ដោយ ម៉ែន សុធីរ
2015-08-07
RFA

ប្រជាពលរដ្ឋនៅឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ឡើងទៅស្តាប់ការសាកសួរតំណាងពួកគាត់តាមដីកាកោះហៅរបស់តុលាការខេត្តក្រចេះ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤។ Photo Provided
ប៉ូលិសមួយរូបនៅវរៈព្រំដែនលេខ៦១៩ ខេត្តក្រចេះ និងជាសន្តិសុខយាមឲ្យក្រុមហ៊ុនវៀតណាម រងការចោទថា គំរាម និងប្រើអំពើហិង្សាលើពលរដ្ឋ។ ការចោទប្រកាន់នេះ ធ្វើឡើងស្របពេលដែលមន្ត្រីប៉ូលិសរូបនោះ ព្យាយាមរារាំង និងបិទផ្លូវមិនឲ្យពលរដ្ឋចំនួន ១៨គ្រួសារដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន អាចធ្វើដំណើរឆ្លងកាត់បាន ព្រមទាំងគំរាមដោយអាវុធ និងប្រើអំពើហិង្សាដោយចេតនា។ មន្ត្រីសិទ្ធិមនុស្ស អំពាវនាវឲ្យសមត្ថកិច្ចជំនាញស៊ើបអង្កេតករណីនេះ។
ពលរដ្ឋចំនួន ១៨គ្រួសារ រស់នៅភូមិគ្រញូងសែនជ័យខាងជើង ឃុំឃ្សឹម ស្រុកស្នួល នៅថ្ងៃទី៧ សីហា អំពាវនាវឲ្យអាជ្ញាធរជំនាញអនុវត្តច្បាប់លើមន្ត្រីនគរបាលវរៈព្រំដែនលេខ៦១៩ និងជាសន្តិសុខយាមឲ្យក្រុមហ៊ុនវៀតណាម ទាក់ទិនការប្រើអំពើហិង្សាលើអ្នកភូមិម្នាក់ កាលពីថ្ងៃទី២ សីហា។ អ្នកភូមិចាត់ទុកការប្រើអំពើហិង្សានោះ ថាជាចេតនាគុំកួនក្នុងបញ្ហាទំនាស់ដីធ្លីរវាងពលរដ្ឋជាមួយក្រុមហ៊ុន សាយដុង កៅស៊ូ ឌុកដុង (Say dong Kawsaou Douk Dong) របស់វៀតណាម។
អ្នកភូមិម្នាក់ លោក វណ្ណ ចាន់ណេង ចោទប្រកាន់ថា ប៉ូលិសវរៈព្រំដែនលេខ៦១៩ និងជាសន្តិសុខក្រុមហ៊ុនវៀតណាម ឈ្មោះ កែវ សិរីវុទ្ធ បានរារាំងអ្នកភូមិចំនួន ៣នាក់ ដែលធ្វើដំណើរដោយម៉ូតូ មិនឲ្យឆ្លងកាត់ទីតាំងត្រួតពិនិត្យ ឬបារាសរបស់ក្រុមហ៊ុន ដែលដាក់នៅលើផ្លូវចាំបាច់របស់អ្នកភូមិត្រូវធ្វើដំណើរឆ្លងកាត់ កាលពីរសៀលថ្ងៃទី២ សីហា និងប្រើអាវុធគំរាមដោយចេតនា ព្រមទាំងប្រើអំពើហិង្សាលើរូបលោកទៀតផង។ លោកបន្តថា បន្ទាប់ពីកើតហេតុភ្លាម ក្រុមពលរដ្ឋបានដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍ស្នាក់ការនគរបាលគ្រញូងសែនជ័យ តែរហូតមកដល់ថ្ងៃទី៧ សីហា នៅមិនទាន់ដោះស្រាយនៅឡើយទេ៖ «ដល់ពេលជនដែលធាក់ម៉ូតូខ្ញុំដួលហ្នឹងបង មកដល់អត់មាននិយាយផង គ្រាន់វ៉ៃចន្ទល់ម៉ូតូក្តាប់សោម៉ូតូ វ៉ៃត្រូវភ្នែកខ្ញុំពីរបីដៃ កុំបានប្រជាពលរដ្ឋនៅកន្លែងហ្នឹងជួយ កុំអីខ្ញុំត្រូវងាប់ ហើយពេលវ៉ៃហើយទាញកាំភ្លើងពីគ្នាគាត់ដែលមកជួយឃាត់ ទាញកាំភ្លើងប្រមាណរកបាញ់រូបខ្ញុំសម្លាប់ ហើយពលរដ្ឋទាំងអស់គ្នា ប៉ុន្តែទាញមិនបាន»។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី៧ សីហា មិនអាចទាក់ទងសុំការអធិប្បាយពី លោក កែវ សិរីវិទ្ធ ដើម្បីសុំបំភ្លឺពីការចោទប្រកាន់នេះបានទេ។
ចំណែកតំណាងក្រុមហ៊ុនវៀតណាម សាយដុង កៅស៊ូ ឌុកដុង លោក ឆេន បដិសេធថា ការលើកឡើងរបស់អ្នកភូមិ គឺជារឿងមិនពិត។ លោកថា មានតែពលរដ្ឋទាំងនោះទៅវិញទេ ដែលស្រវឹងស្រា និងជិះម៉ូតូដួលដោយខ្លួនឯង។ ជាងនេះទៅទៀត ក្រុមហ៊ុនពុំបានរារាំងអ្នកភូមិមិនឲ្យឆ្លងកាត់ឡើយ គឺគ្រាន់តែសាកសួរពលរដ្ឋ ពេលពួកគាត់ឆ្លងកាត់តាមបារាសក្រុមហ៊ុន៖ «តាមប្រជាពលរដ្ឋគាត់នាំគ្នាមកច្រើន មករករឿងវ៉ៃគាត់ សន្តិសុខខ្ញុំមានស្លាកស្នាមនៅមុខទៀត ហើយឥឡូវខាងប្រជាពលរដ្ឋក៏ប្ដឹង ខាងប៉ូលិសខ្ញុំក៏ប្ដឹង មិនដឹងខាងណាត្រូវ ខាងណាត្រូវ»។
ទាក់ទិនករណីនេះ មេប៉ុស្តិ៍ស្នាក់ការរដ្ឋបាលគ្រញូងសែនជ័យ ហៅ កាបី លោក កែវ រាត់ ឲ្យដឹងនៅថ្ងៃទី៧ សីហា ថា លោកបានបញ្ជូនពាក្យបណ្ដឹងរបស់ពលរដ្ឋទៅមន្ត្រីជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្នួល រួចរាល់ហើយ។ ចំណែកការអនុវត្តច្បាប់យ៉ាងណានោះ ជាភារកិច្ចរបស់អធិការដ្ឋានស្រុក៖ «ខ្ញុំបាននិយាយប្រាប់គាត់ហើយ ខ្ញុំបានបញ្ជូនទៅខាងជំនាញ»។
មន្ត្រីស៊ើបអង្កេតនៃសមាគមអាដហុក (adhoc) ដែលបានចុះអង្កេតករណីនេះ លោក ឌិត ខន្នី លើកឡើងថា ការប្រើអំពើហិង្សាដោយចេតនាគិតទុកជាមុន ត្រូវទទួលទោសក្រមព្រហ្មទណ្ឌ ទោះបីអ្នកប្រព្រឹត្តិជាមន្ត្រីនគរបាលក្តី។ លោកចាត់ទុកការគំរាមកំហែងដោយអាវុធ និងប្រើអំពើហិង្សា គឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយអាជ្ញាធរជំនាញ ត្រូវអនុវត្តច្បាប់ដល់ជនដែលប្រព្រឹត្តល្មើស។ លោកថា មន្ត្រីនគរបាលសម្រាប់បម្រើជាតិ និងពលរដ្ឋ បែរជាបម្រើឲ្យក្រុមហ៊ុនឯកជនវៀតណាម ទៅវិញ។ លោកចាត់ទុកថាជាករណីខុសនីតិវិធី ហើយរដ្ឋាភិបាលមិនគួរមើលរំលងករណីនេះឡើយ៖ «ហេតុដែលមិនព្រមដោះស្រាយ ដោយសារតែបុគ្គលហ្នឹងអត់ព្រមចូលខ្លួន ហើយប៉ូលិសព្រហ្មទណ្ឌគាត់មិនព្រមតាមចាប់បុគ្គលហ្នឹងមកផ្ដន្ទាទោស»។
ក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ មាត្រា២១៧ ចែងថា អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀល ទៅ ៦លានរៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តុលាការខេត្តមណ្ឌលគិរីដោះលែងសកម្មជនការពារដីធ្លីសហគមន៍ព្នងបណ្ដោះអាសន្ន
- ក្រុមសន្តិសុខសាលារាជធានីភ្នំពេញបណ្ដេញអ្នកកាសែតមិនឲ្យយកព័ត៌មាន
- USAID ជឿជាក់ថាមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលនឹងបន្តលើកកម្ពស់សិទ្ធិកម្មករ
- រដ្ឋមន្ត្រីក្រសួងកិច្ចការនារីថាលោក ហ៊ុន សែន គ្មានចេតនាមាក់ងាយដល់ស្ត្រីទូទៅ
- USAID និងរដ្ឋាភិបាលកម្ពុជាគ្រោងសម្ពោធកម្មវិធីលើកស្ទួយនិងការពារសិទ្ធិកម្មករ
- សង្គមស៊ីវិលជាង៥០មិនពេញចិត្តលោក ហ៊ុន សែន ដែលហៅស្រីថាញីនៅទីសាធារណៈ
- “ការរើសអើងស្ត្រីដោយប្រើពាក្យពេចន៍ពេបជ្រាយធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍសង្គម”
- អភិបាលខេត្តកំពង់ឆ្នាំងចោទសង្គមស៊ីវិលថាជំរុញឲ្យពលរដ្ឋតវ៉ាបញ្ហាផ្សេងៗនាំឲ្យមានទោស
- ពលរដ្ឋនៅខេត្តកំពតចោទក្រុមហ៊ុនជ្រើសរើសពលករថាមិនទទួលខុសត្រូវ
បុគ្គល កែវ សិរីរិទ្ធ ថោកទាប ខ្លួនជាខ្មែរ ទៅធ្វើខ្ញុំ កញ្ជះ បរទេស វៀតណាម គួរអោយ អាម៉ាស់ ណាស់ !