ដោយ៖ ឡាយ សាមាន | ថ្ងៃចន្ទ ទី10 សីហា 2015, 05:34 PM
http://vodhotnews.com
អនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង និងអនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ជួបគ្នានៅល្ងាចនេះ (រូបថតដោយ ទេព សូនី)
អនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង និងអនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នៅវេលាម៉ោងជិត៥ល្ងាច ថ្ងៃចន្ទនេះ បានជួបគ្នាតាមការគ្រោងទុក ដើម្បីដោះស្រាយបញ្ហានយោបាយដែលកើតឡើងនាពេលចុងក្រោយនេះ។
ភាគីខាងគណបក្សប្រជាជនកម្ពុជាមាន៣រូប គឺលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក កើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌។ ចំណែកខាងគណបក្សសង្រ្គោះជាតិ មានលោក កឹម សុខា លោក ប៉ុល ហំម និងលោក អេង ឆៃអ៊ាង។
ជំនួបនេះធ្វើឡើងស្របពេលមានការឃុំខ្លួនសកម្មជនគណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធនឹងកុបកម្មនៅក្បែរទីលានប្រជាធិបតេយ្យកាលពីខែកក្កដា ឆ្នាំ២០១៤ ដែលរហូតមកដល់ពេលនេះមាន១៤នាក់ហើយ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក អ៊ូ ច័ន្ទឫទ្ធិ ធ្លាប់ប្រាប់វីអូឌី(VOD)ថាជារឿងធម្មតាតំណាងរាស្ត្រក្រុមភាគតិចនិងតំណាងរាស្ត្រមតិភាគច្រើនតែងតែជួបគ្នា ដើម្បីដោះស្រាយបញ្ហាផ្សេងៗនាពេលកន្លងមក ។ យ៉ាងណាក៏ដោយលោកបញ្ជាក់ថា ក្នុងជំនួបនោះលោកកឹម សុខា អាចនឹងជជែកពីការវិវត្តនយោបាយនាពេលបច្ចុប្បន្នផងដែរ។ ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថាការឃុំខ្លួនសកម្មជនគណបក្សសង្រ្គោះជាតិជាចំណាត់ការផ្លូវច្បាប់របស់តុលាការ ហើយមិនពាក់ព័ន្ធនឹងគណបក្សប្រជាជនកម្ពុជាឡើយ៕

សរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
សូមអបអរសាទរ និងគាំទ្រការជួបពិភាក្សា