​បទ​យកការណ៍​៖ គ្រួសារ​សកម្មជន ​CNRP ​ដែល​ជាប់​ពន្ធនាគារ​ទាមទារ​រក​យុត្តិធម៌​​

ដោយ៖​ ណាត សុភាព​ | ថ្ងៃអង្គារ ទី11 សីហា 2015, 05:44 PM​
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

<

សកម្មជនគណបក្សសង្រ្គោះជាតិ ​(រូបភាព​ពី​ហ្វេសប៊ុក​របស់​លោក​ សម រង្ស៊ី​)


​សកម្មជន​គណបក្ស​ប្រឆាំង​៣​នាក់​បន្ថែម​ទៀត​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន បន្ទាប់​ពី​តុលាការ​ដដែល​នេះ បាន​ផ្ដន្ទាទោស​សកម្មជន និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​១១​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ពី​៧​ឆ្នាំទៅ​២០​ឆ្នាំ​ដោយ​ចោទថា ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ជាង​មួយ​ឆ្នាំ​មុន​។​

​ឈរ​នៅ​ក្រោម​ឆ័ត្រ ខណៈ​ភ្លៀង​កំពុង​ធ្លាក់​ស្រិចៗ​ផង​នោះ អ្នកស្រី សែម វ៉ាន ត្រូវជា​ភរិយា​លោក យុន គឹម​ហួរ ដែល​ត្រូវ​ឃុំខ្លួន​បណ្តោះអាសន្ន​នោះ បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ហូរ​កាត់​លើ​ថ្ពាល់​ទាំង​គូ​ថា ស្វាមី​គាត់​ត្រូវបាន​នគរបាល​ចាប់ខ្លួន​នៅ​ម៉ោង​៧​យប់ ខណៈ​គាត់​កំពុង​រត់​ម៉ូតូឌុប នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ។ អ្នកស្រី​ថា ស្វាមី​គាត់​មិនបាន​ធ្វើ​ខុស​ដូច​ការចោទប្រកាន់​របស់​តុលាការ​ទេ ដោយ​អ្នកស្រី​អះអាងថា ស្វាមី​គាត់​ជា​មនុស្ស​ស្លូតបូត​មិន​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​ឡើយ​។ អ្នកស្រី​ថា ក្រោយពី ស្វាមី​ត្រូវបាន​ចាប់ខ្លួន គ្រួសារ​គាត់​ជួប​បញ្ហា​ប្រឈម​ច្រើន​ក្នុង​ជីវភាព​រស់នៅ​។​

​ភរិយា​សកម្មជន​គណ​បក្សប្រឆាំង​ម្នាក់​ទៀត​រស់នៅ​ស្រុក​ស្អាង ខេត្ត​កណ្តាល គឺ​អ្នកស្រី អា​ត សុធា បាន​រៀបរាប់​ប្រាប់​ទាំង​អួលដើមក​ថា ស្វាមី​គាត់​គឺ​លោក រឿន ចាន់​ត្រា ត្រូវ​អាជ្ញាធរ​ចុះ​ចាប់ខ្លួន​ក្នុងផ្ទះ​របស់​គាត់ នៅ​ម៉ោង​ជិត​៨​យប់ ថ្ងៃទី​៤ ខែ​សីហា​នេះ ដោយ​អ្នកស្រី​ថា​មិន​មាន​ដីកា​ពី​តុលាការ​នោះ​ទេ​។ អ្នកស្រី​បន្ត​ថា ក្រោយពី​ការចាប់ខ្លួន​នោះ គាត់​បាន​ទៅ​សួរ​សុខ​ទុក​ស្វាមី​នៅក្នុង​ពន្ធនាគារ​បាន​ចំនួន​ពីរដង​។ អ្នកស្រី​បញ្ជាក់ថា ស្វាមី​គាត់​បាន​ផ្តាំផ្ញើ​ទៅ​គាត់​ថា ឲ្យទៅ​រក​អង្គការ​ជួយ​គាត់​ផង ព្រោះ​គាត់​ជួប​បញ្ហា​ប្រឈម​ពី​សុខភាព និង​មាន​ការលំបាក​នៅក្នុង​ពន្ធនាគារ​។

​ស្ត្រី​មេម៉ាយ​អ្នកស្រី កែវ ម៉ា​រ៉ែ​ន រស់នៅ​សង្កាត់​បឹងកក់​២ ខ័ណ្ឌ​ទួលគក រាជធានី​ភ្នំពេញ ដែល​មានកូន​ក្នុង​បន្ទុក​៥​នាក់ បាន​រៀបរាប់​ថា កូនប្រុស​ច្បង​របស់គាត់​គឺ​លោក ទេព ណា​រិន្ទ្រ ដែល​ជា​ជំនួយការ​ផ្ទាល់​របស់​តំណាងរាស្ត្រ​ខេត្ត​ស្វាយរៀង លោក រៀល ខេ​មរិ​ន្ទ្រ នោះ ត្រូវបាន​អាជ្ញាធរ​ចាប់​យក​ទៅ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​៧​ឆ្នាំ ដោយ​អយុត្តិធម៌​។ អ្នកស្រី​អំពាវនាវ​ថ្នាក់ដឹកនាំ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​រក​យុត្តិធម៌ ព្រោះ​កូន​របស់​គាត់​មិន​ធ្វើ​ខុស​ដោយ​ការចោទប្រកាន់​នោះទេ​។​

លោក មាជ សុវណ្ណារ៉ា និង​សកម្មជន​បក្សសង្គ្រោះជាតិ​ផ្សេង​ទៀត​ចេញ​ពី​តុលាការ​ មុន​មួយ​ថ្ងៃ​នៃ​ការ​កាត់ទោស​ដាក់​ពន្ធនាគារវិញ​ (រូបភាព​៖ ទេព សូនី)

​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​លើកឡើងថា ការចាប់ខ្លួន និង​ផ្តន្ទាទោស​សកម្មជន​គណ​បក្ស​ប្រឆាំង​ជា​បន្តបន្ទាប់​នេះ​ធ្វើឡើង បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ស​មត្ថិ​ច្ច​តាម​ចាប់ខ្លួន​មនុស្ស​មួយចំនួន​ទៀត​នៅ​ដើម​ខែ​សីហា​នេះ ដែល​លោក​ចោទថា បាន​ចួលរួម​ធ្វើបាតុកម្ម​ជាមួយគណប​ក្ស​សង្គ្រោះ​ជាតិ​ហើយ​បាន​ប្រើ​ហិង្សា​លើ​អាជ្ញាធរ​។​

​ក្នុង​ជំនួប​រវាង​លោក ស ខេង និង លោក កឹម សុខា កាលពី​ថ្ងៃ​ទី​១០​ខែ​សីហា​នេះ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​លោក សក់ សេដ្ឋា មានប្រសាសន៍ថា ការចាប់ខ្លួន​សកម្មគ​ណ​បក្ស​សង្គ្រោះ​ជាតិ​គឺ​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​នោះទេ​។ ប៉ុន្តែ​លោក​បញ្ជាក់ថា ទោះជា​មាន​សម្របសម្រួល​នយោបាយ ក៏​ត្រូវ​ផ្អែកលើ​នីតិវិធី​របស់​តុលាការ​ផង​ដែរ​។ 

​ចំណែក​លោក សំ សុគ​ង់ មេធាវី​ការពារ​ក្តី​ឲ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៣​នាក់ ដែល​ទើប​ចាប់​ខ្លួន​នា​ពេល​ថ្មីៗ​នេះ  បាន​ពន្យល់​តាម​នីតិវិធី​ច្បាប់​ថា មុន​នឹង​តុលាការ​ចេញ​ដីកា​នាំ​ខ្លួន​បុគ្គល​ណាមួយ ដំបូង​តុលាការ​ត្រូវ​ចេញ​ដីកាកោះ​ដោយ​កំណត់​ពេលវេលា​ច្បាស់លាស់ ករណី​បុគ្គល​នោះ​មិន​ចូល​ទៅ​បំភ្លឺ​តាម​ការកោះហៅ​ទេ នោះ​តុលាការ​ត្រូវ​ចេញ​ដីកា​នាំ​ខ្លួន​បុគ្គល​នោះ​តែម្តង​។ ប៉ុន្តែ​លោក​ថា ករណី​កូនក្តី​របស់​លោក តុលាការ​ធ្វើ​ឡើង​ខុស​នីតិវិធី​ច្បាប់ ព្រោះ​ធ្វើ​នៅ​ម៉ោង​ជិត​១០​យប់ ដែល​ច្បាប់​កំណត់​ត្រឹម​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៦​យប់​តែ​ប៉ុណ្ណោះ​។ 

​លោក សំ សុគ​ង់ បញ្ជាក់ទៀតថា ដោយឡែក​ករណី​ជនជាប់ចោទ​១១​នាក់​ដែល​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​នោះ ក្រុម​មេធាវី​ប្តឹង​ទៅ​សាលាឧទ្ធរណ៍ ដើម្បី​សុំ​មោឃភាព​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​លោក​អះអាងថា ការសម្រេច​របស់​តុលាការ​ធ្វើ​ឡើង​ផ្ទុយ​ពី​នីតិវិធី​ច្បាប់​កំណត់​។​

​កាលពី​ថ្ងៃ​ទី​៥ ខែ​សីហា​នេះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេក្តីថ្លែងការណ៍ ដោយ​អំពាវនាវ​ឲ្យ​ដោះលែង​សកម្មជន​ខ្លួន​ដោយ​គ្មាន​លក្ខខណ្ឌ និង​ជំរុញ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បញ្ឈប់​ជាបន្ទាន់​ក្នុង​ការប្រើប្រាស់​ប្រព័ន្ធតុលាការ ដើម្បី​គំរាមកំហែង​ផ្នែក​នយោបាយ ដោយ​ចាត់ទុកថា បាន​រំលោភ​លើ​កិច្ចព្រមព្រៀង កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា​ឆ្នាំ​២០១៤ និង​បំពាន​លើ​គោលការណ៍​ប្រជាធិបតេយ្យ​។ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ដដែល​ទៀត​ថា ការចាប់ខ្លួន​នេះ​ជា​រឿង​តុលាការ​។​

​ក្រោយ​ពី​ចេញ​សេចក្តីថ្លែងការណ៍​នេះ លោក អ៊េង ឆៃអ៊ាង ក៏​បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​ជាមួយ​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា មេធាវិនឹង​រៀបចំឯ​កសារ ដើម្បី​ប្តឹងទៅ​សាលាឧទ្ធរណ៍​ជំនា​ស់នឹង​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។ លោក​បន្តថា ដោយឡែក សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៣​នាក់​ទៀត ដែល​ទើប​ឃុំ​ខ្លួន​នា​ពេល​ថ្មីៗ​នេះ ខាង​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រក​មេធាវី​បន្ថែមទៀត ដើម្បី​ការពារ​អ្នក​ទាំងនោះ​។​

​គួរបញ្ជាក់​ថា ការកាត់ទោស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នា​ពេល​ថ្មីៗ​នេះ ធ្វើឡើង​ស្របពេល​ដែល​ស្ថានភាព​នយោបាយ​ឡើង​កម្ដៅ បន្ទាប់ពី​ក្រុម​តំណាងរាស្ត្រ​បក្សប្រឆាំង​ចុះ​ពិនិត្យ​ព្រំដែន​ជាមួយ​ប្រទេស​វៀ់​ត​ណា​ម​។ ចំណាត់ការ​តក់ក្រហល់​នេះ ត្រូវបាន​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រួម​ទាំង​អ្នកវិភាគ​នយោបាយ​ផង​នោះ ចាត់ទុកថា​ជា​រឿង​នយោបាយ ដើម្បី​គំរាម​ដល់​គណបក្ស​ប្រឆាំង​កុំ​ឲ្យ​ចុះ​ពិនិត្យ​ព្រំដែន​កម្ពុជា​-​វៀតណាម​៕

សរសេរ​មក​លោក ណាត សុភាព​ តាម​រយៈ sopheap@vodhotnews.com

What Next?

Recent Articles

5 Responses to "​បទ​យកការណ៍​៖ គ្រួសារ​សកម្មជន ​CNRP ​ដែល​ជាប់​ពន្ធនាគារ​ទាមទារ​រក​យុត្តិធម៌​​"

  1. Judge says:

    Very sad to see these people arrested for the sake of political push for CPP agendas.
    Sentences are not reflecting the unclear evidence.
    Cambodian constitution is still on the shaky ground. Citizens rights is not the citizens rights.
    Only HM the king has the answer to that. HM the king is the rights protector, according to our constitution.
    Samneang

  2. បរិមី ព្រះវិហារ says:

    Very sad សី្អ បើអ្នកសប្បាយចិត្តខ្លាំងយ៉ាងនេះ មើលមុខវាសប្បាយ សើចរីករាយ បើvery sad ត្រូវផ្តល់ជូនអ្នករងគ្រោះ ដែលខ្លះធ្លាក់ខ្លួនពិការភាពជិតស្លាប់ ទៅជាអាណិតឃាតករ ហើយបែរជាស្អប់ជនរងគ្រោះ តើបេះដូងឯងសិ្ថតនៅផ្នែកខាងស្តាំនៃដើមទ្រូងទេដឹង?

  3. បរមីព្រះវិហារកាច់បំបាក់ក says:

    Nothing to say….

  4. បរិមី ព្រះវិហារ says:

    Very sad សី្អ បើអ្នកជាប់ទោសពួកវាសប្បាយចិត្តខ្លាំងយ៉ាងនេះ មើលមុខវាសប្បាយ សើចរីករាយ បើvery sad ត្រូវផ្តល់ជូនអ្នករងគ្រោះ ដែលខ្លះធ្លាក់ខ្លួនពិការភាពជិតស្លាប់ ទៅជាអាណិតឃាតករ ហើយបែរជាស្អប់ជនរងគ្រោះ តើបេះដូងឯងសិ្ថតនៅផ្នែកខាងស្តាំនៃដើមទ្រូងទេដឹង?

  5. Bol says:

    កុំិបាកចិត្តពេក ព្រោះថាលោកកឹមសុខាបានជជែកគ្នាជាមួយលោកស ខេងហើយថា រឿងនេះ ជារឿងព្រហ្មទណ្ឌមែន ដែលលោកកឹមសុខា មិនបានចូលរួមទេ ហើយ ថ្ងៃនោះមានតែលោកស្រីមួរ សុខហួរ និងក្រុមមាជ សុវណ្ណារ៉ា ជាមេក្លោង។ ដូចនេះ លោកកឹម សុខាគាត់ទទួលស្គាល់ទោសនេះ ហើយថា ជារឿងក្នុងនយោបាយរបស់CNRP តែដល់ពេលធ្វើទៅ ស្រាប់តែពួកនេះបានទៅរៀបចំផែនការវាយប្រហារវិញ។ គាត់កស្តាយដែរ។ គាត់ថា ត្រឹមតែនាំក្នាហែរក្បួន លើកបាដាបានហើយ។ តែពួកនេះ វាមិនគោរពការណែនាំ។ គាត់ថា គាត់ស្តាយណាស់ គឺគាត់អាណិតទាំងអស់គ្នា។ អាណិតអ្នកដែលត្រូវគេវាយយ៉ាងឃោរឃៅ។ អាណិតពូជខ្មែរ ដែលមិនគួរបញ្ចេញភាពសាហាវេព្រៃផ្សៃជាងសត្វព្រៃយ៉ាងនេះ និងក៏ស្តាយមិនគួរជាប់គុកសោះ!!
    តែទោះជាយ៉ាងណា ក៏កឹម សុខាគាត់ខំរកមេធាវី ក្រែងបានសម្រាលទោសហើយ។ រឿងនេះ មិនរួចពីគុកទេ តែអាចស្រាលបន្តិច ។ ឧបមា ថា កាត់ចោល ៥ ឆ្នាំ អញ្ចឹងទៅ!