ពលរដ្ឋ៖ មន្ទីរពេទ្យ​គន្ធបុប្ផា​គឺ​ជា​មន្ទីរពេទ្យ​ទេវតា

ដោយ សិរីមុនី
2015-08-10
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

អ្នក​ជំងឺ គន្ធបុប្ផា ៦២០
ក្រុម​គ្រួសារ​យក​កុមារ​មក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា អង្គុយ​រង់ចាំ​នៅ​ខាង​មុខ​មន្ទីរពេទ្យ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ សីហា ឆ្នាំ​២០១៥។ RFA/Sireymuny


ប្រជាពលរដ្ឋ​កម្ពុជា ទាំង​ចាស់​ទាំង​ក្មេង​លើក​ឡើង​ថា មន្ទីរពេទ្យ​គន្ធបុប្ផា គឺ​ជា​មន្ទីរពេទ្យ​ដែល​ពលរដ្ឋ​ជឿ​ទុក​ចិត្ត និង​ផ្ដល់​តម្លៃ​ជាង​គេ។ ពលរដ្ឋ​ខ្មែរ​រាប់​ពី​អ្នក​ដែល​មាន​ជីវភាព​ក្រីក្រ រហូត​ដល់​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ សុទ្ធតែ​ធ្លាប់​ឆ្លង​កាត់​យក​កូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​នេះ។ ភាព​ជឿ​ជាក់​នេះ​ហើយ ជា​ហេតុ​បណ្ដាល​ឱ្យ​មាន​ការ​កើន​ឡើង​នៃ​អ្នក​ជំងឺ​ដែល​រក​សេវា​ព្យាបាល​ឥត​គិត​ថ្លៃ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា នេះ។ ទន្ទឹម​គ្នា​នេះ​ដែរ ប្រធាន​និង​ជា​ស្ថាបនិក​មន្ទីរពេទ្យ លោក ប៊េត រីច្ឆនឺរ (Beat Richner) កំពុង​ប្រកាស​ស្វែង​រក​ជំនួយ​ពី​គ្រប់​មជ្ឈដ្ឋាន​ដើម្បី​ទ្រទ្រង់​ដំណើរការ​មន្ទីរពេទ្យ។

ពលរដ្ឋ​កម្ពុជា អះអាង​ថា មន្ទីរពេទ្យ​គន្ធបុប្ផា គឺ​ជា​មន្ទីរពេទ្យ​ទេវតា​ដែល​ជួយ​សង្គ្រោះ​កុមារ​ឱ្យ​ផុត​ពី​ក្តី​ស្លាប់ និង​បាន​ជួន​កាត់​បន្ថយ​ភាព​ក្រីក្រ​កម្ពុជា។

​ឪពុក​របស់​កុមារ​ម្នាក់​ដែល​យក​កូន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា លោក ប៉ោ រិទ្ធ និយាយ​ថា កូន​របស់​លោក​កើត​ជំងឺ​រលាក​ទងសួត ហើយ​បាន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា រយៈពេល​ពីរ​ថ្ងៃ​ហើយ។ លោក​អះអាង​ថា មុន​មក​មន្ទីរពេទ្យ​គន្ធបុប្ផា លោក​បាន​នាំ​កូន​ទៅ​មន្ទីរ​បង្អែក​ខេត្ត​ព្រៃវែង ជិត​មួយ​សប្ដាហ៍ ប៉ុន្តែ​មិន​បាន​ធូរ​ស្បើយ​សោះ។ ហាក់​មិន​សូវ​ទុក​ចិត្ត​លោកគ្រូ​ពេទ្យ​នៅ​ខេត្ត​ព្រៃវែង និង​មិន​សូវ​មាន​លុយ​ផង​នោះ លោក​ក៏​ប្រញាប់ប្រញាល់​មក​មន្ទីរពេទ្យ​គន្ធបុប្ផា តែម្ដង។ មាន​សម្បុរ​ខ្មៅ​ស្រអែម សក់​ក្រញាញ់ ដៃ​ជើង​ធំៗ និយាយ​បណ្ដើរ ញ៉ាំ​បាយ​ប្រអប់​នឹង​ដៃ​បណ្ដើរ​នៅ​ក្រោម​ដើម​ឫស្សី​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​៣ លោក ប៉ោ រិទ្ធ លើក​ឡើង​ថា លោក​សូម​អរគុណ​គ្រូពេទ្យ​ដែល​បាន​យក​ចិត្ត​ទុក្ខ​ដាក់​ព្យាបាល​កូន​លោក៖ «»។ ​

បុរស​វ័យ​ចំណាស់​ម្នាក់​ផ្សេង​ទៀត​មក​ពី​ខេត្ត​កំពង់ឆ្នាំង លោក ធឿន មាន​មតិ​ថា បើ​គ្មាន​មន្ទីរពេទ្យ​គន្ធាបុប្ផា ទេ​នោះ លោក​គិត​ថា កូន​របស់​លោក​ប្រាកដ​ជា​ស្លាប់​មិន​ខាន។

ជា​បុរស​ម្នាក់​ដែល​មាន​បទពិសោធន៍​ដ៏​សែន​ល្វីង​ជូរចត់​ក្នុង​ជីវិត ដែល​ម្ដាយ​ឪពុក​គ្រប់​រូប​មិន​អាច​បំភ្លេច​បាន​នោះ គឺ​ការ​បាត់បង់​កូន​ជាទី​ស្រឡាញ់​របស់​លោក​ដោយសារ​ការ​ព្យាបាល​របស់​គ្រូពេទ្យ​មិន​មាន​ប្រសិទ្ធភាព។ និយាយ​ដល់​ការ​ព្យាបាល​គ្មាន​ប្រសិទ្ធភាព​ដែល​បណ្ដែតបណ្ដោយ​ឱ្យ​ស្លាប់​កូន​របស់​លោក​នោះ។ ទឹក​មុខ​ប្រែ​ស្រពោន កែវ​ភ្នែក​ឡើង​ក្រហម ដង្ហើម​ដក​យ៉ាង​ធំ ហាក់​មាន​ទុក្ខ​ពន់ប្រមាណ​ទោះ​បី​ពិពណ៌នា​ប្រាប់​យ៉ាង​ណា​ក៏​មិន​អាច​មាន​អ្នក​យល់​អារម្មណ៍​បែប​នេះ​បាន​ដែរ។ កែវ​ភ្នែក​សម្លឹង​មើល​ទៅ​ដើម​ឈើ​នៅ​វត្តភ្នំ​បណ្ដើរ មាត់​និយាយ​ប្រាប់​វិទ្យុ​អាស៊ីសេរី បណ្ដើរ​ថា គ្រូពេទ្យ​ស្រុក​ខ្មែរ​ភាគ​ច្រើន​គិតតែ​ពី​លុយ មិន​ខ្វល់​ពី​ជីវិត​ក្មេង​សោះ។ លោក​បន្ថែម​ថា កុមារ​កម្ពុជា មិន​អាច​បាត់បង់​វត្តមាន​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​នោះ​ឡើយ៖ «»។

​រីឯ​ស្ត្រី​កូន​ខ្ចី​ម្នាក់ ដែល​មាន​អាយុ​ប្រហែង​ជាង ២០​ឆ្នាំ មក​ពី​ខេត្ត​ព្រៃវែង និង​ទើប​បាន​សម្រាល​កូន​បាន​ត្រឹម ១៩​ថ្ងៃ លោកស្រី រស្មី រៀបរាប់​ថា ក្រោយពេល​សម្រាល​កូន​រួច លោកស្រី​មិន​មាន​ទឹកដោះ​សម្រាប់​បំបៅ​កូន​តូច ម្ល៉ោះ​ហើយ​មាន​តែ​យក​ទឹកដោះ​គោ​មក​ជំនួស​ទឹក​ដោះ​ដំបូង​របស់​ខ្លួន។ ផ្ទៃមុខ​មាន​ស្នាម​ជាំ ក្បាល​ពាក់មួក​ក្រណាត់ រុំ​ដោយ​ក្រមា​ដើម្បី​ការពារ​សុខភាព​ខ្លួន​ដែល​ទើប​សម្រាលកូន​រួច។ ទោះ​បី​ខ្លួន​ទើបតែ​សម្រាល​កូន​រួច​ក៏​ដោយ​ចុះ តែ​ម្ដាយ​វ័យ​ក្មេង​រូប​នេះ​ហាក់​មិន​សូវ​គិតគូរ​ពី​ខ្លួន​ឯង​ប៉ុន្មាន​ទេ។ ញើស​ហូរ​ប្រណាំង​នឹង​ការ​និយាយ​ពី​ស្ថានភាព​ជំងឺ​កូន​របស់​លោកស្រី​ដែល​បន្ទោបង់​មិន​ចេញ​សោះ។ បើ​សិន​មិន​មាន​មន្ទីរពេទ្យ​គន្ធបុប្ផា ទេ កូន​លោកស្រី​ប្រហែល​មិន​អាច​មាន​ឱកាស​ដក​ដង្ហើម​ដង្ហោយ​ជួប​មុខ​ម៉ែ​នោះ​ទេ៖ «»។

អ្នក​ជំងឺ គន្ធបុប្ផា ៦២០
ក្រុម​គ្រួសារ​យក​កុមារ​មក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ​រង់ចាំ​នៅ​ខាង​មុខ​មន្ទីរពេទ្យ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ សីហា ឆ្នាំ​២០១៥។ RFA/Sireymuny


ដោយ​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ជួយ​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា ច្រើន​ហួស​ពី​ការ​គិត​នោះ តន្ត្រីករ និង​ជា​គ្រូបង្រៀន​ផ្នែក​តន្ត្រី​ម្នាក់ លោក យ៉ង ពៅ បាន​និពន្ធ​ចម្រៀង​មួយ​បទ​ដើម្បី​ថ្លែង​អរគុណ​ចំពោះ​មន្ទីរពេទ្យ​គន្ធបុប្ផា មាន​ចំណងជើង​ថា គន្ធបុប្ផា​មហា​សន្ដោស។ ចម្រៀង​បទ​មួយ​នេះ មាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)៖ «»។

​រៀងរាល់​ថ្ងៃ​មន្ទីរពេទ្យ​គន្ធបុប្ផា មាន​កុមារ​ជាង ៣.០០០​នាក់ ត្រូវ​បាន​ពិនិត្យ​ព្យាបាល។ កុមារ​ឈឺ​ធ្ងន់​ជាង ៤០០​នាក់ វះកាត់​ចំនួន ៧៥​ករណី ហើយ​មាន​ស្ត្រី​មាន​ផ្ទៃ​ជាង ៥០០​នាក់​មក​សម្រាលកូន​នៅ​មន្ទីរ​គន្ធបុប្ផា។ ដោយ​កុមារ​ទាំង​នោះ​ភាគ​ច្រើន មាន​ជំងឺ​ធ្ងន់​ដែល​ស្នើ​ប្រមាណ ៨៥% ហើយ​ក្នុង​នោះ កុមារ​ដែល​មាន​ជំងឺ​គ្រុនឈាម ៩២% បាន​ទៅ​រក​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា។ គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែ​សីហា ឆ្នាំ​២០១៥ វេលា​ម៉ោង ៦​ព្រឹក មាន​កុមារ​ឈឺ​ធ្ងន់​ចំនួន ១.០៧១​នាក់ និង​ស្ត្រី​ឆ្លង​ទន្លេ​រួច​ចំនួន ១៨៨​នាក់ កំពុង​សម្រាក​ក្នុង​មន្ទីរ​គន្ធបុប្ផា។

​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា លោក​វេជ្ជបណ្ឌិត ប៊េត រីច្ឆនឺរ បាន​សរសេរ​លិខិត​សំណូមពរ​ជា​សាធារណៈ​មួយ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ទៅ​កាន់​សហគមន៍​អឺរ៉ុប ដោយ​លោក​ស្នើ​ឱ្យ​សហគមន៍​អឺរ៉ុប​ផ្ដល់​ជំនួយ ៥០% នៃ​ជំនួយ​សរុប​ដែល​សហគមន៍​អឺរ៉ុប​គ្រោង​នឹង​ផ្ដល់​ដល់​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការ​អភិវឌ្ឍ។ តាម​គេហទំព័រ​សហគមន៍​អឺរ៉ុប​បង្ហាញ​ថា សហគមន៍​អឺរ៉ុប​បាន​ផ្ដល់​ជំនួយ​ចំនួន ៤១០​លាន​អឺរ៉ូ ដែល​ស្នើ​ប្រមាណ​ជាង ៥០០​លាន​ដុល្លារ​អាមេរិក សម្រាប់​ឆ្នាំ​២០១៤-​២០២០។

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ និយាយ​ថា លោក​មិន​ដឹង​ពី​ចំនួន​ថវិកា​សម្រាប់​គាំទ្រ​វិស័យ​សុខាភិបាល​នោះ​ឡើយ។ យ៉ាង​ណា​ក៏ដោយ បើ​តាម​មន្ត្រី​ម្នាក់​ក្នុង​ក្រសួង​សុខាភិបាល ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​អះអាង​ថា ក្នុង​មួយ​ឆ្នាំៗ​ក្រសួង​សុខាភិបាល​មាន​លុយ​ជាង ១៦០​លាន​ដុល្លារ​ដើម្បី​ទ្រទ្រង់​វិស័យ​នេះ។

រាជរដ្ឋាភិបាល​កម្ពុជា ចូលរួម​ផ្ដល់​ថវិកា​ចំនួន ៣​លាន​ដុល្លារ និង​រដ្ឋាភិបាល​ស្វីស ៤​លាន​ដុល្លារ​ប៉ុណ្ណោះ ក្នុង​មួយ​ឆ្នាំ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា។ ទន្ទឹម​នឹង​នេះ​ដែរ ៨៥% នៃ​ថវិកា​ប្រចាំ​ឆ្នាំ​គឺ​បាន​មក​ពី​អំណោយ​សប្បុរសធម៌​របស់​ប្រជាជន​ស្វីស តាម​រយៈ​ការ​លេង​វីយោឡុង របស់​លោក​វេជ្ជបណ្ឌិត ប៊េត រីច្ឆនឺរ។

ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា លោក​វេជ្ជបណ្ឌិត ប៊េត រីច្ឆនឺរ បាន​ទទួល​ដល់​រដ្ឋាភិបាល​កម្ពុជា រដ្ឋាភិបាល​ស្វីស និង​សហគមន៍​សូម​ឱ្យ​ផ្ដល់​ជំនួយ​ជា​ចាំបាច់​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា សម្រាប់​ការ​ព្យាបាល​រយៈពេល ១០​ឆ្នាំ​ទៅ​មុខ​ទៀត។ បើ​ពុំ​នោះ​សោត​ទេ មន្ទីរពេទ្យ​មួយ​នេះ​នឹង​បាត់បង់​វត្តមាន​ពី​ទឹក​ដី​កម្ពុជា នៅ​ពេល​ខាង​មុខ​ឆាប់ៗ​នេះ​ជាក់​ជា​មិន​ខាន។

មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុង​ឆ្នាំ​២០១៥ មាន​លុយ​ចំនួន ៤៥​លាន​ដុល្លារ​អាមេរិក​សម្រាប់​ផ្គត់ផ្គង់​ការ​ព្យាបាល។ មន្ទីរពេទ្យ​គន្ធបុប្ផា មាន​បុគ្គលិក​ទាំង​អស់ ២.៥០០​នាក់។ បុគ្គលិក​ម្នាក់ៗ​មិន​អាច​មាន​សិទ្ធិ​ធ្វើ​កន្លែង​នៅ​មន្ទីរពេទ្យ​ផ្សេង​នោះ​ឡើយ។

ប្រជាពលរដ្ឋ​កម្ពុជា ទទូច​​ដល់​រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​គិតគូរ​ឡើង​វិញ​នូវ​ជំនួយ ៣​លាន​ដុល្លារ​ដែល​បាន​ផ្ដល់​ជូន​មន្ទីរពេទ្យ​នេះ។ ដោយ​ពលរដ្ឋ​ស្នើ​ឱ្យ​បង្កើន​ការ​ជួយ​ឱ្យ​បាន​ច្រើន​ជាង​នេះ។

ប្រជាពលរដ្ឋ​និយាយ​ថា ស្រុក​ខ្មែរ​អ្នក​ខ្លះ​ជិះ​រហូត​ដល់​ទិញ​រថយន្ត រ៉ល រ៉យ និង ប៊ី.អឹម.ដាប់ប៊ែលយូ (Rolls Royce and BMW) និង​មាន​ឧកញ៉ា​ជាង ៧០០​នាក់។ ពលរដ្ឋ​និយាយ​ថា បើ​ឧកញ៉ា​ម្នាក់ៗ​ផ្ដល់​លុយ​ត្រឹម ២០០​ដុល្លារ​ក្នុង​១​ខែ ក៏​អាច​ចូលរួម​សម្រាល​ការ​ចំណាយ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ខ្លះ​ដែរ។ ប៉ុន្តែ​ផ្ទុយ​មក​វិញ ម្នាក់​ចាយ​លុយ​រាប់​រយ​ដុល្លារ​ក្នុង​មួយ​ថ្ងៃៗ ដើម្បី​ផឹក​ស៊ី ចិញ្ចឹម​ស្រី​ក្មេង ខណៈ​រូប​លោក​វេជ្ជបណ្ឌិត ប៊េត រីច្ឆនឺរ កំពុង​ព្យាយាម​រក​ប្រាក់​ដោយ​លំបាក ដើម្បី​ជួយ​ព្យាបាល​កុមារ និង​ស្ត្រី​មាន​ផ្ទៃ​ពោះ​ដែល​ជា​អ្នក​ជំងឺ​ក្រក្រី​រាប់​រយ​នាក់​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

2 Responses to "ពលរដ្ឋ៖ មន្ទីរពេទ្យ​គន្ធបុប្ផា​គឺ​ជា​មន្ទីរពេទ្យ​ទេវតា"

  1. mahakmas says:

    ខ្ញុំមើលមួយចំនុចនៅខាងមុខមន្ទីរពេទ្យគន្ធាមិនមានកន្លែងជម្រកភ្លៀងនិងកំដៅថ្ងៃ

  2. Bol says:

    រឿងនេះ ក៏សុំរាជរដ្ឋាភិបាលមើលផង។ យើងដូចជាពុំគួរចាំបាច់នាំគ្រូពេទ្យស្ម័គ្រចិត្តដើរតាមភូមិ បង្ហាញរាងអីទេ ។ វាមិនបានសន្លឹកឆ្នោត ទេ!
    ពេទ្យស្ម័គ្រចិតទៅមូលដ្ឋាន ដូចយល់សប្តិ អញ្ចឹង។
    រឿងត្រូវធ្វើ គឺ មណ្ឌលសុខភាពត្រូវតែជាមណ្ឌលដែលមានសមត្ថភាពគ្រប់គ្រាន់ទាំងគុណភាព និងឆន្ទៈរបស់គ្រូពេទ្យ ត្រូវមានឧសថគ្រប់គ្រាន់ និងមានគុណភាព និងព្យាបាលក្នុងតម្លៃមួយសមស្របទៅ គឺកុំព្យាបាលក្នុងគោលនយោបាយមិនយកប្រាក់ នោះ។ វាមិនបានប្រយោជន៍ទេ។
    ឯពេទ្យគន្ធបុប្ផានេះ តើបើលោករិច្ឆន័រស្លាប់ទៅ វានឹងក្លាយជាអ្វី?
    រាជរដ្ឋាភិបាលគួរតែចំណាយថវិកា នៅគ្រាដំបូងឆ្នាំ ២០១៦ នេះ ឲ្យបាន ៥០% ទៅ ហើយទុក ៥០% សម្រាប់មនុស្សធម៌។
    បើមន្ទីរពេទ្យទាំងអស់ក្នុងកម្ពុជាធ្វើមិនបានទេ ក៏គួរតែធ្វើពេទ្យនេះមួយឲ្យល្អទៅ!
    យើងព្រួយណាស់ ព្រួយខ្លាចលោករិច្ឆន័រ ស្លាប់ណាស់!