ដោយ៖ ណាត សុភាព | ថ្ងៃព្រហស្បតិ៍ ទី23 កក្កដា 2015
http://vodhotnews.com
>
សាលាក្តីខ្មែរក្រហមប្រកាសថាស្ថាប័ននេះកំពុងជួបបញ្ហាខ្វះរាប់លានដុល្លារសម្រាប់បើកឲ្យបុគ្គលិកចំនួន៦ខែក្នុងឆ្នាំ២០១៥នេះ ខណៈសំណុំរឿង០០២វគ្គ២នឹងបើកសវនាការនៅថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០១៥ខាងមុខ។
ក្នុងសន្និសីទនៅថ្ងៃនេះ អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្រ្តា ថ្លែងថាកញ្ចប់ថវិកាសម្រាប់បុគ្គលិករបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានអស់ត្រឹមពាក់កណ្តាលឆ្នាំ២០១៥នេះ។ លោកថាដើម្បីឲ្យ(អ.វ.ត.ក) ដំណើរការទៅមុខបានចំនួន៦ខែទៀត សាលាក្តីកូនកាត់នេះត្រូវការជំនួយបន្ថែមពីសហគមន៍អន្តរជាតិចំនួន២លាន៥សែនដុល្លារបន្ថែម។
ទោះយ៉ាងណា លោក នេត្រ ភក្រ្តា អះអាងថាសហភាពអឺរ៉ុបបានសន្យាផ្តល់ជំនួយដល់សាលាក្តីខ្មែរក្រហម២លាន៥សែនដុល្លារ សម្រាប់បើកប្រាក់ខែឲ្យបុគ្គលិកចំនួន៦ខែក្នុងឆ្នាំ២០១៥ខាងមុខនេះ។
ប្រធានកម្មវិធីសាលាក្តីខ្មែរក្រហមនៃសមាគមអាដហុកលោក ឡាត់ គី យល់ថាបញ្ហាវិបត្តិថវិកានេះ ដោយសារតែសាលាក្តីកូននេះធ្វើការដោយមិនទាន់បានផ្តល់យុត្តិធម៌ពិតប្រាកដដែលម្ចាស់ជំនួយអាចជឿទុកចិត្តបាន។
កាលពីខែមេសាឆ្នាំ២០១៥ សាលាក្តីខ្មែរក្រហមធ្លាប់ចេញសេចក្តីប្រកាសព័ត៌មានថាខ្លួនត្រូវការថវិកា សរុបមានចំនួន៣៣,៨លានដុល្លារសហរដ្ឋអាមេរិកដែលក្នុងនោះ២៧,១លានដុល្លារសម្រាប់ភាគីអន្តរជាតិ និង៦,៧លានដុល្លារសម្រាប់ភាគីជាតិ៕
សរសេរមកកាន់លោក ណាត សុភាព តាមរយៈsopheap@vodhotnews.com

បឹទទៅ!!
បិទទៅ និងទុកលុយធ្វើសាលារៀន និងមណ្ឌលសុខភាពវិញ! នរណាៗក៏ដឹងដែរពីបទប្រល័យពូជសាសន៍នេះ!