​វិភាគ​៖ ករណី​គំរាម​មន្ត្រី​រដ្ឋាភិបាល​តាម​ប្រព័ន្ធ​សង្គម​នឹង​នាំឲ្យ​មាន​ការពន្លឿនច្បាប់​អ៊ីនធើណែត​?​

ដោយ៖​ អ៊ិត សូធឿ​ត​ | ថ្ងៃចន្ទ ទី31 សីហា 2015, 04:23 PM​
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

កាលពី​ថ្ងៃទី​២៩ខែសីហា​ ឆ្នាំ​២០១៥​ ប្រធាន​ក្រុម​ស្រាវ​ជាវ​ផែនទី​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​លោក​បណ្ឌិត សុខ ទូច បាន​អះអាង​ថាមាន​ជន​មិន​ស្គាល់​មុខ​បាន​ផ្ញើ​សារ​គំរាម​សម្លាប់​លោក​ទាំង​លើ​បណ្តាញ​សង្គមនិង​តាម​ទូរស័ព្ទដៃ​។ លោក​បណ្ឌិត សុខ ទូច អះអាងថាក្នុង​សារ​គំរាម​សម្លាប់​នោះ ជន​មិន​ស្គាល់​មុខ​បាន​ចោទ​លោក​ថា ជា​ជន​ក្បត់ជាតិ​លក់​ដី​ឲ្យ​វៀតណាម​។​

​ចំណែក​អនុប្រធាន​លេខាធិការដ្ឋាន​អចិន្រៃ្តយ៍នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន លោកស្រី កុយ ពិសី ក៏​បាន​អះអាង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថាលោកស្រី​ក៏​ត្រូវបាន​ជន​មិន​ស្គាល់​មុខ​គំរាមនិង​ជេរប្រមាថ​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​ផងដែរ ពាក់ព័ន្ធ​នឹង​ករណី​ថាលោកស្រី​ចោទ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ដើរ​និយាយ​កុហក​រឿង​ព្រំដែន​។ លោកស្រី​បាន​លើកឡើង​ថាលោកស្រី​គិត​ថា​រដ្ឋាភិបាល​នឹង​មាន​​ចំណាត់កា​រលើ​រឿងនេះនិង​សង្ឃឹមថា​អ្នក​ទាំងនោះ​នឹង​យល់​ហើយ​ឈប់​ធ្វើ​នូវ​អ្វី​ដែល​នាំឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍ និង​កិត្តិយស​របស់​លោកស្រី​។​

​មុន​ការលេចឮ​នៃ​ការគំរាមកំហែង​លើ​មន្ត្រី​រដ្ឋាភិបាល​ទាំង​ពីរ​រូប​នេះ មាន​មនុស្ស​ពីរ​រូប​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ការសរសេរ​ព័ត៌មាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​។ កាលពី​ពាក់កណ្ដាល​ខែ​សីហា​នេះ សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស សម រង្ស៊ី គឺ​លោក ហុង សុខ​ហួរ ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន បន្ទាប់ពី​លោក​និយាយ​ពី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជានិង​វៀតណាម ហើយ​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​ហ្វេ​សប៊ុក​។ ក្រោយមក​នៅ​ថ្ងៃ​ទី​២១ ខែ​សីហា និស្សិត​រៀន​នៅ​សកល​វិទ្យាល័យ​ខេមរៈ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ការប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​របស់ខ្លួន​។​

តើ​ករណី​ដែល​មន្ត្រី​រដ្ឋាភិបាល​២​រូប​អះអាងថាមាន​អ្នក​គំរាមកំហែងនិង​ករណី​ដែល​អាជ្ញាធរ​ចាត់ទុកថា​ជា​បទល្មើស​​ដែល​បាន​ប្រព្រឹត្ត​តាម​បណ្ដាញ​សង្គម​នេះ អាច​នឹង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការធ្វើ​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឬទេ​?

ប្រធាន​វេទិការ​អនាគតនិង​ជា​អ្នកវិភាគ​ឯករាជ្យ លោក អ៊ូ វីរៈ យល់ថាជាមួយ​​ករណី​ដែល​កើតមានឡើង​ជា​បន្តបន្ទាប់​តាម​ប្រព័ន្ធ​សង្គម​នា​ពេល​ថ្មី​នេះ រដ្ឋាភិបាល​ប្រហែល​អាច​នឹង​យក​មូលហេតុ​ទាំងនេះ​ធ្វើ​ជា​លេស​ក្នុងកា​រ​ពន្លឿន​ឡើងវិញការធ្វើ​ច្បាប់​ស្ដីពី​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ដ៏​ចម្រូងចម្រាស។ យ៉ាងណា​ក៏​ដោយ​លោក​ថា ប្រសិនបើ​រដ្ឋាភិបាល​ពិត​ជា​យក​ករណី​ទាំងនេះ​ធ្វើ​ជា​លេស​ក្នុងកា​រ​ពន្លឿន​ច្បាប់​នេះ លោក​ថា​វា​ជា​រឿង​មិន​ត្រឹមត្រូវ ដោយ​លោក​ថាច្បាប់​ដែល​កម្ពុជា​មាន​ស្រាប់​នាពេល​បច្ចុប្បន្នគឺ​គ្រប់គ្រាន់​ក្នុង​ការចាត់វិធានការ​ទៅ​លើ​ករណី​ទាំងនេះ​ហើយ​។ លោក​បញ្ជាក់ថា​៖ “​បើសិនជា​យក​រឿង​ហ្នឹង​ជា​លេស​វិញ ខ្ញុំ​មើល​ទៅ​វា​អត់​ត្រឹមត្រូវ ព្រោះ​អី​ត្រូវ​ការគំរាមកំហែងមិន​ចាំ​ចាច់​ច្បាប់​អ៊ី​ន​ធើ​ណែ​ត​ថ្មី​ទេគឺ​ច្បាប់​យើង​មាន​ហ្នឹង​គ្រប់គ្រាន់​ហើយការ​ធ្វើ​ការស៊ើបអង្កេត​ហ្នឹង មក​ថ្កោលទោស​”​។​

​សម្រាប់​ប្រធាន​ផ្នែក​ទំនាក់ទំនង​នយោបាយនិង​សន្តិសុខ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ លោក ឯម សុវណ្ណា​រ៉ា យល់​ថា​ករណី​ដែល​កើតឡើង​នៅ​ពេល​ថ្មីៗ​នេះមិនទាន់​មាន​ឥទ្ធិពល​គ្រប់គ្រាន់​ក្នុង​ការជំរុញ​ឲ្យ​រដ្ឋា​ភិបា​ល​ពន្លឿន​ការធ្វើ​សេចក្ដីព្រាងច្បាប់​អ៊ីនធើណែត​នោះទេ​។ ដូចគ្នា​នឹង​លោក អ៊ូ វីរៈ ដែរ លោក ឯម សុវណ្ណារ៉ា យល់ថាអាជ្ញាធរ​អាច​ប្រើ​ច្បាប់​ដែល​កម្ពុជា​មាន​ស្រាប់ ដើម្បី​ចាត់ការ​ទៅ​លើ​ករណី​ទាំងនេះ​។ លោក​ថា​៖ “​បញ្ហា​ទាំងនេះ វា​មិន​អាចពាក់ព័ន្ធ​ច្រើន​ទៅលើ​ឥទ្ធិពល​ច្បាប់​នៃ​ការអនុវត្ត ឬ​ជំរុញ​ឲ្យធ្វើ​ច្បាប់​ប្រឆាំង​នឹង​ច្បាប់​ឧក្រិដ្ឋកម្ម​តាម​អ៊ី​ន​ធើ​ណែ​ត​ទេ Cyber Law ពីព្រោះ​ថា​សាច់រឿង​វា​ដាច់​ពីគ្នា​។ ថ្វី​តែ​ច្បាប់​អត់​ទាន់​មាន យើង​អាច​មាន​ច្បាប់​ផ្សេងៗ​ទៀត ដែល​អាច​យកមក​កាត់ទោស​ទៅ​ជន​ទាំងឡាយ​ណា​ដែល​គាត់​គំរាម​តាម​បណ្តាញ​ហ្វេ​សប៊ុក​បានដែរ ព្រោះ​ហេតុ​អី ព្រោះ​យើង​មាន​ច្បាប់​គ្រប់គ្រង​ឧក្រិដ្ឋកម្ម ច្បាប់ព្រហ្មទណ្ឌ យើង​អាច​យកមក​ធ្វើការ​ចោទប្រកាន់​បាន យើង​អាច​យក​ច្បាប់​បរិហារកេរ្តិ៍​មក​បាន រដ្ឋប្បវេណី​”​។​

កាលពី​ខែ​ឧសភា អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផា​ន បាន​ដាក់​លិខិត​ទៅ​ក្រសួង​ចំនួន​២​គឺ ក្រសួង​មហាផ្ទៃនិង​ក្រសួង​ប្រៃសណីយ៍និង​ទូរគមនាគមន៍ ឲ្យ​ចាត់វិធានការ​តាម​ផ្លូវច្បាប់និង​ផ្លូវ​បច្ចេកទេស​លើ​អ្នក​លេង​ហ្វេ​ស​ប៊ុក​មួយចំនួនករណី​ប្រមាថនិង​វាយប្រហារ​បរិហារកេរ្តិ៍​ទៅ​លើ​មន្ត្រីរាជការនិង​ថ្នាក់ដឹកនាំ​រដ្ឋាភិ​បាល​។​

ជា​ការឆ្លើយតប ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ចេញ​សេចក្ដីបំភ្លឺ​មួយ​ឲ្យដឹងថាសេចក្តីព្រាងច្បាប់​ឧក្រិដ្ឋកម្ម​តាម​បច្ចេកវិទ្យា​គមនាគមន៍និង​ព័ត៌មាន បាន​ដាក់បញ្ចូល​ចំណុច​នៃ​ការជេរប្រមាថ ដោយ​អះអាង​ថា​ដើម្បី​ធានា​ប្រយោជន៍​អ្នក​ប្រើប្រាស់​។ ក្រសួង​ប្រៃសណីយ៍​បញ្ជាក់ថា ច្បាប់​នេះ​ត្រូវបាន​ព្រាង​ឡើង ដើម្បី​ការពារ​ផលប្រយោជន៍​ស្របច្បាប់​របស់​គ្រប់​តួអង្គ​ទាំងអស់​របស់​សង្គម និង​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម និង​បទល្មើស​ទាំងឡាយ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​គមនាគមន៍និង​ព័ត៌មាន​។​

សេចក្តីបំភ្លឺ​ក៏​បាន​បញ្ជាក់បន្ថែម​ដែរ​ថាសេចក្តីព្រាង​ច្បប់​នេះ​ត្រូវបាន​ទុក​មួយ​អន្លើ​សិន ដោយ​អះអាង​ថា ដោយ​សារ​​រាជរដ្ឋាភិបាល​ជាប់​ដោះស្រាយ​ការងារ​នានា​ដែល​មាន​លក្ខណៈ​បន្ទាន់និង​អាទិភាព​ជាង​។​

យ៉ាងណាក៏ដោយ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​សម្ដែង​ក្ដី​ព្រួយបារម្ភ ពាក់ព័ន្ធ​នឹង​សេចក្ដីព្រាងច្បាប់​នេះ ដោយ​ពួកគេ​អះអាងថា ប្រសិនបើ​ច្បាប់​នេះ​ត្រូវបាន​អនុម័ត នោះ​រដ្ឋាភិបាល​នឹង​មាន​សិទ្ធិ​ក្នុង​ការតាមដាន​នូវ​រាល់​សកម្មភាព​របស់​អ្នកប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត ដែល​សង្គម​ស៊ីវិល​បារម្ភ​ថានឹង​រឹតត្បិត​ដល់​សេរីភាព​បញ្ចេញមតិ​របស់​ប្រជាជន​។​

ប្រធាន​ផ្នែក​ទំនាក់ទំនង​នយោបាយនិង​សន្តិសុខ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា លោក​គាំទ្រ​ឲ្យមាន​ការបង្កើត​ច្បាប់​ស្ដីពីឧ​ក្រិ​ដ្ឋ​កម្ម​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត តែ​លោក​ថា ច្បាប់​នេះ​ត្រូវ​ធានា​សិទ្ធិសេរីភាព​ក្នុង​ការបញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​។ ចំណែក​លោក អ៊ូ វីរៈ លើកឡើងថា ច្បាប់​ស្ដីពី​ឧក្រិដ្ឋ​កម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា គឺ​ផ្ដោតលើ​បទឧក្រិដ្ឋ​ប្រព្រឹត្ត​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ប៉ុណ្ណោះ គឺ​មិន​គួរ​គ្របដណ្ដប់​លើ​សិទ្ធិសេរីភាព​ក្នុង​ការបញ្ចេញមតិ​របស់​ពលរដ្ឋ​នោះទេ​។ លោក​ថា​៖ “​ច្បាប់​ដែល​គេ​ចង់​និយាយ​ពី​រឿង Cyber Crime ហ្នឹង​គឺ​ហៅ​ថា​បទឧក្រិដ្ឋ​អ៊ី​ន​ធើ​ណែ​ត​ហ្នឹង គឺ​គេ​និយាយ​ពី​រឿង​ធ្វើ​ជា​ការពារ​កុំឲ្យ​ព័ត៌មាន​របស់​យើង គេ​ចេញ​ចូល​មក​ប្រើប្រាស់​ស្រេច​ចិត្ត ឬមួយ​គេ​យក​ព័ត៌មាន​ពី​កុំព្យូទ័រ​យើង​ទៅ​ដាក់​ជា​សាធារណៈ ដើម្បី​បង្ក​អាម៉ាស់​យើង ឬ​មួយ​លួច​លេខ​កុង​ធនាគារ​ដើម្បី​លួច​លុយ​យើង អាហ្នឹង​បាន​ទាក់ទង​រឿង​ហ្នឹង មិនមែន​ទាក់ទង​រឿង​​សេរីភាព​បញ្ចេញមតិ​ទេ  សេរីភាព​បញ្ចេញមតិ​គេ​យក​ច្បាប់​ផ្សេងៗ​យក​ប្រើ យើង​មាន​ជា​ធរមាន​រួច​ហើយ​យក​ទៅ​ប្រើ​ហើយ ច្បាប់​យើង​មាន​គ្រប់គ្រាន់​តើ តាមពិត​”​។​

​បើ​តាម​អ្នកវិភាគ ទោះ​ជា​ពេល​ថ្មីៗ​នេះ​មាន​ការចាប់ខ្លួន និង​ការគំរាមកំហែង​ពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ​តាម​បណ្ដាញ​​សង្គម​ក៏ដោយ ក៏​ករណី​ទាំងនេះ​នៅ​មិន​មាន​ឥទ្ធិពល​គ្រប់គ្រាន់​ក្នុង​ការជំរុញ​ឲ្យ​រដ្ឋាភិបា​ល​ពន្លឿន​ការបង្កើត​​ច្បាប់​អ៊ីនធើណែត ហើយ​រដ្ឋាភិបាល​ក៏​មិន​គួរ​យក​ករណី​ទាំងនេះ​ធ្វើ​ជា​លេស​នោះទេ​។ អ្នកវិភាគ​យល់ថា ច្បាប់​​ស្ដីពី​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​មាន​សារៈសំខាន់​ក្នុង​ការរក្សា​សន្តិសុខ​ស្ថិរភាព តែ​ច្បាប់​នេះ​មិន​គួរ​​ត្រូវបាន​ប្រើប្រាស់​ជាការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ពល​រដ្ឋ​នោះ​ទេ​៕

​សូម​សរសេរ​មក​លោក អ៊ិត សូធឿ​ត តាមរយៈ sothoeuth@vodhotnews.com

What Next?

Recent Articles

6 Responses to "​វិភាគ​៖ ករណី​គំរាម​មន្ត្រី​រដ្ឋាភិបាល​តាម​ប្រព័ន្ធ​សង្គម​នឹង​នាំឲ្យ​មាន​ការពន្លឿនច្បាប់​អ៊ីនធើណែត​?​"

  1. :( says:

    អូសក្រឡាប្រើច្បាប់អិនធើណែតម៉ង

  2. បែបអាខ្វាក់ជិះកអាខ្វិន says:

    ពូកែមែនអ្នកដឹកនាំខ្មែរព្រួញមួយបាញ់បានសត្វមួយកំភ្លួសកំភ្លៀស!!!!!

  3. ?? says:

    you never know in this cases. it may cam from that evil min set of some bodies in this king dump of wonder. I do not think it can be ordinary innocent Cambodian that doing this .

  4. អ្នកស្នេហាជាតិក្លែងក្លាយ says:

    បង្ករដោយពួកអាឆ្កួត៧សណ្តាននេៈហ្មង។

  5. វី says:

    ល្បែង​ចោរ​ស្រែក​ចាប់​ចោរ !

  6. Judge says:

    As I mentioned previously, it is now the method of ” one trick for two advantages ” or ” one shot for two birds ” or it is so called ” win,win tactic ” for CPP.
    Some Cambodians would believe that any CNRP supporter did the threatening which this would reduce support for CNRP ,most of all the ruling party seizes this tactic to restrict FB. Majority Cambodians knew what would entail already.
    If it is a set up, it is a very,very cheap trick to repeat again and again.
    Samneang