ពលរដ្ឋ​ជនជាតិ​ភាគ​តិច​ស្នើ​ដក​អភិបាល​ខេត្ត

ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ចូលរួម​ក្នុង​ពិធី​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​កាលពី​ថ្ងៃ​ម្សិលមិញ​។ រូបថត សហការី

ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ចូលរួម​ក្នុង​ពិធី​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​កាលពី​ថ្ងៃ​ម្សិលមិញ​។ រូបថត សហការី



ភ្នំពេញប៉ុស្តិ៍

មណ្ឌលគិរីៈ ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​រាប់​រយ​នាក់​គ្រោង​នឹង​ដាក់​ពាក្យ​បណ្តឹង​និង​ញត្តិ​ទៅ​រដ្ឋសភា និង​ក្រសួង​ដើម្បី​ទាមទារ​ឲ្យ​ដក​តំណែង​អភិបាល​ខេត្ត​មណ្ឌលគិរី​លោក​ អេង ប៊ុនហ៊ាង បន្ទាប់ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទៅ​រារាំង និង​គំរាម​កំហែង​ចាប់​ខ្លួន​តំណាង​របស់​ពួកគេ​ម្នាក់​រឿង​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគតិច​ពិភព​លោក​។

ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​រាប់​រយ​នាក់​ក្នុង​ខេត្ត​មណ្ឌលគិរី​បាន​នាំ​គ្នា​កាប់​មាន់ ជ្រូក ៤ ក្បាល និង​​ក្របី ១ ក្បាល​ដើម្បី​ធ្វើ​ពិធី​សែន​ព្រេន​តាម​ប្រពៃណី​នៅក្នុង​ទិវា​ជនជាតិ​ដើម​ភាគតិច​អន្តរជាតិ​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នៅ​ភូមិ​ពូតាង ឃុំ​ពូជ្រៃ ស្រុក​ពេជ្រាដា។ ប៉ុន្តែ​អាជ្ញាធរ​មាន​សមត្ថកិច្ច​រួមមាន​នគរបាល អាវុធហត្ថ និង​ទាហាន​ប្រមាណ​ជា ២០ នាក់​បាន​ទៅ​រារាំង​ពួក​គាត់​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា​មិន​ឲ្យ​សង់​រោង​កាលពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​ដោយ​លើក​ហេតុផល​ថា​គ្មាន​ច្បាប់​អនុញ្ញាត។
ប្រជាសហគមន៍ និង​អង្គការ​សិទ្ធិ​មនុស្ស​បាន​អះអាង​ថា​ក្រៅពី​ការ​រារាំង​ក្រុម​សមត្ថកិច្ច​ក៏​បាន​គំរាម​ចាប់​ខ្លួន​លោក​ ក្រើង តុលា ​អាយុ ២៥ ឆ្នាំ​ជា​តំណាង​របស់​ពួកគេ​ផង​ដែរ​។

លោក​ ក្រើង តុលា បញ្ជាក់​ថា៖ «មេ​ប៉ុស្តិ៍​ពូជ្រៃ​ធ្វើ​តាម​ការ​បង្គាប់​បញ្ជា​របស់​អភិបាល​ខេត្ត​មិន​ឲ្យ​យើង​ធ្វើ​រោង​ទេ។​គាត់​ថា​បើ​សិន​ជា​នៅតែ​សាងសង់​រោង ឬ​ហែក្បួន​គេ​នឹង​ឲ្យ​កម្លាំង​ចាត់​វិធានការ​ចាប់​តំណាង​គឺ​រូប​ខ្ញុំ​នេះ»។

តាម​គម្រោង​ប្រជាសហគមន៍​ចង់​ធ្វើ​ពិធី​នោះ​រហូត​ដល់​ជាង​ ១០ ម៉ោង​ឯ​នោះ​ដោយ​រួមមាន​តាំង​ការ​ដើរ​ហែ​ក្បួន​ជាង​កន្លះ​គីឡូម៉ែត្រ​ការ​តាំង​ពិព័រណ៍ និង​ការ​សម្ដែង​សិល្បៈ​ជនជាតិ​ដើម​ភាគតិច​ជាដើម។ ប៉ុន្តែ​ដោយ​មាន​ការ​អុកឡុក​ពី​មន្ត្រី​មាន​សមត្ថកិច្ច​ទើប​ពួកគាត់​ជាង ៤០០ នាក់​បាន​សម្រេច​ធ្វើ​ក្រោម​កម្ដៅ​ថ្ងៃ និង​ភ្លៀង​ធ្លាក់​តែ​ជាង​ ៣ ម៉ោង​វិញ។

លោក​ថ្លែង​ថា៖ «យើង​ចង់​ធ្វើ​រហូត​ដល់​ម៉ោង ៩ យប់​ឯនោះ​តែ​វា​រអាក់រអួល​ខ្លាំង​ណាស់​ក៏​កាត់​ហែ​ក្បួន និង​តាំង​ពិព័រណ៍​ចោល​ដោយសារ​អាជ្ញាធរ​មាន​ការ​រារាំង និង​គំរាមកំហែង​ខ្លាំង។ ខ្ញុំ​អត់​ភ័យខ្លាច​ទេ​គឺ​យើង​ខំ​ធ្វើ​ហាល​ថ្ងៃ​ និង​ចុង​បញ្ចប់​កណ្តាល​ភ្លៀង»។

លោក​ឲ្យ​ដឹង​ថា​ពួកគាត់​បាន​ជូន​ដំណឹង​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ពី​ការ​ប្រារព្ធ​ទិវា​នោះ។ ប៉ុន្តែ​អាជ្ញាធរ​បាន​ទាមទារ​ឲ្យ​មាន​ការ​អនុញ្ញាត និង​លិខិត​ស្នាម​ចេញ​ពី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ក្នុង​ឆ្នាំ​ ២០១៥ ​នេះ​ថែម​ទៀត​ដោយ​មិន​ទទួល​យក​​លិខិត​អនុញ្ញាត​ចេញ​កាលពី​ពេល​កន្លង​មក​នោះ​ទេ​។ ការ​រារាំង និង​គំរាមកំហែង​នេះ​បាន​ធ្វើឲ្យ​អ្នក​ភូមិ​មួយ​ចំនួន​ធ្លាក់​ទឹកចិត្ត និង​ភ័យខ្លាច​មិន​ហ៊ាន​ចូលរួម​នោះ​ទេ។ តំណាង​ពលរដ្ឋ​រូប​នេះ​បាន​ថ្លែង​ថា​ឆ្លើយតប​ទៅ​នឹង​ការ​រឹតបន្ដឹង​លើ​សិទ្ធិ​ពួកគាត់​នោះ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ប្រជាពលរដ្ឋ​នឹង​ដាក់​ពាក្យ​បណ្តឹង និង​ធ្វើ​ញត្តិ​ដើម្បី​ទាមទារ​ឲ្យ​លោក​អភិបាល​ខេត្ត​ចុះ​ចេញ​ពី​តំណែង។

លោក​ថា៖ «គឺ​លោក​អភិបាល​ខេត្ត​បាន​រំលោភ​សិទ្ធិ​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​អន្តរជាតិ ៩ សីហា។ ប្រជាពលរដ្ឋ​នឹង​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​អភិបាល​ខេត្ត​ទៅ​តុលាការ​ដាក់​ញត្តិ​ទៅ​រដ្ឋសភា ក្រសួង និង​តំណាង​អង្គការ​សហប្រជាជាតិ​ឲ្យ​ចុះចេញ​ពី​តំណែង។ បើ​មិន​ចុះចេញ​ទេ​លិទ្ធិ​ប្រជាធិបតេយ្យ​នៅ​មណ្ឌលគិរី​ទាំង​មូល​ និង​ធ្លាក់​ចុះ​ហើយ»។

លោក​ សុក រដ្ឋា ​អ្នក​សម្របសម្រួល​​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ខេត្ត​មណ្ឌលគិរី​​បាន​បាន​ចាត់ទុក​ការ​រារាំង និង​គំរាម​ចាប់​ខ្លួន​នេះ​ថា​ជា​ការ​អនុវត្ត​ខុស​នីតិវិធី​ទាំង​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ និង​ជា​ការ​បំបាក់​ស្មារតី​សហគមន៍។

លោក​ថា៖ «ពលរដ្ឋ​រក្សា​ភាព​អហិង្សា​ដោយ​ហ៊ាន​លើក​ឡើង​ពី​បញ្ហា​ដីធ្លី​ដែល​ពួកគាត់​កំពុង​ជួប​ប្រទះ​ផង​តែ​នៅ​រឹតបន្ដឹង​ជា​ខ្លាំង។ អាជ្ញាធរ​មិន​យល់​ពី​ច្បាប់​ជាតិ អន្តរជាតិ និង​កតិកា​សញ្ញា​អន្តរជាតិ។ នេះ​ជា​ទង្វើ​ម្តង​ហើយ​ម្តង​ទៀត​ដើម្បី​គំរាម​សកម្មជន​ការពារ​សិទ្ធ​មនុស្ស ឬ​សហគមន៍​ដែល​ក្លាហាន»​។

ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​ទាក់ទង​លោក​អភិបាល​ខេត្ត​ អេង ប៊ុនហេង ​ដើម្បី​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ។ ដោយឡែក​លោក​អភិបាល​រង​ខេត្ត​​ យឹម លុច និង​លោក​ នួន សារ៉ន ​អភិបាល​ស្រុក​ពេជ្រដា​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​ទាក់ទង​ទៅ​នឹង​ករណី​នេះ។ លោក​ ត្រាង ធឿន ​នាយ​ប៉ុស្តិ៍​ពូជ្រៃ​បាន​បញ្ជាក់​ដោយ​ខ្លី​ថា​លោក​គ្មាន​សិទ្ធិ​សម្រេច​ការ​រារាំង​នោះ​ដោយ​ខ្លួនឯង​នោះ​ទេ។ ដោយឡែក​ចំពោះ​លោក​ កីង សេង ​អនុប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​មណ្ឌលគិរី​បាន​មាន​ប្រសាសន៍​ថា​រដ្ឋាភិបាល​មាន​គោលការណ៍​ឲ្យ​មាន​ការ​ប្រារព្ធ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​អន្តរជាតិ។ ប៉ុន្តែ​ការ​ប្រារព្ធ​នោះ​ត្រូវ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មិនមែន​ត្រឹម​តែ​ជូន​ដំណឹង​នោះ​ទេ។

ការ​គោរព​ទិវា​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​អន្តរជាតិ ៩ ​នេះ​ក៏​មាន​​ធ្វើ​ឡើង​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ដូចជា​ខេត្ត​រតនគិរី ស្ទឹងត្រែង និង​ព្រះវិហារ​ជាដើម​។ ប៉ុន្តែ​មិន​មាន​ការ​រារាំង​ទេ។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ក្នុង​ខេត្ត​មណ្ឌលគិរី ជាង ៩០ ភូមិ​ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ផង​ដែរ​ពី​ថ្ងៃ​ម្សិលមិញ។ សេចក្តី​ថ្លែងការណ៍​មាន ៧ ​ទំព័រ​បាន​បញ្ជាក់​ថា៖ «សហគមន៍​ជនជាតិ​ដើម​កំពុង​តែ​រង​ការ​គំរាមកំហែង​ដោយ​ដី​សម្បទាន​សេដ្ឋកិច្ច សង្គមកិច្ច សម្បទានរ៉ែ ការ​ចុះ បញ្ជីដី ជា​ឯកជន ការ​ហូរចូល​ជន​ចំណាកស្រុក ការ​បំផ្លាញ​ព្រៃឈើ និង​ការ​បាត់បង់​មុខរបរ ប្រពៃណី និង ដី​សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ និង​ការ​រើសអើង​ជាដើម»។

ពួកគាត់​បាន​ថ្លែង​ក្តីបារម្ភ​ខ្លាច​បាត់បង់​ជនជាតិ​ដើម​ភាគតិច​ពី​ពិភពលោក​នេះ​នៅពេល​ដ៏ខ្លី​ខាង​មុខ​នេះ​ហើយ​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​រាល់​សកម្មភាព​ទាំងឡាយ​ណា​ដែល​ប៉ះពាល់ ឬ​ផ្ទុយ​ពី​ឆន្ទៈ​របស់​ពួកគាត់​ជាដើម៕


What Next?

Recent Articles

2 Responses to "ពលរដ្ឋ​ជនជាតិ​ភាគ​តិច​ស្នើ​ដក​អភិបាល​ខេត្ត"

  1. ហា ហា ហា សួរស្តី ពួកអាផ្កាប់មុខ cnrp យ៉ាងម៉េចហើយ បែកគ្នាប៉ុន្មានឆ្នាំ តើសល់ពីងាប់ប៉ុន្មាន ជាប់គុកបុ៉ន្មាន រត់ចោលស្រុកបុ៉ន្មាន នៅចាំអញអត់ អញគឺ th អ្នកខ្លាំង អ្នកមែន អ្នកឃ្លាំមើលកំណែទំរង់រដ្ឋាភិបាលអាណត្តិទី5 បាត់អញមួយរយ:នេះ ដោយជាប់លេងហ្វេសបុកវើយ បើអាណាខ្លាំងមកជួបគ្នាតាមង្វេសបុកវិញ ហា ហា ហា

  2. Konkhmrr says:

    If you’re that brave, please give your real name and address so that I go there and see your face to face! I don’t think you can do that lol!