សមាគម​គ្រូ​បង្រៀនអំពាវនាវ​ឲ្យ​ក្រសួងដក​​សេចក្តីណែនាំ​ហាម​សកម្មភាព​នយោបាយ​​តាម​គ្រឹះស្ថាន​អប់រំ​​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃព្រហស្បតិ៍ ទី13 សីហា 2015
http://vodhotnews.com


សមាគម​គ្រូ​បង្រៀនកម្ពុជា​ឯក​រាជ្យ (CITA) បាន​អំពាវនាវ​ឲ្យ​​រដ្ឋមន្រ្តីក្រសួង​អប់រំ លោក ហង់ ជួន ណារ៉ុន លុប​ចោល​​​សេចក្តីណែនាំមួយ​ដែល​បានដាក់បម្រាមមិនឲ្យអង្គការនិង​សមាគមណាមួយ​ធ្វើសកម្មភាពនៅក្នុងគ្រឹះ​ស្ថានអប់រំ ដោយពុំមានការអនុញ្ញាតពីក្រសួងនោះ​ទេ​។

សេចក្តីណែនាំរបស់ក្រសួងអប់រំ ចុះហត្ថលេខាដោយរដ្ឋមន្រ្តី លោក ហង់ ជួន ណារ៉ុន កាលពីថ្ងៃអង្គារ ​មានខ្លឹមសារថា កន្លងមកនៅតាមគ្រឹះស្ថានសិក្សាទាំងសាធារណៈ ទាំងឯកជន មានសមាគម អង្គការ បុគ្គ​លិកអប់រំនិងគ្រូបង្រៀនជាប់កិច្ចសន្យាមួយចំនួនបានធ្វើសកម្មភាព ដែល​ក្រសួង​ចាត់​ទុកថាមិនប្រក្រតី ដោយបានផ្សព្វផ្សាយបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំរបស់​សមាគម ឬអង្គការទាំង​នោះនឹង”ឃោស​នាបំ​ផុសគំនិតឲ្យបុគ្គលិកអប់រំចូលរួមសកម្ម​ភាព​នោះ”។ ក្រសួងក៏មិនអនុញ្ញាតឲ្យធ្វើសកម្មភាពនយោបាយនិង​ការឃោសនានយោបាយ ឲ្យគណបក្សនយោបាយណាមួយនៅក្នុងគ្រឹះស្ថានសិក្សាសាធារណៈឬស្ថាប័ន​អប់រំ​ឡើយ ដែល​ស្របតាមមាត្រា៣៤នៃច្បាប់ស្តីពីការអប់រំ។

សេចក្តីថ្លែងការណ៍​របស់​សមាគម​គ្រូបង្រៀន ​ចេញផ្សាយ​កាលពីថ្ងៃ​ពុធ​ឲ្យ​ដឹង​ថា​ សេចក្តីណែនាំរបស់ក្រសួង​​អប់រំ​​ធ្វើ​ឡើង​ក្នុងគោល​បំណង​បំបិទសិទ្ធិ​សេរីភាព​របស់​គ្រូ​បង្រៀន និង​រឹតត្បិត​សេរីភាព​របស់​សមា​គម​អង្គការ​នានា ​ដែល​ធ្វើ​ការ​ការពារ​និង​លើក​ស្ទួយ​សិទ្ធិ​របស់​គ្រូ​បង្រៀន​ និង​ពង្រឹង​វិស័យ​អប់រំនៅកម្ពុជា។ សមាគម​គ្រូ​បង្រៀន​បាន​បញ្ជក់​ថា​៖ "សេចក្តីណែនាំនេះគឺ​ផ្ទុយ​ទៅ​នឹង​ច្បាប់​ទាំងស្រុង​ រួមមាន​ច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រង់មាត្រា​៤២ ​ច្បាប់ស្តី​ពី​ការអប់រំត្រង់មាត្រា​៣៧ ​និង​ច្បាប់​ស្តីពី​សហ​លក្ខន្តិកៈ​​មន្រ្តី​រា​ជ​ការ​ស៊ីវិល​ត្រង់មាត្រា​៣៦”។​

បើ​តាម​សេចក្តីថ្លែងការណ៍ កន្លងមក​​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ​កត់សម្គាល់​ឃើញ​ថា​ក្រសួងអប់រំ​ ​តែ​ង​តែ​ធ្វើ​សកម្មភាព ដើម្បី​បម្រើ​ឲ្យ​គណបក្ស​នយោបាយ​ដោយ​ផ្ទាល់​ ដូច​ជា​ការ​កៀង​គរ​លោកគ្រូ​អ្នក​គ្រូ​ឲ្យ​ចូល​​ជា​​សមាជិក​របស់គណបក្ស​ប្រជាជនកម្ពុជា​​ គ្រប់​នាយក​គ្រឹះ​ស្ថាន​សិក្សា​សុទ្ធ​តែ​តម្រូវ​ឲ្យ​មាន​តួនាទី​ក្នុង​គណបក្ស​ប្រជាជនកម្ពុជា​។ សមាគម​បន្ត​ថា​ក្រសួង​​អប់រំ​​បាន​​កៀង​គរ​សិស្ស និស្សិត ​ឲ្យ​ចូល​ជា​សមាជិក​របស់ក្រុម​យុវ​ជន​នៃ​​គ​ណបក្ស​ប្រជាជនកម្ពុជា​​ថែម​ទៀត​ផង ដូចជា​យុវជន​កាកបាទក្រហម​ យុវជន​កាយ​ឫទ្ធិ​ យុវជន​សហភាព​សហ​ព័ន្ធ​យុវជនកម្ពុជា​ជាដើម។

សេចក្តីថ្លែងការណ៍​បញ្ជាក់​បន្ថែម​ថា៖ "សមាគម​គ្រូ​បង្រៀនកម្ពុជា​ឯក​រាជ្យ​ សូមអំពាវនាវ​ឲ្យ​​លោក​រដ្ឋមន្រ្តី​ពិចារ​ណាឡើងវិញ​ និង​ត្រូវ​លុប​ចោល​នូវ​សេចក្តី​ណែនាំបែប​នេះ ដើម្បីលើក​កម្ពស់​សិទ្ធិ​សេរីភាព​របស់​គ្រូ​បង្រៀន​​នៅ​តាម​គ្រឹះ​ស្ថាន​សិក្សានានា​ ដែល​ជា​កត្តា​ដ៏សំខាន់​សម្រាប់​ការ​រីកចម្រើន​នៃ​វិស័យ​អប់រំ​នៅកម្ពុជា​យើង”។ សមាគម​បន្ត​ថា៖ "ជាង​នេះ​ទៅទៀត​ ដើម្បី​ធានា​បាន​នូវអព្យា​ក្រឹត្យ​ភាព​របស់​គ្រឹះ​ស្ថាន​សិក្សា​ ក្រសួង​​អប់រំ​ជា​ពិសេស​ថ្នាក់ដឹកនាំក្រសួង​ មន្ទីរក៏​ដូច​ជា​នាយក​សាលា​ទាំងអស់​ត្រូវ​តែ​បញ្ឈប់​នូវ​សកម្ម​ភាព​​ទាំងឡាយណា​ដែល​បម្រើ​ដល់​គណបក្ស​នយោបាយ​នៅ​តាម​គ្រឹះស្ថាន​សិក្សា​ទូទៅ”។​

ប្រធានស្តីទីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី មានប្រសាសន៍ថា​ កន្លងទៅ​រាល់​ពេល​ជិត​បោះឆ្នោត ​គណបក្សប្រជាជន​កម្ពុជា​តែងតែយកសាលារៀន ដើម្បី​ផ្សព្វផ្សាយគោលនយោបាយ​ខ្លួ​ន​បាន។

វីអូឌី(VOD)មិនទាន់​អា​ចសុំការឆ្លើយ​តប​ពី​រដ្ឋមន្រ្តីក្រសួង​អប់រំ លោក ហង់ ជួន  ណារ៉ុន បាន​នៅ​ឡើយទេ។

តំណាងសម្ព័ន្ធ​គណនេយ្យភាពសង្គមអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា លោ​កបារម្ភពីការបកស្រាយ​លើ​ពាក្យ ​”សកម្មភាព​នយោបាយ” សម្រាប់​​សង្គមស៊ីវិលដែលធ្វើសកម្មភាពនៅតាមគ្រឹះស្ថានអប់រំ។ លោកលើ​ក​ជា​ឧទាហរណ៍​ថា​ ការនិយាយរបស់សិស្ស ឬគ្រូពី​ការអប់រំមិន​មាន​គុណភាព និង​បញ្ហា​ទឹកភ្លៀង​បង្កជា​ទឹក​ជំនន់ មិនមែនមានន័យ​ថា ជាសកម្មភាពនយោ​បាយ​ដែលសេចក្តី​ណែនាំសំដៅនោះទេ។ លោកបន្ថែម​ថា ក្រសួងត្រូវតែដាក់ពិន័យចំពោះថ្នាក់ដឹកនាំគ្រឹះស្ថាន​អប់រំ​ណា​ ដែលប្រ​មូលសិស្សនិស្សិតឲ្យចូលជាសមាជិកគណបក្សនយោបាយ ឬតម្រូវឲ្យសិស្សឬគ្រូធ្វើជាសមាជិករបស់​គណ​បក្សណាមួយ។

សេចក្តីណែនាំរបស់ក្រសួងអប់រំ ក៏​​បានលើកឡើងថា ករណី​បុគ្គលិកអប់​រំណាបំពាន​ការណែនាំនេះ នឹងត្រូវពិន័យជាប្រាក់ចាប់ពី១លានរៀល ទៅ៥លានរៀល។ ចំណែក​នី​តិបុគ្គលឬអង្គភាព​នោះ​ ត្រូវពិន័យជាប្រាក់ពី១០លានរៀល ទៅ២០លានរៀល៕  

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com      

What Next?

Recent Articles

2 Responses to "សមាគម​គ្រូ​បង្រៀនអំពាវនាវ​ឲ្យ​ក្រសួងដក​​សេចក្តីណែនាំ​ហាម​សកម្មភាព​នយោបាយ​​តាម​គ្រឹះស្ថាន​អប់រំ​​"

  1. ទស្សនវិទ្យា says:

    ពួកអាឆ្កួតអស់នេះពេលណាទេីបពួកវាងាប់អស់។អាងតែច្បាប់នៅលេីដៃពួកវាចង់ហាមអ្វីក៏បានដែរ។

    រស់ដូចក្នុងគុគអត់ជព្ជាាំងអព្ចាឹងនេះមិនខុសពីសម័យខ្មែរក្រហមឡេីយ។ចុះមិនទៅហាមពួកកាប់

    បំផ្លាញ់ព្រៃឈេីដែរទៅពួកអារលាយ។គួរឲ្យចង់សេីចណាស់អ្នកបង្កេីតច្បាប់ស្រុកស្មែរគ្មានសាច់ឈាម

    ជាខ្មែរបន្តិចណាសាេះ។

  2. បរិមី ព្រះវិហារ says:

    មានកម្មវិធីប្រលងជើងឯកខាងជេរទេ? រង់ចាំទូរទស្សន៍ព្រះអាទិត្យរលូតចេញមក ប្រហែលចាប់ផ្តើមប្រកួតជេរហើយ!