មតិ​ជុំវិញ​បញ្ហា​វៀតណាម​និង​ថៃ​ពុំ​បាន​សហការ​ក្នុង​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​០០៣-០០៤

ដោយ ឡេង ម៉ាលី
2015-07-23
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

សាលា​ក្ដី​ខ្មែរ​ក្រហម ៦២០
ទិដ្ឋភាព​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១២។ Photo courtesy of ECCC


រឿងរ៉ាវ​ឧក្រិដ្ឋកម្ម​របស់​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​នៅ​ក្នុង​សំណុំ​រឿង​លេខ​០០៣ និង ០០៤ ដែល​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​បញ្ជាក់​ថា ខ្វះ​កិច្ច​សហការ​ពី​រដ្ឋាភិបាល​ប្រទេស​វៀតណាម និង​ថៃ នោះ នាំ​ឲ្យ​មាន​មតិ​លើក​ឡើង​ជុំវិញ​បញ្ហា​នេះ។

តើ​មតិ​ទាំង​នេះ​មាន​ដូចម្ដេច​ខ្លះ?

ការិយាល័យ​សហ​ចៅក្រម​ស៊ើប​អង្កេត​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម ដែល​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​ច័ន្ទ ទី​២០ កក្កដា ហាក់​បង្ហាញ​ភាព​ខក​ចិត្ត​ចំពោះ​រដ្ឋាភិបាល​ថៃ និង​វៀតណាម ពេល​មិន​ទាន់​បាន​ទទួល​កិច្ច​សហការ​ក្នុង​ការ​ស៊ើប​អង្កេត​សំណុំ​រឿង ០០៣ និង ០០៤។

សេចក្ដី​ថ្លែងការណ៍​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​បង្ហាញ​ថា រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ទាំង​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម និង​ព្រះរាជាណាចក្រ​ថៃ ពុំ​បាន​សហការ​ទេ បន្ទាប់​ពី​ការិយាល័យ​សហ​ចៅក្រម​ស៊ើប​អង្កេត​ដាក់​លិខិត​កាល​ពី​ឆ្នាំ​២០១៣ ដើម្បី​ស្វែងរក​ឯកសារ​ពាក់ព័ន្ធ និង​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​ទាំង​ពីរ ឲ្យ​អ្នក​ស៊ើប​អង្កេត​ពី​ការិយាល័យ​សហ​ចៅក្រម​ស៊ើប​អង្កេត មាន​លទ្ធភាព​ចូល​ពិនិត្យ​ប័ណ្ណសារ ដូច​បាន​កំណត់​យ៉ាង​ជាក់លាក់​ដែល​អាច​មាន​ឯកសារ​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង ០០៣ និង ០០៤។

ទាក់ទង​នឹង​បញ្ហា​មិន​ទទួល​បាន​កិច្ច​សហការ​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​មួយ​ចំនួន​បញ្ចេញ​មតិ​ខុសៗ​គ្នា។

អតីត​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​មួយ​រូប​នៅ​ប្រទេស​បារាំង លោក ប្រាក់ ផាន ថ្លែង​ថា លោក​គាំទ្រ​ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម ដែល​កំពុង​ស្វែងរក​កិច្ច​សហការ​ពី​ប្រទេស​វៀតណាម ជាពិសេស​អំពី​ទំនាក់ទំនង​ជាមួយ​ពួក​ខ្មែរ​ក្រហម៖ «សូម​បង្វែរ​អារម្មណ៍​មក​ស៊ើប​អង្កេត​អា​រឿង​ទំនាក់ទំនង​ហ្នឹង​វិញ​ទៅ។ ទំនាក់ទំនង​យួន ជាមួយ​ក្រុម ប៉ុល ពត និយម ហើយ​សួរ​ថា​ចូលរួម​ឬ​ទេ? ហើយ​ទី​ពីរ​សួរ​ថា យួន ណា​មក​ផ្ដួល​រំលំ​របប ប៉ុល ពត យួន ណា​ដែល​បញ្ចុះបញ្ចូល ចិញ្ចឹម ប៉ុល ពត គាំទ្រ ប៉ុល ពត? ខ្ញុំ​ចង់​បញ្ជាក់​ធ្ងន់​ថា អា ពត ធ្វើ​ការ​នៅ​ស្រុក​ខ្មែរ រត់​ចេញ​ពី​ស្រុក​ខ្មែរ​ទៅ​នៅ​ព្រំ​ប្រទល់​ជាមួយ​យួន។ល។ និង ។ល។ រហូត​មក​ដល់​ឆ្នាំ​១៩៧៦ ដែល ប៉ុល ពត ចេញ​មុខ​ទូទាំង​ប្រទេស​នៅ​ក្នុង​ប្រទេស​ខ្មែរ រូបមន្ត​របប​ប្រល័យ​ពូជ​សាសន៍​ហ្នឹង»

ដោយឡែក​អនុប្រធាន​ផ្នែក​ប្រវត្តិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ភ្នំពេញ សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា និង​ជា​គ្រូ​បង្គោល​ថ្នាក់​ជាតិ​ផ្នែក​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា គឺ​លោក​សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា មាន​ប្រសាសន៍​ថា សំណើ​សុំ​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម មិន​មាន​ទម្ងន់​គ្រប់គ្រាន់​ទេ ពីព្រោះ​សាលា​ក្ដី​នេះ​មិន​មែន​ជា​សាលា​ក្ដី​របស់​អង្គការ​សហប្រជាជាតិ ផ្ដាច់​មុខ។

លោក​សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ថ្លែង​ថា ទំនាក់ទំនង​រវាង​បក្ស​កុម្មុយនិស្ត​កម្ពុជា និង​វៀតណាម ដែល​ធ្លាប់​មាន ជា​ទំនាក់ទំនង​មុន​របប​ខ្មែរ​ក្រហម គឺ​នៅ​សម័យ​ប្រឆាំង​នឹង​អាណានិគម​និយម។ លោក​សាស្ត្រាចារ្យ​បន្ត​ថា មិន​មាន​ឯកសារ​ពាក់ព័ន្ធ​របស់​វៀតណាម ទៅ​នឹង​ឧក្រិដ្ឋកម្ម​កាប់​សម្លាប់​ក្នុង​របប​ខ្មែរ​ក្រហម​ទេ៖ «គេ​អាច​ប្រកែក​ជាមួយ​យើង គេ​មិន​ចូលរួម​ជាមួយ​យើង​ត្រង់​ថា រឿង​ទំនាក់ទំនង​នៃ​ការ​សហការ​គ្នា​រវាង​គណបក្ស​កុម្មុយនិស្ត​ទាំង ៣​ប្រទេស បក្ស​ពលករ​ខ្មែរ បក្ស​វៀតណាម ឬ​បក្ស​ឡាវ អី​អ៊ីចឹង​ទៅ វា​ជា​រឿង​មួយ​នៅ​ក្នុង​សម័យ​ប្រឆាំង​នឹង​អាណានិគម​ទេ​តើ! មិន​មែន​ជា​រឿង​មួយ​ទាក់ទង​នឹង​ការ​កាត់​ទោស​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​នៅ​កម្ពុជា ទេ។ ត្រង់​ហ្នឹង​ការ​សហការ​របស់​គេ អាច​ដក​ខ្លួន​ចេញ​បាន ហើយ​បើ​យើង​និយាយ​ពី​ឯកសារ តើ​មាន​ឯកសារ​ឆ្នាំ​១៩៧៥ ណា ដែល​បង្ហាញ​ថា វៀតណាម ហ្នឹង ចូល​មក​ជួយ​ក្នុង​ការ​អន្តរាគមន៍​សម្លាប់​ខ្មែរ ឬ​ក៏​ស្អី គឺ​យើង​អត់​មាន​ផង​ហ្នឹង»

លិខិត​ដែល​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម បាន​បញ្ជូន​ទៅ​រដ្ឋាភិបាល​ប្រទេស​ថៃ និង​វៀតណាម កាល​ពី​ឆ្នាំ​២០១៣ គឺ​ស្នើសុំ​ផ្ដល់​ឯកសារ​ទាក់ទង​នឹង​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ច្បាប់​ព្រហ្មទណ្ឌ​កម្ពុជា ការ​រំលោភ​ទៅ​លើ​ច្បាប់​មនុស្សធម៌​អន្តរជាតិ និង​ទម្លាប់​អន្តរជាតិ ព្រម​ទាំង​ការ​រំលោភ​លើ​អនុសញ្ញា​អន្តរជាតិ​នានា​ដែល​ប្រទេស​កម្ពុជា ទទួល​ស្គាល់។ ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទាំង​នេះ ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​ក្នុង​អំឡុង​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​១៩៧៩។

រហូត​មក​ដល់​ពេល​នេះ ប្រទេស​ទាំង​ពីរ​ខកខាន​ពុំ​ទាន់​បាន​ផ្ដល់​ឯកសារ​ពាក់ព័ន្ធ ឬ​ការ​ស៊ើបសួរ​ណា​មួយ ដែល​អាច​ជួយ​ដល់​ការ​ស៊ើប​អង្កេត​ក្នុង​សំណុំ​រឿង ០០៣ និង ០០៤ ឡើយ។ រដ្ឋាភិបាល​ប្រទេស​ថៃ និង​វៀតណាម ក៏​ពុំ​បាន​អនុញ្ញាត​ឲ្យ​អ្នក​ស៊ើប​អង្កេត​ពី​ការិយាល័យ​សហ​ចៅក្រម​ស៊ើប​អង្កេត​​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម មាន​លទ្ធភាព​ចូល​ពិនិត្យ​ប័ណ្ណសារ ឬ​កន្លែង​តម្កល់​ឯកសារ​ដូច​បាន​កំណត់​យ៉ាង​ជាក់លាក់ ដែល​ថា អាច​មាន​ឯកសារ​ពាក់ព័ន្ធ​នឹង​បទ​ចោទ​នោះ​ដែរ។

អនុប្រធាន​ក្រុម​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ការ​ដែល​រដ្ឋាភិបាល​ប្រទេស​ថៃ និង​វៀតណាម មិន​សហការ​ជាមួយ​សាលា​ក្ដី​ខ្មែរ​ក្រហម​តាម​ការ​ស្នើសុំ​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ មិន​មាន​អ្វី​ខុស​ទេ៖ «ទី​មួយ យើង​ដឹង​ហើយ​ថា ថៃ និង​វៀតណាម គេ​អត់​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ យូ.អិន (UN) ដើម្បី​បង្កើត​តុលាការ​កូន​កាត់​នេះ​ទេ។ តុលាការ​កូន​កាត់​នេះ គឺ​ជា​តុលាការ​មួយ​ដែល​ចេញ​មក​អំពី​ភាគី​កម្ពុជា និង យូ.អិន ហើយ​ក្នុង​នេះ ភាគី​ថៃ និង​វៀតណាម គេ​អត់​បាន​ចូលរួម​សហការ​ជាមួយ​គ្នា គឺ​ជា​ការ​ត្រឹមត្រូវ យើង​អត់​អាច​បន្ទោស​គេ​បាន​ទេ ពីព្រោះ​អត់​បាន​ធ្វើ​កិច្ច​ព្រមព្រៀង​ជាមួយ​ភាគី​នៃ​ប្រទេស​ជិត​ខាង ឬ​ប្រទេស​ដែល​ពាក់ព័ន្ធ»

លោក​បន្ត​ថា មូលហេតុ​គ្មាន​កិច្ច​ព្រមព្រៀង​នេះ នឹង​មិន​ប៉ះពាល់​ដល់​ការ​ទាក់ទង​រវាង​ប្រទេស​ទាំង​ពីរ និង​កម្ពុជា ឡើយ ប៉ុន្តែ​ទោះ​ជា​ដូច្នេះ​ក្ដី លោក​ថា ជា​ការ​ប្រសើរ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌ គឺ​ត្រូវ​មាន​កិច្ច​សហការ​ពី​ប្រទេស​ជិត​ខាង​ទាំង​ពីរ ពីព្រោះ​ប្រទេស​ទាំង​នេះ​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​ពួក​ខ្មែរ​ក្រហម​រហូត​មក​ដល់​ដំណាក់​កាល​ចុង​ក្រោយ៖ «វា​លំបាក​ថា តើ​យុត្តិធម៌​ហ្នឹង​គ្រប់​ជ្រុងជ្រោយ ឬ​ក៏​អត់? ពីព្រោះ​យើង​ដឹង​ហើយ​ថា ខ្មែរ​ក្រហម​បាន​យក​ទឹក​ដី​របស់​ថៃ ធ្វើ​ជា​ជម្រក​សម្រាប់​ការពារ​របប​កម្ពុជា​ប្រជាធិបតេយ្យ តាំង​ពី​ឆ្នាំ​១៩៧៩ រហូត​ដល់​រចនា​សម្ព័ន្ធ​របស់​ខ្មែរ​ក្រហម​ចប់។ អ៊ីចឹង​ថៃ ក៏​មាន​ឯកសារ​ច្រើន​នៅ​ក្នុង​រឿង​ខ្មែរ​ក្រហម​នេះ​ដែរ ហើយ​យើង​ឃើញ​ហើយ​ថា ខ្មែរ​ក្រហម​រស់​ដោយសារ​លក់​ត្បូង​លក់​ឈើ​នៅ​ប៉ៃលិន ហ្នឹង​អស់។ លក់​ទៅ​ណា? លក់​ឲ្យ​ថៃ ហើយ​វៀតណាម ក៏​ចូលរួម​ក្នុង​ហ្នឹង​ដែរ អ្នក​ណា​ដែល​ផ្ដួល​រំលំ​កម្ពុជា​ប្រជាធិបតេយ្យ គឺ​វៀតណាម នៅ​ឆ្នាំ​១៩៧៩។ អ៊ីចឹង​ខ្ញុំ​ជឿ​ថា ដើម្បី​ឲ្យ​មាន​គ្រប់​ជ្រុងជ្រោយ គឺ​ទាមទារ​ការ​សហការ​ពី​ប្រទេស​ជិត​ខាង​ហ្នឹង»

ស្រប​ពេល​ដែល​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​កិច្ច​សហការ សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​ជំរុញ​ឲ្យ​ប្រទេស​វៀតណាម និង​ថៃ អនុវត្ត​ឲ្យ​បាន​ពេញលេញ​តាម​សំណើ​សុំ​ការ​ជួយ​ជ្រោមជ្រែង​ចាំបាច់​ទាំង​នេះ។

ទាក់ទង​នឹង​កិច្ច​ប្រឹងប្រែង​រក​ឯកសារ​ពាក់ព័ន្ធ​ក្នុង​រឿង​ក្ដី​នេះ​ដែរ មេធាវី​ការពារ​ក្ដី​ឲ្យ​ជន​ជាប់​សង្ស័យ​ក្នុង​សំណុំ​រឿង​លេខ ០០៣ លោក​មេធាវី អាង ឧត្ដម នៅ​ស្ទាក់ស្ទើរ​ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ​លើ​សំណើ​សុំ​សហការ​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​ទេ ព្រោះ​ឯកសារ​ពាក់ព័ន្ធ​ទាំង​នោះ​អាច​ជា​ភស្តុតាង​ដាក់​បន្ទុក និង​ដោះ​បន្ទុក​លើ​កូន​ក្ដី។ លោក​ក៏​មិន​អាច​វាយ​តម្លៃ​ចំពោះ​សំណើ​សុំ​នោះ​បាន​ដែរ ព្រោះ​លោក​មិន​ដឹង​ពី​ចំណុច​ខ្លឹមសារ​សុំ​សហការ​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​ទៅ​ប្រទេស​ទាំង​នោះ។ លោក​មេធាវី អាង ឧត្ដម យល់​ថា ការ​មិន​ទាន់​ឆ្លើយ​តប ឬ​នៅ​រក្សា​ភាព​ស្ងៀមស្ងាត់​របស់​រដ្ឋាភិបាល​ប្រទេស​ថៃ និង​វៀតណាម ជួន​កាល​អាច​មក​ពី​ការ​ប៉ះពាល់​ផល​ប្រយោជន៍​ភាព​សម្ងាត់​នៃ​ប្រទេស​ទាំង​ពីរ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

2 Responses to "មតិ​ជុំវិញ​បញ្ហា​វៀតណាម​និង​ថៃ​ពុំ​បាន​សហការ​ក្នុង​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​០០៣-០០៤"

  1. ?? says:

    it come to clue that international judicatory have to fine out those involvement from the neighboring country about genocidal of Cambodian. as our nation knew the political interference from the VEIT nation. for many decade they used their secret agency and our own Cambodian to do a lot of harm to our small nation. now they refusing not to involve whit this cases. it ‘s very difficult to fine out because at first they did it in secret and then they acting to be GOD saving this nation. now they are trying to take over if they can’t take it all they will take some. this problem will continuous if our nation not going along side whit international community. I do not think HUN SEN leadership want to do it nationally because this party are involve whit this crime. ………. peace to all Cambodian who love their nation

  2. people says:

    100% right’mr ?? ‘ in pol-pot time bloody thai send khmer refugee 3000 back to cambodia just across the border earn sary order to killed the whole lot only a few survive ‘earn sary is the hand men of tou sa mout the ho chi minh ‘right hand men ,he come to make communist in cambodia to serve secretly work for there boss (ho chi minh)the fire start from the ho chi minh so this veit-nation must responsibility of 3 million khmre killed and also china too must responsibility.U-N nearly come to rescue cambodian people but veitcong knew they will lose and reveal who the killer so veitcong try to invade cambodia before U-N come so this veit-nation interfere U-N resolution that why U-N not gave bloody puppet government to sit in U-N .K-R court in phnom-pench is a joke ‘no justice at all unless veitname&thailand&china come to this court otherwise all bullshit ‘what a king dumb’.GOD bless all cambodian people’