​លោក សម រង្ស៊ី ចេញ​ទៅ​ក្រៅប្រទេស ស្របពេល​តុលាការ​ផ្តន្ទាទោស​មន្ត្រី​បក្ស​របស់​ខ្លួន​​

ដោយ៖​ ឡាយ សាមាន​ | ថ្ងៃអង្គារ ទី21 កក្កដា 2015, 10:37 PM​
http://vodhotnews.com


ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី នាពេល​កន្លង​មក​


​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យដឹង​ថា លោក សម រង្ស៊ី បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​បារាំង​នៅ​យប់​ថ្ងៃ​អង្គារ​នេះ ដោយ​អះអាង​ថា ដើម្បី​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​បក្ស​របស់ខ្លួន និង​ប្រាប់​ពី​ស្ថានការន​យោ​បាយ​នៅ​កម្ពុជា​។​

​ការ​ចេញ​ដំណើរ​របស់​មេដឹកនាំ​បក្សប្រឆាំង​រូបនេះ ធ្វើឡើង​បន្ទាប់​ពី​តុលាការ​បាន​សម្រេច​ផ្តន្ទាទោស​សកម្មជន និង​មន្ត្រី​បក្ស​របស់​ខ្លួន​ចំនួន​១១​នាក់​ឲ្យ​ជាប់​ពន្ធនាគារច​ន្លោះ​ពី​៧​ឆ្នាំទៅ​២០​ឆ្នាំ ពី​បទ​ដឹកនាំ​និង​ចូលរួម​ក្នុង​ចលនា​កុប្បកម្ម​នាំឲ្យ​មាន​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​២០១៤​។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យ៉ែម បុញ្ញ​ឫទ្ធិ ប្រាប់​វី​អូ​ឌី​(VOD)​ថា លោក សម រង្ស៊ី បាន​ចាកចេញ​ពី​កម្ពុជា​ទៅ​ប្រទេស​បារាំង​នៅវេលា​ម៉ោង​ប្រមាណ​៨​យប់​ថ្ងៃ​ទី​២១ ខែកក្កដា​នេះ​។ តែ​លោក​ថា ការចេញ​ទៅ​ក្រៅប្រទេស​នេះ​ធ្វើឡើង​តាម​គម្រោង​ដែល​បានរៀបចំ​ជា​យូរណាស់​មកហើយ គឺ​ដើម្បី​ជួប​សំណេះសំណាល​ជាមួយ​អ្នកគាំទ្រ​របស់​ខ្លួន​ប្រាប់​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា និង​ប្រាប់​ពី​ដំណើរការ​នៃ​ទូរទស្សន៍​ព្រះអាទិត្យ​។​

​យ៉ាងណា​ក៏​ដោយ​លោក យ៉ែម បុញ្ញ​ឫទ្ធិ សម្តែង​ការសោកស្តាយ​ចំពោះ​ចំណាត់ការ​របស់​តុលាការ​ដែល​បាន​ផ្តន្ទាទោស​សកម្មជន និង​មន្ត្រី​បក្ស​របស់​ខ្លួន ដោយ​ចាត់ទុកថា ចំណា​ត់របស់​តុលាការ​មិន​ឆ្លុះបញ្ចាំង​តាម​នីតិវិធី​ច្បាប់​។ បើ​តាម​អ្នកនាំពាក្យ​រូបនេះ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រក​មេធាវី​បន្ថែមទៀត ដើម្បី​ការពារ​រឿងក្តី​នេះ ចំណែក​មេធាវី​មួយចំនួនទៀត លោក​ថា​កំពុង​សិក្សា​ពី​នីតិ​វ​ធី​ច្បាប់ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។​

​គួរបញ្ជាក់​ថា បន្ទាប់ពី​បាន​បើក​សវនាការ​អស់​ពេញ​មួយ​ថ្ងៃ​នៅថ្ងៃនេះ ចៅក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​អាន​សាលក្រម​សម្រេច​ផ្ដន្ទាទោស​លោក មា​ជ សុវណ្ណារ៉ា លោក អឿ ណា​រិទ្ធិ និង​លោក ឃិន ជំរឿន ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់​២០​ឆ្នាំ ពី​បទ​ដឹកនាំ​កុបកម្ម ចំណែក​សកម្មជន​៨​នាក់​ផ្សេង​ទៀត​ត្រូវ​ជាប់ទោស​ម្នាក់​៧​ឆ្នាំ​ពី​បទ​ចូលរួម​ក្នុង​ចលនា​កុប្បកម្ម​នាំឲ្យ​មាន​ហិង្ស​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៤​។​

​តុលាការ​ក៏​បាន​សម្រេច​ឲ្យ​សកម្មជន​ទាំង​១១​នាក់​ត្រូវ​រួម​គ្នា​ផ្ដល់​ប្រាក់​សំណង​រដ្ឋ​វ​ប្បវេណី​ទៅ​ដើមបណ្ដឹង​ជា​សន្តិសុខ​ខណ្ឌដូនពេញ​ចំនួន​៣៩​នាក់​ចាប់​ពី​៨​លាន​រៀល ដល់​២០​លាន​រៀល​ផងដែរ​។ សកម្មជន​ទាំង​១១​នាក់​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​ពន្ធនាគារ​ព្រៃ​ស​បន្ទាប់ពី​សវនាការ​។​

​គួរ​រំ​ឮ​កថា  ក្រោយ​ហិង្សា​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​២០១៤ លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន​ទៀត​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​។ នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ មុន​ចូលឆ្នាំ​ខ្មែរ លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងនោះ​ត្រូវបាន​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បាន​ជួប​ចរចា​គ្នា​នៅពេលដែល​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​លេចចេញ​ជា​រូបរាង​៕

សូម​សរសេរ​មក​លោក ឡាយ សា​មាន​ តាម​រយៈ samean@vodhotnews.com

What Next?

Recent Articles

2 Responses to "​លោក សម រង្ស៊ី ចេញ​ទៅ​ក្រៅប្រទេស ស្របពេល​តុលាការ​ផ្តន្ទាទោស​មន្ត្រី​បក្ស​របស់​ខ្លួន​​"

  1. បរិមី ព្រះវិហារ says:

    ទង្វើនេះដូចបទចំរៀងដែលចំណងជើងថា “បងជាសត្វទន្សាយ”!!!

  2. សែន សម្បូរ says:

    ប្រហែល សម រង្សី ចេញទៅទិញផែនទីប្រទេសខ្មែរនូវ ប្រទេសអូស្ត្រាលី ទេដិង ???????????????????????