សោភ័ណ្ឌ ឡារី មមាញឹកបញ្ហា​ព្រំដែន តែ​មិន​ប្រាថ្នា​តំណែង​ធំ​

​សោភ័ណ្ឌឡារី ​នាំ​ក្រុមយុវជន​ចុះមើល​បង្គោល​ព្រំ​ដែន។ ​ហ្វេសប៊ុក​ ឡារី​

​សោភ័ណ្ឌឡារី ​នាំ​ក្រុមយុវជន​ចុះមើល​បង្គោល​ព្រំ​ដែន។ ​ហ្វេសប៊ុក​ ឡារី​



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: វិវាទ​បញ្ហាបង្គោល​ព្រំដែន​កម្ពុជា​វៀតណាម កំពុង​ក្លាយ​ជា​ព្រិត្តិការណ៍​ក្តៅ​ក្នុង​បរិបទនយោបាយ​នៅ​កម្ពុជា​។

ភាព​សស្រោកសស្រាំ​ពី​ក្រុម​យុវជន​ចលនា​បក្ស​សង្គ្រោះជាតិ​ក៏​បាន​បង្ហាញ​សកម្ម​ភាព​ពុះ​កញ្ជ្រោល​ផង​ដែរ​។ ប៉ុន្តែ​អ្វី​ដែល​កាន់​តែ​ភ្ញាក់​ផ្អើល​​តារា​សម្តែង សោភ័ណ្ឌ ឡារី បាន​ក្លាយ​ជា​មនុស្ស​ម្នាក់​សំខាន់​ក្នុង​ចលនា​សូម្បី​ជំនួប​អង្គប្រជុំ​ជាមួយ​ថ្នាក់ខេត្ត​ ក៏​តារា​រូបនេះ​មាន​វត្តមាន​ជួស​​តំណាង​រាស្ដ្រ​បក្ស​សង្គ្រោះជាតិ​ដែរ​។

ទង្វើនេះ​នាំ​ឲ្យ​មជ្ឈដ្ឋាន​នានា​ចោទ​សួរ​ថា តើ​ សោភ័ណ្ឌ ឡារី ពេលនេះ​មាន​ឋានៈ​អ្វី​ក្នុង​បក្ស​សង្គ្រោះ​ជាតិ?

កាល​ពី​ថ្ងៃទី ១៥ ខែកក្កដា ​ក្នុង​កិច្ច​ប្រជុំ​ជា​មួយ​អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ ដែល​ស្នើដោយ​លោក​ រៀល ខេមរិន្ទ្រ តំណាង​រាស្រ្តបក្សសង្គ្រោះជាតិ ដើម្បី​ចុះ​មើល និង​ពិនិត្យ​បង្គោល​ព្រំដែន​កម្ពុជាវៀតណាម លេខ ២០២ និង ២០៣ នៅក្នុង​ភូមិធ្លក ឃុំត្នោត ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង​។

វត្តមាន​តារា​សម្តែង​មាន​កំណើត​នៅ​ទឹកដី​ខេត្ត​ព្រៃវែង លោក សោភ័ណ្ឌ ឡារី ​ដឹកនាំ​អង្គប្រជុំធំ​មួយ តំណាង​ឲ្យលោក​ រៀល ខេមរិន្ទ្រ ទៅ​វិញ។ ដូចគ្នា​នោះ ​ក្នុង​ដំណើរ​ចុះ​ពិនិត្យបង្គោល​ព្រំដែន​ថ្ងៃ​ទី ១៩ ​ខែកក្កដា​ វត្តមាន​លោក សោភ័ណ្ឌ ឡារី ក៏​បាន​ក្លាយ​ជា​មនុស្សសំខាន់​នាំមុខ​ផងដែរ​។

បកស្រាយចម្ងល់​មហាជន​តាមរយៈ​ភ្នំពេញប៉ុស្តិ៍​ តារា​សម្តែង​ឃ្លាត​ឆ្ងាយ​ទី​ផ្សារសិល្បៈ​ដោយ​សារការ​ចូល​ប្រឡូក​នយោបាយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ លោក សោភ័ណ្ឌ ឡារី​ផ្តើម​ដោយ​សម្ដី​លាន់មាត់ថា៖ «​គ្មានអ្វី​ភ្ញាក់ផ្អើល​ទេបង។ ខ្ញុំ​គ្មានឋានៈ​អ្វី​ក្នុង​បក្សសង្គ្រោះជាតិ​ទេ។ ខ្ញុំ​នៅ​តែជា​តារា​សិល្បៈធម្មតា​ហ្នឹង​»។


សោភ័ណ្ឌឡារី ​នាំ​ក្រុមយុវជន​ចុះមើល​បង្គោល​ព្រំ​ដែន។ ​ហ្វេសប៊ុក​ ឡារី​

សោភ័ណ្ឌឡារី ​នាំ​ក្រុមយុវជន​ចុះមើល​បង្គោល​ព្រំ​ដែន។ ​ហ្វេសប៊ុក​ ឡារី​

ឡារី​ថា៖ «ខ្ញុំ​គ្រាន់​តែ​ជា​មនុស្ស​សាមញ្ញម្នាក់​ដែល​ធ្វើ​ការជា​មួយ​ក្រុម​យុវជន​បក្សសង្គ្រោះ​ជាតិ​ នៅ​មណ្ឌល​ខេត្ត​កំពង់ចាម​។ មិនមាន​តួនាទី​ ឬ​ក៏​ឋានៈ​អី​នៅ​ក្នុង​បក្ស​ឡើយ​»។

តារាសម្តែង​ដែល​មាន​ឈ្មោះ​ដើម​ សោភ័ណ្ឌ រិទ្ធី​ និង​ធ្លាប់​ហែល​ឆ្លង​ជីវិត​កម្សត់​ៗ​ជា​ច្រើន​អន្លើ​សូម្បី​​តែ​សុំទាន​ក៏​ធ្លាប់​​ជួបនោះ និង​ងាកមក​ភ្ជាប់​ខ្លួន​នឹងឆាក​ន​យោបាយ​ក្រោយ​មាន​ឈ្មោះ​ល្បី​គួរសម​លើវិថី​សិល្បៈ​រូបនេះ​ បាន​បញ្ជាក់​ថា៖​ «អ្វី​ដែល​ខ្ញុំ​ធ្វើ​ក្នុង​ជំនួប​ចរចាជា​មួយនឹង​អាជ្ញាធរ​ស្វាយ​រៀង​ តំណាង​ឲ្យ​ឯកឧត្តម រៀល ខេមរិន្ទ្រ​នោះ​ ខ្ញុំមិនមាន​ឋានៈ​ខ្ពង់ខ្ពស់​ជួស​មុខ​អ្នក​តំណាងរាស្រ្តទេ។ តែ​ពេលនេះ​​ដោយសារ​​ខ្ញុំ​ជាអ្នកដឹក​នាំ​ក្រុមយុវជន​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន ចាំបាច់​ត្រូវ​មាន​ខ្ញុំចូលប្រជុំ​»។

តារាសម្តែង​រូបសង្ហា សោភ័ណ្ឌ ឡារី បាន​ដឹកដៃ​នារី​​ជំនួញ​វ័យ​ក្មេង​ ទើប​បញ្ចប់​ការសិក្សា​នៅ​អូស្រ្តាលី​ ឈ្មោះ​ ណង ចាន់​រ៉ុង ចូល​រោងការ​កាលពី​​ថ្ងៃ​ទី ១៧ ខែ​មេសា ឆ្នាំ ២០១៥ ដែល​ភ្ញៀវ​ចូលរួម​ភាគច្រើន​ជា​មន្រ្តី​ធំៗ​មកពី​បក្សសង្គ្រោះ​ជាតិ​។ មហាជន​កាន់​តែ​ចង់​ដឹង​ពី​ជីវិត​ប្រឡូក​ក្នុង​ឆាកនយោបាយ​ក្រោយ​ជីវិត​អាពាហ៍ពិពាហ៍​។ ​

ឡារី ប្រាប់​ថា៖ «គ្មាន​អ្វីខុសប្លែក​ទេ ប្រពន្ធ​ខ្ញុំ​គាត់​ដឹង​ថា ​ខ្ញុំ​ជា​មនុស្សបែបណា ហើយ​គាត់ជា​មនុស្ស​មិន​ចូល​ចិត្ត​ភាព​អយុត្តិធម៌​សង្គម​នេះ​ដែរ។ ប៉ុន្តែ​គាត់​ក៏​បារម្ភ​ពី​សុវតិ្ថភាព​ប្តី​ដែរ​សព្វថ្ងៃ​»។

ដោយ​ទម្លាយ​ពី​ក្តីបារម្ភ​ចំពោះ​វត្តមាន​ប្តី​ចូល​ជ្រៅ​ក្នុង​ឆាកនយោបាយ​ ប្រឆាំងនឹង​រដ្ឋា​ភិបាល​លោក ​ឡារី បញ្ជាក់ថា៖​ «​អ្វី​ដែល​ខ្ញុំ​ធ្វើសព្វថ្ងៃ​នេះ​ គ្រាន់​តែ​ក្នុង​នាមជា​កូនខ្មែរ​ និង​ជា​យុវជនស្នេហា​ជាតិមួយ​រូប​ប៉ុណ្ណោះ។ ​ខ្ញុំ​គ្មាន​ប្រាថ្នា​ចង់​ធ្វើ​ជាអ្នកធំអី​ទេ សូម​ឲ្យ​តែ​បងប្អូន​បាន​សុខ ប្រទេស​ជាតិ​គង់វង្ស​ ប៉ុ​ណ្ណឹង​បានហើយ​»៕ ​​


What Next?

Recent Articles

3 Responses to "សោភ័ណ្ឌ ឡារី មមាញឹកបញ្ហា​ព្រំដែន តែ​មិន​ប្រាថ្នា​តំណែង​ធំ​"

  1. bol says:

    ថ្ងៃណារៀបអាពាហ៍ពិពាហ៍?
    សប្បាយណាស់ បានរៀបការជាមួយកូនអ្នកមានទ្រព្យសម្បត្តិ ដើម្បីមានឡានជិះ និងយកលុយ ធ្វើនយោបាយបោកប្រាសរាស្ត្រ ឲ្យបានតំណាងរាស្ត្រ។
    អានេះគេហៅជាស្អីទៅវិញ?
    ដឹងដែរ ដឹងថា ដើម្បីធ្វការអីបានសម្រេច គេត្រូវការលុយ។
    ថាមិនត្រូវការបុណ្យសក្តិ ទេ។ យើងចាំតែមើលទេ ព្រោះយើងមិនទាន់ស្លាប់ទេ ណា។
    ជឿបងទៅអាប្អូន គ្មាននរណាម្នាក់មិនស្រឡាញលុយ មិនស្រឡាញ់បុណ្យសក្តិ ទេ។ បើថាមិនត្រូវការនោះ គឺច្រឡំហើយ។ សុំកុំដើរបោកប្រាសរាស្ត្រ ណា៎អាប្អូន។
    មនុស្សណា បើកាលណាធ្វើអ្វីមួយហើយ គឺតែងតែចង់បានផល។ បើយ៉ាងហោច ក៏ឲ្យគេសរសើរដែរ។
    តែកុំភ្លេចពាក្ដែលឯងនិយាយពីថ្ងៃមុនថា ឪពុកក្មេករបស់ឯងត្រៀមខ្លួនជួយកូនឲ្បានឡើងតំណាងរាស្ត្រ។
    ប្យ័ត្នបន្តិច ប្រយ័ត្នតែរាល់ការចង់បានរបស់ឯង ក្លាយជាអំពើបំផ្លាញផលប្រយោជន៍របស់ឪក្មេកឯង។ ត្រូវមើលផងថា ឪក្មេកឯងនេះ មានទ្រព្យដោយសារអី។
    គិតថា ឪក្មេកឯងកំពុងសង្ឃឹមលើឯងថា នឹងអាចជួយរកផល ឬក៏អាចជួយការពារផលប្រយោជន៍នៃមុខរបររបស់គាត់ ហើយ។
    កុំធ្វើឲ្យគាត់ខកចិត្ត!
    ផ្តាំតែមួយម៉ាត់ថា បើប្រឹងប៉ុណ្ណេះហើយ សុំកុំនិយាយថា មិនចង់បានបុណ្យសក្តិ !

  2. ស្តេចបក្សី says:

    វាមិនដែលនណាម្នាក់ធ្វើការអោយគេទទេៗបើមិនចង់បានផលប្រយោជនោៈ,

  3. កូនចាប says:

    ទោះជាកើតធំដោយសារជួយប្រជារាស្រ្តបានសុខក៏វាប្រសើរជាងកើតធំដោយសារធ្វើអោយរាស្រ្តវេទនាខ្ញុំគាំទ្របង ឡារី រហូត។។