​ក្រសួង​ថា​ដំណាំ​ស្រូវ​ជិត​២០​ម៉ី​ន​ហិកតា​រង​ការខូចខាត​ដោយសារ​គ្មាន​ប្រភពទឹក​ផ្គត់ផ្គង់​​

ដោយ៖​ ញឹម សុខន​ | ថ្ងៃអង្គារ ទី1 កញ្ញា 2015, 04:31 PM​
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

ស្ថានភាពគ្រោះរាំងស្ងួតនៅស្រុក​កោះធំ ខេត្ត​កណ្តាល (រូបថត៖ ពៅ មេត្តា​)


​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ប្រាប់​នាយករដ្ឋមន្ត្រី​ថា គ្រោះរាំងស្ងួត​នៅ​ឆ្នាំនេះ បាន​បំផ្លាញ​ដំណាំ​ស្រូវ​ប្រមាណ​ជិត​២០​ម៉ឺន​ហិកតា ដោយសារ​កម្ពុជា​ខ្វះ​ប្រព័ន្ធធារាសាស្ត្រ​សម្រាប់​ផ្គត់ផ្គង់​ទឹក​។​

របាយការណ៍​របស់​ក្រសួង​កសិកម្ម ចុះ​ថ្ងៃ​ទី​៤ ខែ​សីហា​នេះ ផ្ញើ​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​ឲ្យដឹង​ថា ដំណាំ​ស្រូវ​ជាង​១៨​ម៉ឺន​ហិកតា​(១៨៥៤៥១)​នៅ​ទូទាំង​១៣​រាជធានី និង​ខេត្ត រង​ការខូចខាត​ដោយសារ​គ្រោះរាំងស្ងួត​។ 

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បញ្ជាក់ថា ការខូចខាត​នោះ​ដោយសារតែ​គ្មាន​ប្រព័ន្ធធារាសាស្ត្រ​គ្រប់គ្រាន់​សម្រាប់​បង្ហូរ​ទឹក​ទៅ​ស្រោចស្រព​ដំណាំ​ស្រូវ​ទាំង​នោះ ពេល​មាន​គ្រោះរាំងស្ងួត​កើតឡើង​។ 

ប្រធាន​មជ្ឈមណ្ឌល​សិក្សា​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា (CEDAC) លោក យ៉ង សាំង​កុមារ លើកឡើងថា ប្រភព​ទឹក​សម្រាប់​បំពេញ​តម្រូវកា​រលើ​វិស័យ​កសិកម្ម ពិត​ជា​បញ្ហា​ប្រឈម​ធំ​បំផុត​របស់​កសិករ​។​

លោក​ថា រដ្ឋាភិបាល​មិន​អាច​អន្តរាគមន៍​ជួយ​កសិករ​ប្រកបដោយ​ប្រសិទ្ធភាព​បាន ពេល​ជួប​គ្រោះរាំងស្ងួត​ម្តងៗ បើ​ទោះបី​មាន​ធារាសាស្ត្រ​ខ្លះ ត្រូវបាន​បង្កើត​ឡើង​ក៏​ដោយ​។​
​លោក​ដាក់​ការងឿងឆ្ងល់​ថា រដ្ឋាភិបាល​មិន​គួរ​ឲ្យ​កសិករ​ប្រឈម​នឹង​ខ្វះ​ស្បៀង ដោយសារតែ​ខ្វះ​ប្រព័ន្ធធារាសាស្ត្រ​សម្រាប់​ផ្គត់ផ្គង់​ទឹក​នេះ​ទេ បើ​ពិនិត្យ​លើ​កញ្ចប់​ថវិកា​ជាតិ ដែល​រដ្ឋាភិបាល​មាន និង​ថវិកា​ផ្សេងៗ​ពី​ម្ចាស់​ជំនួយ​នោះ​។​

​លោក យ៉ង សាំង​កុមារ ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្កើន កញ្ចប់​ថវិកា​ដល់​ស្ថាប័ន​ជំនាញ ដើម្បី​មាន​លទ្ធភាព ចុះ​បង្រៀន​កសិករ​នៅតាម​សហគមន៍ ដើម្បី​បន្សាំ​នឹង​បម្រែបម្រួល​អាកាសធាតុ ជាជាង​ធ្វើ​ធារាសាស្ត្រ​ធំៗ​មួយចំនួន​សម្រាប់​ផ្គត់ផ្គង់​ដីស្រែ​តែ​មនុស្ស​មួយ​ក្រុម​តូច ហើយ​មិន​បាន​សង្គ្រោះ​ដំណាំ​កសិករ​ភាគច្រើន​ជា​អ្នកក្រីក្រ​។ លោក​បញ្ជាក់ថា​៖ “​យើង​ត្រូវ​គាំទ្រ​ឲ្យ​កសិករ​ហ្នឹង មាន​សមត្ថភាព​ខ្លួនឯង​ក្នុង​ការដោះស្រាយ​បញ្ហា​ទឹក ជា​ពិសេស​កសិករ​ធ្វើស្រែ ធ្វើ​ម៉េច​យើង​ជួយ​គាំទ្រ​គាត់ មាន​ទុន​ដើម្បី​ឲ្យ​គាត់​អាច​ជីក​ស្រះ​នៅ​តាម​គ្រួសារ នៅតាម​សហគមន៍​។ ពួក​ខ្ញុំ​គិតថា ឥឡូវ​ដីស្រែ​គាត់​មួយ​ហិកតា គាត់​អាច​បំលែង​១០​ភាគរយ​ទៅ​ជា​ស្រះ​ទៅ ដែល​អាច​ប្រមូល​ទឹក​គ្រប់គ្រាន់​ដើម្បី​ជួយ​ទប់ទល់​នឹង​បញ្ហា​រាំងស្ងួត​។ ទី​២ យើង​បញ្ជូន​អ្នក​បញ្ចេ​ក​ទេស ដែល​មាន​សមត្ថភាព មាន​ជំនាញ និង​មាន​ការគាំទ្រ​គ្រប់គ្រាន់​ពី​រដ្ឋាភិបាល ដើម្បី​ចុះ​ធ្វើការ​ផ្ទាល់​ជាមួយ​កសិករ​ដើម្បី​ជួយ​ពង្រឹង​សមត្ថភាព​គាត់ ដើម្បី​ឲ្យ​គាត់​អាច​ផលិត និង​រក​បាន​ប្រាក់​ចំណូល​ខ្ពស់​ពី​មុខរបរ​កសិកម្ម​នេះ​”​។​

​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក អ៊ាង សុផល្លែត អះអាងថា ថ្មី​ត្បិត​តែ​របាយការណ៍​នោះ​បញ្ជាក់​ពី​ផល​ប៉ះពាល់​ពី​គ្រោះរាំងស្ងួត ប៉ុន្តែ​លោក​ថា ក្រសួង​បាន​អន្តរាគមន៍​ទាន់​ពេល នៅ​បណ្តា​ខេត្ត​ខ្លះ តាមរយៈ​យន្តការ​ដែល​មាន​ស្រាប់ ដែល​លោក​គិត​ថា​វិធានការ​ទប់ស្កាត់​នេះ នឹង​បង្កលក្ខណៈ​ងាយស្រួល​ដល់​កសិករ អាច​ឲ្យ​ពួក​គេ​ដាំ​ដុះ​ឡើងវិញ​បាន មិន​បារម្ភ​ពី​វិបត្តិ​ស្បៀង ទៅ​ថ្ងៃ​ខាង​មុខ​ឡើយ​។ លោក​ថា​៖ “​ករណី​ឆ្នាំ​ហ្នឹង ដូច​ខ្ញុំ​បាន​ជម្រាបជូន​ខាងលើ​ហ្នឹង ប៉ះពាល់​វា​មាន​ច្រើន ប៉ុន្តែ​ប៉ះពាល់​ហ្នឹង​មិន​ធ្វើឲ្យ​ខូចខាត​ទេ អ៊ីចឹង​វា​អត់​មាន​ស្អី​ដែល​គួរ​ជាទី​បារម្ភ គ្មាន​អ្វី​ដែល​ជា​គួរ​ទី​ចាត់វិធានការ​លើស​ពី​អ្វី​ដែល​ជា​យន្តការ​ដែល​យើង​មាន​ស្រាប់​ហ្នឹង ហើយ​បាន​អនុវត្ត​ហើយ​ផងដែរ​”​។​

អ្នក​ស្រាវជ្រាវ​ពី​ការអភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី យល់ថា ការ​ផ្តល់​ជំនាញ​ផ្នែក​កសិកម្ម ដល់​កសិករ​ខ្មែរ លោក​ថា កម្ពុជា​ពិតជា​នៅ​មាន​កម្រិត​ទាប បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ជិតខាង ដូចជា​វៀតណាម និង​ថៃ​។ 

លោក​បន្តថា ភាពកម្សោយ​នៃ​ការជួយ​សង្គ្រោះ​កសិករ​នេះ អាចមកពី​មន្ត្រីជាន់ខ្ពស់​របស់​ស្ថាប័ន​ជំនាញ​ខ្លះ ដែល​លោក​ថា បាន​បង្កើន​កញ្ចប់​ថវិកា​ផ្តោត​ទៅលើ​ការចុះ​មូលដ្ឋាន ដើម្បី​ទាក់ទាញ​ប្រយោជន៍​នយោបាយ ច្រើន​ជាង​ការចុះ​បង្កើន​ជំនាញ​កសិកម្ម​ដល់​កសិក​រ ។ លោក​ថា​៖ “​បើ​យើង​និយាយ​ពី​ការងារ​តាម​មូលដ្ឋាន ខ្ញុំ​និយាយ​ឲ្យ​ត្រង់​ទៅ គឺ​កសិកម្ម​ហ្នឹង​ខ្សោយ​មែនទែន រហូតដល់​ពេល​ខ្លះ​ភ្នាក់ងារ​កសិកម្ម​នៅ​តាម​ជនបទ គ្នា​រក​តែ​លុយ​ចាក់​សាំង​ម៉ូតូ​ទៅ​មិន​បាន​ផង បើ​យើង​ប្រៀបធៀប​ជាមួយ​ពេទ្យ​ជាមួយ​ខាង​អប់រំ​”​។​

បើ​តាម​ក្រសួង​កសិកម្ម គិត​ត្រឹម​ដើម​ខែ​សីហា ឆ្នាំ​២០១៥​នេះ ដំណើរការ​នៃ​ការបង្កបង្កើន​ផល​ស្រូវ​រដូវវស្សា​នៅ​ទូទាំង​ប្រទេស សម្រេច​បាន​ជាង​២​លាន​ហិកតា​(២១២៣៦២៩​ហិកតា​) ស្មើនឹង​ជាង​៨២%​នៃ​ផែនការ​។ ចំនួន​នេះ​ក្រសួង​ថា តិច​ជាង​ឆ្នាំ​មុន​ជាង​៦​ម៉ឺន​ហិកតា​(៦០៧៥១)​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​។​

​ក្រសួង​កសិកម្ម​អះអាងថា នៅពេល​នេះ​ទឹកភ្លៀង​បាន​ធ្លាក់​រាយប៉ាយ​នៅ​ទូទាំង​ប្រទេស​វិញ​ហើយ ធ្វើ​ឲ្យ​កសិក​រអាច​ដាំ​ដុះ​ឡើងវិញ​បាន លើកលែង​តែ​ខេត្ត​ប៉ៃលិន​មួយ​ប៉ុណ្ណោះ ដែល​ការដាំដុះ​នៅ​មាន​កម្រិត​ទាប​នៅឡើយ​៕ 

សូម​សរសេរ​មក​លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

2 Responses to "​ក្រសួង​ថា​ដំណាំ​ស្រូវ​ជិត​២០​ម៉ី​ន​ហិកតា​រង​ការខូចខាត​ដោយសារ​គ្មាន​ប្រភពទឹក​ផ្គត់ផ្គង់​​"

  1. Anonymous says:

    ហេតុអី ម៉េចបានជា រដ្ឋាភិបាលកម្ពុជា អន់ជាង រដ្ឋាភិបាលថៃ និង រដ្ឋាភិបាលវៀតណាម ? !

    យើងជា មនុស្ស នឹងគេ ដែរ ម៉េចបានជា ខួរក្បាល អន់ជាងគេ ???????????????

  2. ?? says:

    under this leader their solution is to get rich fast. cut down all the trees made the whole country cold no need air conditioning the win will flow freely. do not worry a bout the water they have a giant pip to pump the water from VEITNAM and THAILAND