​ក្រសួង​ព័ត៌មាន​ជំរុញ​ឲ្យ​ប្តឹងទៅ​តុលាការ​ករណី​សន្តិសុខ​ប្រើ​ហិង្សា​លើ​អ្នកសារព័ត៌មាន​​

ដោយ៖​ ឈុន វួ​ចលាង​ | ថ្ងៃអង្គារ ទី1 កញ្ញា 2015
http://vodhotnews.com


សន្តិសុខ​សាលាខណ្ឌ​ដូនពេញ ដែល​បណ្តេញ​អ្នក​តវ៉ាបញ្ហាដីធ្លី​នៅ​មុខ​សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី​៦ ខែសីហា


​ក្រសួង​ព័ត៌មាន​ជំរុញ​ឲ្យ​អង្គការ​ផ្នែក​ព័ត៌មាន ​ប្តឹង​ទៅ​កាន់​តុលាការ​ករណី​គំរាម​គំហែង ​និង​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​ពី​សំណាក់​ក្រុម​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ ​មកលើ​អ្នកយក​ព័ត៌មាន​វី​អូ​ឌី​(VOD)​។ 

​លិខិត​របស់​ក្រសួង​ព័ត៌មាន កាលពី​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ២០១៥ ផ្ញើរ​មក​កាន់​លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​CCIM បានឲ្យដឹងថា ក្រសួង​ព័ត៌មាន​បាន​ទទួល​លិខិត​របស់ ​CCIM ក្នុង​កណី​គំរាម​គំហែង​ និង​ប្រើ​អំពើហិង្សា​មកលើ​អ្នកយក​ព័ត៌មាន​របស់​ VOD កាលពី​ថ្ងៃ​ទី​៦ ខែសីហា​ ហើយ​ក្រសួង​យល់​ថា​កណី​នេះ​គួរតែ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​។ 

​លោក សោ សុ​ទ្ធី មន្ត្រី​ទំនាក់ទំនង និង​តស៊ូ​មតិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ មានប្រសាសន៍ថា លោក​មាន​សេចក្តី​រីករាយ​ជា​ខ្លាំង​ដែល​ក្រសួង​ព័ត៌មាន​បាន​ចេញ​លិខិត​ផ្លូវការ​ដើម្បី​គាំទ្រ​ឲ្យមាន​ការប្តឹង​ទៅ​តុលាការ​។ លោក​បាន​បន្តថា៖ ​«​យើង​បាន​កំពុង​ពិភាក្សា​ជាមួយនឹង​មេធាវី​ប្រចាំ​អង្គការ​របស់​យើង ហើយ​នឹង​ជនរងគ្រោះ​ទាំង​ពីរ​នាក់​គឺ​លោក វិចិត្រ និងលោក សុគន្ធ ហើយ​ក្នុង​ដំណាក់កាល​នេះ​យើង​កំពុង​ស្វែងរក​សាក្សី​បន្ថែម ពីព្រោះ​យើង​ចោទប្រកាន់​ត្រូវមាន​សាក្សី ហើយ​សាក្សី​នោះ​គឺជា​អ្នក​ដែល​បាន​ចូលរួម​នៅ​ក្នុង​ការប្រមូលផ្តុំ​នៅមុខ​សាលាក្រុង​ភ្នំពេញ ​ក៏ដូចជា​អ្នក​ធ្វើការ​ឲ្យ​អង្គការ​សិទ្ធិលំនៅឋាន​ ដែល​គាត់​បាន​ចូលរួម​នៅក្នុង​វេទិកា​នោះ​ផង​ដែរ​»​។ 

​លោក​បន្ថែមថា តំណាង​មកពី​អង្គការ​សិទ្ធិ​លំនៅឋាន​បាន​ថត​យក​សកម្មភាព​នៃ​ការប្រមូលផ្តុំ​នៅមុខ​សាលាក្រុង​ភ្នំពេញ ប៉ុន្តែ​ត្រូវបាន​ក្រុម​សន្តិសុខ​ដកហូត​កាម៉េ​រា និ​ង​លុប​រូបភាព​ចោល ដែល​លោក​ថា​នេះ​ជា​ឧបសគ្គ​មួយ​ក្នុង​ការប្រមូល​ភស្តុតាង ប៉ុន្តែ​លោក​កំពុង​ទាក់ទង​ទៅ​សាក្សី​ផ្សេងៗ​ទៀត​ផង​ដែរ​។​

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែ​សីហា អ្នកយក​ព័ត៌មាន​វី​អូ​ឌី​(VOD)​ចំនួន​ពីរ​រូប គឺ​លោក ហេង វិចិត្រ និង​លោក ឃុត សុគន្ធ បាន​ទៅយក​ព័ត៌មាន ពេល​ពលរដ្ឋ​សហគមន៍​បឹងកក់ ធ្វើបាតុកម្ម នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​។ កង​សន្តិសុខ​បាន​ស្រែក​ខ្លាំងៗ​ដាក់​អ្នកកាសែត​ថា "​ពួក​អា​ប្រឆាំង​" ក្រោយ​ពី​ដឹង​អ្នកកាសែត​នេះ​បម្រើការ​នៅ​វី​អូ​ឌី​(VOD)​។​

ក្រុម​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ បាន​ឆក់យក​កាមេរ៉ា​របស់​អ្នកកាសែត ដោយ​គំរាម​បោក​កាមេរ៉ា​ចោល បន្ទាប់ពី​លោក វិចិត្រ បាន​ធ្វើ​បទ​សម្ភាស​ជាមួយ​សកម្មជន​ដីធ្លី ព្រមទាំង​បាន​ធាក់លោក សុគន្ធ ដែល​ជា​ជនពិការ​ជើង​ម្ខាង​៕

សូមសរសេរមកកញ្ញា ឈុន វួ​ចលាង​ តាមរយៈ chhun.vouchleang@yahoo.com

What Next?

Recent Articles

6 Responses to "​ក្រសួង​ព័ត៌មាន​ជំរុញ​ឲ្យ​ប្តឹងទៅ​តុលាការ​ករណី​សន្តិសុខ​ប្រើ​ហិង្សា​លើ​អ្នកសារព័ត៌មាន​​"

  1. Jery says:

    គ្មានទេយុត្តិធម៌សម្រាប់អ្នកដែលមិនបានគាំទ្រគណៈបក្សប្រជាជន។ ទោះបីប្តឹងក៏គ្មានប្រយោជន៍ដែរ។

    អ្នកណាទៅជឿអាតុលាការរបស់ហ៊ុន សែន!

  2. Khmer says:

    Don’t mess with Kangaroo courts. They could turn black into white and white into black.

  3. James says:

    I agree with you, but at least the Ministry of Information has shown that they do not support that violence.

  4. ក្រុមអ្នកចង់កំសាន្ត says:

    ដូចយើងដឹងជាយូរហើយថា រដ្ឋាភិបាលអសម្មតភាពចូលចិត្តរើសមនុស្សធន់អស់ហ្នឹងមកធ្វើការណាស់ ព្រោះវាស្រួលពត់បត់បែន ហ្នឹងហើយរដ្ឋាភិបាលខ្វាក់ ចរឹកអន់ ។

  5. :( says:

    ជឿលើតុលាការទាល់តែក្របីដោះស្លាប

  6. Anonymous says:

    បើ មិនប្តឹង គេថា យើងជា មនុស្ស កំសាក ហើយថ្ងៃក្រោយ គេ រំលោភ សិទ្ធ យើង រហូត !

    បើ តុលាការ មិនចាត់ការ គឺ ប្រជាពលរដ្ឋទាំងអស់ គាត់ជាអ្នក វិនិច្ឆ័យ កាត់ទោស ទៅថ្ងៃក្រោយ !