
បងប្អូនបីនាក់អាយុ ១៣,១២ និង ៧ ឆ្នាំដែលត្រូវម្ដាយស្លាប់ចោល ហើយឪពុកចាកចោលទុកឲ្យកំព្រាឯកា។ រូបថត ហ្វេសប៊ុក
Thu, 13 August 2015
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
កណ្ដាល: ពាក្យចាស់មួយឃ្លាថា «ស៊ូព្រាត់បា កុំឲ្យព្រាត់មេ»។ ក្មេងប្រុសស្រីបីនាក់បងប្អូនបានក្លាយជាកូនកំព្រាគ្មានទីពឹងពំនាក់ រស់នៅក្នុងខ្ទមរហែកធ្លុះធ្លាយ ដំបូលប្រក់មេឃក្រោយពីម្តាយស្លាប់ចោល ឪពុកនៅរស់ជ្រងោៗ បែរជាចុះទៅមានប្រពន្ធថ្មី ចំណីមួយម៉ាត់ក៏មិនអើពើនឹកដល់កូនៗនៅភ្នែកខ្មៅរហង់ផង។
ឃើញតែក្នុងរូបថតក៏គួរឲ្យសង្វេគណាស់ទៅហើយ អង្គុយតម្រៀបក្បាលគ្នាដូចមុំចង្ក្រាន ភ្នែកខ្មៅក្រឡង់លែងខ្លួនទទេ បង្ហាញស្បែកឡើងពណ៌ត្នោត ក្នុងខ្ទមមើលពីម្ខាងធ្លាយទៅម្ខាង ពីរនាក់ប្រុសៗ លើកដៃសំពះសុំការសន្តោសពីអ្នកចិត្តមនុស្សធម៌ ជួយផ្ដល់ចំណីអាហារបំពេញការស្រេកឃ្លាន ខណៈប្អូនស្រីពៅ មាត់ដឹងតែពីទំពាអាហារនោះ ។
បង្ហាញពីលោក សុខ ចន្ថា ក្រុមអ្នកធ្វើមនុស្សធម៌ដែលបាននាំអំណោយទៅជួយក្មេងៗនោះផ្ទាល់ ដែលនៅក្នុងភូមិបាក់ដាវលើ ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល លោកបរិយាយថា៖ «ក្មេងៗបីនាក់បងប្អូនពិតជាគួរឲ្យអាណិតណាស់ ហើយក៏មិននឹកស្មានថា ជីវិតពួកគេដល់ថ្នាក់ហ្នឹងដែរ ខណៈដែលឮដំណឹងថា ឪពុកនៅមានជីវិតលើលោកនេះ»។
យោងតាមសម្ដីរបស់លោក ពួកគេរស់នៅក្នុងខ្ទមរហែក មើលលែងយល់ថាជាផ្ទះ។ ពេលមានភ្លៀងម្ដងៗ បើរត់ទៅជ្រកផ្ទះជិតខាងទាន់ ក៏រត់ទៅ តែបើមិនទាន់ទេក៏ឱបបងប្អូន ទ្រាំរងាដូចកូនសត្វអ៊ីចឹងទៅ។
លោក ចន្ថា ក៏បានតំណាលសម្ដីតាមក្មេងៗនិយាយថា៖ «ឪពុកខ្ញុំនៅមានជីវិត គាត់ទៅមានប្រពន្ធថ្មីពីរឆ្នាំហើយ មិនដឹងនៅណាទេ ចំណែកម្តាយខ្ញុំគាត់ស្លាប់ហើយ មុនឪខ្ញុំមានប្រពន្ធថ្មី។ គាត់មិនដែលមកមើលខ្ញុំបីនាក់បងប្អូនទេ»។
ទាំងស្តាប់ការរៀបរាប់របស់ក្មេងស្ទើរទប់ទឹកភ្នែកមិនបាននោះ លោក សុខ ចន្ថា បញ្ជាក់ឲ្យដឹងថា៖ «ក្មេងទាំងបីនាក់នេះ បងគេមានអាយុ ១៣ ឆ្នាំ ហើយបន្ទាប់មានអាយុ ១២ ឆ្នាំ ចំណែកប្អូនគេស្រីអាយុ ៧ ឆ្នាំ។ មុននេះពួកគេបានបាក់ទឹកចិត្ត មិនទៅសាលារៀនទេ បើទោះជាមានមេឃុំមេភូមិជួយឧបត្ថម្ភឲ្យទៅរៀនក្តី ប៉ុន្តែពេលនេះ ក៏មានគេជួយច្រើន គេក៏ចង់ទៅរៀន ហើយគេអះអាងថា គេនឹងរៀនឲ្យចេះមានការងារធ្វើដើម្បីចិញ្ចឹមបងប្អូន បើមានអ្នកជួយឲ្យរៀន»។
ដោយបន្ទរពាក្យចាស់ថា «ស៊ូព្រាត់បា កុំឲ្យព្រាត់មេ» នោះពិតជាត្រូវមែន លោក ចន្ថា ពោលបន្ដទៀតថា៖ «វាពិតជាកម្សត់ណាស់សម្រាប់ក្មេងៗទាំងនោះ ពេលដែលគេដឹងថា ឪពុកនៅមានជីវិត ហើយនៅមានក្តីសុខ មិននឹកនាកូនៗនោះ។ ខ្ញុំក៏ជាមនុស្សប្រុស ទោះយ៉ាងណាក៏មិនធ្វើអ៊ីចឹងដែរ»។
លោកបានប្រាប់ឲ្យដឹងថា៖ «ពេលនេះក្មេងៗទាំងនេះ បានចូលរៀនវិញហើយ ហើយក៏មានមេឃុំជាអ្នកជួយមើលការខុសត្រូវ។ សម្ភារដែលបានពីជំនួយស្ថិតនៅក្រោមការចាត់ចែងទុកដាក់ពីមេឃុំ បាក់ដាវ ទទួលមើលការខុសត្រូវ»។
ប៉ុន្តែលោកយល់ថា កុមារទាំងបីនៅមានតម្រូវការចាំបាច់ច្រើនជាងនេះ។
លោក ចន្ថា បញ្ជាក់ទៀតថា៖ «ដ្បិតបានជំនួយមែនពេលនេះ ប៉ុន្តែពួកគេក៏នៅរំពឹងលើមនុស្សធម៌បន្ថែមដែរ ព្រោះថា ពេលនេះផ្ទះគេរស់នៅនោះ មើលមិនយល់ថាជាផ្ទះ ឬរោងអ្វីទេ មើលពីម្ខាងធ្លាយទៅម្ខាង បើបងប្អូនមនុស្សធម៌ណាមានចិត្តគួរតែរួមគ្នាចម្លងសត្វលោកនេះ ឲ្យបានទ្រនំជ្រកសមរម្យជាងនេះផង។ ចំណែកខ្ញុំក៏ចាំចូលរួមបន្ដទៀតដែរ»៕

please, find 1 orgnazation to take them to live there!
That sounds pretty pity. I want to be a part of their resolution. Please let me know someone’s telephone number so that I can contact directly. My phone number 097 47 52528, 012 907 137.
Thanks
អាចរាយការណ៏មកសម្តេចក៏បានព្រោះជាខេត្តដែរសម្តេចកាន់ការងារបក្ស អាចយកមកអោយសម្តេចចិញ្ជឹមជាកូនក៏បាន មិនខ្វះបាយហូបទេ អាចមានអនាគតល្អទៀតក៏អាចថាបាន សូមជួយផ្តល់ដំណឹងទៅសម្តេចផងបងប្អូន,…
ចុះអាឪនឹងក៏ថោកជាងសត្វម៉្លេស ខ្ញុំក៏ជាប្រុស ក៏មានកូនដែរ អានេះថោកមែន រកលេខដាក់គ្មាន