អភិបាល​ខេត្ត​មណ្ឌលគិរី​ព្រមាន​ចាប់​ខ្លួន​អ្នក​ដឹកនាំ​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគ​តិច

ដោយ ម៉ែន សុធីរ
2015-08-09
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ជនជាតិ​ដើម​ភាគ​តិច មណ្ឌលគិរី ៦២០
ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​មណ្ឌលគិរី ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគ​តិច​ពិភពលោក​លើក​ទី​២១ នៅ​ស្រុក​ពេជ្រាដា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៥។ Adhoc Photo


អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី អះអាង​ថា នឹង​ចាប់​ខ្លួន​តំណាង​ជនជាតិ​ដើម​ភាគ​តិច​ដែល​ដឹកនាំ​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគតិច​ពិភពលោក ដោយ​មិន​សុំច្បាប់​អនុញ្ញាត​ជា​មុន។

ការ​ព្រមាន​ចាប់​ខ្លួន​នេះ បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​នេះ ហាម​ពលរដ្ឋ​មិន​ឲ្យ​សង់​វេទិកា​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​លើក​ទី​២១ ឆ្នាំ​២០១៥ ក្រោម​ហេតុផល​ថា ការ​រៀបចំ​ពិធី​នេះ​គ្មាន​ច្បាប់​អនុញ្ញាត។ ចំណែក​មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ចាត់​ទុក​ការ​ព្រមាន​របស់​អាជ្ញាធរ​ខេត្ត​នេះ​ថា ផ្ទុយ​ពី​សេចក្ដី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ និង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ខេត្ត​ចំនួន ៣ នៅ​ភាគ​ឦសាន ដូចជា​ខេត្ត​ស្ទឹងត្រែង ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​ឆ្នាំ​២០១៥ នៅ​ថ្ងៃ​តែ​មួយ គឺ​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​សីហា ​ដើម្បី​លើក​កម្ពស់​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច។ ប៉ុន្តែ​ការ​ប្រារព្ធ​ទិវា​នេះ ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ទាំង​នោះ​មិន​អាច​ធ្វើ​ទៅ​បាន​រលូន​នោះ​ទេ ក្នុង​ចំណោម​ខែត្រ​ទាំង​បី​នោះ ខេត្ត​ដែល​ប្រឈម​ការ​គំរាមកំហែង​ចាប់​ខ្លួន និង​រារាំង​ដោយ​កងកម្លាំង​ប្រដាប់​អាវុធ​ចម្រុះ គឺ​ខេត្ត​មណ្ឌលគិរី។

​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​មណ្ឌលគិរី អះអាង​ថា សហគមន៍​ប្រារព្ធ​ទិវា​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ពិភពលោក​នៅ​ឆ្នាំ​នេះ មក​ពី​គ្រប់​បណ្ដា​ស្រុក​ទូទាំង​ខេត្ត​មណ្ឌលគិរី ចំនួន​ជាង ៥០០​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ដើម​ភាគ​តិច ដូចជា ព្នង ព្រៅ គ្រឹង និង​មួយ​ចំនួន​ទៀត​ជា​ជនជាតិ​ភាគ​តិច​ចាម ជា​ដើម។

​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង លោក ក្រើង តុលា ចោទ​ប្រកាន់​ថា អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី មាន​ចេតនា​រឹត​បន្តឹង​សេរីភាព​បញ្ចេញ​មតិ និង​បំបិទ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ដែល​មាន​ចែង​ក្នុង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ទៀត​ផង។ លោក​កត់សម្គាល់​ថា កងកម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​ជាង ១០​នាក់ ប្រដាប់​ដោយ​អាវុធ ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ឃ្លាំមើល និង​គំរាម​ចាប់​ខ្លួន​លោក ក្រោម​ហេតុផល​ថា ការ​ប្រារព្ធ​ទិវា​នេះ​ពុំ​មាន​ច្បាប់​អនុញ្ញាត​ជា​មុន។ បន្ថែម​ពី​លើ​នេះ​ទៀត សហគមន៍ ប្រារព្ធ​ទិវា​នេះ ចាប់​ផ្ដើម​នៅ​ព្រឹក​ម៉ោង ៨:០០ និង​បញ្ចប់​នៅ​ម៉ោង ២​រសៀល ក្រោម​កម្ដៅ​ថ្ងៃ និង​ទឹក​ភ្លៀង ដោយសារ​តែ​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​រារាំង​ពលរដ្ឋ​មិន​ឲ្យ​សង់​រោង​ប្រារព្ធ​ទិវា​នេះ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា។

លោក​ថា គោលបំណង​សំខាន់​ដែល​សហគមន៍​ចង់​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគតិច​ពិភពលោក គឺ​ដើម្បី​ចង់​បង្ហាញ​នូវ​ទុក្ខ​កង្វល់​ទាក់ទិន​សិទ្ធិ​ជន​ជាតិ​ដើម​ភាគតិច​ដែល​កំពុង​រង​ការ​រំលោភ​បំពាន ការ​បាត់បង់​ប្រពៃណី​វប្បធម៌​ជនជាតិ​ដើម​ភាគតិច ការ​បាត់បង់​ធនធាន​ធម្មជាតិ និង​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច​ជាដើម ដែល​ជា​ដើមចម​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវិត​រស់​នៅ​របស់​ជន​ជាតិ​ដើម​ភាគតិច៖ «ទោះ​ជា​ឃាត់ ឬ​ដាក់​ខ្នោះ ដាក់​គុក​យ៉ាង​ណា​ក៏​ខ្ញុំ​មិន​ខ្វល់​ដែរ ខ្ញុំ​គិត​ថា អ្វី​ដែល​ខ្ញុំ​ធ្វើ​គឺ​ត្រឹមត្រូវ»

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ អភិបាល​ខេត្ត​មណ្ឌលគិរី លោក អេង ប៊ុនហ៊ាង អះអាង​ថា អាជ្ញាធរ​តម្រូវ​ឲ្យ​សហគមន៍​ត្រូវ​សុំ​ច្បាប់​អនុញ្ញាត​ជា​មុន​សិន​មុន​ចាប់​ផ្ដើម​ប្រារព្ធ​ទិវា​នេះ។ ក៏​ប៉ុន្តែ​តំណាង​សហគមន៍​នៅ​តែ​មិន​អនុវត្ត​តាម​សេចក្ដី​ណែនាំ​របស់​អាជ្ញាធរ ដូច្នេះ​អាជ្ញាធរ​នឹង​ត្រូវ​ចាប់​ខ្លួន​ដើម្បី​អនុវត្ត​ច្បាប់៖ «អា​ហ្នឹង​បើ​ធ្វើ​ទៅ​បើ​មិន​ស្ដាប់​បញ្ជូន​ទៅ​តុលាការ​កាត់​ទៅ អា​ហ្នឹង​វា​ខុស​របៀប​ម៉េច? បើ​គាត់​ធ្វើ​អត់​គោរព​ច្បាប់ គេ​ឲ្យ​ធ្វើ​ច្បាប់​មិន​ព្រម​ធ្វើ»

​យ៉ាង​នេះ​ក្តី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា មាន​ប្រសាសន៍​ថា ទិវា​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច គឺ​ជា​ទិវា​អន្តរជាតិ ហើយ​សហគមន៍​ដែល​ប្រារព្ធ​ទិវា​នេះ គឺ​មិន​ចាំបាច់​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ខេត្ត​នោះ​ទេ គឺ​ត្រឹមតែ​ជូន​ដំណឹង​តែប៉ុណ្ណោះ។ លោក​សង្កត់ធ្ងន់​ថា អាជ្ញាធរ​តម្រូវ​ឲ្យ​សហគមន៍​សុំ​ច្បាប់​អនុញ្ញាត គឺ​ជា​ចេតនា​រារាំង​បំបិទ​សិទ្ធិ បញ្ចេញ​មតិ​ជនជាតិ​ដើម​ភាគ​តិច​ដែល​ផ្ទុយ​ពី​គោលការណ៍​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ៖ «នៅ​មាន​មន្ត្រី​ដែល​មាន​ចរិត​ ផ្ដាច់ការ​បែប​ហ្នឹង សមាគម​យើង​ខ្ញុំ​មាន​ការ​សោកស្ដាយ​ខ្លាំង​ណាស់ សូម្បី​តែ​ប្រជាពលរដ្ឋ​ក៏​ពួកគាត់​មាន​ក្តី​អស់​សង្ឃឹម​ច្រើន​ដែរ»

ទោះ​ជា​យ៉ាង​ណា សហគមន៍​អះអាង​ថា រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ដដែល គេ​ពុំ​ឃើញ​សមត្ថកិច្ច​ប្រដាប់​អាវុធ​ចាប់​ខ្លួន​តំណាង​ជន​ជាដើម​ភាគ​តិច​នោះ​ទេ ហើយ​សហគមន៍​ជា​ច្រើន​នាក់​កំពុង​ការពារ​ពី​សុវត្ថិភាព​តំណាង​ជនជាតិ​ដើម​ភាគ​តិច​ដែល​ដឹកនាំ​ទិវា​នេះ ប្រសិន​មាន​ការ​ចាប់​ខ្លួន​មែន ពួកគេ​នឹង​ត្រៀម​ខ្លួន​ដើម្បី​តវ៉ា។

ចំណែក​នៅ​ខេត្ត​ស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​សីហា នេះ សហគមន៍​ជន​ជាតិ​ដើម​ភាគតិច​ឃុំ​ក្បាលរមាស ចំនួន​ជិត ២០០​នាក់ ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគតិច​នៅ​មុខ​វត្ត​ពោធិ៍ការាម ហៅ​វត្ត​ក្បាលរមាស ក្នុង​ឃុំ​ក្បាលរមាស ស្រុក​សេសាន។ ការ​ប្រារព្ធ​ទិវា​នេះ ក៏​មាន​ការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​មក​ពី​រាជធានី​ភ្នំពេញ និង​ពុំ​មាន​ការ​រារាំង​ពី​កងកម្លាំង​សមត្ថកិច្ច​ឡើយ។

តំណាង​សហគមន៍​ឃុំ​ក្បាលរមាស លោក ដាំ សំណាង លើក​ឡើង​ថា គោលបំណង​សំខាន់​ដែល​សហគមន៍​ប្រារព្ធ​ទិវា​នេះ គឺ​ជា​សារ​ផ្ញើ​ទៅ​កាន់​រដ្ឋាភិបាល ថា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចង់​ថែរក្សា​អភិរក្ស​ធនធាន​ធម្មជាតិ​ឲ្យ​គង់វង្ស ដូចជា ព្រៃឈើ ទន្លេ និង រ៉ែ​ជាដើម។ លោក​បន្ត​ថា សហគមន៍​ជន​ជាត​ដើម​ភាគតិច​ចង់​ចងក្រង​ឯកសារ​ដ៏​មាន​សារប្រយោជន៍​ស្ដីពី​ជីវិត​រស់​នៅ​របស់​ជន​ជាតិ​ដើម​ភាគ​តិច និង​បញ្ហា​ប្រឈម​ផ្សេងៗ​ស្ដីពី​ផល​ប៉ះពាល់​ទាក់ទិន​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន៖ «គឺ​​គាត់​ផ្ដោត​សំខាន់ គឺ​រក្សា​បាន​នូវ​អត្តសញ្ញាណ និង​វប្បធម៌។ ការ​គោរព​នេះ​ចង់​បង្ហាញ​ថា ជនជាតិ​ដើម​ភាគ​តិច​គាត់​ក៏​មាន​ឆន្ទៈ​ក្នុង​ការ​គោរព​អត្តសញ្ញាណ​របស់​ ខ្លួន»

​ដោយ​ឡែក​នៅ​ខេត្ត​រតនគីរី មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក លោក ឆាយ ធី ឲ្យ​ដឹង​ថា តាម​ការ​គ្រោង​ទុក សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​បាន​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគតិច​ចំនួន ៣​កន្លែង​ក្នុង​ស្រុក​ចំនួន​បី គឺ​ស្រុក​អូរជុំ មាន​ពលរដ្ឋ​ចូលរួម​ចំនួន​ជាង ៣០០​នាក់ ស្រុក​អណ្ដូងមាស មាន​ពលរដ្ឋ​ចូលរួម​ចំនួន​ជិត ៣០០​នាក់ និង​ក្រុង​បានលុង ប្រារព្ធ​នៅ​ទីតាំង​បឹង​យក្សឡោម មាន​ពលរដ្ឋ​ចូលរួម​ចំនួន​ជិត ៣០០​នាក់ ហើយ​ពលរដ្ឋ​ដែល​ចូល​រួម​ភាគ​ច្រើន​គឺ​ជា​ជនជាតិ​ដើម​ភាគ​តិច ដូចជា ទំពួន ព្រៅ គ្រឹង និង​ចារ៉ាយ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "អភិបាល​ខេត្ត​មណ្ឌលគិរី​ព្រមាន​ចាប់​ខ្លួន​អ្នក​ដឹកនាំ​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគ​តិច"

  1. Bol says:

    គិតទៅ នៅក្នុងសង្គមខ្មែរ វាចេះតែមានចលនាឆ្កួតៗបែបនយោបាយ ទៅតាមការដឹកនាំក្នុងចេតនារំលំរាជរដ្ឋាភិបាល អញ្ចឹងទៅដែរ។ សង្គមខ្មែរពីដើម គេបង្កើតឲ្យមានពិធីបុណ្យនានា ដែលមានប្រយោជន៍សម្រាប់មនុស្សទូទៅ ដែរ តែវាជារឿងល្អណាស់ ដូចជាមុណ្យរដូវប្រមូលផល គឺគេកាប់ក្របីផឹកស្រា បូន្យដារលាន …. រហូតដល់បុណ្យភ្ជុំបិណ្ឌ ជាដើម។ បុណ្យទាំងនេះ បានធ្វើឲ្យសង្គមត្រជាក់ត្រជុំ មានសុខដុមរមនា ណាស់។
    តែពិធីតាមបែបមួយដែលមានចលនាសង្គមស៊ីវីលដឹកនាំនេះ វានឹងនាំសង្គមទៅកាន់ការបែកបាក់ កើតអស្ថរភាព ចលាចល និងអាចមានសង្គ្រាម ទៀតផង។
    គួឲ្យព្រឺណាស់សព្វថ្ងៃនេះ ដែលយើងឃើញថា ក្រុមម៉ូតូឌុប ម៉ូតូកង់បី គេមានសមាគមរបស់គេ។ តែមិនដឹងថា ការបង្កើតជាចលនាបែបនេះ វាផ្អែកលើច្បាប់អីមួយរបស់រដ្ឋទេ។ ហើយគោលការណ៍សកម្មភាពរបស់សមាគមគេធ្វើអ្វីខ្លះទេ។ ឬសកម្មភាពរបស់គេគឺសកម្មភាពរួមគ្នាបង្កហឹង្សា? សកម្មភាពបែបនេះ នឹងនាំឲ្យសង្គមខ្មែរជួបវិបត្តិធំណាស់។ ដូច្នេះហើយបានជារាល់ថ្ងៃនេះ អំពើហឹង្សាកើតឡើងនៅគ្រប់កន្លែង ប្រព្រឹត្តិមនុស្សធុនៗ ជាកម្មករ ប្រហាក់ប្រហែលនេះ។
    ជាក់ស្តែងណាស់កាលពីចុងសប្តាហ៍នេះ ក្រុមសមាគមម៉ូតូកង់បី ឯល សភ័ស បានដើរកៀរគរកម្មកររោងចក្រកាត់ដេរ ឲ្យចូលជាសមាជិក ដើម្បីសមាគមគេនេះ ធានានឹងជួយតវាលើចលនាផ្សេង ដូចជាការតវាថ្លៃផ្ទះជាដើម។
    យើងមិនដឹងថា សមគមនេះ មានសុំច្បាប់រដ្ឋាភិបាលឬក៏អត់?
    សមាគមពាល!!

  2. បរមី យួន says:

    បន្តិចទៀតពេលចូលមុងដេកក៍ត្រូវសុំច្បាប់ដែរ,ត្រូវតែសុំច្បាប់ព្រោះខ្លាចធ្វើកុបកម្មឬបដិវតន៍ពណ៌ក្នុងមុង។ចង់អស់សំណើចស្ទើរជ្រុះធ្មេញ

  3. ហា ហា ហា សួរស្តី ពួកអាផ្កាប់មុខ cnrp យ៉ាងម៉េចហើយ បែកគ្នាប៉ុន្មានឆ្នាំ តើសល់ពីងាប់ប៉ុន្មាន ជាប់គុកបុ៉ន្មាន រត់ចោលស្រុកបុ៉ន្មាន នៅចាំអញអត់ អញគឺ th អ្នកខ្លាំង អ្នកមែន អ្នកឃ្លាំមើលកំណែទំរង់រដ្ឋាភិបាលអាណត្តិទី5 បាត់អញមួយរយ:នេះ ដោយជាប់លេងហ្វេសបុកវើយ បើអាណាខ្លាំងមកជួបគ្នាតាមង្វេសបុកវិញ ហា ហា ហា

  4. លឹង្គនាគរាជ says:

    ធ្វើឬកជាខ្លំាងមុខគ្នាអែង ដល់មុខយួនបែរជាស្ទុយដូចឡានឈ្លក់សាំង។កាលសៀមរឿងព្រះវិហារលើកទ័ពទីងរាប់ពាន់ទៅច្បាំង,ដល់យួនយកដីបោះបង្គោលចូល,ម្នាក់ៗធ្វើមាត់ស្ញេញដូចស្វាមុខក្រឡេងក្រឡឺម,ដៃអោបពងដូចអាញី។