​អ្នកការពារ​ព្រៃ​ឡង់​សាទរ​ចំពោះ​ការប្តេជ្ញា​របស់​ឧកញ៉ា ទ្រី ភាព ដែល​ថា​នឹង​ឈប់​កាប់​ឈើ​​

ដោយ៖​ ឡាយ សា​មាន​ | ថ្ងៃពុធ ទី22 កក្កដា 2015, 04:58 PM​
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

ឧកញ៉ា ទ្រី ភាព (រូបថតពីបណ្តាញសង្គម​)


​បណ្តាញ​សហគមន៍​ការពារ​ព្រៃ​ឡ​ង់ បាន​សាទរ​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​ឧកញ៉ា ទ្រី ភាព ដែល​ថា​លោក​នឹង​បញ្ចប់​ការធ្វើ​អាជីវកម្ម​ព្រៃឈើ​នៅ​កម្ពុជា ដោយ​សកម្មជន​បរិស្ថាន​លើកឡើងថា នេះ​ជា​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​មុន​ពេល​ព្រៃឈើ​ត្រូវ​បំផ្លាញ​ទាំងស្រុង​។​

​ឧកញ៉ា ទ្រី ភាព ត្រូវបាន​ក្រុម​អ្នក​ការពារ​បរិស្ថាន​ហៅថា ជា​ឈ្មួញ​រកស៊ី​ឈើ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​។ ពួក​គេ​អះអាង​ថា ព្រៃ​ឡង់​ដែល​ជា​ព្រៃ​សំខាន់​នៅ​អាស៊ី អាច​នឹង​បាត់​រូបរាង​ពី​ផែនដី បើ​ក្រុមហ៊ុន​នេះ​នៅតែ​ធ្វើ​អាជីវកម្ម​នាំ​ឈើ​ចេញ​ទៅ​លក់​នៅ​វៀតណាម និង​ចិន​ទៀត​នោះ​។​

​សេចក្តីថ្លែងការណ៍​រួម​របស់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​នៅថ្ងៃនេះ លើកឡើងថា ការ​ម្រេច​ចិត្ត​របស់​លោក ទ្រី ភាព ជា​គំរូ​ដ៏​ល្អ​សម្រាប់​អ្នកធ្វើអាជីវកម្ម​ឈើ និង​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​ដ៏​ទៃ​ទៀត​ផង​ដែរ​។ យ៉ាងនេះក្តី សេចក្តីថ្លែងការណ៍​នេះ បណ្តាញ​សហ​មន៍ ព្រៃ​ឡង់ អំពាវនាវ​ដល់​លោក ទ្រី ភាព ឲ្យចេញ​លិខិត​ជា​ផ្លូវ​ការបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​ក្នុង​ការបញ្ចប់​ការកាប់​ព្រៃឈើ និង​ធ្វើ​អាជីវកម្ម​ព្រៃឈើ​ជា​សាធារណៈ និង​បង់ ភាគលាភ​ដែល​បានមក​ពី​ការធ្វើ​អាជីវកម្ម​ព្រៃឈើ ដើម្បី​ជួយ​អ្នក​ការពារ​បរិស្ថាន និង​ស្តារ​ព្រៃឈើ​ឡើងវិញ​។​

​ស្របពេល​នោះ​ដែរ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​សរសេរ​លិខិត​ស្នើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ពិនិត្យ​មើល​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ឧកញ៉ា​ទ្រី​ភាព ក្នុង​ខេត្ត​រតនគិរី ។​លោក​អះអាង​ថា លោក​បាន​ទទួល​ព័ត៌មាន​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ឧកញ៉ា​ទ្រី​ភាព មិន​មាន​រោងចក្រ​នោះទេ គឺមាន​តែ​គំនរ​ឈើ​ច្រើន​កុងត័រ​នឺ​សម្រាប់​នាំចេញ​ទៅ​កាន់​វៀតណាម​។​

ទាក់ទង​នឹង​បញ្ហា​ព្រៃឈើ​នេះ សមាគម​អាដហុក អះអាងថា ប្រទេស​កម្ពុជា​មាន​ការ​កាប់បំផ្លាញ​ព្រៃឈើ​ខ្ពស់​ជាង​គេ​នៅលើ​ពិភពលោក ទោះបីជា​រដ្ឋាភិបាល​កម្ពុ​ជា​ធ្លាប់បាន​លើកឡើង​ថា នឹង​បញ្ឈប់​រាល់​បទល្មើស​នៃ​កាប់បំផ្លាញ​ព្រៃឈើ​ដោយ​ខុស​ច្បាប់​ក៏ដោយ​។ 

​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ប្រធាន​សមាគម​អាដហុក លោក ធន់ សារាយ មានប្រសាសន៍ថា ចាប់តាំងពី​ឆ្នាំ​២០០០​មក កម្ពុជា​បាន​បាត់បង់​ផ្ទៃ​ដី​ព្រៃឈើ​ចំនួន ១៤,៧២៦ គីឡូម៉ែត្រ​ក្រឡា​។ លោក​បញ្ជាក់ថា ដំបូង​ឡើយ ព្រៃឈើ​បាន​ថយ​ចុះ​ពី ៧២,១១% មក​នៅ​៤៧,៧%  ប៉ុន្តែ​ចាប់ពី​ឆ្នាំ​១៩៧៣ ដល់​ឆ្នាំ​២០១៤ ព្រៃឈើ​ដែល​ក្រាស់​នោះបាន​ថយចុះ ៤២% មក​នៅត្រឹម​១៦%​។​

ចំណែក​សេចក្តីថ្លែងការណ៍​របស់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ បញ្ជាក់ថា​រយៈពេល​២០​ឆ្នាំ​ចុងក្រោយ​នេះ ព្រៃឈើ​នៅ​កម្ពុជា ត្រូវបាន​ប្រើប្រាស់​សម្រាប់​តែ​អ្នកមានអំណាច និង​ឈ្មួញ​ក្រោមរូបភាព​ដី​សម្បទាន ដោយ​បង្ក​ឲ្យមាន​ផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រជា​សហគមន៍ និង​បរិ​សា្ថន​។​

របាយការណ៍​របស់ Global Witness ចេញផ្សាយ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៥​នេះ បាន​ចោទ​ថា លោក​ទ្រី ភាព​និង​បណ្តាញ​របស់គាត់ កំពុងតែ​បំផ្លាញ​ព្រៃឈើ​ចុងក្រោយ​របស់​កម្ពុជា និង​ទន្ទ្រាន​ការរស់នៅ​របស់​សហគម​ន៍​ជនជាតិដើម​ភាគតិច​។ របាយការណ៍​ថា​ក្រុមហ៊ុន​ទ្រី​ភាព​ក៏​កំពុង​ប្រើប្រាស់​អាជ្ញាប័ណ្ណ​ដី​សម្បទាន​របស់​ខ្លួន ដើម្បី​ឈូសឆាយ​ឈើ​លើសពី​ព្រំដែន​កំណត់ កាប់​ឈើ​មានតម្លៃ និង​ឈើ​ដែល​ត្រូវបាន​ការពារ​ពី​តំបន់​ជុំវិញ​។ របាយការណ៍​បញ្ជាក់​ដែរ​ថា លោក ទ្រី ភាព ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​បាន​គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​២៩៥៨៩​ហិកតា​។​

​ប៉ុន្តែ​នៅ​ពិធី​មួយ​ខេត្ត​ព្រះវិហារ កាលពី​ពេល​ថ្មីៗ​នេះ ឧកញ៉ា ទ្រី ភាព បាន​អះអាង បើ​លោក​កាប់​ឈើ​ខុសច្បាប់​មែន លោក​មិន​អាច​បន្ត​អាជីវកម្ម​បាន​មកដល់​ពេលនេះ​ទេ​៕

សូម​សររ​សេរ​មក​លោក ឡាយ សា​មាន តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles

One Response to "​អ្នកការពារ​ព្រៃ​ឡង់​សាទរ​ចំពោះ​ការប្តេជ្ញា​របស់​ឧកញ៉ា ទ្រី ភាព ដែល​ថា​នឹង​ឈប់​កាប់​ឈើ​​"

  1. :( says:

    អគុមណាស់លោក ទ្រី ភាព អគុណលោកជាពន់ពេក ប្រជាជនខ្មែរទូរទាំងប្រទេសនឹងដឹងគុណជានិច្ច