ដោយ៖ ឡាយ សាមាន និងអុិត សូធឿត | ថ្ងៃអង្គារ ទី11 សីហា 2015
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ អះអាងថា នឹងធ្វើវិសោធនកម្មច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ប្រសិនបើច្បាប់នោះអនុវត្តទៅ មានការប៉ះពាល់ដល់សិទ្ធិសេរីភាព និងប្រយោជន៍របស់ប្រជាពលរដ្ឋ។
ការអះអាងនេះ បន្ទាប់ពីជំនួបរវាងអនុប្រធានគណបក្សប្រជាជនកម្ពុជាលោក ស ខេង និងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីល្ងាចថ្ងៃចន្ទ ដើម្បីដោះស្រាយបញ្ហានយោបាយដែលកើតឡើងនាពេលចុងក្រោយនេះ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្រោយជំនួបនោះ រដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក សក់ សេដ្ឋា ដែលចូលរួមក្នុងកិច្ចប្រជុំនោះ ឲ្យដឹងថា គណបក្សទាំងពីរបានព្រមព្រៀងគ្នាថា នីតិវិធីនៃការបង្កើតច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល នឹងនៅតែបន្ត ដោយបច្ចុប្បន្ន ច្បាប់នេះកំពុងស្ថិតនៅដំណាក់កាលនៃការពិនិត្យមើលធម្មនុញ្ញភាពពីក្រុមប្រឹក្សាធម្មនុញ្ញ។ ទោះយ៉ាងណាលោកថា គណបក្សទាំងពីរបានព្រមព្រៀងគ្នាថា នឹងធ្វើវិសោធនកម្ម ប្រសិនបើច្បាប់នោះអនុវត្តទៅ មានការប៉ះពាល់លើសិទ្ធិ និងផលប្រយោជន៍របស់ពលរដ្ឋ។
លោក សក់ សេដ្ឋា បញ្ជាក់ថា “នៅពេលដែលអនុវត្ត ប្រសិនណាបើមានការប៉ះពារទៅលើសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ គណបក្សទាំងពីរបានព្រមព្រៀងគ្នាថា នឹងពិនិត្យមើលបញ្ហាដែលមានផលប៉ះពាល់ទាំងនោះ ហើយនឹងធ្វើវិសោធនកម្ម”។
ជាមួយគ្នានេះដែរ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ក៏អះអាងដូចគ្នាទៅនឹងប្រសាសន៍របស់លោក សក់ សេដ្ឋា ផងដែរ ដោយលោកបន្ថែមថា ច្បាប់នេះមិនមែនពិបាកដូចវៃអាគារដែលសង់រួចហើយនោះទេ។ លោកមានប្រសាសន៍ថា៖ “ច្បាប់វាមិនមែនដូចអគារវិមានទេ វិមានបើកាលណាសង់ហើយ បើយើងវ៉ៃវាខូច ច្បាប់បើកាលណាចូលជាធរមានហើយក៏ដោយ គេអនុវត្តទៅ ដូចនិយាយចឹង ព្រោះច្បាប់មនុស្សអ្នកធ្វើតើ មនុស្សអ្នកកែតើ ហ្នឹងហើយ ប៉ុន្តែគេមានស្មារតីវិជ្ជមានល្អហ្នឹង បានន័យថាទាំងខាងគណបក្សប្រជាជន ទាំងខាងគណបក្សសង្គ្រោះជាតិយល់ឃើញថា យើងអាចធ្វើវិសោធនកម្មបាន នៅក្នុងករណីនៃការអនុវត្តទៅ វាមានភាពប្រទាំងប្រទើស វាប៉ះពាល់សិទ្ធិចាំយើង [ពិនិត្យមើល] ត្រង់ចំណុចហ្នឹង”។
ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក នី ចរិយា យល់ថា គណបក្សទាំងពីរគួរតែពិចារណាឡើងវិញ ធ្វើការកែសម្រួលខ្លឹមសារនៃច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ឲ្យហើយ មុនពេលដែលច្បាប់នោះចូលជាធរមាន។ លោកសង្កត់ធ្ងន់ថា នៅពេលច្បាប់នោះចូលជាធរមាន វានឹងធ្វើឲ្យប្រទេសកម្ពុជាមានការរំលោភសិទ្ធិមនុស្សរួចទៅហើយ ហើយវាក៏ពិបាកធ្វើវិសោធកម្មច្បាប់ផងដែរ។
លោកមានប្រសាសន៍ថា៖ “រឿងជំនឿខ្ញុំមិនសម្ដៅត្រង់ថា មានជំនឿឬមិនមានជំនឿទេ ប៉ុន្តែខ្ញុំចង់និយាយថា នីតិវិធីគួរតែធ្វើមុន ប្រសើរជាងយើងឲ្យមានកំហុសហើយចាំយើងធ្វើ។ ទោះបីជាមានជំនឿថា គណបក្សទាំងពីរនឹងធ្វើវិសោធនកម្មក៏ដោយ ក៏ប៉ុន្តែវាហួសពេលទៅហើយ ព្រោះថា ទម្រាំយើងទៅធ្វើវិសោធនកម្ម ធ្វើឲ្យប្រទេសយើងគេចាត់ទុកថា ជាប្រទេសមួយដែលរំលោភសិទ្ធិមនុស្សទៅហើយ។ អ៊ីចឹង បើយើងដឹងថា ច្បាប់ហ្នឹងវារំលោភសិទ្ធិមនុស្សហើយ យើងកែវាឲ្យហើយទៅ មុនពេលដែលប្រទេសយើងក្លាយទៅជាប្រទេសមួយដែលមានការរំលោភសិទ្ធិមនុស្សដោយសារច្បាប់NGOហ្នឹង”។
ទោះជាយ៉ាងណាលោក នី ចរិយា អះអាងថា ទោះបីជាច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលចូលជាធរមានក៏ដោយ សង្គមស៊ីវិលនឹងមិនអនុវត្តតាមច្បាប់នោះទេ គឺអនុវត្តតាមអ្វីដែលមានចែងក្នុងច្បាប់អន្តរជាតិស្តីពីសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋប៉ុណ្ណោះ។
អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ លោក ព្រហ្ម ញាណវិចិត្រ ប្រាប់វីអូឌី(VOD)ថា ក្រុមប្រឹក្សាធម្មនុញ្ញបានអញ្ជើញតំណាងរដ្ឋាភិបាលឲ្យចូលទៅបកស្រាយលើច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនៅព្រឹកថ្ងៃទី១១ ខែសីហានេះ។ លោកបន្តថា ចំណែកក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលមានលោក សុន ឆ័យ ផងដែរ នឹងត្រូវបានអញ្ជើញទៅបំភ្លឺពីចំណុចជំទាស់នៅព្រឹកថ្ងៃទី១២ ខែសីហា មុននឹងក្រុមប្រឹក្សាសម្រេចពីធម្មនុញ្ញភាពនៃច្បាប់នេះ។
លោក ព្រហ្ម ញាណវិចិត្រ ឲ្យដឹងដែរថា ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ចប្រជុំពេញអង្គមួយនៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ដើម្បីពិនិត្យ និងសម្រេចពីធម្មនុញ្ញភាពនៃសេចក្តីព្រាងច្បាប់នេះ។ លោកបញ្ជាក់បន្ថែមថា ប្រសិនបើសេចក្តីព្រាងច្បាប់នេះស្របនឹងរដ្ឋធម្មនុញ្ញ ក្រុមប្រឹក្សានឹងបន្តនីតិវិធីទៅព្រះមហាក្សត្រ៕ ឡាយ សមាន
សរសេរមកលោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
I do not believe them when this law is in affect it will be very hard to remove. at first why they wanted to have that new NGO law. it have to be some intention to limit those organization of doing their work freely. we have to understand that all those organization they work on behalf of people . some thing that they see unusual in society like, corruption, human right, some problem that people face whit urbanity from the rich and government official. all this none profit organization are working to improving people every day life. they are the born that stuck in their through. because they can not doing what they want to all those people . as we know people was only the bate for the leader and the wealthy individual . that why this new law have been shaking to all the world organization. because they knew all about Cambodia the country of wonder.