គ.ជ.ប​ ធានា​សម្រួល​ឲ្យ​ជន​ពិការ​ចូលរួម​ការ​បោះឆ្នោត​ដោយ​ពេញលេញ

ដោយ ថា កិត្យា
2015-08-11
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

សិក្ខាសាលា​ជន​ពិការ ៦២០
ជន​ពិការ​ដោយ​គ​ថ្លង់ និង​អវយវៈ​ផ្សេង​ចូលរួម​សិក្ខាសាលា​ថ្នាក់​ជាតិ នា​រាជធានី​ភ្នំពេញ នៅ​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៥។ RFA/Sireymuny


គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ធានា​ថា នឹង​ជួយ​សម្រួល​អោយ​ជន​ពិការ​អាច​ចូល​រួម​ការ​បោះ​ឆ្នោត​ដោយ​ពេញលេញ។ អង្គការ​ជន​ពិការ​កម្ពុជា រក​ឃើញ​ថា ជន​ពិការ​នៅ​តែ​ជួប​ប្រទះ​បញ្ហា​ប្រឈម​មុខ​ជា​ច្រើន​ក្នុង​ពេល​បោះ​ឆ្នោត​ម្តងៗ ដែល​ទាមទារ​អោយ គ.ជ.ប. យក​ចិត្ត​ទុក​ដាក់​បន្ថែម​លើ​បញ្ហា​នេះ។

មន្ត្រី​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ហង្ស ពុទ្ធា អះអាង​ថា គ.ជ.ប បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​បញ្ហា​ជន​ពិការ​ក្នុង​ន័យ​គាំទ្រ​អោយ​មាន​ការ​ចូល​រួម​សកម្មភាព​នយោបាយ ហើយ​ធានា​ថា គ.ជ.ប នឹង​បញ្ចូល​គោលនយោបាយ​ជន​ពិការ​ខ្លះ​ទៅ​ក្នុង​ច្បាប់​បោះ​ឆ្នោត​ថ្មី ដើម្បី​អោយ​ជន​ពិការ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ដោយ​ស្មើភាព៖ «»។

ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​បញ្ចប់​សិក្ខាសាលា​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​អំពី​ការ​ដាក់​បញ្ចូល​ជន​ពិការ​ក្នុង​ដំណើរការ​បោះ​ឆ្នោត កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​សីហា នៅ​មជ្ឈមណ្ឌល​សហព័ន្ធ​កិច្ច​ឯកភាព​គ្រិស្តបរិស័ទ ក្នុង​ក្រុង​ភ្នំពេញ ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​ជន​ពិការ​កម្ពុជា (អ.ព.ក) នោះ លោក ហង្ស ពុទ្ធា បាន​បន្ថែម​ថា ដើម្បី​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ​គ្រប់​ប្រភេទ​ចូល​រួម​ការ​បោះ​ឆ្នោត​ដោយ​ពេញលេញ​នោះ គឺ​ត្រូវ​ការ​ពេលវេលា​ច្រើន ជាពិសេស​ទាមទារ​ការ​ចូល​រួម​គាំទ្រ​ពី​រដ្ឋាភិបាល និង​គណបក្ស​នយោបាយ​ទៀត​ផង។

នាយក​ប្រតិបត្តិ​អង្គការ​ជន​ពិការ​កម្ពុជា លោក ងិន សៅរ័ត្ន គាំទ្រ​ចំពោះ​ការ​តាំង​ចិត្ត​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ​របស់ គ.ជ.ប នៅ​ពេល​នេះ ប៉ុន្តែ​អង្គការ​ជន​ពិការ​កម្ពុជា នៅ​មិន​ទាន់​ជឿជាក់​ទាំង​ស្រុង​នោះ​ទេ ហើយ​នឹង​ឃ្លាំ​មើល​ថា តើ​ការ​អនុវត្ត​បាន​ដល់​កម្រិត​ណា៖ «»។

កន្លង​មក នៅ​ពេល​បោះឆ្នោត​ម្តងៗ ជន​ពិការ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន មាន​ដូចជា​ការិយាល័យ​បោះ​ឆ្នោត​នៅ​ឆ្ងាយ មិន​មាន​ជម្រាល និង​មិន​មាន​និមិត្តសញ្ញា​សំគាល់ ពិបាក​លើ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​អាជ្ញាធរ ការ​ផ្សព្វផ្សាយ​មិន​មាន​អក្សរ​ស្ទាប និង​ភាសា​សញ្ញា​សម្រាប់​ជន​ពិការ គ​ថ្លង់ និង​ងងឹត​ភ្នែក។ ក្រៅ​ពី​នេះ កង្វះ​ការ​គាំទ្រ​ពី​សង្គម និង​គ្រួសារ ក៏​ជា​បញ្ហា​ប្រឈម​ដែរ ព្រោះ​សាធារណជន​ទូទៅ​នៅ​តែ​គិត​ថា ជន​ពិការ​មាន​ចំនួន​តិច ដូច្នេះ​សំឡេង​របស់​ពួកគេ​មិន​មាន​ឥទ្ធិពល​ដល់​ការ​បោះ​ឆ្នោត ហើយ​ពេល​ខ្លះ​ទៀត ជន​ពិការ​មិន​យល់​អំពី​តម្លៃ​នៃ​ការ​បោះ​ឆ្នោត។

ធនាគារ​ពិភពលោក (World Bank) និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បង្ហាញ​ថា ទិន្នន័យ​ជន​ពិការ​នៅ​កម្ពុជា បច្ចុប្បន្ន មាន ១០ ទៅ ១៥​ភាគរយ​នៃ​ប្រជាជន​សរុប ប៉ុន្តែ​រដ្ឋាភិបាល​អះអាង​ថា តួលេខ​ជន​ពិការ​បច្ចុប្បន្ន​មាន ២,១​ភាគរយ ស្មើ​ប្រមាណ​ជាង ៣៣​ម៉ឺន​នៃ​ប្រជាជន​សរុប។

ទន្ទឹមគ្នា​នេះ​ដែរ នាយក​ប្រតិបត្តិ​អង្គការ​ជន​ពិការ​កម្ពុជា លោក ងិន សៅរ័ត្ន បន្ត​ថា អង្គការ​ជន​ពិការ​កម្ពុជា ក៏​នឹង​ព្យាយាម​បញ្ចុះ​បញ្ចូល​ឲ្យ គ.ជ.ប យល់​ព្រម​បញ្ចូល​គោលនយោបាយ​បញ្ជ្រាប​បញ្ហា​ជន​ពិការ​ទៅ​ក្នុង​ច្បាប់​បោះ​ឆ្នោត​ថ្មី ដើម្បី​ផ្ដល់​សិទ្ធិ​អំណាច​អោយ​ជន​ពិការ​ចូលរួម​ក្នុង​ឆាក​នយោបាយ​ដោយ​ស្មើភាព៖ «»។

ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ កន្លង​ទៅ ពុំ​មាន​ទិន្នន័យ​ណា​មួយ​បញ្ជាក់​បាន​ទេ​ថា តើ​មាន​ជន​ពិការ​ប៉ុន្មាន​នាក់​បាន​បោះ​ឆ្នោត។ ប៉ុន្តែ​អង្គការ​ជន​ពិការ​កម្ពុជា អះអាង​ថា មាន​ជន​ពិការ​ជាង ២​ពាន់​នាក់ ដែល​បាន​ចូល​រួម​បោះឆ្នោត ហើយ​នៅ​អាណត្តិ​ទី​៦ ក្រោយ​នេះ អង្គការ​ជន​ពិការ​កម្ពុជា នឹង​ជំរុញ​អោយ​ជន​ពិការ​ចូលរួម​បោះ​ឆ្នោត​អោយ​បាន ៣​ម៉ឺន​នាក់។

​សិក្ខាសាលា​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​អំពី​ការ​ដាក់​បញ្ចូល​ជន​ពិការ​ក្នុង​ដំណើរការ​បោះ​ឆ្នោត​នៅ​ព្រឹក​ថ្ងៃ​ទី​១០ សីហា នេះ គឺ​ធ្វើ​ឡើង​ក្នុង​បំណង​ចង់​អោយ គ.ជ.ប ពិចារណា​លើ​គោល​ប្រតិបត្តិ​ល្អៗ​ពី​បណ្ដា​ប្រទេស​ដទៃ​ទៀត​ក្នុង​ការ​ជួយ​ជន​ពិការ និង​ផ្សព្វផ្សាយ​អំពី​សារសំខាន់​នៃ​សន្លឹក​ឆ្នោត​របស់​ជន​ពិការ ព្រម​ទាំង​ចង់​ឃើញ​មាន​ទិន្នន័យ​ជន​ពិការ​ពិតប្រាកដ​នៅ​ពេល​ចុះ​ឈ្មោះ​បោះ​ឆ្នោត ថា​តើ​មាន​ជន​ពិការ​ប៉ុន្មាន​នាក់​បាន​ទៅ​បោះ​ឆ្នោត។

​ច្បាប់​ស្ដីពី​កិច្ច​ការពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ ចែង​ថា ជន​ពិការ​ទាំង​អស់​ត្រូវ​បាន​ធានា​ការ​ចូល​រួម​ក្នុង​វិស័យ​នយោបាយ ប៉ុន្តែ​ក្នុង​មាត្រា​ខ្លះ​នៃ​ច្បាប់​បោះ​ឆ្នោត​ថ្មី មាន​ការ​រើសអើង​ចំពោះ​ជន​ពិការ ដូចជា​ប្រើ​ពាក្យ​ជន​វិកល​ចរិត​មិន​អាច​បោះឆ្នោត​បាន ដែល​មិន​បញ្ជាក់​ថា តើ​ជន​ពិការ​វិកល​ចរិត​នោះ ស្ថិត​ក្នុង​កម្រិត​ណា។

ដោយ​ឡែក​អនុសញ្ញា​ស្ដីពី​សិទ្ធិ​ជន​ពិការ​មាត្រា​២៩ បាន​ចែង​ថា ការ​ចូល​រួម​របស់​ជន​ពិការ​ត្រូវ​តែ​ធានា​ថា គ្មាន​ការ​រើសអើង។ ទោះ​បី​ជា​បែប​នេះ​ក្តី ជន​ពិការ​នៅ​កម្ពុជា នៅ​តែ​រង​ការ​រើសអើង​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

One Response to "គ.ជ.ប​ ធានា​សម្រួល​ឲ្យ​ជន​ពិការ​ចូលរួម​ការ​បោះឆ្នោត​ដោយ​ពេញលេញ"

  1. Judge says:

    Anyway that handicap can fulfil is welcomed.
    That’s prove maturity and independence of an organization. Thanks to new NEC.
    Samneang