Fri, 7 August 2015
ភ្នំពេញប៉ុស្តិ៍
មតិមួយចំនួនតែងលើកឡើងថានយោបាយគឺជារឿងល្អព្រោះវាអាចជួយបង្កើតនូវគោលនយោបាយសម្រាប់បម្រើផលប្រយោជន៍ដល់មនុស្សជាច្រើននៅក្នុងសង្គម។ ប៉ុន្តែអ្នកមួយចំនួនទៀតពុំមានជំនឿលើតួនាទីសំខាន់នេះទេព្រោះពួកគេគិតថានយោបាយគ្មានអ្វីជាដុំកំភួនទេហើយមិនអាចផ្តល់ផលប្រយោជន៍ខាងសេដ្ឋកិច្ចសង្គមកិច្ចតាមទ្រឹស្តីឡើយ។
ភាពគ្មានទំនុកចិត្តនេះបានក្លាយទៅជាការពិតមួយដែលពិបាកទទួលយកណាស់ក្នុងប្រទេសជាច្រើនរួមទាំងប្រទេសដែលតែងល្បីថាមានលទ្ធិប្រជាធិបតេយ្យដ៏គួរឲ្យគោរពក៏ដោយ។
ជាក់ស្តែងអ្នកអត្ថាធិប្បាយអាមេរិកាំងជាច្រើនបានបង្ហាញភាពសោកស្តាយអំពីអ្វីដែលគេហៅថា «ការពុកផុយនយោបាយ» ដែលបានបំផ្លាញវ៉ាស៊ីនតោននាពេលកន្លងទៅ។ ជាអកុសលបទពិសោធដ៏គួរឲ្យសោកស្តាយនេះកើតឡើងជាបន្តបន្ទាប់ក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនជាក់ស្តែងគឺប្រទេសកម្ពុជា។
ប្រជាពលរដ្ឋពុំមានបទពិសោធទទួលបាននយោបាយដែលមានលក្ខណៈប្រសើរ និងស្មោះត្រង់អស់រយៈពេលយូរមកហើយ។ ព្រឹតិ្តការណ៍ជាច្រើននៅក្នុងការចងចាំរបស់យើងថ្មីៗនេះគឺជាភ័ស្តុតាងបង្ហាញពីការសងសឹក ការមិនទុកចិត្តគ្នាដែលពេលខ្លះឈានទៅដល់អំពើស្អប់ខ្ពើមគ្នាតាមរយៈការប្រើប្រាស់ពាក្យសម្តីគ្មានក្រមសីលធម៌ប្រឆាំងនឹងក្រុមជនភាគតិចជាដើម។
ត្រឡប់ទៅដល់និយមន័យនៃការពុកផុយនយោបាយវិញគឺសំដៅទៅដល់អសមត្ថភាពរបស់ស្ថាប័ននយោបាយក្នុងការឆ្លើយតបទៅនឹងតម្រូវការថ្មីៗក្នុងសង្គម។ និយាយម្យ៉ាងទៀតការពុកផុយនយោបាយកើតឡើងនៅពេលដែលរដ្ឋលែងមានសមត្ថភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការនានារបស់សង្គមតែបែរជាព្យាយាមបន្តស្ថានភាពបច្ចុប្បន្នដែលពុំឆ្លើយតបទៅនឹងតម្រូវការថ្មីនេះ។ នេះបើយោងទៅតាមទ្រឹស្តីក្នុងសៀវភៅ Political Order In Changing Societies របស់វិទ្យាសាស្ត្រវិទូផ្នែកនយោបាយលោក Samuel Huntington ដែលបានបង្ហាញថាបាតុភូតនេះតែងកើតឡើងក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនពេលដែលស្ថាប័នរដ្ឋទាំងនោះពុំមានលទ្ធភាពឆ្លើយតបទៅនឹងរលកនៃទំនើបភាវូបនីយកម្ម។
បើយើងអនុវត្តទ្រឹស្តីរបស់ Huntington ទៅលើស្ថានការណ៍នយោបាយនៅកម្ពុជាយើងឃើញលទ្ធផលគួរឲ្យសោកស្តាយគឺរដ្ឋបាលសាធារណៈនៅកម្ពុជានាពេលបច្ចុប្បន្នជារឿយៗតែងពុំមានប្រសិទ្ធភាពទេពុំអាចបំពេញការងាររបស់ខ្លួនហើយត្រូវរង់ចាំទទួលការចង្អុលបង្ហាញស្ទើររាល់ថ្ងៃពីថ្នាក់លើ។
ឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ផ្សេងទៀតដែលឆ្លុះបញ្ចាំងពីការពុកផុយនយោបាយកម្ពុជាគឺការអនុម័តច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនាពេលថ្មីៗនេះ។ ការស្រាវជ្រាវបានបង្ហាញថាសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តួចផ្តើម និងបង្រៀនប្រជាពលរដ្ឋក្រីក្រឲ្យចេះចូលរួមចំណែក និងគាំទ្រនូវលទ្ធិប្រជាធិបតេយ្យសេរីតែរដ្ឋបែរជាសម្រេចយកគោលនយោបាយដើរថយក្រោយដោយអនុម័តនូវច្បាប់រឹតបន្តឹងដែលអាចធ្វើឲ្យមានការរាំងស្ទះដល់ដំណើរការប្រជាធិបតេយ្យទៅវិញ។
តាមរយៈទង្វើនេះហើយទើបមានអ្នកអត្ថាធិប្បាយជាច្រើនបានធ្វើការកត់សម្គាល់ថារដ្ឋពុំអាចឆ្លើយតបទៅនឹងល្បឿនឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យសេរីនៅក្នុងផ្នត់គំនិតរបស់ប្រជាពលរដ្ឋក្រីក្រ។ ដូច្នេះ ហើយជាជាងការពង្រឹងតួនាទីក្នុងការជំរុញលទ្ធិប្រជាធិបតេយ្យរដ្ឋបែរជាដើរថយក្រោយដោយងាកទៅរកការគ្រប់គ្រងមួយមានលក្ខណៈស្រដៀងនឹងការគ្រប់គ្រងបែបប្រើកម្លាំងដែលបារាំងហៅថា étatpolicier ដែលប្រទេសយើងបានលះបង់ចោលតាំងពីយូរមកហើយ។ អ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលទៀតនោះគឺនៅត្រង់ថា «ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងសង្គមស៊ីវិល» ត្រូវបានចារឹកទុកក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី ៥ នៃរដ្ឋសភា។ ហេតុអ្វីបានជាមិនគោរពតាមពាក្យសន្យានេះ?
នៅក្នុងអត្ថបទក្រោមចំណងជើងថា «The Sources of Political Dysfunction» បោះពុម្ពក្នុងទស្សនាវដ្ដី Foreign Affairs វិទ្យាសាស្ត្រវិទូផ្នែកនយោបាយលោក Francis Fukuyama បានធ្វើការពន្យល់ថាមានមូលហេតុពីរសំខាន់ៗដែលធ្វើឲ្យការពុកផុយនយោបាយកើតឡើង។ មូលហេតុទីមួយគឺទាក់ទងនឹងបញ្ញាញាណរបស់មនុស្សពោលគឺ «មនុស្សតែងមានអារម្មណ៍ជាក់លាក់មួយអំពីពិភពលោកជុំវិញខ្លួនហើយតែងតែជឿទៅលើអារម្មណ៍នោះថា ត្រឹមត្រូវទោះជាមានភ័ស្តុតាងផ្ទុយក៏ដោយ»។
មូលហេតុទីពីរ គឺដោយសារក្រុមទទួលផលប្រយោជន៍មានន័យថា «ស្ថាប័នបង្កើតក្រុមផ្ទៃក្នុងដែលបានផលចំណេញពីស្ថានការណ៍បច្ចុប្បន្នហើយប្រឆាំងទៅនឹងសម្ពាធពីការធ្វើកំណែទម្រង់»។ បែបបទពីរនេះហាក់បីដូចជាស៊ាំទៅហើយសម្រាប់នយោបាយកម្ពុជា។
តើយើងអាចដោះស្រាយការពុកផុយនយោបាយនេះយ៉ាងដូចម្តេច?នេះជាកិច្ចការមួយដែលមិនងាយស្រួលទេតែក៏មិនមែនធ្វើមិនបានដែរ។ ដំបូងត្រូវធ្វើការសិក្សាអប់រំខ្លួនឯងដើម្បីបង្កើនទំនុកចិត្តទៅលើភ័ស្តុតាងដែលមានលក្ខណៈវិទ្យាសាស្ត្រ។ ប្រសិនបើពលរដ្ឋខ្មែរទាមទារលទ្ធិប្រជាធិបតេយ្យសេរីអ្នកដឹកនាំដែលមានភាពចាស់ទុំ និងប្រយ័ត្នប្រយែងគួរសម្របខ្លួនទៅតាមទំនោរនេះប្រសិនបើពួកគេចង់រក្សាតម្លៃផ្នែកនយោបាយរបស់ខ្លួន។ បន្ទាប់មកត្រូវមានយន្តការមួយដើម្បីបំបែកត្រីដែលរលួយពីត្រីដែលល្អដើម្បីត្រួសត្រាយផ្លូវសម្រាប់កំណែទម្រង់មួយដែលមានភាពរុងរឿង។
ប្រសិនបើលក្ខខណ្ឌទាំងពីរខាងលើ (ការជឿលើភ័ស្តុតាងវិទ្យាសាស្ត្រ និងការសម្រេចចិត្តឲ្យមុតមាំក្នុងកំណែទម្រង់) មិនត្រូវបានបំពេញទេនោះអ្នកដែលមិនព្រមទទួលស្គាល់ការពិតនៃការពុកផុយនយោបាយ និងតម្រូវការក្នុងការស្វែងរកដំណោះស្រាយនឹងដឹងថាខ្លួនកំពុងស្ថិតនៅផ្នែកខាងខុសនៃទំនោរប្រវត្តិសាស្ត្រហើយប្រហែលជាពិបាករកផ្លូវដ៏សមគួរណាមួយដើម្បីត្រឡប់មកផ្នែកខាងត្រូវវិញណាស់៕
ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា

Political will should be an inbuilt NATIONALISM.
Political tendency /strategies ought to be relevant to political circumstances but maintain national interests. When this maturity reached, Cambodian politicians will no longer paint the colour to one another. And distinguish between public interest and own interests by mean of power, will then help avoid conflict of interest.
Till such time,Cambodians can live more peacefully and with safely.
Samneang