ដោយ៖ ទូច សុខា | ថ្ងៃអង្គារ ទី11 សីហា 2015, 05:14 PM
http://vodhotnews.com
ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឲ្យមានការកែសម្រួលព្រំដែនរដ្ឋបាលវាងខេត្តតាកែវ ជាមួយខេត្តកំពត និងកំពង់ស្ពឺ ដោយកាត់យកផ្ទៃដីមួយចំនួនពីខេត្តកំពត និងដីមួយផ្នែកពីខេត្តកំពង់ស្ពឺមកឲ្យខេត្តតាកែវ តាមសំណើរបស់រដ្ឋាភិបាល។
ព្រះរាជក្រឹត្យចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ ព្រះមហាក្សត្រទ្រង់ត្រាស់បង្គាប់ឲ្យកាត់ដីមួយផ្នែកពីឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពតឲ្យមកឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្នុងព្រះរាជក្រឹត្យដដែល ព្រះមហាក្សត្រក៏ត្រាស់បង្គាប់ឲ្យកាត់ដីមួយផ្នែកពីឃុំស្រែចែង ស្រុកជុំគិរី និងឃុំតាកែន ស្រុកឈូក មកឲ្យឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ ព្រះមហាក្សត្រក៏បានត្រាស់បង្គាប់ឲ្យកាត់ដីមួយផ្នែកពីឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មកឲ្យឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តកែវផងដែរ។
អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ មានប្រសាសន៍ថា លោកបានឃើញព្រះរាជក្រឹត្យនេះហើយ តែលោកថា លោកមិនទាន់អាចផ្តល់ព័ត៌មានអ្វីទាក់ទងនឹងការសម្រេចនេះបាននៅឡើយទេ។ លោកបន្ថែមថា៖ “ខ្ញុំបានឃើញហើយព្រះរាជក្រឹត្យ ប៉ុន្តែខ្ញុំមិនទាន់បានអានអីលម្អិត មើលផែនទីអីច្បាស់លាស់ ចាំគេប្រជុំរវាងខេត្តទាំង៣ហ្នឹងឡើងវិញសិន …ខ្ញុំមិនទាន់អាចនិយាយបានទេ ប៉ុណ្ណឹងហើយណា”។
មេឃុំត្រពាំងក្រញូងលោក ជៀប នាង ប្រាប់វីអូឌី(VOD)ថាប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ដែលត្រូវកាត់ចេញពីឃុំដំបូករូង ស្រុកភ្នំស្រួច មកឲ្យឃុំត្រពាំងក្រញូងមានប្រហែលជា១០គ្រួសារ តែលោកថាលោកមិនដឹងច្បាស់ពីចំនួនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំស្រែចែង និងឃុំតាកែននោះទេ។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋទាំងនោះមានការពិបាកក្នុងការទទួលសេវាសាធារណៈពីខេត្តកំពតនិងកំពង់ស្ពឺ ដោយសារមានចម្ងាយឆ្ងាយ។ លោកថាប្រជាពលរដ្ឋទាំងនោះចង់មកទទួលសេវាពីខេត្តការកែវវិញ ដែលមានចម្ងាយជិតនិងងាយស្រួលជាង។ លោកបន្តថាដោយឃើញផលលំបាករបស់ប្រជាពលរដ្ឋទាំងនោះ ទើបអាជ្ញាធរមូលដ្ឋានស្នើទៅកាន់រដ្ឋាភិបាលឲ្យមានការកែសម្រួលព្រំដែនរដ្ឋបាលនេះឡើងវិញ។
លោកបន្ថែមថា៖ “ដីហ្នឹងបើកាត់ពីខេត្តកំពង់ស្ពឺមានប្រហែលជា៣៥០០ហិកតាទេ ប៉ុន្តែដីនោះយើងគ្រាន់តែកាត់ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងទេ ហើយមួយទៀតដីហ្នឹងវាមានម្ចាស់រួចស្រេចអស់ហើយ”៕
សរសេរមកកាន់លោក ទូច សុខា តាមរយៈ sokha@vodhotnews.com
that is all he can do!
ចេញរាជក្រឹត្យតែងតាំងខែត្តជារដ្ឋដូចអាមេរិចទៅប្រទេសខ្មែរនិងធំហើយ
និងក្លាយជាមហារាជាណាចក្រសហរដ្ឋកម្ពុជាបែបល្អមើលទៅ។