សភា​គ្រោង​សម្ពោធ​សៀវភៅ​ស្ដីពី​សេវាកម្ម​សំខាន់ៗ​សម្រាប់​តំណាងរាស្ត្រ​នៅ​ថ្ងៃ​៤ កញ្ញា

ដោយ ម៉ម មុនីរតន៍
2015-09-01
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

រដ្ឋ​សភា ៦២០
រដ្ឋ​សភា​នៃ​ប្រទេស​កម្ពុជា។ រូបថត​ថ្ងៃ​ទី​១ កញ្ញា ២០១៤ (RFA/Rann Samnang)


រដ្ឋសភា​នឹង​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​សៀវភៅ​ស្ដីពី “សេវាកម្ម​សំខាន់ៗ​សម្រាប់​តំណាងរាស្ត្រ​នៅ​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ។ ក៏​ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​កិច្ចការ​លើ​ប្រព័ន្ធ​បោះឆ្នោត​ពុំ​មាន​ជំនឿ​ទាល់​តែ​សោះ​ថា សៀវភៅ​ដែល​រដ្ឋសភា​គ្រោង​នឹង​សម្ពោធ​នេះ អាច​បម្រើ​ឲ្យ​សេចក្ដី​ត្រូវការ​ពិត​ប្រាកដ​របស់​តំណាងរាស្ត្រ​បាន​នោះ​ទេ។

សៀវភៅ​ដែល​សភា​ដាក់​សម្ពោធ​នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ខាង​មុខ​នេះ ត្រូវ​បាន​អង្គការ​មិន​មែន​រដ្ឋាភិបាល​យល់​ឃើញ​ថា នឹង​មិន​អាច​ជួយ​អ្វី​បាន​ច្រើន​ឡើយ ដូច​សេចក្ដី​លម្អិត​ដែល​រដ្ឋសភា​ប្រកាស​ថា សៀវភៅ​នេះ​នឹង​​ផ្ដល់​ភាព​ងាយស្រួល​ដល់​តំណាងរាស្ត្រ​សម្រាប់​ប្រតិបត្តិការ​របស់​ខ្លួន​នោះ។

ការ​រិះគន់​របស់​អង្គការ​ក្រៅ​ពី​រដ្ឋាភិបាល​ដែល​ឃ្លាំមើល​ដំណើរ​រដ្ឋសភា​នេះ ស្រប​ពេល​អគ្គលេខាធិការដ្ឋាន​នៃ​រដ្ឋសភា បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ថា សភា​នឹង​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​សៀវភៅ​ស្ដីពី​សេវាកម្ម​សំខាន់ៗ​សម្រាប់​តំណាង​រាស្ត្រ នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ខាង​មុខ​នេះ។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​បន្ត​ថា សៀវភៅ​សភា​នេះ​នឹង​ផ្ដល់​លទ្ធភាព​ងាយ​ស្រួល​ដល់​តំណាងរាស្ត្រ​ដើម្បី​ទទួល​បាន​សេវា​គាំពារ​សំខាន់ៗ ពី​មន្ត្រី​ជំនាញ​នៃ​អគ្គលេខាធិការដ្ឋាន​របស់​រដ្ឋសភា។ លើស​ពី​នេះ​ទៀត នឹង​ផ្ដល់​នូវ​ព័ត៌មាន​ត្រឹមត្រូវ​ជូន​តំណាងរាស្ត្រ អំពី​ទិដ្ឋភាព​ច្បាប់ និង​រចនាសម្ព័ន្ធ​សេវាកម្ម​រដ្ឋបាល​ផ្ទៃ​ក្នុង​រដ្ឋសភា។

អង្គការ​មិន​មែន​រដ្ឋាភិបាល​យល់​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ហាក់​ដើរ​បញ្ច្រាស​ទិស។ រាល់​ការ​ចាប់​ខ្លួន ឬ​ឃុំ​ខ្លួន​តំណាងរាស្ត្រ ត្រូវ​ដក​ហូត​អភ័យ​ឯកសិទ្ធិ​ដោយ​មាន​គាំទ្រ​ពី​សមាជិក​សភា ២ ភាគ ៣ ជា​មុន​សិន ទើប​ផ្តល់​លទ្ធភាព​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​បាន។ ក៏ប៉ុន្តែ ការ​អនុវត្ត​ជាក់ស្ដែង​នេះ​វិញ ហាក់​មិន​ដូច្នេះ​ឡើយ គឺ​ចាប់​ខ្លួន​សិន​ទើប​អនុវត្ត​តាម​ច្បាប់​ជា​ក្រោយ។

ពាក់ព័ន្ធ​រឿង​នេះ លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិក (NICFEC) អះអាង​ថា លោក​ពុំ​មាន​ជំនឿ​ទាល់​តែ​សោះ​ចំពោះ​សៀវភៅ​នេះ​ ថា​នឹង​អាច​ជួយ​ជំរុញ​ឲ្យ​មាន​ដំណើរ​ល្អ​សម្រាប់​កំណែ​ទម្រង់​របស់​រដ្ឋសភា។ ម្យ៉ាង​វិញ​ទៀត តំណាងរាស្ត្រ ជាពិសេស​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រឆាំង នឹង​មិន​ទទួល​បាន​ផល​ចំណេញ​ពេញលេញ​ពី​សៀវភៅ​នេះ​ប៉ុន្មាន​ទេ។ លោក​បន្ត​ថា «ការ​សន្និដ្ឋាន​របស់​ខ្ញុំ​បច្ចុប្បន្ន​នេះ នៅ​តែ​ជួប​ការ​លំបាក​មិន​មែន​ដូច​ពាក្យ​លើក​ឡើង​ថា ផ្ដល់​ភាព​ងាយ​ស្រួល​អី​ទេ សូម្បី​តែ​បន្តិច​ទៀត លោក​អាច​សាកសួរ​តំណាង​រាស្ត្រ ជាពិសេស​គណបក្ស​ប្រឆាំង ក៏​នៅ​មាន​ការ​ត្អូញត្អែរ​ដែរ។ ខ្ញុំ​ឥត​មាន​ជំនឿ​ថា​នឹង​ផ្តល់​ភាព​ងាយ​ស្រួល​ជូន​ដល់​តំណាង​រាស្ត្រ»

សៀវភៅ​ស្ដីពី​សេវាកម្ម​សំខាន់ៗ សម្រាប់​តំណាងរាស្ត្រ​ដែល​រដ្ឋសភា​គ្រោង​នឹង​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ក្នុង​ពេល​ឆាប់ៗ​នេះ មាន​ពីរ​ភាសា គឺ​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស។

ចំណែក​លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ហាក់​ស្ទាក់ស្ទើរ​មិន​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​ទេ ដោយ​លោក​អះអាង​ថា ពុំ​ទាន់​ទទួល​បាន​សេចក្ដី​លម្អិត​ណា​មួយ​របស់​សៀវភៅ​នេះ​នៅ​ឡើយ។ ហេតុ​នេះ​លោក​ថ្លែង​ថា វា​ពិត​ជា​ពិបាក​ណាស់​ក្នុង​ការ​ផ្ដល់​យោបល់​ថា​ខុស ឬ​ក៏​​ត្រូវ​នោះ។ លោក​បន្ត​ថា «មិន​ទាន់​ឃើញ​សៀវភៅ​ហ្នឹង ធ្វើ​ម៉េច​ខ្ញុំ​ធ្វើ​អត្ថាធិប្បាយ​កើត? មិន​ដឹង​ថា​តើ​គេ​ផ្ដល់​សេវា​អ្វី​ខ្លះ? សេវា​សំខាន់ៗ​ហ្នឹង​ស្អី​ខ្លះ​ទៅ?»

បើ​ទោះ​ជា​បែប​ណា អង្គការ​សង្គម​ស៊ីវិល​ធ្លាប់​រិះគន់​ដំណើរ​ការ​របស់​រដ្ឋ​សភា​ថា ពុំ​ដែល​សហការ ឬ​មាន​ភាព​យឺតយ៉ាវ​តែម្ដង រាល់​ពេល​ស្នើ​សុំ​ឈ្មោះ តួនាទី និង​ប្រវត្តិ​នៃ​ការ​សិក្សា​ជាដើម ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​របស់​តំណាងរាស្ត្រ​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ ជាពិសេស​ភាព​ស្មុគស្មាញ​ទាំង​នេះ ជា​ញឹកញយ​កើត​ឡើង​ចំពោះ​គណបក្ស​កាន់​អំណាច។ ក៏ប៉ុន្តែ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ធ្លាប់​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ដោយ​លើក​ឡើង​ថា តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ពុំ​ដែល​បោះបង់​កិច្ចសហការ​ណា​មួយ​រាល់​ពេល​ស្នើ​សុំ​ពី​សង្គម​ការ​សង្គម​ស៊ីវិល​ម្ដង​ណា​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

One Response to "សភា​គ្រោង​សម្ពោធ​សៀវភៅ​ស្ដីពី​សេវាកម្ម​សំខាន់ៗ​សម្រាប់​តំណាងរាស្ត្រ​នៅ​ថ្ងៃ​៤ កញ្ញា"

  1. Judge says:

    Aren’t there enough unhappiness and suffering of Cambodians relative to struggle for living and abuses by people with money and power? ??????????
    There are concerns and abuses over land issues including border.
    Where are the safety and security of the people by rights described in our constitution? ???
    If these questions remain unanswered, it means that RGC has not done enough for Cambodians. !!!!!!!!!!!
    Please look at two contrast concepts :
    _ Controlling people, it will never be achieved.
    _ Keep things under the control, complex sensible humane strategy.
    Samneang