ដោយ៖ ទូច សុខា | ថ្ងៃអង្គារ ទី1 កញ្ញា 2015, 02:57 PM
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ទីស្តីការគណៈរដ្ឋមន្ត្រីប្រកាសថា នឹងមានការពិនិត្យផ្ទៀងផ្ទាត់ផែនទីដែលយកមកពីប្រទេសបារាំង និងផែនទីរបស់រដ្ឋាភិបាលនៅថ្ងៃទី៣ ខែកញ្ញា ខណៈរដ្ឋាភិបាលរំពឹងថាជាការបិទបញ្ចប់ការផ្ទៀងផ្ទាត់ផែនទីនៅដំណាក់កាលចុងក្រោយ។
សេចក្ដីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីចេញផ្សាយនៅថ្ងៃនេះឲ្យដឹងថា នៅថ្ងៃទី៣ ខែកញ្ញា វេលាម៉ោង៩ព្រឹក ខ្លួននឹងរៀបចំពិធីទទួល និងផ្ទៀងផ្ទាត់ផែនទីដែលកម្ពុជាខ្ចីពីរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ជាមួយផែនទីផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងធ្វើឡើងនៅវិមានសន្តិភាព។
អនុប្រធានគណៈកម្មាធិការកិច្ចការព្រំដែន លោកស្រី កុយ ពិសី មានប្រសាសន៍ប្រាប់ VOD ថា នៅថ្ងៃនោះ ភាគីបារាំងនឹងយកផែនទីដែលកម្ពុជាខ្ចីពីប្រទេសបារាំងមកប្រគល់ជូនរដ្ឋាភិបាលកម្ពុជា តែលោកស្រីនៅមិនទាន់ដឹងថា ផែនទីដែលបារាំងយកមកឲ្យកម្ពុជាខ្ចីនោះជាប្រភេទផែនទីអ្វីនោះទេ។
លោកស្រី កុយ ពិសី ឲ្យដឹងទៀតថា លោកស្រីក៏មិនបានដឹងថាតើបារាំងនឹងមានបញ្ជូនអ្នកជំនាញផែនទីពីប្រទេសបារាំង ដូចការស្នើសុំរបស់រដ្ឋាភិបាលឬយ៉ាងណានោះទេ ដោយលោកស្រីបញ្ជាក់ថា លោកស្រីនៅមិនទាន់បានទទួលលិខិតឆ្លើយតបរបស់ប្រធានាធិបតីបារាំងនោះនៅឡើយ។
លោកស្រីបន្ថែមថា៖ “តែយ៉ាងណាយ៉ាងណី យើងចាំមើលទាំងអស់គ្នាថ្ងៃ(ទី)៣ អូន ខ្ញុំក៏អត់ទាន់បានឃើញផែនទីហ្នឹងនៅឡើយទាំងអស់គ្នា គ្រាន់តែដឹងថានៅថ្ងៃ៣គេនឹងយកមក អ៊ីចឹងយើងរៀបចំពិធីប្រគល់ទទួល និងផ្ទៀងផ្ទាត់ជាសាធារណៈដូចដែលយើងធ្វើជាមួយUNថ្ងៃមុនអ៊ីចឹង”។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី កម្មវិធីនោះនឹងមានការចូលរួមពីតំណាងគណបក្សនយោបាយ៣ គឺគណបក្សប្រជាជនកម្ពុជា៥រូប គណបក្សសង្គ្រោះជាតិ៥រូប និងគណបក្សហ្វ៊ុនស៊ីនប៉ិច៥រូប រួមនឹងតំណាងស្ថាប័នព្រឹទ្ធសភា និងរដ្ឋសភា។ តំណាងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន២រូប និងលោកបណ្ឌិត សុខ ទូច ព្រមទាំងសហការីនៃរាជបណ្ឌិតសភាចំនួន៣រូបក៏នឹងចូលរួមការទទួល និងផ្ទៀងផ្ទាត់ផែនទីនេះផងដែរ។
អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន មានប្រសាសន៍ថា ប្រតិភូរបស់គណបក្សហ្វ៊ុនស៊ីនប៉ិចនឹងទៅចូលរួមការពិនិត្យផ្ទៀងផ្ទាត់ផែនទីនេះ។ ទោះយ៉ាងណា លោកមិនទាន់អាចបញ្ជាក់ថា មន្ត្រីរូបណាខ្លះនឹងត្រូវបញ្ជូនឲ្យចូលរួមនោះទេ។ លោកចាត់ទុកការបើកឲ្យមានការផ្ទៀងផ្ទាត់ផែនទីជាសាធារណៈពីសំណាក់រដ្ឋាភិបាលនេះ គឺជារឿងល្អមួយសម្រាប់ឲ្យមានការដឹងឮជាសាធារណៈចំពោះផែនទីរបស់ប្រទេសជាតិ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា រហូតមកដល់រសៀលថ្ងៃអង្គារនេះ គណបក្សសង្គ្រោះជាតិមិនទាន់បានទទួលលិខិតអញ្ជើញណាមួយពីរដ្ឋាភិបាលនៅឡើយទេ។ ទោះយ៉ាងណា លោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិនឹងបញ្ជូនតំណាងរាស្ត្រ៥រូបដើម្បីចូលរួមក្នុងពិធីនេះ បើសិនជាទទួលបានលិខិតអញ្ជើញ។
លោក យឹម សុវណ្ណ បន្តថា ការផ្ទៀងផ្ទាត់ផែនទីជារឿងសំខាន់មួយ ប៉ុន្តែលោកថា រឿងដែលសំខាន់មួយទៀតគឺការផ្ទៀងផ្ទាត់នៅលើដីជាក់ស្តែង ដែលលោកថាត្រូវធ្វើឡើងដោយមានតម្លាភាព និងមានការចូលរូមពីគ្រប់ភាគីពាក់ព័ន្ធ។
លោកបន្ថែថា៖ “រឿងផែនទីជារឿងមួយ ក៏ប៉ុន្តែរឿងទី២គឺរឿងបោះបង្គោល បោះបង្គោលហ្នឹង បោះត្រឹមត្រូវអត់ ចូលដីខ្មែរទេ មានប្រជាពលរដ្ឋប្តឹងផ្តល់ទេ កន្លងមកមានប្រជាពលរដ្ឋប្តឹងផ្តល់ថាការបោះបង្គោលហ្នឹងធ្វើឲ្យបាត់ដីរបស់គាត់”។
ទោះយ៉ាងណា អនុប្រធានគណៈកម្មាធិការកិច្ចការព្រំដែនលោកស្រី កុយ ពិសី បញ្ជាក់ថា រដ្ឋាភិបាលគ្មានគម្រោងនឹងចុះទៅផ្ទៀងផ្ទាត់ផែនទីជាមួយផ្ទៃដីបន្តទៀតនោះទេ ដោយលោកស្រីអះអាងថា កន្លងមករដ្ឋាភិបាលបានធ្វើកិច្ចការបោះបង្គោលព្រំដែននេះយ៉ាងត្រឹមត្រូវ។ លោកស្រីបន្តថា បើសិនជាតំណាងរាស្ត្រគណបក្សប្រឆាំងសង្ស័យលើចំណុចណាមួយនៃការបោះបង្គោលព្រំដែន លោកស្រីថាតំណាងរាស្ត្របក្សប្រឆាំងអាចកោះហៅមន្ត្រីរដ្ឋាភិបាលមកសាកសួរនៅរដ្ឋសភាបាន។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែសីហា រដ្ឋភិបាលបានរៀបចំពិធីទទួល និងផ្ទៀងផ្ទាត់ផែនទីមកពីអង្គការសហប្រជាជាតិចំនួន១៨ផ្ទាំងម្ដងហើយ។ ចំណែក រាជបណ្ឌិត្យសភាកម្ពុជាក៏បានប្រមូលផែនទីពីភាគីផ្សេងៗរួមទាំងផែនទីមកពីគណបក្សសង្គ្រោះជាតិ យកមកផ្ទៀងផ្ទាត់ និងបានអះអាងថា ផែនទីគ្រប់ប្រភពដែលផ្ទៀងផ្ទាត់ជាមួយផែនទីរបស់រាជរដ្ឋាភិបាលកម្ពុជាមានសណ្ឋានដូចគ្នា ហើយអាចចាត់ទុកថាត្រឹមត្រូវ។
តែបែបនេះក្ដី ផែនទីចំនួន១២៦ផ្ទាំងនៃគណៈកម្មាធិការព្រំដែនកម្ពុជារបស់លោក ស៊ាន ប៉េងសែ ដែលមានមូលដ្ឋាននៅប្រទេសបារាំង មិនទាន់បានធ្វើការផ្ទៀងផ្ទាត់ជាមួយផែនទីរបស់រាជរដ្ឋាភិបាលនៅឡើយទេ៕
សូមសរសេរមកលោក ទូច សុខា តាមរយៈ sokha@vodhotnews.com

នៅក្នុងផែនទីឥណ្ឌូចិនដែលបារាំងគូស កោះត្រល់ជារបស់ខ្មែរ មិនមែជារបស់យួនឡើយ !
https://www.youtube.com/watch?v=xsHZYekPbmg
តែបែបនេះក្ដី ផែនទីចំនួន១២៦ផ្ទាំងនៃគណៈកម្មាធិការព្រំដែនកម្ពុជារបស់លោក ស៊ាន ប៉េងសែ ដែលមានមូលដ្ឋាននៅប្រទេសបារាំង មិនទាន់បានធ្វើការផ្ទៀងផ្ទាត់ជាមួយផែនទីរបស់រាជរដ្ឋាភិបាលនៅឡើយទេ៕
___________________________
ដល់ម៉ោងនេះហើយ គឺវាអស់ន័យហើយ ឈប់និយាយពីផែនទីស៊ាន ប៉េងសែ ស្អីគេនោះទៀតទៅ!
តែពួកអ្នកសរសេរ ត្រូវមើឡើងវិញផងពីអត្ថបទដែលខ្លួនសរសេរដោយមានទិន្នន័យ យ៉ាងនេះ ។ តើស៊ាន ប៉េងសែ មានផែនទីដីខ្មែរ ដល់ ១២៦ សន្លឹក មែនឬអី?