ម៉ៅ ស៊ី​ណាត ឲ្យ​កូនទៅ​អាមេរិកតា​មប្ដី​ក្រោយ​លែង​គ្នា​

ដោយ៖​ វង្ស សុម៉ាលីន​ | ថ្ងៃអង្គារ ទី11 សីហា 2015, 07:56 AM​
http://vodhotnews.com


អ្នកនាង ម៉ៅ ស៊ីណាត កាល​ពី​កន្លង​ទៅ (រូបភាព៖ វង្ស សុម៉ាលីន​)


​ខុស​ពី​តារា​សិល្បៈការិនី​ភាគច្រើន ដែល​ក្រោយ​លែងលះ​រមែង​តោងទាម​យក​កូន ឲ្យ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់ខ្លួន អ្នកនាង ម៉ៅ ស៊ី​ណាត បែរជា​បាន​ប្រគល់​កូនប្រុស​ឲ្យ​ប្ដី ដោយ​សូម្បី​តែ​លោក កា សាវុធ ជា​អតីត​ស្វាមី​មិនបាន​ប្ដឹង​យក​កូន​ទៅវិញ​។ អ្វី​ដែល​គួរឲ្យភ្ញាក់ផ្អើល អ្នក​នាង​បាន​ទាំង​ជំរុញ​ឲ្យ​កូន​ចេញ​ទៅ​រស់នៅ​តាម​អតីត​ស្វាមី​នៅលើ​ទឹកដី​សហរដ្ឋអាមេរិក​ក្នុង​ពេល​ដ៏​ខ្លី​ថែមទៀត​ផង​។ 

​តារាចម្រៀង​សំឡេង​ស្រដៀង ប៉ែន រ៉​ន វ័យ​៣៥​ឆ្នាំ​រូប​នេះ​និយាយថា ភាពចម្រូងចម្រាស់រ​វា​ង​អ្នកនាង និង​មេធាវី​លោក កា សាវុធ ជា​ស្វាមី បាន​កើតមានឡើង​ប្រមាណ​ពីរ​បី​ឆ្នាំ​មកហើយ ដោយ​គ្រាន់តែ​ស្ថានភាព​ប្រេះឆា​គឺ​ទើបតែ​កើត​ឡើង​ខ្លាំង ក្នុង​ពេល​បុន្មាន​ខែ​ចុង​ក្រោយ​។ អ្នក​ទាំង​ពីរ​បាន​ចែក​ផ្លូវ​គ្នា ដោយ​អ្នកនាង​ចុះចេញ​ពី​ផ្ទះ​វីឡា​ស្កឹមស្កៃ​ដែល​ធ្លាប់​រួម​រស់នៅ​ម្ដុំ​Camko City  កាលពី​ពេល​ថ្មីៗ​។ អ្នកនាង​ប្រាប់ថា កូនប្រុស​របស់​ខ្លួន​មិន​បាន​ចុះ​តាម​អ្នកនាង​នោះទេ  ដោយ​នៅ​បន្ត​រស់នៅ​ជាមួយ​លោក កា សាវុធ អតីត​ស្វាមី​ជាធម្មតា បើទោះជា​ស្វាមី​មិន​បាន​គំរាម​ប្ដឹង​យក​កូន​ផ្ដាច់មុខ​។​

​អ្នកនាង ម៉ៅ ស៊ី​ណាត និយាយថា «​ឥឡូវ​ខ្ញុំ​ចេញពីផ្ទះ​វីឡា​ហ្នឹង​មក​នៅ​ផ្ទះ​ផ្សេង​ហើយ ចំណែក​កូន​គឺ​នៅ​ជាមួយ​គាត់​(​អតីត​ស្វាមី​)​។ រវាង​ខ្ញុំ និង​គាត់​អត់​មាន​ប្ដឹងផ្ដល់​អី​ទេ ព្រោះ​កាល​នៅ​ជុំ​គ្នា​យើង​អត់​ដែល​នឹកនា​ធ្វើ​អេតាស៊ី​វិល ខ្ញុំ​គិត​ថា​បញ្ហា​ដែល​យើង​បែក​គ្នា​គឺ​រឿង​អស់​និស្ស័យ​តែម្ដង​»​។ អ្នកនាង​ថា មិន​មាន​ចម្រូងចម្រាស់​រឿង​ទ្រព្យ​ជា​មួយ​ស្វាមី​នោះ​ទេ ដោយ​សូម្បី​រឿង​កូន ក៏​គ្មាន​រឿង​ប្រទាញប្រទង់​គ្នា​ដែរ​មក​ទល់​នៅផ្ទះ​រៀងខ្លួន​នេះ​។ អ្នកនាង​ប្រាប់ថា ខ្លួន​មិន​បាន​ធ្វើ​ដូច​អ្នកនាង ឈួន សុវណ្ណ​ឆៃ អ្នកនាង​យ៉ាន លីន​ដា ឬ​អ្នកនាង​ម៉េង កែវពេជ្ជតា កាលពី​ពេល​លែង​ប្ដី​នោះ​ទេ ដោយសារ​តែ​អ្នកនាង​យល់ច្បាស់​ពី​ស្ថានភាព​របស់​កូន និង​លទ្ធភាព​របស់​ខ្លួន​។ អ្នកនាង​ថា មានតែ​ជំរុញ​ឲ្យ​កូន​ចេញ​ទៅ​រស់នៅ​អាមេរិក​តាម​លោក កា សាវុធ ដែល​នឹង​ចាកចេញ​ពី​កម្ពុជា ទៅ​កសាង​ជីវិត​ថ្មី​នៅ​ទីនោះ ក្នុង​ពេល​ដ៏​ខ្លី​នោះ​ផង​។​

អ្នក​នាង ម៉ៅ ស៊ីណាន និង​ស្វាមី​ កាល​ពី​នៅរួមរស់​ជាមួយ​គ្នា​ (រូបភាព៖ វង្ស សុម៉ាលីន​)


​អ្នកនាង​និយាយថា «​ក្រោយពេល​បែក​គ្នា គាត់​(​អតីត​ស្វាមី​) នឹង​ទៅ​នៅ​អាមេរិក ហើយ​ខ្ញុំ​បាន​សុំ​ឲ្យ​គាត់​យក​កូន​ទៅ​ជាមួយ​ដែរ ព្រោះ​ខ្ញុំ​ចង់ឲ្យ​កូន​បាន​ទៅ​រៀន​នៅ​ទីនោះ ខ្ញុំ​អត់ឲ្យ​កូន​នៅ​ស្រុក​ខ្មែរ វេទនា​ដូច​ខ្ញុំ​ពី​មុន​ទេ​»​។  អ្នកនាង​ប្រាប់ថា ជីវិត​ក្រលំបាក​កាលពី​អតីតកាល មុន​ក្លាយ​ជា​តារា​សិល្បៈ និង​មុន​ជួប​លោក កា សាវុធ គឺជា​អ្វី​ដែល​អ្នកនាង​ត្រូវ​បញ្ចៀស​ដាច់ខាត មិន​ឲ្យ​កូន​រស់នៅ​ក្រោម​បន្ទុក​របស់​ខ្លួន និង​សុខចិត្ត​លះបង់​កូនប្រុស​ឲ្យ​រស់នៅ​ឆ្ងាយ​ពី​ខ្លួន​។ អ្នកនាង​ពោលថា «​ម៉ៅ ស៊ី​ណាត ធ្លាប់​ដើរ​បេះ​ស្លឹក​អំពិល បេះ​ព្រលិត​ដើរ​លក់​ឆ្អែត​ហើយ គឺ​អត់ឲ្យ​អ្នកណា​សរសើរថា​ខ្ញុំ​សុខចិត្ត​យក​កូន​អី​ទេ សំខាន់ឲ្យ​គាត់​(​អតីត​ស្វាមី​) នៅ​ស្រឡាញ់​កូន ចង់​ជ្រោមជ្រែង​កូន ឲ្យ​គាត់​យក​ទៅ ខ្ញុំ​នឹង​ជំរុញ ព្រោះ​ខ្ញុំ​ដឹងថា​កូន​ទៅតាម​គាត់​ទើប​មាន​អនាគត​វែងឆ្ងាយ ខ្ញុំ​អត់​យក​បញ្ហា​លែងលះ​មក​បង្អាក់​គោលដៅ​របស់​កូន​ទេ​»​។​

​អ្នកនាង​អះអាងថា មកទល់ពេលនេះ កូនប្រុស​របស់​អ្នកនាង នៅតែ​បាន​ឡើង​ចុះ​មក​លេង​អ្នកនាង​ជាធម្មតា បើ​ទោះ​មិន​បាន​នៅ​គេង​ឱប​ទ្រូង​ដូច​កាលពី​មុន​។​
​អ្នកនាង ម៉ៅ ស៊ី​ណាត បដិសេធ​បើក​កកាយ​រឿង​ទំនាស់​ដែល​បណ្ដាល​ឲ្យ​អ្នកនាង និង​លោក​មេធាវី កា សាវុធ ឈាន​ដល់​រឿង​បែក​គ្នា បន្ទាប់​ពី​រួមរស់​ដោយ​គ្មាន​ចំណងអាពាហ៍ពិពាហ៍​កាលពីដើមឆ្នាំ​២០០០​។  អ្នកនាង​ប្រាប់ថា បញ្ហា​ស្វាមី​មាន​ថ្មី ឬ​អ្នកនាង​មាន​អ្នក​ទី​៣ មិនមែន​ជា​ដើមចម​នោះទេ អ្វី​ដែល​សំខាន់​គឺ​ផ្នត់គំនិត​ចាប់ផ្ដើម​មិន​ចុះសម្រុង​គ្នា​ប៉ុណ្ណោះ ដែល​និយាយ​ឲ្យ​ខ្លី​គឺ​អ្នកនាង​យល់ថា ជា​រឿង​អស់​និស្ស័យ​ច្រើនជាង​។ អ្នកនាង​អះអាងថា នៅតែមាន​អារម្មណ៍​សប្បាយចិត្ត​ធម្មតា ដោយ​មិន​បាន​កើតទុក្ខ​ស្មុគស្មាញ​នោះទេ បន្ទាប់​ពី​ឈានដល់​បែក​គ្នា​ជាមួយ​ស្វាមី​ជា​មន្ត្រី​សម្បូរ​ទ្រព្យ​នេះ ជាក់ស្ដែង​អ្នកនាង​ថា ទើប​នឹង​បាន​ទៅ​កែទម្រង់​មុខ​ឲ្យក្លាយ​ជា​អក្សរ V  នៅ ហាង​ល្បី​របស់​កូរ៉េ​នៅ​ភ្នំពេញ​ទៀត​ផង​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ​។

​អ្នកនាង​និយាយថា «​សម្រាប់​ខ្ញុំ​របស់​ដែល​បាត់​ហើយ ខ្ញុំ​អត់​យំ​អត់​ស្រែក​អី​ទេ គឺ​ធម្មតា​ព្រោះ​ធ្វើ​ម៉េច​វា​ជា​វាសនា បើ​ខ្ញុំ​កើតទុក្ខ ឬ​ស្មុគ​ចិត្ត  ខ្ញុំ​អត់​សារភាពឲ្យ​ដឹង​រឿង​គ្នា និង​មិន​ទៅ​ចំណាយលុយ​ម៉ា​សន្ធឹក​ទៅធ្វើ​មុខ​ឲ្យចេញ​វី​អញ្ចឹងទេ ព្រោះ​ខ្ញុំ​អត់​យក​រឿង​ហ្នឹង​មក​គិត​»​។ អ្នកនាង​ថា នឹង​ឡើង​បង្ហើរ​សំនៀង​យក​ប្រាក់​ចិញ្ចឹម​ខ្លួន ប៉ុន្តែ​ស្ថានភាព​ឡើង​ឆាក គឺ​លុះត្រាតែ​មុខ​បាត់​ហើម បន្ទាប់​ពី​កែ​ជា​ទម្រង់​អក្សរ​វី​នេះ​សិន ទើប​អាច​បង្ហាញ​ខ្លួន​។​

​នេះ​ជា​គូស្នេហ៍​របស់​តារា​សិល្បៈ​មួយគូ​ថ្មីទៀត ដែល​បាន​បែក​គ្នា បន្ទាប់​ពី​អ្នកនាង ម៉េង កែវពេជ្ជតា អ្នកនាង​ឈួន សុវណ្ណ​ឆៃ អ្នកនាង​យ៉ាន លីន​ដា និង​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ដែល​​បាន​ចែក​ផ្លូវ​ជាមួយ​ស្វាមី​​គ្នា​ធ្វើឲ្យ​កក្រើក​ពិភព​សិល្បៈ​៕ 

សូម​សរសេរ​មក​លោក វង្ស សុ​ម៉ា​លីន តាម​រយៈ vongsomalin@yahoo.com

What Next?

Recent Articles

One Response to "ម៉ៅ ស៊ី​ណាត ឲ្យ​កូនទៅ​អាមេរិកតា​មប្ដី​ក្រោយ​លែង​គ្នា​"

  1. Bol says:

    ស្តាយណាស់ចំណាយពេលអស់១៥ ឆ្នាំ !