនទាន់ធ្វើការអភិវឌ្ឍនៅតំបន់នោះទេ។ លោកស្រីបញ្ជាក់ថា៖ “រាជរដ្ឋាភិបាលមានគោលការណ៍ច្បាស់លាស់ហើយ ក៏ប៉ុន្តែគ្រាន់តែថាការងារព្រំដែនយើង ឥឡូវដោះស្រាយមិនទាន់បានចប់សព្វគ្រប់ ហើយវាចេះតែមានបាតុភាពខ្លះៗកើតឡើង ដូចយើងដឹងអ៊ីចឹង ព្រោះឥឡូវថ្ងៃមុនប្រហែលជាខាងអូនសារព័ត៌មានបានជ្រាបហើយ សម្តេចនាយក លោកបានប្រកាសហើយ ហេតុអីលោកមានធ្វើកាស៊ីណូនៅតាមបណ្តោយព្រំដែនកន្លងមក គឺដើម្បីជាការមួយជួយពង្រឹងព្រំដែនយើងដែរ ដើម្បីឲ្យយើងមានសំណង់រឹងមាំ យើងអាចការពារបូរណភាពទឹកដីយើងបានច្រើន”។
ពេលសួរថា ហេតុអ្វីនៅតំបន់ព្រំដែនមួយចំនួន ដែលកំពុងប្រទាញប្រទង់គ្នានោះ រដ្ឋាភិបាលវៀតណាមធ្វើការអភិវឌ្ឍន៍ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាមិនធ្វើឲ្យដូចវៀតណាម? លោកស្រីថា រឿងវៀតណាមធ្វើការអភិវឌ្ឍនៅតំបន់ប្រទាញប្រទង់នោះ ក្រសួងការបរទេសកម្ពុជាបានធ្វើកំណត់ទូតប្រាប់ទៅភាគីវៀតណាមឲ្យឈប់សកម្មភាពនោះ ដោយរង់ចាំដោះស្រាយបញ្ហារវាងប្រទេសទាំងពីររួចរាល់សិន។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលដឹកនាំយុវជន ព្រះសង្ឃ ២០០០អង្គ/នាក់ចុះទៅពិនិត្យបង្គោលព្រំដែនកម្ពុជា/វៀតណាម កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ លោក អ៊ុំ សំអាន ថ្លែងថា បង្គោលព្រំដែនលេខ២០៣ នៅត្រង់ចំណុចភូមិធ្លោកថ្មី វៀតណាមពិតជាបោះដោយឯកតោភាគីចូលទឹកដីខ្មែរ ហើយភាគីវៀតណាមបានបង្កបង្កើនផលចូលមកក្នុងដីខ្មែរហួសពីបង្គោលនោះទៀត។ លោកថា៖ “ភាពមិនប្រក្រតី ទី១ បង្គោល(ព្រំដែន)បោះហើយ ប៉ុន្តែស្រូវយួននៅដាំដដែល យើងគិតមើល ពីបង្គោល២០៣ មកទឹកហ្នឹងប្រហែលជាងកន្លះគីឡូម៉ែត្រ ហើយបើគិតពីកន្លះគីឡូម៉ែត្រហ្នឹងដល់បង្គោល២០២ ប្រហែលជា៣គីឡូម៉ែត្រ”។
បណ្ឌិតវិទ្យាសាស្ត្រនយោបាយលោក សុខ ទូច មានប្រសាសន៍ថា ដើម្បីទប់ស្កាត់ប្រជាពលរដ្ឋខ្មែរកុំឲ្យចំណាកស្រុកចេញពីព្រំដែនទៅតំបន់ផ្សេងទៀត លុះត្រាតែរដ្ឋាភិបាលបោះបង្គោលព្រំដែនជាមួយវៀតណាមឲ្យបានច្បាស់លាស់ និងត្រូវធ្វើការអភិវឌ្ឍនៅតំបន់ព្រំដែននោះ ឲ្យមានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ។ លោកថា៖ “កុំឲ្យខាត ត្រូវមានបង្គោលព្រំដែនច្បាស់លាស់ ហើយប្រែក្លាយតំបន់ព្រំដែនហ្នឹងឲ្យទៅជាតំបន់ប្រជុំជន ពីគ្មានមនុស្ស ឲ្យទៅមានមនុស្ស ហើយក៏មានរៀបចំច្បាប់យ៉ាងម៉េច ឧបមាថា ប្រជាជននៅព្រំដែនហ្នឹង មិនអាចជួលដី មិនអាចលក់ដីបានទេ ហើយយើងត្រូវធ្វើផ្លូវ ធ្វើមន្ទីរពេទ្យ ធ្វើសាលារៀន ដើម្បីឲ្យប្រជាជននៅជិតសាលារៀន និងមន្ទីរពេទ្យ កុំឲ្យគាត់មានអារម្មណ៍គាត់នៅព្រំដែន ដើម្បីកុំឲ្យគាត់វិលត្រឡប់ចូលមកក្រុងភ្នំពេញ”។
តាមការអះអាងរបស់ពលរដ្ឋខ្មែរនៅតាមព្រំដែន គឺដីស្រែ ចម្ការរបស់ពួកគេមួយចំនួន មិនអាចធ្វើកសិកម្មបានទេ ព្រោះខ្វះទឹក ខ្វះបច្ចេកទេស និងគ្មានទីផ្សារ។ កសិករខ្មែរបានជួលដីរបស់ពួកគេទៅឲ្យវៀតណាមក្នុងតម្លៃថោក ដើម្បីធ្វើកសិកម្ម។
ប៉ុន្តែការជួលដីនៅជាប់ព្រំដែនទៅឲ្យបរទេសនេះ ជាការបារម្ភមួយរបស់អ្នកជំនាញនៅពេលអនាគត ពី ការបាត់បង់ទឹកដី ហើយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ថ្មីៗនេះក៏បានទទួលស្គាល់ពីបញ្ហានេះដែរ និងបានប្រកាសឲ្យបញ្ឈប់ជួលដីនៅតាមព្រំដែនទៅឲ្យវៀតណាម៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
អ្នកសរសេរអត្ថបទនេះខុស ឬក៏ អ៊ុំ សំអាតនិយាយខុសថា ” វៀតណាមបោះបង្គោលព្រំដែនលេខ២០៣ ជាឯកតោភាគី” ព្រោះវាគ្មានអាណាបោះបង្គោលព្រំដែនជាឯកតោភាគីកើតទេ? សូម្បីបង្គោលរបងដីកម្មសិទ្ធិក៏វាខុសច្បាប់ភូមិបាលដែរ !! មាត់ទ្វាគុកកាន់តែជិតរបើកទទួលលោកវរៈជនជ្រុលនិយម អ៊ុំ សំអាតហើយ! មនុស្សដែលបរទេសបណ្តុះទុកបង្កអុកឡុកសង្គុមខែ្មរបានចូកគុកមួយហើយ!!