
ពិធីករ អ៊ឹម ជីវ៉ា និង សន វិជ្ជបុត្រ ទៅជួបកុមារកំព្រាដែលម្ដាយស្លាប់ ហើយឪពុកចុះចោលមានស្រីថ្មី។ វុទ្ធី
Tue, 1 September 2015
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: ក្រោយពីទទួលបានដំណឹងតាមបណ្តាញសង្គមហ្វេសប៊ុកអំពីកុមារ ៣ នាក់រស់នៅតោកយ៉ាកខ្វះភាពកក់ក្ដៅ ព្រោះតែម្តាយស្លាប់ចោល ហើយឪពុកក៏ចុះចោលទៅរួមរស់ជាមួយស្រីថ្មី ពិធីករ លោក អ៊ឹម ជីវ៉ា និងតារាចម្រៀងផលិតកម្ម M លោក សន វិជ្ជបុត្រ កាលពីថ្ងៃទី ៣០ ខែសីហា បានធ្វើដំណើរទៅសួរសុខទុក្ខ និងនាំយកអំណោយជួយក្មេងកំព្រានៅភូមិបាក់ដាវលើ ឃុំបាក់ដាវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ផ្ទះចាស់ទ្រុឌទ្រោមដែលមើលពីមុខធ្លុះដល់ក្រោយ មិនមានសម្ភារអ្វីក្រៅពីខោអាវចាស់ៗ ឆ្នាំងចានរាយប៉ាយស្ទើរមិនជឿថា ជាផ្ទះមនុស្សរស់នៅ។ ជម្រកដែលស្ទើរតែបាក់រលំពេលមានខ្យល់បោកបក់ខ្លាំងនេះហើយ គឺជាទីកន្លែងដែលកុមារទាំង ៣ នាក់បងប្អូនអាស្រ័យរស់នៅដោយរងាដូចកូនសត្វគ្មានឪពុកម្ដាយ។
លោក សោម សារិទ្ធ ប្រធានភូមិបាក់ដាវលើ និងជាអ្នកជួយមើលការខុសត្រូវក្មេងកំព្រាទាំងបី បានឲ្យដឹងថា កុមារាច្បងឈ្មោះផា បញ្ញា អាយុ ១២ ឆ្នាំ កូនប្រុសទីពីរឈ្មោះ ផា រតនា អាយុ ១០ ឆ្នាំ និងកូនស្រីពៅឈ្មោះ ផា ចន្ថាអាយុ ៧ ឆ្នាំ។ ពួកគេមានឪពុកឈ្មោះផេង ផា អាយុ ៤២ ឆ្នាំ និងម្ដាយ សឿន អូន អាយុ ៤៥ ឆ្នាំ។
លោកមេភូមិបានឲ្យដឹងទៀតថា៖ «កាលដែលកុមារកំព្រាទាំង ៣ រូបរស់ក្នុងសភាពវេទនាគឺចាប់ពីម្តាយពួកគេបានស្លាប់កាលពី ៣ ឆ្នាំមុនព្រោះតែជំងឺរ៉ាំរ៉ៃជាច្រើន ហើយអ្វីដែលកាន់តែខ្លោចផ្សាគឺឪពុកបានរត់យករួចខ្លួន ទៅមានប្រពន្ធថ្មីមិនដែលមកមើលកូនម្តងណាឡើយ។ នៅសល់តែជីដូនម្នាក់នៅឆ្ងាយ និងមានជំងឺប្រចាំកាយស្ទើរយោងអត្មាមិនរួចផង»។
យោងតាមសម្ដីលោកមេភូមិថា ក្នុងចំណោមក្មេងទាំង ៣ រូប កុមារីពៅក៏មានជំងឺប្រចាំកាយដែរគឺជំងឺបេះដូង ត្បៀតមួយចំហៀង ប៉ុន្តែនាងត្រូវបានសប្បុរសជនជួយនាំទៅព្យាបាលជំងឺ និងថែទាំបន្តនៅអង្គការមួយ។
ក្រៅពីទទួលស្គាល់ថាមិនអាចមើលការខុសត្រូវក្មេងកំព្រាទាំងបីបានគ្រប់ពេល លោកក៏សម្ដែងក្ដីបារម្ភថា៖ «កុមារទាំងនេះសុទ្ធតែមិនទាន់ទទួលបានការសិក្សានៅឡើយកាលពីមុន ព្រោះតែឪពុកម្ដាយពួកគេមិនបានយកចិត្តទុកដាក់ ប៉ុន្តែពេលនេះ ពួកគេបងៗពីរនាក់បានចូលរៀនថ្នាក់ទី ១ និងរៀនគួរបន្ថែម»។
ពិធីករ និងតារាសម្ដែង អ៊ឹម ជីវ៉ា ដែលបានទៅជួបកុមារកំព្រាផ្ទាល់បានសម្ដែងអារម្មណ៍ថា៖ «ក្នុងនាមជាក្មេងកំព្រាឪពុក ខ្ញុំក៏ធ្លាប់ទទួលនូវអារម្មណ៍ខ្វះភាពកក់ក្ដៅប៉ុណ្ណឹង ចុះទម្រាំដល់កុមារទាំងនេះកំព្រាទាំងម្ដាយ ទាំងឪពុក ថាតើពួកគេនឹងមានអារម្មណ៍បែបណា?»។
លោកបាននិយាយទៀតថា៖ «ការចូលរួមរំលែកថវិកា និងពេលវេលាផ្ទាល់ខ្លួនជួយដល់សង្គម បើទោះជា មានទំហំតិចតួចក្ដី ខ្ញុំនឹងនៅតែបន្តការងារនេះទៀតតាមលទ្ធភាព»។
រីឯតារាចម្រៀងផលិតកម្ម M លោក សន វិជ្ជបុត្រ លោកបានរៀបរាប់ថា លោកធ្វើដំណើរមកជួយកុមារកំព្រាទាំងនេះដោយនាំមកនូវរបស់របរជាការចំណាយផ្ទាល់ខ្លួន និងថវិកាមួយចំនួនពីសប្បុរសជនរស់នៅសហរដ្ឋអាមេរិក និងអាជីវករផ្សារអូរឫស្សីផងដែរ។
តារាចម្រៀងរូបនេះថ្លែងថា៖ «ពិតជាមានអារម្មណ៍អាណិតពួកគេពន់ពេក ដែលក្រៅពីក្រីក្រហើយគឺខ្វះភាពកក់ក្ដៅពីក្រុមគ្រួសារថែមទៀត»។
ដោយទទួលស្គាល់ថាអាហារ និងអំណោយនេះមិនច្រើនគ្រប់គ្រាន់សម្រាប់តម្រូវការកុមារកំព្រាទាំងបីក្នុងរយៈពេលយូរក្ដី ក៏តារាចម្រៀងរូបនេះបានសន្យាថា លោកនឹងបន្តសកម្មភាពមនុស្សធម៌នេះឲ្យបានស្របគ្នានឹងការងារសិល្បៈ៕

Well done. People will remember your kindness.
GOD bless all of you’