អង្គភាព​ប្រឆាំងអំពើ​ពុករលួយ​​ឲ្យ​តំណាងរាស្រ្ត​បក្ស​ប្រឆាំងបំភ្លឺរឿង​កេងប្រវ័ញ្ចលុយពេល​ចុះពិនិត្យព្រំដែន​​

ដោយ៖​ ទូច សុខា​ | ថ្ងៃអង្គារ ទី11 សីហា 2015
http://vodhotnews.com


តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក រៀល ខេមរិន្ទ្រ កាលពីកន្លងទៅ ​(រូបថត​ដោយ ​ទេព សូនី​)


អង្គភាពប្រឆាំងអំពើពុករលួយបានចេញលិខិតមួយច្បាប់​ទៅតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក រៀល ខេមរិន្ទ្រ ឲ្យបកស្រាយករណី​ការចោទប្រកាន់ថាលោកបានកេងប្រវ័ញ្ចប្រាក់មួយចំនួន ពេលរៀបចំដំណើរទៅពិនិត្យព្រំដែនកម្ពុជាវៀតណាមកាលពីកន្លងទៅ​។

លិខិតដែលចុះហត្ថលេខាដោយប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង កាលពីថ្ងៃ​ទី៣១ខែកក្កដា ឲ្យដឹងថាអង្គភាពបានទទួលពាក្យប្តឹងចំនួន៣ ដែលពាក្យបណ្តឹងទី១លើ​ទឹកប្រាក់១៥០០០ដុល្លារអាមេរិក ទីពីរទឹក​ប្រាក់២០០០០ដុល្លារ និង​ទី៣ប្រាក់២០០០០ដុល្លារ។ អង្គភាព​ប្រឆាំងអំពើ​ពុក​រលួយ​បន្ត​ថាបើតាម​ពាក្យ​ប្តឹង​ ទឹកប្រាក់ទាំងនេះ លោក រៀល ខេមរិន្ទ្រ  បានយកទៅរៀបចំដំណើរទៅមើលបង្គោល​ព្រំដែនក្នុង​ខេត្ត​ស្វាយរៀង​។ អង្គភាពបញ្ជាក់ថាតាមពាក្យប្តឹង ទឹកប្រាក់ភាគច្រើននៃថវិកាសរុប​៥៥០០០ដុល្លារនេះ​ត្រូវបានលោក រៀល ខេមរិន្រ្ទ កេងប្រវ័ញ្ចយក។

លោក ឱម យ៉ិន​ទៀង ប្រាប់​វីអូឌី(VOD)នៅថ្ងៃ​អង្គារនេះ​ថាលិខិត​នេះ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​លោក រៀល ខេមរិន្ទ្រ បំភ្លឺ​​ទាក់​ទង​នឹង​ពាក្យ​ប្តឹង​ដែលអង្គភាពទទួល​បាន។ លោកថាបើ​សិនជា​ការ​បំភ្លឺ​របស់​តំណាង​រាស្រ្ត​នេះ​មាន​​ហេតុ​ផល​ត្រឹម​ត្រូវ លោក​នឹង​ជូន​ដំណឹង​ទៅ​កាន់​អ្នក​ប្តឹង​វិញថាករណី​នេះ​មិន​ដូច​ការ​ចោទប្រ​កាន់​នោះ​ទេ​។ លោក​បន្ថែម​ថា៖ “​ខ្ញុំមាន​នីតិវិធី​សម្រាប់​ដោះ​ស្រាយ​ពាក្យបណ្តឹង បើ​គេ​ឆ្លើយមក​សម​ហេតុសមផល យើងជម្រាបទៅ​ម្ចាស់​បណ្តឹង​វិញ​ថា​អញ្ចេះៗទេ។ គេមាន​បញ្ជីស្នាម​របស់គេ ឧទាហរណ៍ ហើយ​បើ​ម្ចាស់​បណ្តឹ​ង​គេ​មាន​ស្អី​ទៀត​អាហ្នឹង​គេ​បន្តទៀត”

លោក ឱម យ៉ិន​ទៀង បញ្ជាក់​ថាអង្គភាពមាន​សមត្ថកិច្ច​ចាត់​វិធានការ​ពាក្យ​បណ្តឹង​ទាក់​ទង​នឹង​តំណាង​រាស្រ្ត​រ​បស់​គណបក្ស​សង្គ្រោះ​ជាតិ​ លោក រៀល​ខេមរិន្ទ្រ​ ដោយ​លោក​ថាការ​អនុវត្តនេះស្រប​ទៅ​តាម​ច្បាប់ប្រ​ឆាំង​​អំពើ​ពុករលួយ។ លោក​បញ្ជាក់​ថាអ្នក​ដែលទទួល​អាណត្តិ​ពី​ការ​បោះ​ឆ្នោតគឺ​ស្ថិត​ក្នុង​សមត្ថកិច្ចរបស់​​អង្គភាព។

​ច្បាប់​ប្រ​ឆាំង​អំពើ​ពុករលួយ​ចែង​ថាអង្គភាព​អាច​ដោះស្រាយ​បញ្ហាពុក​រលួយ​ទាំងឡាយណា​​ដែល​ពាក់​ព័ន្ធ​នឹង​​សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុម​ប្រឹក្សា​រាជ​ធានី ក្រុម​ប្រឹក្សា​ខេត្ត ក្រុម​ប្រឹក្សា​ក្រុង ក្រុម​ប្រឹក្សា​ស្រុក ក្រុម​ប្រឹក្សា​ខណ្ឌ និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ព្រមទាំង​ពលរដ្ឋ​ដែល​ទទួល​អាណត្តិ​សាធារណៈដោយ​ការ​បោះឆ្នោត ដើម្បី​បំពេញ​មុខងារ​សាធារណៈ​ដទៃ​ទៀត។ ​

វី​អូ​ឌី​(VOD)មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់ពី​លោក រៀល ខេមរិន្ទ្រ ដែល​​កំពុងស្នាក់​​នៅ​ក្រៅ​​ប្រទេសបាន​នៅ ឡើយទេ​។ ទោះ​យ៉ាងណា​ អ្នក​នាំ​ពាក្យគណបក្ស​សង្គ្រោះ​ជាតិ លោ អ៊ូ ច័ន្ទឫទ្ធិ មាន​ប្រ​សាសន៍​ថាគណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​បាន​ទទួល​លិខិត​នេះ​នៅ​ឡើយ។  លោកចាត់​ទុក​​​លិខិតរបស់​អង្គភាពប្រឆាំង​អំពើ​ពុករលួយមកកាន់​​​តំណាងរាស្រ្ត​ជា​រឿង​ចម្លែក​មួយ​។ លោក​បន្ថែម​ថា៖ “​អ៊ីចឹង​គេ​រៃ​អង្គាស​ធ្វើ​បុណ្យកឋិន ​ធ្វើ​អី​សព្វ​យ៉ាង តើ​អង្គភាពមាន​បាន​ពិនិត្យ​ទេ  បើ​សិន​ការ​រៃ​អង្គាសទៅ​ពិនិត្យ​ព្រំ​ដែន​​ត្រូវការ​សួរនាំ ដើម្បី​ចង់​ដឹងឬ​ធ្វើ​ការ​ចោទ​ប្រ​កាន់​នោះ​បាទ​ អ៊ីចឹង​ខ្ញុំ​យល់​ថាជារឿងមួយចម្លែក​បំផុត​ចំពោះករណីនេះ​បាទ”

​នាយក​ប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល មាន​ប្រ​សាសន៍​ថាជា​គោល​ការ​ណ៍​អង្គភាព​ប្រ​ឆាំង​អំពើ​ពុករលួយ​មាន​សមត្ថ​កិច្ច​ពិនិត្យ​លើ​ករណី​ពុករលួយ​ក្នុង​វិស័យ​រដ្ឋ​និ​ង​ឯកជនទូ​ទាំង​ប្រ​ទេស​ នៅ​ពេល​មាន​ពាក្យ​បណ្តឹងឬ​សេចក្តី​រាយ​ការណ៍ពី​អំពើ​ពុករលួយ។ លោក​បន្ថែម​ថា៖ “តែ​បើ​សិន​ជា​បទល្មើស​ហ្នឹង​ជា​បទល្មើស​ពុក​រលួយ ទោះ​បី​ជា​ក្នុង​ករណីស្ថាប័ន​ឯកជន​ក៏​ដោយ ក៏អង្គភាពអាច​ចាត់ការឬ​ស៊ើប​អង្កេត​បាន​ដែរ បើ​សិនជា​មាន​ពាក្យ​បណ្តឹង​ទៅ​អង្គភាពមានអង្គហេតុនិង​ភ័ស្តុតាង អាហ្នឹង​វា​ស្ថិត​ក្នុង​ដែន​សមត្ថ​កិច្ច​របស់​អង្គភាព​ដែរ​បាទ”

គួរបញ្ជាក់ថា លោក រៀល ខេមរិន្ទ្រ ធ្លាប់ដឹកនាំប្រជាពលរដ្ឋចុះទៅពិនិត្យមើលបង្គោលព្រំដែនលេខ២០២ និង២០៣ ក្នុងខេត្តស្វាយរៀងចំនួន២ដងរួចមកហើយ។ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២១០៥ តំណាងរាស្ត្របក្សសង្គ្រោះជាតិបានដឹកនាំប្រជាពលរដ្ឋចុះពិនិត្យព្រំដែនក្នុងខេត្តស្វាយរៀង ប៉ុន្តែការចុះត្រួតពិនិត្យ​នេះ​​បណ្តា​លឲ្យមាន​ហិង្សា ហើយប្រជាពលរដ្ឋទាំងសងខាងរងរបួស។​ កាលពីថ្ងៃ​ចន្ទ ថ្នាក់ដឹកនំាគណបក្ស​ប្រជាជនកម្ពុជា​និង​គណបក្ស​​សង្រ្គោះជាតិ​បាន​ជួប​គ្នា​ដោយ​ឯក​ភាព​​ថា​នឹង​​សហការ​គ្នា ដើម្បី​ឈាន​ទៅ​រក​ដំណោះស្រាយ​បញ្ហា​ព្រំដែនរួមគ្នា​​ជាមួយ​ប្រទេស​ជិតខាង​៕

សរសេរមកកាន់ លោក ទូច សុខា តាមរយៈsokha@vodhotnews.com

What Next?

Recent Articles

One Response to "អង្គភាព​ប្រឆាំងអំពើ​ពុករលួយ​​ឲ្យ​តំណាងរាស្រ្ត​បក្ស​ប្រឆាំងបំភ្លឺរឿង​កេងប្រវ័ញ្ចលុយពេល​ចុះពិនិត្យព្រំដែន​​"

  1. សែន សម្បូរ says:

    ហាស!ហាស!ហា ! មុករបរកសុីអត់ដើមរបស់តំណាងរាស្ត្របក្សcnrp រៀល ខេមរិន្រ្ទ រកប្រាក់បានយា៉ងច្រើនគ្រាន់តែដើរបោកសមាជិកខ្លួនបានរហូតទៅដល់ ៥,៥០០០ដុល្លា ពួកល្ងង់ cnrp ងាយស្រួលនិងបោកមែន ? គ្រាន់តែបានកំរៃភ្លាម រៀល ខេមរិន្រ្ួ ដាក់មេផាយរត់ទៅបរទេសបាត់ ដូចមេវានាយបញ្ញើក្អែក សម រង្សី ដែរ ?