ក្រុម​យុវជន​​ស្លៀក​ពាក់​ឯកសណ្ឋាន​អ្នក​ទោស​ជាប់ច្រវ៉ាក់​​ប្រឆាំង​នឹង​ច្បាប់​អង្គការ​

ដោយ៖​ យ៉ា រសាត់​ | ថ្ងៃព្រហស្បតិ៍ ទី23 កក្កដា 2015
http://vodhotnews.com


យុវជនស្លៀកពាក់ឯក​សណ្ឋានអ្នកទោស​ ដើម្បីតវ៉ាប្រឆាំងនឹងច្បាប់អង្គការ​ (រូប​ថត​ដោយ​ក្រុម​យុវជនមក​ពី​​សម្ព័ន្ធ​និស្សិត​បញ្ញា​វ័ន្ដ​ខ្មែរ)


ក្រុម​យុវជនមក​ពី​​សម្ព័ន្ធ​និស្សិត​បញ្ញា​វ័ន្ដ​ខ្មែរ រួម​នឹង​យុវជន​មក​​ពី​សមាគមផ្សេងទៀតមួយ​ចំនួន​គ្រោង​នឹង​តវ៉ា​​នៅ​​ខាង​មុខ​រដ្ឋសភានៅ​ចុងសប្តាហ៍នេះ​ប្រឆាំង​នឹង​ច្បាប់អង្គការ ដោយ​ពួកគេ​នឹង​​​ស្លៀក​ពាក់​ឯក​សណ្ឋា​នជា​​​អ្ន​ក​ទោស​ ​ភ្ជាប់​ជាមួយ​​ច្រវ៉ាក់នៅ​លើ​ដង​ខ្លួន​​។

ប្រ​ធាន​ក្រុម​យុវជន​សម្ព័ន្ធ​និស្សិត​បញ្ញា​វ័ន្ដ​ខ្មែរ លោក មួង​ សូនី បាន​ប្រាប់​វីអូឌី(VOD)ថា​នៅ​ថ្ងៃ​អាទិត្យ​ ទី​២៦ ខែ​កក្កដាខាង​មុខនេះ យុវជនជិត​១០០នាក់មក​ពី​សមា​គមប្រមាណ​​១០ផ្សេងគ្នា​​​​នឹង​ប្រមូល​​ផ្ដុំខាង​​មុខ​រដ្ឋ​សភា ដើម្បី​តវ៉ា​សុំ​ឲ្យ​រដ្ឋាភិបាល​កែប្រែ​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​​ស្តីពីសមាគមនិង​អង្គការ​ក្រៅ​រដ្ឋាភិបាល​។ ​​លោក​យល់​ថាច្បាប់​នេះ​នឹង​បំបិទ​សិទ្ធិសេរី​ភាព​​ពលរដ្ឋ​ខ្មែរ។ លោក​បន្ដ​ថាក្នុង​​ការ​តវ៉ា​នៅ​ខាងមុខ​រដ្ឋសភា​ យុវជនប្រ​ហែល​២០នាក់​នឹង​ស្លៀក​ពាក់​ឯក​សណ្ឋាន​អ្នក​ទោស​រួម​នឹង​មាន​ដាក់​ច្រវ៉ាក់នៅ​តាម​ដង​ខ្លួន​​​ផងដែរ ដើម្បីបង្ហាញ​ទៅ​កាន់​រដ្ឋាភិបាលនិង​ប្រ​ជា​ពលរដ្ឋ​ទូទៅ​ថានៅ​ពេល​មាន​ច្បាប់នេះ​ ប្រ​ជា​ពលរដ្ឋ​រស់​នៅ​ក្នុ​ង​ប្រទេ​ស​កម្ពុជា​ទាំង​អស់នឹង​​គ្មានសិទ្ធិ​​សេរី​ភាព​ ​ប្រៀប​បាន​ទៅ​នឹង​អ្នក​ទោស​ក្នុង​មន្ទីរ​ឃុំ​ឃាំង​។

លោក មួង សូនី មានប្រសាសន៍ថា៖ “ការពាក់អាវហ្នឹង គឺយើងចង់បញ្ជាក់ថាបើច្បាប់នឹងចេញមកហើយមានន័យថាប្រជាជនខ្មែរហ្នឹងគឺអត់ខុសពីអ្នកទោសអ្នកទោសដែលស្ថិតនៅ​លើដី១៨១ ០៣៥ វាខុសពីអ្នកដែលនៅព្រៃស គ្រាន់តែអ្នកនៅព្រៃសគេនៅចំនួន១០ហិកតា ហើយយើងនៅឯនេះវាចំនួន១៨១០៣៥មែន ប៉ុន្តែវាអត់សេរីភាព។ វាគ្រាន់តែយើងអាចដើរហើរបានអីជិះម៉ូតូបាន តែសិទ្ធិនយោបាយ សិទ្ធិបញ្ចេញមតិ សិទ្ធិនិយាយពីរឿងសិទ្ធិមនុស្ស នីតិរដ្ឋវាអត់មាន”

យុវជន​ម្នាក់​ដែល​គ្រោង​នឹង​ចូល​រួមតវ៉ា​និង​ស្លៀក​ពាក់​ឯកសណ្ឋាន​អ្នក​ទោស​ លោក ណេង ពៅ​ បាន​លើក​ឡើង​ថា​លោក​យល់​ថា​​ច្បាប់គ្រប់​គ្រង​​អង្គការនេះ​នឹង​រឹតត្បិ​ត​សេរីភាព​របស់​លោក​ក្នុង​ការនិយាយ​ស្តី។ លោក​​ប្រៀបធៀបករណីនេះ​​ដូច​អ្នក​ទោស​ដែល​ត្រូវ​បាន​គេ​បិទ​មាត់​ជិត។ លោក​មានប្រសាសន៍ថា៖ “យើងនឹងនាំគ្នាពាក់អាវអ្នកទោសហ្នឹងហើយនិងដាក់ច្រវ៉ាក់ ហើយដើម្បីធ្វើការសម្ដែងមតិចំពោះច្បាប់គ្រប់គ្រងអង្គការសង្គមស៊ីវិលហ្នឹង ដោយសារតែយើងមើលឃើញច្បាប់ដែលគ្រប់គ្រងអង្គការសង្គមស៊ីវិលហ្នឹងវាមើលទៅវាបិទសិទ្ធិសេរីភាពពេក វាអត់ខុសអីពីអ្នកទោសនៅហ្នឹង អញ្ចឹងយើងជាប្រជាពលរដ្ឋ ហើយយុវជនខ្ញុំគិតថានឹងធ្វើបែបហ្នឹង ដើម្បីសម្ដែងទៅឲ្យសធារណជនគាត់បានដឹងពីច្បាប់ហ្នឹង”

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព បានលើកឡើងថាច្បាប់គ្រប់គ្រងអង្គការនេះត្រូវបានតាក់តែងឡើងក្នុងលក្ខណៈចង្អៀតនិងមានការបំបិទសិទ្ធិសេរីភាពមូលដ្ឋានរបស់ប្រជាពល​រដ្ឋក្នុងការចងក្រងគ្នាជាសមាគម។ លោកស្រីបន្ដថាចំណុចមួយចំនួននៃច្បាប់នោះក៏បានបំពានលើករដ្ឋធម្មនុញ្ញកម្ពុជានិងកតិកាសញ្ញាអន្ដរជាតិស្ដីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយផងដែរ។ លោកស្រីបន្ថែមថាលោកស្រីស្នើឲ្យបញ្ឈប់ការអនុម័តច្បាប់នេះនិងបើកឲ្យមានការពិគ្រោះគ្នារវាងរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិល ព្រមទាំងប្រជា​ពលរដ្ឋទូទៅ។ 

លោកស្រី ចក់ សុភាព មានប្រសាសន៍ថា៖ “ស្នើឲ្យមានការពិគ្រោះយោបល់ឲ្យបានស៊ីជម្រៅ និង​មានអត្ថន័យជាមួយនឹងសង្គមស៊ីវិលដែលពាក់ព័ន្ធហ្នឹង ដើម្បីធានាថាបើសិនជាយើងចាំបាច់ត្រូវមានច្បាប់នេះហើយបំពេញទៅតាមនីតិរដ្ឋនៃប្រទេស គឺយើងគួរធ្វើការជាមួយគ្នាក្នុងការជជែក ហើយធ្វើយ៉ាងម៉េចឲ្យយើងទទួលបានច្បាប់មួយដែលគោរពទៅតាមបទដ្ឋានរដ្ឋធម្មនុញ្ញយើង ហើយនឹងគោលការណ៍សិទ្ធិមនុស្សអន្ដរជាតិ”

(រូប​ថត​ដោយ​ក្រុម​យុវជនមក​ពី​​សម្ព័ន្ធ​និស្សិត​បញ្ញា​វ័ន្ដ​ខ្មែរ)


គួររំឭកថា កាលពីថ្ងៃទី១៣ ខែកក្កដានេះ សេចក្តីព្រាងច្បាប់គ្រប់គ្រងអង្គការត្រូវបានរដ្ឋសភាអនុម័តដែលមា​ន​តែ​តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា៦៨រូប ដោយតំណាងរាស្រ្តគណបក្សប្រឆាំ​ងធ្វើពហិការមិនចូលរួមអនុម័តច្បាប់មួយនេះ។ ព្រឹទ្ធសភា​នឹង​បើ​ក​កិច្ចប្រជុំ​មួយ​នៅថ្ងៃ​សុក្រ​ស្អែក​នេះ​ ដើម្បី​ពិនិត្យ​និង​ឲ្យ​យោបល់​លើ​​សេចក្តី​ព្រាង​ច្បាប់នេះ។​

កន្លងទៅ អ្នក​រាយការណ៍ពិសេស​អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិសេរីភាពក្នុងការជួបប្រជុំដោយសន្តិវិធីនិងសេរីភាព​ក្នុងការបង្កើតសមាគម លោកMaina Kiai  បានអំពាវនាវឲ្យព្រឹទ្ធសភាបដិសេធចោលទាំងស្រុងនូវច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនេះ ដោយចាត់ទុកថាច្បាប់នេះមិនស្របតាម​គោលការណ៍សិទ្ធិមនុស្ស​លើសេរីភាពនៃការប្រមូលផ្តុំ។

សេចក្តីព្រាង​ច្បាប់​ចុងក្រោយ​ ដែលរដ្ឋាភិបាល​បាន​ដាក់​ទៅ​រដ្ឋសភា ​មាន៩ជំពូក និង​មាន​​៣៩​មាត្រា​។  មាត្រា​​២៤នៃ​សេចក្តីព្រាង​ច្បាប់នេះ​​បាន​ចែង​ថា«អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក អង្គការ​មិន​មែន​រដ្ឋា​ភិ​បាល​​បរទេស ឬ​សមាគម​បរទេស ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត​ចំពោះ​គ្រប់​គណបក្ស​នយោបាយ​នៅ​ព្រះរាជាណាចក្រកម្ពុជា»។​ មាត្រា​១០នៃ​សេចក្តីព្រាង​​ច្បាប់នេះចែង​ថា​ សមាគម និង​អង្គការ​មិន​មែន​​រដ្ឋាភិបាល ​ត្រូវ​ជូន​ដំណឹង​​ជា​លាយល​ក្ខណ៍អក្សរ​​អំពី​​ព័ត៌មាន​​រាល់​គណនី​ដែល​ត្រូវ ​បើក​សម្រាប់​កិច្ច​ប្រតិ​បត្តិ​ការ​របស់ខ្លួន​នៅ​ធនាគារ​ក្នុង​ ព្រះរាជាណាចក្រកម្ពុជា​។​ មាត្រា​២៥ចែង​ថា​សមាគម និង​អង្គការ​មិន​មែន​​រដ្ឋាភិបាល ត្រូវ​ផ្ញើ​បាយការណ៍​​​បូក​សរុប​សកម្មភាព​ការងារ និង​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ​ទៅ​ក្រសួងមហាផ្ទៃ​ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ។​ មាត្រា​២៥បន្ត​​ថា​ក្នុង​ករណី​ចំបាច់ ក្រសួងមហាផ្ទៃអាច​ស្នើ​សុំ​របាយការណ៍ស្តី​ពី​សកម្មភាព និងនយោបាយ​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​របស់​សមា​គម។ 

ករណីដែល​សមាគម និង​អង្គការ​មិន​មែន​​រដ្ឋាភិបាល មិន​អនុវត្ត​តាម​មាត្រា​១០ មាត្រា​២៤ និង​មាត្រា​២៥ ​ក្រសួងមហាផ្ទៃ​​ត្រូវ​ជូន​ដំណឹង​ជា​លាយលក្ខណ៍អក្ស​រ​ដោយទុក​រយៈ​ពេល​យ៉ាង​ យូរ​៣០ថ្ងៃ​ ថ្ងៃ​នៃ​ថ្ងៃ​ធ្វើ​ការ។ ករណី​មិន​អនុវត្ត​តាម​ក្រសួង​នឹង​ជូន​ដំណឹង​ជា​លាយ​លក្ខណ៍អក្ស​រ​ផ្អាក​សកម្មភាព​បណ្តោះ​អាសន្ន​ រយៈ​ពេល​យ៉ាង​យូ​រ​៩០ថ្ងៃ​។ ក្នុង​ករណី​នៅតែ​មិន​ព្រម​អនុវត្ត ក្រសួង​មហាផ្ទៃ​ត្រូវ​សម្រេច​ជា​លាយលក្ខណ៍អក្ស​រ​លុប​ឈ្មោះ​ចេញពី​បញ្ជី៕​

​សរសេរមក​កាន់​លោក​ យ៉ា រសាត់ តាមរយៈ rorsart@vodhotnews.com

What Next?

Recent Articles

2 Responses to "ក្រុម​យុវជន​​ស្លៀក​ពាក់​ឯកសណ្ឋាន​អ្នក​ទោស​ជាប់ច្រវ៉ាក់​​ប្រឆាំង​នឹង​ច្បាប់​អង្គការ​"

  1. ទស្សនវិទ្យា says:

    ច្បាប់ដែលរដ្ឋាភិបាលបង្កេីតនេះគឺមានប្រភពមកពីអាររន្ទះបាញ់យួននេះអែងដែលបព្ជាារឲ្យអាររដ្ឋាភិ

    បាលនេះបង្កេីតឡេីងដេីម្បីកៀបសង្កត់អ្នកប្រឆាំងនិងអ្នកស្នេហាជាតិកំុឲ្យមានការរេីបំរាស់ដូចដែលវា

    ធ្វេីដាក់បងប្អូននៅកម្ពុជាក្រេាមអព្ចាឹង។ដរាបណាអារកំពូជយួននៅមាននាេះវាមានបំនងចង់លេបទឹក

    ដីខ្មែររហូត។

  2. jack says:

    Just 100 people 1 2 stop NGOs law hahahaha…… No body stay in the society ouside law. If 1 2 to stay without law please go to live at forest with animals.