ដោយ ម៉ែន សុធីរ
2015-08-11
RFA

ឈើលេខមួយប្រភេទសុក្រំ ដែលមន្ត្រីរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ចាប់ពីឈ្មួញ និងរក្សាទុកនៅវត្តពោធិ៍ការាម ហៅវត្តក្បាលរមាស ភូមិក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីខែឧសភា ឆ្នាំ២០១៥។ រូបភាពសហគមន៍
សហគមន៍ឃុំក្បាលរមាស ខេត្តស្ទឹងត្រែង បារម្ភពីសិប្បកម្មកែច្នៃឈើប្រណិតនៅក្នុងមូលដ្ឋានឃុំក្បាលរមាស កំពុងដំណើរការយ៉ាងអនាធិបតេយ្យពុំមានការទប់ស្កាត់។ ការបារម្ភនេះ គឺនៅបន្ទាប់ពីឈើប្រណិតជាង ១ម៉ែត្រគូប ត្រូវបានមន្ត្រីជំនាញបង្ក្រាបពីក្រុមឈ្មួញយកមកផ្ញើទុកនៅវត្តក្បាលរមាស កំពុងបាត់បង់ជាបណ្ដើរៗដោយមិនដឹងមូលហេតុ។
សហគមន៍ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅថ្ងៃទី១០ សីហា អំពាវនាវឲ្យក្រសួងកសិកម្ម ស៊ើបអង្កេតពីភាពមិនប្រក្រតីធ្ងន់ធ្ងរនៃការបាត់បង់ឈើប្រណិតជាច្រើនម៉ែត្រគូប ដែលមន្ត្រីរដ្ឋបាលព្រៃឈើបង្ក្រាបកាលពីខែឧសភា ហើយយកមកផ្ញើនៅវត្តពោធិ៍ការាម ហៅវត្តក្បាលរមាស បន្ទាប់ពីការបង្ក្រាបកាលពីខែឧសភា ឆ្នាំ២០១៥។
សហគមន៍ចាត់ទុកហេតុផលនៃការបាត់ឈើប្រណិតនេះ ជាចេតនាឃុបឃិតរបស់ឈ្មួញ និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ រហូតដល់មានរោងសិប្បកម្មថ្មីមួយទៀតនៅក្នុងភូមិក្បាលរមាស ដែលកំពុងដំណើរការសព្វថ្ងៃ។
សមាជិកសហគមន៍ឃុំក្បាលរមាស លោក ស្រ៊ុន ស្រៀន បារម្ភថា ការបង្កើតឲ្យមានសិប្បកម្មឈើប្រណិតនៅមូលដ្ឋាន គឺជាឧបសគ្គចម្បងបង្កឲ្យព្រៃសហគមន៍ជនជាតិដើមភាគតិច ដែលនៅសេសសល់ចុងក្រោយជាង ៦ពាន់ហិកតារ នៅឃុំក្បាលរមាស នឹងត្រូវបាត់បង់។ លោកបន្តថា បច្ចុប្បន្នឈើប្រណិតដែលមន្ត្រីជំនាញបង្ក្រាបពីក្រុមឈ្មួញកាលពីខែឧសភា ប្រហែលជាង ១០០ម៉ែត្រគូប រក្សាទុកនៅក្នុងបរិវេណវត្តក្បាលរមាស កំពុងបាត់បង់ជាបណ្ដើរ ហើយឈើទាំងនោះក៏ពុំឃើញមានមន្ត្រីជំនាញរឹបអូសយកទៅទុកក្នុងស្នាក់ការរដ្ឋបាលព្រៃឈើឡើយ។ អ្នកភូមិដាក់ការសង្ស័យថា ឈើដែលមន្ត្រីជំនាញរដ្ឋបាលព្រៃឈើបង្ក្រាបបានទាំងនោះ អាចក្រុមឈ្មួញសម្របសម្រួលជាមួយមន្ត្រីរដ្ឋបាលព្រៃឈើវិញ៖ «ចាប់ឈើ ហើយយកមកដាក់ចោលនៅវត្ត បើកឈ្មោះអ្នកប្ដឹង ដើម្បីឲ្យប្រជាពលរដ្ឋឈ្លោះគ្នានៅក្នុងភូមិ។ ឥឡូវហ្នឹងបង្កើតសិប្បកម្មធ្វើដោយខ្លួនឯងកាប់ឈើអស់អារលីង នៅក្នុងភូមិកាន់តែកាប់បន្ថែមទៀត ព្រៃសហគមន៍ដែលគេទុកជាព្រៃជំនឿ ព្រៃអភិរក្ស គឺអត់មាន ពួកវាលួចកាប់បណ្ដើរៗថែមទៀតឥឡូវ»។
ឆ្លើយតបការចោទប្រកាន់នេះ សង្កាត់រដ្ឋបាលព្រៃឈើឃុំក្បាលរមាស លោក ទិត វី មិនផ្តល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី ទេនៅថ្ងៃទី១០ សីហា ដោយលោកថាកំពុងជាប់រវល់។
មេឃុំក្បាលរមាស លោក មឿន សម្បត្តិ ឲ្យដឹងនៅថ្ងៃទី១០ សីហា ថា លោកពុំទាន់ទទួលព័ត៌មាន និងសេចក្តីរាយការណ៍ពីការបាត់បង់ឈើ ដែលមន្ត្រីរដ្ឋបាលព្រៃឈើបង្ក្រាបបាន និងករណីមានសិប្បកម្មកែច្នៃឈើប្រណិតនៅមូលដ្ឋាននៅឡើយទេ ក៏ប៉ុន្តែលោកបញ្ជាក់ថា កន្លងមកការបង្កើតឲ្យមានសិប្បកម្មតាមមូលដ្ឋាន អាស្រ័យលើការសម្រេចចិត្តរបស់ពលរដ្ឋទៅវិញទេ ព្រោះការបង្កើតឲ្យមានសិប្បកម្ម គឺអាចរកចំណូលដល់អ្នកភូមិ ត្បិតនៅតំបន់នោះក៏ជាផ្នែកមួយនៃឈើដែលយកមកពីតំបន់ផ្ទៃអាងទំនប់វារីអគ្គិសនីសេសានក្រោម២ និងនៅតំបន់ព្រៃគ្រោងនឹងលិចទឹក ប្រសិនទំនប់បើកឲ្យដំណើរការ៖ «យើងយោគយល់ដែរថា ភូមិហ្នឹងទឹកលិចពីរឆ្នាំជាប់គ្នាហើយ ស្បៀងក៏គាត់មិនសូវបានគ្រប់គ្រាន់ដែរ ឲ្យតែគាត់ចេះធ្វើម៉េចដោះស្រាយឲ្យតែបានសុខ កុំឲ្យមានបញ្ហា»។
កាលពីខែមិថុនា ឆ្នាំ២០១៥ សហគមន៍ឃុំក្បាលរមាស ជាង ៣០នាក់ បានផ្ដិតមេដៃដើម្បីរកកិច្ចអន្តរាគមន៍ពីសមាគមអាដហុក (adhoc) ខេត្តស្ទឹងត្រែង ទាក់ទិនការគំរាមសម្លាប់សហគមន៍ការពារព្រៃឈើ ពីឈ្មួញម្ចាស់សិប្បកម្មកែច្នៃឈើប្រណិតក្នុងភូមិក្បាលរមាស។ ដោយឡែកមន្ត្រីអាដហុក ក៏ធ្លាប់អន្តរាគមន៍ទៅមន្ត្រីជំនាញ ដើម្បីស៊ើបអង្កេតពីហេតុផលដែលនាំឲ្យមានការគំរាមសម្លាប់នេះ តែរហូតមកដល់បច្ចុប្បន្ន ករណីគំរាមសម្លាប់នេះ សមត្ថកិច្ចមិនទាន់ចាប់ជនប្រព្រឹត្តិបាននៅឡើយទេ។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើនៃសមាគមអាដហុក ខេត្តស្ទឹងត្រែង លោក ហូ សំអុល មានប្រសាសន៍បញ្ជាក់ថា បើមន្ត្រីជំនាញរដ្ឋបាលព្រៃឈើរឹបអូសឈើប្រណិតរាប់រយម៉ែត្រគូប ហើយបណ្តោយឲ្យឈើទាំងនោះត្រូវបាត់បង់ លោកសង្ស័យថា មន្ត្រីជំនាញរដ្ឋបាលព្រៃឈើទំនងជាឃុបឃិតជាមួយក្រុមឈ្មួញ។ លោកអំពាវនាវឲ្យក្រសួងកសិកម្ម ស៊ើបអង្កេតពីកាតព្វកិច្ចអនុវត្តការងាររបស់មន្ត្រីរដ្ឋបាលព្រៃឈើតាមមូលដ្ឋាន ដែលកំពុងរងការរិះគន់ថា មិនមានឆន្ទៈអភិរក្សព្រៃឈើ៖ «មិនមែនទុកនៅទីវត្តឲ្យគេលួចទៅវិញនោះទេ អាហ្នឹងមានន័យថា ដូចជាធ្វេសប្រហែសៗឲ្យតែគ្រប់កិច្ច ហើយចុងក្រោយ គេលួចឈើហ្នឹងអស់ដដែល»។
សហគមន៍ឲ្យដឹងថា កាលពីខែឧសភា ឆ្នាំ២០១៥ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ បានបង្ក្រាបឈើលេខ១ ប្រភេទសុក្រំ ប្រហែល ៧៧០សន្លឹក មានមុខកាត់ ៣តឹកដល់ ៥តឹក ប្រវែង ១ម៉ែត្រ ២តឹក និងយកមកទុកបណ្ដោះអាសន្ននៅក្នុងឃុំក្បាលរមាស រហូតមកដល់បច្ចុប្បន្ន ឈើទាំងនោះបានបាត់បង់បណ្ដើរៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- បញ្ហាប្រឈមរបស់សកម្មជនការពារព្រៃឡង់នៅខេត្តកំពង់ធំ
- បណ្ដាញសហគមន៍ព្រៃឡង់ចំនួន៤ខេត្តបើកយុទ្ធនាការការពារព្រៃឡង់រយៈពេល៥ថ្ងៃ
- ពលរដ្ឋខេត្តកំពង់ធំអះអាងថាការកាប់រានដីព្រៃលិចទឹកនៅតែបន្តកើតមាន
- សង្គមស៊ីវិលបារម្ភពីការឈូសឆាយកាប់ទន្ទ្រានដីព្រៃនៅតំបន់ព្រៃឡង់ខេត្តស្ទឹងត្រែង
- សហគមន៍ខេត្តរតនគិរីអះអាងថាជនជាតិវៀតណាមនៅតែបន្តចូលកាប់ឈើក្នុងដីខ្មែរ
- ឧកញ៉ាមួយរូបពាក់ព័ន្ធឈូសឆាយដីព្រៃរបស់រដ្ឋយកដីជាកម្មសិទ្ធិ
- សង្គមស៊ីវិលនិងសហគមន៍ខេត្តកំពង់ធំគ្រោងដាំកូនឈើប្រមាណ២ពាន់ដើមនៅព្រៃឡង់
- ប្រជាសហគមន៍នៅកំពង់ធំចោទមន្ត្រីជំនាញថាមិនចាត់ការបទល្មើសឈើខុសច្បាប់
- មន្ត្រីអនុរក្សឧទ្យានជាតិនៅរតនគិរីរងការចោទថាឲ្យវៀតណាមចូលកាប់ឈើនិងដាក់អន្ទាក់សត្វ
Robbery everywhere!
Community works for the country assets , but authority is the opposite.
Obviously, it’s failure of RGC. Is it incapacitated governing or systematic corruption? ??.
Samneang
សូមកុំមកប្តឹងអង្គភាពប្រឆាំងអំពើពុករលួយណា។ មិនមែនសមត្ថកិច្ចរបស់អង្គភាពនេះទេក្នុងកំឡុងពេលនេះ។
បើចង់ប្តឹងសូមប្តឹងតែរឿងណាដែលអាចរារាំងដល់ការ តាមដានកិច្ចការព្រំដែន រារាំងដល់ការដាក់ទោសមន្ត្រីធោមៗ (ធំៗ) អ្នកមានធោមៗដែលមិនលុតក្រាប …។ល។ ចាំមកប្តឹងយើងបើចង់ចាត់ការបានឆាប់