ក្មេង​ស្រី​ពិការដៃ​ពី​កំណើត​មាន​ក្តី​ស្រមៃ​ចង់ក្លាយ​ជា​គណនេយ្យករ

​កញ្ញា ប៉ាត់ គីមអ៊ី បាន​បន្ដ​ការ​សិក្សា​ដល់​ថ្នាក់​មហាវិទ្យាល័យ​ដោយ​មិន​ទម្រន់​ជាមួយ​ព្រហ្មលិខិត​។ រូបថត សាលាខេត្តពោធិ៍សាត់

​កញ្ញា ប៉ាត់ គីមអ៊ី បាន​បន្ដ​ការ​សិក្សា​ដល់​ថ្នាក់​មហាវិទ្យាល័យ​ដោយ​មិន​ទម្រន់​ជាមួយ​ព្រហ្មលិខិត​។ រូបថត សាលាខេត្តពោធិ៍សាត់




ភ្នំពេញប៉ុស្តិ៍

ពោធិ៍សាត់ៈ ទោះ​បី​កាយសម្បទា​មិន​មាន​គ្រប់គ្រាន់​ដូច​បងស្រី​ទាំង​បី​របស់​ខ្លួន​តាំង​ពី​កំណើត​មក​ក្តី ក៏​ឆន្ទៈ​ និង​​ទឹក​ចិត្ត​មោះមុត ឧស្សាហ៍​ព្យាយាម សង្វាតរៀន​សូត្រ​ដើម្បី​ក្រេប​ចំណេះវិជ្ជា​ ​កញ្ញា​​ ប៉ាត់ គីមអ៊ី មិន​បាន​រាថយ​ និង​ចុះ​ញ៉ម​ព្រោះ​តែ​សភាព​កាយ​ខាង​ក្រៅ​នេះ​ឡើយ។

នាង​អាច​ប្រើ​ជើង​ជំនួស​ដៃ​ដើម្បី​សរសេរ​អក្សរ​កត់​ត្រានូវ​រាល់​កិច្ចការ​​ និង​តស៊ូ​​សិក្សា​បន្ត​រហូត​ក្លាយ​ជា​និស្សិត​ឆ្នាំ​ទី ៣ ​នៅ​សាកលវិទ្យាល័យ​គ្រប់​គ្រង​ និងសេដ្ឋកិច្ច ឬ UME លើ​មុខ​ជំនាញ​គណនេយ្យនៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​។

កញ្ញា​ ប៉ាត់ គីមអ៊ីវ័យ ២០ឆ្នាំ រស់​នៅ​ភូមិអូរអាចម៍កុក ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មាន​ឪពុក​ឈ្មោះលោក លឹម ស៊ឹម វ័យ ៥២ ឆ្នាំ មាន​មុខរបរ​ជា​នាយប៉ុស្តិ៍​នគរបាល​ឃុំ​អូរសណ្តាន់ និង​ម្តាយ​ឈ្មោះ​ ផុន អុន វ័យ​ ៥១ ឆ្នាំ​ ជា​កសិករ​។ ​

លោក​ លឹម ស៊ឹម ជា​​ឪពុក​រៀប​រាប់​ពីដំណើរ​រឿង​កូន​ស្រីពៅ​ដែលអភ័ព្វ​ថា៖ «គួរ​ឲ្យ​អាណិត​កូន​ស្រីពៅ​នេះ​ណាស់​ ពេល​ដែល​នាង​កើត​មក​ស្រាប់​តែ​ពិការ​ដៃ​។ ដៃស្តាំ​នាង​ពិការ​កំបុត​បាត់​ដៃ ខណៈ​ដៃ​ឆ្វេង​នៅ​សល់​ម្រាម​ពីរ​ស្តូចចុង»។

លោក​​បន្ដថា​៖ «​ពេលនោះ​មិនទាន់​មានម៉ាស៊ីន​អេកូ​អ្វី​មក​ពិនិត្យ​មើល​ទេ​​ លុះនាង​កើត​មក​ទើប​ដឹង​។ ចាប់តាំង​ពី​ដឹង​ក្តី​មក​ ខ្ញុំ​ និង​ប្រពន្ធ​មិន​ព្រងើយកន្តើយ​ចំពោះ​​កូន​ស្រី​ម្នាក់​នេះទេ​​ គឺ​មាន​តែ​ការ​លើកទឹក​ចិត្ត​​ និង​សម្រប​តាម​ចិត្ត​កូន​​ផង​ដែរ»។


យុវតី​ពិការ​ដៃ​រូប​នេះ​បាន​ប្រើជើង​សរសេរ​អក្សរ​ជំនួស​ដៃ​យ៉ាង​ផ្ចិតផ្ចង់​។ រូបថត សាលាខេត្តពោធិ៍សាត់

យុវតី​ពិការ​ដៃ​រូប​នេះ​បាន​ប្រើជើង​សរសេរ​អក្សរ​ជំនួស​ដៃ​យ៉ាង​ផ្ចិតផ្ចង់​។ រូបថត សាលាខេត្តពោធិ៍សាត់

ពិការកាយមែនពិត​ តែ​ឆន្ទៈ និង​ទឹក​ចិត្ត​តស៊ូ​ស្រួច​ស្រាល់របស់ ប៉ាត់ គីមអ៊ី មិន​ចុះ​ចាញ់​នឹង​ព្រហ្ម​លិខិត​ ដែល​កម្រិត​ឲ្យ​នាង​ក្លាយ​ជា​ក្មេង​ស្រី និង​កូនពៅ​ពិការ​ដៃ​បែប​នេះ បន្ត​រស់​នៅ​រហូត​ពេញ​វ័យ​ បាន​សិក្សា​ដល់​ថ្នាក់​មហា​វិទ្យាល័យ​ ​ស្រវាស្រទេញ​ក្រេប​យក​ចំណេះ​ដឹង​ និង​ទទួល​បាន​ការ​ស្រឡាញ់​ពី​ឪពុក​ម្តាយ និង​កោតសរសើ​រពី​អ្នក​ភូមិផង​ដែរ​។ ​

លោក លឹម ស៊ឹម សរសើ​រកូន​ស្រី​ពៅ​គាត់​​ថា៖ «តាំង​ពី​តូច​មក​នាង​ជា​ក្មេង​សង្វាត​ការ​រៀន​សូត្រណាស់​។ ពេល​ខ្លះ​​ខ្ញុំ​មិន​ឲ្យ​នាង​ទៅ​សាលា​ គឺ​នាង​យំ​រំអុក​មិន​ព្រមឡើយ។ នាង​រៀន​ពូកែ​ជាង​​បងៗ​របស់​នាង​ទៅ​ទៀត​»។

​លោក ម៉ម ឍន មេឃុំ​អូរសណ្តាន់​ក៏​បាន​កោត​សរសើរ​ពី​ឥរិយាបថរបស់​នាង​ថា៖ «នាង​ជា​ក្មេង​ស្រី​រួសរាយ​ណាស់ ហើយ​ចេះ​ដឹង​ទៀត​ផង ខណៈ​ការ​និយាយ​ស្តី​ចេះ​គោរព​ចាស់ទុំ​»។​

នៅ​ក្នុង​គ្រួសារមាន​ជីវ​ភាព​មធ្យម​មែន​ តែ​បន្ទុកមាន​កូន​ចៅ​រៀន​សូត្រ​ដល់​ថ្នាក់​មហាវិទ្យាល័យនោះ​ហាក់​ដូចជាពុំ​សូវ​មាន​ភាព​ធូរធា​រផ្នែកហិរញ្ញ​វត្ថុ​នោះ​ឡើយ ខណៈលោក លឹម ស៊ឹម បង្ហើប​ថា៖«តាំង​ពី​តូច​រហូ​ត​មកគ្រួសារ​ខ្ញុំ​អាច​ផ្គត់ផ្គង់​ឲ្យ​នាង​បាន​រៀន ​ប៉ុន្ដែ​ឥឡូវ​នេះ​មាន​ពេល​ខ្លះ​ជួប​ការ​លំបាក​ក្នុង​ការ​ទំនុក​បម្រុង​»។ ​

កាល​ពី​ថ្ងៃទី ២៨ ខែកក្កដា នាង​ទទួល​បាន​ការជួយ​ឧបត្ថម្ភ​នូវ​សម្ភារ​សិក្សា សម្លៀកបំពាក់ គ្រឿង​ឧប​ភោគ​បរិភោគ និង​ថវិកាចំនួន ៥០ ម៉ឺន​រៀល​ពី​​លោក​ស្រី ហ៊ុន ចាន់ធី ភរិយា​លោក ម៉ៅ ធនិន អភិបាល​នៃគណៈ​អភិបាល​ខេត្តពោធិ៍សាត់​ជាបណ្តើរផង​ដែរ​៕​​

What Next?

Recent Articles

3 Responses to "ក្មេង​ស្រី​ពិការដៃ​ពី​កំណើត​មាន​ក្តី​ស្រមៃ​ចង់ក្លាយ​ជា​គណនេយ្យករ"

  1. Battambang says:

    When there is a will, there is a way. Trying hard will be successful.

  2. Battambang says:

    When there is a will, there is a way. ព្យាយាមគង់នឹងបានសម្រេច។

  3. Chanlyda says:

    I’m worried about you and like you how the way you are and I’m proud of you.how can I give you some money for donation.