ដោយ៖ សេង វណ្ណៈ | ថ្ងៃពុធ ទី22 កក្កដា 2015
http://vodhotnews.com
ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំមួយនៅថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីពិនិត្យនិងឲ្យយោបល់លើសេចក្តីព្រាងច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលរដ្ឋសភាទើបតែអនុម័តកាលពីពេលថ្មីៗនេះ។
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រៃ្តយ៍ព្រឹទ្ធសភាឲ្យដឹងថាគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំ នៅព្រឹកថ្ងៃពុធនេះ ដោយកំណត់យកថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីពិនិត្យនិងឲ្យយោបល់លើសេចក្តីព្រាងច្បាប់អង្គការ។
គួររំឭកថា កាលពីថ្ងៃទី១៣ ខែកក្កដានេះ សេចក្តីព្រាងច្បាប់គ្រប់គ្រងអង្គការត្រូវបានរដ្ឋសភាអនុម័តដែលមានតែតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា៦៨រូប ដោយតំណាងរាស្រ្តគណបក្សប្រឆាំងធ្វើពហិការមិនចូលរួមអនុម័តច្បាប់មួយនេះ។
កន្លងទៅ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិសេរីភាពក្នុងការជួបប្រជុំដោយសន្តិវិធីនិងសេរីភាពក្នុងការបង្កើតសមាគម លោកMaina Kiai បានអំពាវនាវឲ្យព្រឹទ្ធសភាបដិសេធចោលទាំងស្រុងនូវច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនេះ ដោយចាត់ទុកថាច្បាប់នេះមិនស្របតាមគោលការណ៍សិទ្ធិមនុស្សលើសេរីភាពនៃការប្រមូលផ្តុំ។
សេចក្តីព្រាងច្បាប់ចុងក្រោយ ដែលរដ្ឋាភិបាលបានដាក់ទៅរដ្ឋសភា មាន៩ជំពូក និងមាន៣៩មាត្រា។ មាត្រា២៤នៃសេចក្តីព្រាងច្បាប់នេះបានចែងថា«អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក អង្គការមិនមែនរដ្ឋាភិបាលបរទេស ឬសមាគមបរទេស ត្រូវប្រកាន់ជំហរអព្យាក្រឹតចំពោះគ្រប់គណបក្សនយោបាយនៅព្រះរាជាណាចក្រកម្ពុជា»។ មាត្រា១០នៃសេចក្តីព្រាងច្បាប់នេះចែងថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីព័ត៌មានរាល់គណនីដែលត្រូវ បើកសម្រាប់កិច្ចប្រតិបត្តិការរបស់ខ្លួននៅធនាគារក្នុង ព្រះរាជាណាចក្រកម្ពុជា។ មាត្រា២៥ចែងថាសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវផ្ញើបាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំទៅក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ មាត្រា២៥ បន្តថាក្នុងករណីចំបាច់ ក្រសួងមហាផ្ទៃ អាចស្នើសុំរបាយការណ៍ស្តីពីសកម្មភាព និងនយោបាយហិរញ្ញវត្ថុប្រចាំឆ្នាំរបស់សមាគម។
ករណីដែលសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មិនអនុវត្តតាមមាត្រា១០ មាត្រា២៤ និងមាត្រា២៥ ក្រសួងមហាផ្ទៃត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរដោយទុករយៈពេលយ៉ាង យូរ៣០ថ្ងៃ ថ្ងៃនៃថ្ងៃធ្វើការ។ ករណីមិនអនុវត្តតាមក្រសួងនឹងជូនដំណឹងជាលាយលក្ខណ៍អក្សរផ្អាកសកម្មភាពបណ្តោះអាសន្ន រយៈពេលយ៉ាងយូរ៩០ថ្ងៃ។ ក្នុងករណីនៅតែមិនព្រមអនុវត្ត ក្រសួងមហាផ្ទៃត្រូវសម្រេចជាលាយលក្ខណ៍អក្សរលុបឈ្មោះចេញពីបញ្ជី៕
សរសេរមកកាន់លោក សេង វណ្ណៈ តាមរយៈsengvannakdmc@gmail.com

សភាកញ្ចាស់ចាំតែOK!