តំណាងរាស្រ្ត​សង្រ្គោះជាតិ​ស្នើ​នាយករដ្ឋមន្រ្តីពិនិត្យ​​ជនជាតិ​​វៀតណាម​នៅតំបន់​ដីសម្បទានសេដ្ឋកិច្ច​​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃចន្ទ ទី10 សីហា 2015
http://vodhotnews.com

តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិបាន​​ដាក់​លិខិតមួយច្បាប់​​ទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយ​ស្នើ​ឲ្យ​ចាត់​វិធាន​ការលើ​​ជនអន្តោប្រវេសន៍​វៀតណាមដែល​រស់នៅនិង​ធ្វើ​ការ​នៅ​តាម​តំបន់​ដីសម្បទាន​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ជាប់​ព្រំដែន​មួ​យ​ចំនួន។​

លិខិតរបស់​តំណាងរាស្រ្ត​ លោក អ៊ុំ សំអាន ​ចុះថ្ងៃ​ទី​១៥ខែកក្កដា និង​ដាក់ទៅលោក ហ៊ុន សែន​ ​តាមរយៈ​ប្រធាន​​រដ្ឋសភា ឲ្យ​ដឹង​ថា​កន្លងទៅ សមត្ថកិច្ច​​បាន​ចុះបង្រ្កាប​និង​ឃាត់ខ្លួន​ជនអន្តោប្រវេសន៍​ខុសច្បាប់ ដូ​ចជា​​នៅ​ស្រុក​​ល្វាឯម កោះពេជ្រ​និង​ច្បារអំពៅ​ជាដើម។ ​លោក អ៊ុំ សំអាន បាន​ស្វាគមន៍នឹង​​ចំណាត់ការ​នេះ ប៉ុន្តែ​​លោក​ស្នើ​​ឲ្យ​​ចាត់វិធាន​ការ​នៅ​តំបន់​ដែលមាន​​ជន​អន្តោប្រវេសន៍​​រស់នៅ​ច្រើន។

លិខិត​បញ្ជាក់​ថា​៖ "ខ្ញុំក៏​សូម​ស្នើ​សុំ​រាជ​រដ្ឋាភិបាល​ឲ្យ​មាន​ចំណាត់​ការ​ដូច​គ្នាដែរ​ទៅ​លើ​ជន​អន្តោ​ប្រវេសន៍​ខុសច្បាប់​​ដែល​កំពុង​រស់នៅតំបន់​ផ្សារ​ក្រោម ក្រុង​កំពង់ឆ្នាំង តំបន់​ចុងឃ្នៀសក្រុង​សៀម​រាប ខេត្ត​សៀមរាប លើ​បឹងទន្លេ​សាប​​ខេត្ត​ពោធិ៍​សាត់ ​និង​តំបន់​ផ្សេងៗទៀត”។ លិខិត​បន្ថែម​​ថា​៖ “លើស​ពីនេះ​ទៅ​ទៀត មាន​ជន​អន្តោប្រវេសន៍វៀ​ត​ណាម​ខុស​ច្បាប់​មួយ​ចំនួន​ធ្វើ​ជា​កម្ម​ករ​ក្នុង​ក្រុមហ៊ុន​វៀតណាម ដែល​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​៩៩ឆ្នាំ​​ពី​រា​ជរដ្ឋាភិបាល”

លោក អ៊ុំ សំអាន ប្រាប់​វីអូឌី​(VOD)នៅថ្ងៃ​ចន្ទនេះ​ថា​តាម​ការ​សង្កេតរបស់​លោក ​ក្នុង​មួយ​ឆ្នាំៗ ​ជន​ជាតិ​វៀតណាម​ពី​​​៣ពាន់​ទៅ​៥ពាន់​នាក់​បាន​ចូល​មក​រស់នៅ​និង​ធ្វើ​ការ​នៅកម្ពុជា ប៉ុន្តែ​លោក​ថា​ការ​បង្រ្កាប​​ជន​ជាតិ​វៀតណាមខុសច្បាប់​មាន​​ចំនួន​តិចតួច​។ ចំណែក​នៅតំបន់​ដីសម្បទាន​សេដ្ឋកិច្ចវិញ លោក អ៊ុំ សំអាន​ មានប្រសាសន៍ថា​ជន​​ជាតិ​វៀ​តណាម​រស់នៅខុសច្បាប់ច្រើន។ លោក​បញ្ជាក់​ថា​៖ "​យើង​កត់សម្គាល់ឃើញ​នៅ កំពង់ធំ ​រតនគិរី​ មណ្ឌ​​លគិរីជាដើម ឃើញដីសម្បទាន​សេដ្ឋកិច្ច​ដែល​ផ្តល់​ឲ្យ​វៀតណាមហ្នឹង​ កម្មករ​៨០ភាគរយ​ជា​ជនជា​តិវៀតណាម។ យើង​គិត​ថាអ្នក​ទាំងអស់​ហ្នឹង​រស់នៅ​ខុសច្បាប់ ហើយ​ធ្វើ​ការ​អត់បាន​​គោរពទៅ​​តាម​ច្បាប់ការងារ​ទៀត​។ ដូច្នេះ​​ត្រូវ​ពិនិត្យ​មើល​ឲ្យ​ដិត​ដល់​ទៅ​លើ​ជនអន្តោប្រវេសន៍ទាំងនោះ”។​

បើ​តាម លោក អ៊ុំ សំអាន ប្រធាន​រដ្ឋសភា​មិន​បាន​​បញ្ជូន​លិខិតរបស់លោក​ទៅ​រដ្ឋាភិបាលនោះទេ​ ដោយ​លោក​ចាត់​​ទុក​ថា​នេះ​កា​រ​រំលោភលើ​មាត្រា៩៦និង​១៥០​នៃ​រដ្ឋធម្មនុញ្ញ។ លោក​បញ្ជាក់​ថា​រាល់​បញ្ហា​រសើប ប្រធាន​​រដ្ឋសភា​​មិន​បាន​បញ្ជូន​លិខិត​ទៅរដ្ឋាភិបាល​នោះទេ។​

អ្នកនាំពាក្យ​រដ្ឋសភា លោក ឈាង វុន ធ្លាប់​លើក​ឡើង​ថា​រដ្ឋធម្មនុញ្ញ​មាត្រា​៩៦បាន​ចែង​ថា​តំណាងរាស្ត្រ​មាន​សិទ្ធិ​ដាក់​សំណួរ​ដល់​រាជរដ្ឋាភិបាល។ ប៉ុន្តែ​លោកថា​មិន​មែន​ជា​សំណើ​នោះទេ។ ប៉ុន្តែ​​លោក​អ៊ុំ សំអាន បញ្ជាក់​ថា​តំណា​ងរាស្រ្ត​អាច​មាន​សិទ្ធិ​ដាក់​ជា​សំណួរ​និង​សំណើបាន។​

ប្រធាន​ផ្នែក​ស៊ើបអង្កេតនិង​អនុវត្ត​នីតិវិធី​នៃ​នាយកដ្ឋាន​អន្តោប្រវេសន៍ លោក អ៊ុក ហៃ​សីលា មានប្រសាសន៍​ថា​អាជ្ញាធរ​ចាត់វិធាន​ការ​លើ​ជនអន្តោប្រវេសន៍​ខុសច្បាប់​នៅ​ទូទាំងប្រទេស​ ដោយ​មិ​ន​រើសកន្លែងនោះទេ។ លោក​បន្ត​ថា​​នៅ​តាមបណ្តា​​ខេត្ត​ មាន​សុ្នង​ការរង​មួយ​រូប​ជា​អ្នក​ទទួល​បន្ទុកលើ​ជនអន្តោប្រវេសន៍​។ លោក​ស្នើ​ឲ្យ​តំណាង​រាស្រ្ត​រ​រាយការណ៍​ទៅ​សមត្ថកិច្ចចំពោះ​តំបន់​ដែល​មាន​ជន​អន្តោប្រវេសន៍ខុសច្បាប់​ ដើម្បីបង្កភាព​ងាយស្រួ​ល​​ក្នុង​កា​រ​ចាត់វិធា​នការ។

ទាក់​ទង​នឹង​ជន​អន្តោប្រវេសន៍​នៅ​តំបន់​ដីសម្បទាន​សេដ្ឋកិច្ចវិញ​ លោក អ៊ុក ហៃ​សីលា បញ្ជាក់​​ថា​សមត្ថកិច្ច​កំពុង​សិក្សា​​ការ​ស្នា​ក់នៅ​របស់ជនជាតិ​វៀតណាម​ទាំងនោះ​។​ បើ​តាម​មន្រ្តីជំនាញ​រូប​នោះ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ចុងក្រោយ​នេះ ជន​អន្តោប្រវេសន៍​​ប្រមាណ​៣ពាន់នាក់ដែល​ក្នុង​នោះ​ភាគច្រើន​ជា​ជន​ជាតិ​វៀតណាម ​ត្រូវ​បាន​ចាប់ខ្លួន​និង​បញ្ជូនទៅ​ស្រុកកំណើតវិញ។ ​ថ្មីៗនេះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​បាន​សម្រេច​បង្កើត​ផ្នែក​អន្តោប្រវេសន៍​​ថែម​ទៀតនៅតាម​បណ្តាខេត្ត​ ដើម្បី​ធានា​ឲ្យ​មាន​ប្រសិទ្ធ​ភាព​លើ​កិច្ច​ការ​ចុះបង្រ្កាប​​អន្តោប្រវេសន៍​ខុសច្បាប់នៅកម្ពុជា៕ រាយការណ៍​បន្ថែម​ដោយ​លោក យ៉ា រសាត់​

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles

One Response to "តំណាងរាស្រ្ត​សង្រ្គោះជាតិ​ស្នើ​នាយករដ្ឋមន្រ្តីពិនិត្យ​​ជនជាតិ​​វៀតណាម​នៅតំបន់​ដីសម្បទានសេដ្ឋកិច្ច​​"

  1. Anonymous says:

    ហា ហា ហា សួរស្តី ពួកអាផ្កាប់មុខ cnrp យ៉ាងម៉េចហើយ បែកគ្នាប៉ុន្មានឆ្នាំ តើសល់ពីងាប់ប៉ុន្មាន ជាប់គុកបុ៉ន្មាន រត់ចោលស្រុកបុ៉ន្មាន នៅចាំអញអត់ អញគឺ th អ្នកខ្លាំង អ្នកមែន អ្នកឃ្លាំមើលកំណែទំរង់រដ្ឋាភិបាលអាណត្តិទី5 បាត់អញមួយរយ:នេះ ដោយជាប់លេងហ្វេសបុកវើយ បើអាណាខ្លាំងមកជួបគ្នាតាមង្វេសបុកវិញ ហា ហា ហា