​ឣា​ជ្ញាធរ​ខេត្ត​ស្វាយរៀង​ចោទ​ឣ្ន​ក​ចុះ​ពិនិត្យ​ព្រំដែន​ថា មាន​កាំបិត​និង​ពូថៅ​បង្ក​ភាពភ័យខ្លាច​​

ដោយ៖​ ញឹម សុខន​ | ថ្ងៃអង្គារ ទី21 កក្កដា 2015, 04:28 PM​
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

ទិដ្ឋ​ភាព​ប្រជាពលរដ្ឋ​ និង​តំណាងរាស្ត្រ​ ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​លេខ​២០៣ កាលពីថ្ងៃអាទិត្យ​សប្តាហ៍មុន​ (រូបថត៖ ណាត សុភាព​)


​អាជ្ញាធរ​ខេត្ត​ស្វាយរៀង បាន​ចោទប្រកាន់​ថា អ្នក​ចុះ​ពិនិត្យ​ព្រំដែន​ដែល​ដឹកនាំ​ដោយ​តំណាងរាស្ត្រ​គណបក្សប្រឆាំង ថា​បាន​បង្កប់​ទៅ​ជាមួយ​នូវ​ឧបករណ៍​គ្រោះថ្នាក់ ហើយ​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​មួយ​នេះ ចោទថា​ជាដើម​ចម​បង្កជម្លោះ ដើម្បី​កេងចំណេញ​នយោបាយ​។​

​សេចក្តីប្រកាស​ព័ត៌មាន របស់​សាលាខេត្ត​ស្វាយរៀង ចុះ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៥ បាន​ចោទ​ថា ក្រុម​អ្នក​ចុះទៅ​ពិនិត្យ​ព្រំដែន​នោះ សមត្ថកិច្ច​បាន​រកឃើញ​បង្កប់​នូវ​ឧបករណ៍​គ្រោះថ្នាក់​មួយ​ចំនួន ដូចជា​កាំំ​បិត ពូថៅ ធ្វើដំណើរ​គ្មាន​សណ្តាប់ធ្នាប់ បង្ក​ឲ្យ​កកស្ទះ​ចរាច​រណ៍ និង​បង្ក​ភាពភ័យខ្លាច ដល់​អ្នកភូមិ ដែល​ក្បួន​ដង្ហែ​បាន​ឆ្លងកាត់​ជា​ដើម​។​

​អ្នកនាំពាក្យ​សាលាខេត្ត​ស្វាយរៀង ប្រកាសថា ខ្លួន​មិន​គាំទ្រ​រាល់​សកម្មភាព​នៃ​ផលប៉ះពាល់​ទាំងនេះ និង​បាន​ចាត់ទុកថា​ទង្វើ​នោះ ជាការ​ញុះញង់ បង្កើត​ឲ្យមាន​ស្មារតី​ជាតិនិយម​ជ្រុល ដើម្បី​កេងចំណេញ​នយោបាយ មិន​គិត​ពី​គ្រោះមហន្តរាយ​ដ៏​ធ្ងន់ធ្ងរ ដល់​សង្គមជាតិ និង​បាន​ចាត់ទុក​ទង្វើ​នោះ​ថា បាន​ដើរ​ផ្ទុយ​ពី​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល ក្នុង​ការការពារ​បូរណភាព​ទឹកដី​តាម​រដ្ឋធម្មនុញ្ញ​។​

ប៉ុន្តែ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក រៀល ខេ​មរិ​ន្ទ្រ បាន​ច្រានចោល​កា​ចោទប្រកាន់​នេះ ដោយ​លោក​អះអាង អ្វី​ដែល​អាជ្ញាធរ​រកឃើញ​នោះ​គឺជា​ភស្តុតាង​ដែល​គេ​រៀបចំ​ខ្លួន ដើម្បី​ទម្លាក់​កំហុស ដាក់​គណបក្សប្រឆាំង​។ លោក​ថា​ល្បិច​បែបនេះ​អាជ្ញាធរ​រដ្ឋាភិបាល​ធ្លាប់​ធ្វើ​ឡើង​ដដែលៗ​។ ចំណែក​បញ្ហា​ព្រំដែន លោក​ថា រដ្ឋាភិបាល​ខ្លួនឯង​ក៏​បាន​ទទួលស្គាល់ថា វៀតណាម​ពិតជា​រំលោភ​បូរណភាព​ទឹកដី​ខ្មែរ​មែន​។ លោក​ថា​៖ “​អ្នក​ដែល​មាន​កាំបិត មាន​ពូថៅ​នោះ​ជា​ក្រុម​របស់​គេ​ទេ ហើយ​ខ្ញុំ​ក៏​ចាប់​បាន​ក្រុម​ហ្នឹង មាន​ទាំង​ញញួរ មាន​ពន្លៀក មាន​ដំបង ខ្ញុំ​បាន​ថត​ទាំង​វីដេអូ​ទៀត​។ នេះ​គឺជា​ក្រុម​តែមួយ នៅពេលដែល​ខ្ញុំ​ចាប់បាន វា​នាំគ្នា​រត់ វា​រត់ចោល​ទាំង​ម៉ូតូ​ទៀត​”​ ។​

​អធិការនគរបាល​ស្រុក​កំពង់រោទិ៍ លោក ហែម សាមុត អះអាងថា ក្រុម​ការងារ​លោក​ពិត​ជា​ដក​បាន​កាំបិត​មួយ​ពី​ក្រុម​អ្នក​ហែ​ក្បួន​ចុះ​ពិនិត្យ​ព្រំដែន ប៉ុន្តែ​លោក​ថា សមត្ថកិច្ច​មិន​បានដឹង​ឈ្មោះ ឬ​ឃាត់ខ្លួន​បុគ្គល​ដែល​រង​ការ​ចោទថា បាន​កាន់​កាំបិទ​នោះទេ​។​

​ពលរដ្ឋ​មួយរូប​នៅក្នុង​ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ លោក សំ គ្រី អះអាងថា អ្នក​ភូមិ​មាន​សេចក្តី​រីករាយ ពេល​ឃើញ​ព្រះសង្ឃ និង​ពលរដ្ឋ​ច្រើន​រយ​នាក់ ចុះ​ពិនិត្យ​ព្រំដែន​នេះ​។ លោក​ថា​តាមរយៈ​ការចុះពិនិត្យ​នេះ ធ្វើ​ឲ្យ​អ្នកភូមិ​ខ្មែរ​មានសង្ឃឹម​ឡើងវិញ ថា​បាន​ធ្វើស្រែ​នៅ​ជាប់​ព្រំដែន​ដូច​ពីមុន និង​ទប់ស្កាត់​ការគំរាមកំហែង​ពី​អាជ្ញាធរ​វៀតណាម​។ លោក​ថា​៖ "​អត់​ភ័យ​ទេៗ មានតែ​ជួយ​អបអរសាទរ​ទៀត"​ ។ 

​មន្ត្រី​សម្របសម្រួល​អង្គកា​រលី​កាដូ​ប្រចាំ ខេត្ត​ស្វាយរៀង លោក នុត បូព៌​ណ្ណ​រ័ត្ន ដែល​តាមដាន​ករណីនេះ អះអាង​ផ្ទុយ​ពី​អាជ្ញាធរ​ខេត្ត ដោយ​លោក​អះអាងថា តាម​ការអង្កេត ពលរដ្ឋ​បាន​ចេញមក​អបអរសាទរ​ដំណើរ​មក​ដល់​របស់​ក្រុម​អ្នក​ចុះ​ពិនិត្យ​ព្រំដែន​។ លោក​ថា​អ្វី​ដែល​លោក​បារម្ភ​នោះ អាជ្ញាធរ​ទេ​ដែល​រៀបចំ​ឲ្យកម្លាំង​សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល ដៃ​កាន់ដំបង អម​ដោយ​កម្លាំង​ទ័ព មាន​អាវុធ​ស្វ័យប្រវត្តិ​នៅ​ដៃ​ច្រោង​ច្រាង​ទៅវិញ​ទេ​។ លោក​ថា​៖ “​ការ​ដែល​ធ្វើដំណើរ​តាមផ្លូវ ខ្ញុំ​សង្កេតមើល​ប្រជាពលរដ្ឋ គាត់​លើកដៃ​គាំទ្រ​ទះដៃ អត់​មាន​នរណា​មក​ភ័យខ្លាច​ពួកគាត់​ផង ហើយ​ខ្ញុំ​ឃើញ​អ្នក​ដែល​ភ័យខ្លាច​ដែល​ខ្ញុំ​សម្លឹង​ឃើញ គឺ​សមត្ថកិច្ច​ហ្នឹង​វិញ​ទេ ដែលជា​អ្នក​ភ័យខ្លាច​”​ ។​

​ទោះជា​យ៉ាងណា សេចក្តីប្រកាស​ព័ត៌មាន​របស់​សាលាខេត្ត​ស្វាយរៀង បាន​ទទួលស្គាល់ថា ការចុះ​ទៅ​ពិនិត្យ​ព្រំដែន​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា​នោះ គ្មាន​ផ្ទុះ​ហិង្សា​នោះ​ទេ​។ ប៉ុន្តែ​សាលាខេត្ត​នេះ​បាន​ចាត់ទុកថា ក្រុម​អ្នក​ចុះទៅ​ពិនិត្យ​បង្គោល​ព្រំដែន ដែល​ដឹកនាំ​ដោយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក រៀល ខេ​មរិ​ន្ទ្រ នោះ​មិន​បាន​គោរព​តាម​ស្មារតី​នៃ​កិច្ចប្រជុំ​មុនពេល​ចុះ​ទៅ​ដល់​៕ 

សូម​សរសេរ​មក​លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

2 Responses to "​ឣា​ជ្ញាធរ​ខេត្ត​ស្វាយរៀង​ចោទ​ឣ្ន​ក​ចុះ​ពិនិត្យ​ព្រំដែន​ថា មាន​កាំបិត​និង​ពូថៅ​បង្ក​ភាពភ័យខ្លាច​​"

  1. :( says:

    ចោទទៅលោកម្ចាស់ ចោទទៅ ចោទអោយច្រើនៗ ចាប់អោយអស់ៗ អាណត្តិក្រោយធ្លាក់ឆ្នោត
    លោកម្ចាស់លែងបានចោទ លែងបានចាប់ទៀតហើយ ខំឡើងលោកម្ចាស់

  2. Anonymous says:

    អាជ្ញាធរ សាលាខេត្ត ស្វាយរៀង ឈ្មោះ អី ចេញឈ្មោះមក អោយប្រជាពលរដ្ឋខ្មែរ ស្គាល់ មុខ

    បុគ្គលដែលនិយាយ គ្មានការពិត តើ សាលាខេត្តស្វាយរៀង ខួរក្បាល ជាស្អី ជា សត្វ ឬ ?