ដោយ៖ ឆុង ស៊ីណាននិងសេង វណ្ណៈ | ថ្ងៃចន្ទ ទី31 សីហា 2015, 04:33 PM
http://vodhotnews.com
អនុរក្សកំណែលើមុខវិជ្ជាប្រវត្តិវិទ្យាបាននិយាយថាសិស្សប្រឡងបាក់ឌុបភាគច្រើនមិនអាចឆ្លើយត្រូវនឹងសំណួរទាក់ទងនឹង”វប្បធម៌សន្ទនា”ដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះជាតិបានបង្កើតនោះទេ។
នៅក្នុងការប្រឡងថ្នាក់ទី១២កាលពីថ្ងៃទី២៤ខែសីហា សម្រាប់មុខវិជ្ជាប្រវត្តិវិទ្យា បេក្ខជនប្រឡងតម្រូវឲ្យបកស្រាយពីតួនាទីនៃវប្បធម៌សន្ទនាក្នុងសង្គមប្រជាធិបតេយ្យ។ បើតាមកំណែប្រឡងដែលវីអូឌី(VOD)ទទួលបាននៅថ្ងៃចន្ទនេះ ចម្លើយលើសំណួរនេះអាចជាវប្បធម៌សន្ទនាបានបញ្ចៀសមុនសង្រ្គាមពាក្យសម្តីនិងទំនាស់ផ្សេងៗក្នុងសង្គម ដោះស្រាយបញ្ហាផ្សេងៗដោយសន្តិវិធី ផ្តល់នូវភាពស្មោះត្រង់និងជឿជាក់ចិត្តទៅវិញមក ជាវេទិកាជជែកដេញដោលនិងពិភាក្សាឈរលើគោលការណ៍ស្មើគ្នា ពុំមានការគំរាមកំហែងគ្នាទៅវិញទៅមក មានទំនួលខុសត្រូវលើផលប្រយោជន៍ជាតិក្នុងសង្គមប្រជាធិបតេយ្យនិងបញ្ចៀសរាល់អំពើហិង្សានិងសង្រ្គាមជាដើម។
គ្រូកំណែមុខវិជ្ជាប្រវត្តិវិទ្យាមកពីខេត្តកំពត លោក គាត ងាន់ បានប្រាប់វីអូឌី(VOD)ថាសិស្សភាគច្រើនឆ្លើយមិនត្រូវនឹងសំណួរទាក់ទងនឹងវប្បធម៌សន្ទនានេះ។ លោកបញ្ជាក់ថា៖” អាសំណួរវប្បធម៌សន្ទនាហ្នឹងភាគច្រើនសិស្សធ្វើមិនបាន ដោយសាសិស្សអត់ទាន់យល់នូវអាឃ្លាដែលគេសួរ ហើយមួយទៀតសំណួរ ហ្នឹងវានៅក្រៅមេរៀន ហើយសិស្សអត់ចេះទេភាគច្រើនធ្លាក់”។ លោកបន្តថាក្រសួងមិនគួរដាក់សំណួរទាក់ទងនឹងវប្បធម៌សន្ទនានោះទេ ព្រោះគ្រូបង្រៀនបានបង្រៀនអ្វីដែលមានតែក្នុងមេរៀនតែប៉ុណ្ណោះ។ លោកបញ្ជាក់ថា៖ ”ខ្ញុំសំណូមពរវិញចង់ឲ្យអ្នកដែលដាក់វិញ្ញាសាហ្នឹងសរសេរសំណួរចេញនៅក្នុងមេរៀន ដែលសិស្សបានរៀនអាហ្នឹងល្អ”។ លោកបន្តថាវិញ្ញាសាប្រឡងឆ្នាំនេះស្រាលជាងឆ្នំាមុន ដោយលោកមើលឃើញថាចំនួនសិស្សអាចធ្វើបានជាងឆ្នាំមុន ហើយមួយថ្នាក់មានធ្លាក់តែ២ឫ៣នាក់ប៉ុណ្ណោះ។
គ្រូកំណែមុខវិជ្ជាប្រវត្តិវិទ្យា មកពីខេត្តកំពង់ស្ពឺ អ្នកគ្រូ ឈុំ សុផា បានប្រាប់វីអូឌី(VOD)នៅថ្ងៃចន្ទនេះ
អ្នកគ្រូឲ្យដឹងទៀតថាការប្រឡងឆ្នាំនេះប្រសើរជាងឆ្នាំមុនបន្តិច ដោយថាឆ្នាំមុន ក្នុងមួយបន្ទប់រកអ្នកជាប់មួយនាក់ឬពីរនាក់សឹងមិនបាន។
រដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន ប្រាប់វីអូឌី(VOD)ថាលោកមិនទាន់ដឹងភាគរយនៃសិស្សអាចធ្វើបានឫមិនអាចធ្វើបានលើសំណួរវប្បធម៌សន្ទនានេះទេ។ លោកបន្តថាលោករង់ចាំលទ្ធផលជាមុនសិន ទើបអាចផ្តល់ជាយោបល់បាន។ រដ្ឋមន្រ្តីក្រសួងអប់រំរូបនេះធ្លាប់បានប្រាប់សារព័ត៌មានថាការសួរសំណួរទាក់ទងនឹងវប្បធម៌សន្ទនានេះ ដោយសារការបង្កើតវប្បធម៌សន្ទនាអាចជាប្រវត្តិសាស្រ្តមួយ ហើយសិស្សគួរតែរៀនអ្វីដែលបានកើតឡើងនាពេលបច្ចុប្បន្ន មិនមែនតែពេលអតីតកាលនោះទេ។
ប្រធានមជ្ឈមណ្ឌលពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង យល់ថាមូលហេតុដែលសិស្សប្រឡងថ្នាក់ទី១២ធ្វើសំណួរវប្បធម៌សន្ទនាមិនបានដោយសារកង្វះខាតក្នុងការអានព័ត៌មាននិងការរឹតត្បិតសេរីភាពក្នុងបញ្ចេញមតិយោបល់ទាក់ទងនឹងនយោបាយ។
កាលពីថ្ងៃទី១៤ខែសីហា រដ្ឋមន្រ្តីក្រសួងអប់រំបានថ្លែងក្រើនរំឭកថាគ្រូបង្រៀនមិនអាចយករឿងនយោបាយឬគណបក្សនយោបាយមកនិយាយនៅក្នុងថ្នាក់រៀននោះទេ។ លោកបានបញ្ជាក់ថា៖“តើស្អីទៅសកម្មភាពនយោបាយ? អ្វីដែលមានចែងនៅក្នុងច្បាប់អប់រំ។ យើងអត់អាចធ្វើអីលើសពីច្បាប់ទេ។ ខ្ញុំចង់និយាយពីច្បាប់អប់រំតិច សង្ខេបថានិយាយតែខ្លីទេ នៅពេលទៅបង្រៀនមិនអាចយករឿងនយោបាយមកលូកលំជាមួយការបង្រៀនសិស្សនៅក្នុងថ្នាក់”។ លោករដ្ឋមន្រ្តីក៏បានលើកជាឧទាហរណ៍នៃការបកស្រាយនេះថាគណបក្សនយោបាយណាមួយបានបញ្ជូនមនុស្សមកពេញសាលាហើយលុបចោលម៉ោងសិក្សា ដោយយកពេលនោះទៅរៀនពីគោលនយោបាយរបស់គណបក្សណាមួយ ឬក៏យកពេលបង្រៀនទៅឃោសនាឲ្យគណបក្សណាមួយ។
គួររំឭកថា កាលពីថ្ងៃទី០៨ខែឧសភា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី បានឯកភាពគ្នាលើការមិនឲ្យប្រើប្រាស់ពាក្យពេចន៍មួយចំនួន ក្នុងនោះមានពាក្យចាប់ដាក់គុក សង្គ្រាមកើតឡើង ការញុះញង់ ការលាបពណ៌ ការប្រើពាក្យអសុរោះ និងការជេរប្រមាថគ្នា ដូចជាករណីប្រើពាក្យអាក្បាលយួនខ្លួនខ្មែរ ពួកកុម្មុយនីស្តផ្តាច់ការ អាយ៉ងយួន អាក្បត់ជាតិ អាលក់ជាតិ អាមេចោរ និងអាកូនចោរជាដើម។ ថ្នាក់ដឹកនាំទាំងពីរបន្តថា ដើម្បីរក្សាវប្បធម៌សន្ទនា គណបក្សទាំងពីរត្រូវមានភាពស្មោះត្រង់ជាមួយគ្នា ដោយយកវប្បធម៌សន្ទនាធ្វើជាមូលដ្ឋានក្នុងការពិភាក្សាដោះស្រាយដោយសន្តិវិធី នូវរាល់បញ្ហាជតិ និងសង្គម ដែលភាគីទាំងពីរអាចមានទស្សនៈមិនទាន់ស្របគ្នា៕ រាយការណ៍បន្ថែមដោយលោក ស៊ុន ណារិន
សរសេរមកកាន់ លោក ឆុង ស៊ីណាន តាមរយៈChhong.sinan@yahoo.comនិងលោក សេង វណ្ណៈ តាមរយៈsengvannakdmc@gmail.com

វប្បធម៌សន្ទនា=ធាក់ទាត់ជេគ្នារួចសរសើគ្នាលើកជើងគ្នាមិនត្រូវគ្នាជេចាប់ដាក់វាយខ្នោះឡើងឡានរុញ
ចូលគុកព្រៃសនិងបាញ់សំលាប់អ្នកចាញ់រត់បោលស្រុក។ល។បន្ទាប់ចែចូវឲ្យចុះចូលតាមបំបែកហែកបក្សម្ខាងទៀតជាដុំៗ។
កុំថាសិស្សវាមិនយល់សូម្បីតែបណ្ឌឹតក៏ពុលឡប់ដែរ។
នេះហើយវប្បធម៌សន្ទនា=ឯងជួយអញអញនិងឲ្យពួកឯងរស់(ជយោអញបរាជយ័ហ្នែង)៕
វប្បធម៍សន្ទនា ស្តាប់ទៅវាពិរោះណាស់ ក្នុងប្រទេសដែលប្រកាន់យកលទ្ធិប្រជាធិប្បតីយ តែចំពោះខ្មែរសព្វថ្ងៃនេះ ពាក្សនេះវាអត់មានន័យទេ ប្រើពាក្យសន្ទនាគ្រាន់តែជាលេសមួយដើម្បីដើម្បីឲ្យពលរដ្ឋត្រជាក់ចិត្តក្នុលពេលព្រិត្តការនយោបាយនៃផ្នែកមួយបាននឹងកំពង់ឡើងកំដៅប៉ុណ្ណោះ តាមការពិតវាអត់មានន័យស្អីទេ វាជាមធ្យោបាយបោកប្រាសរបស់អ្នកនយោបាយ ឲ្យមតិជាតិ អន្តរះជាតិមើលឃើញពីការខិតខំរៀងៗខ្លួនដូចពាក្សថា ម៉ាៗទៅ ទំរាំដល់ម៉ោង ។