ដោយ៖ សេង វណ្ណៈ | ថ្ងៃអង្គារ ទី1 កញ្ញា 2015, 05:47 PM
http://vodhotnews.com
គ្រួសារយោធិនដែលត្រូវបានអាជ្ញាធរខណ្ឌព្រែកព្នៅ ចុះរុះរើផ្ទះកាលពីម្សិលមិញ ទាមទារឲ្យអាជ្ញាធរផ្ដល់សំណងសមរម្យសម្រាប់ផលប៉ះពាល់ និងឥវ៉ាន់លក់ដូរដែលអាជ្ញាធរបានរឹបអូសពេលចុះរុះរើ។
កាលពីរសៀលម្សិលមិញ កងកម្លាំងចម្រុះខណ្ឌព្រែកព្នៅប្រមាណជា៣០នាក់ បានចុះរុះរើផ្ទះ២ខ្នងនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ សម្រាប់គម្រោងពង្រីកផ្លូវជាតិលេខ៥ ក្រោយម្ចាស់ផ្ទះមិនព្រមទទួលយកសំណងដែលអាជ្ញាធរផ្ដល់ឲ្យ។
អ្នកស្រី ស៊ូ ស្រីនាង ម្ចាស់ផ្ទះដែលត្រូវអាជ្ញាធររុះរើប្រាប់វីអូឌី(VOD)នៅថ្ងៃអង្គារនេះថា ផ្ទះអ្នកស្រី និងដីផ្ទះរបស់កូនអ្នកស្រីត្រូវប៉ះពាល់សម្រាប់ការពង្រីកផ្លូវជាតិលេខ៥។ អ្នកស្រីថា អាជ្ញាធរខណ្ឌបានយល់ព្រមផ្ដល់សំណងជាទឹកប្រាក់ចំនួន៨០០០ដុល្លារសម្រាប់ផ្ទះអ្នកស្រី និងសំណង៣០០០ដុល្លារសម្រាប់ផ្ទះកូនអ្នកស្រី ប៉ុន្តែអ្នកស្រីមិនព្រមទទួលយក។ អ្នកស្រីអះអាងថា សំណងនេះមិនគ្រប់គ្រាន់សម្រាប់គាត់ទិញផ្ទះថ្មីដើម្បីស្នាក់នៅ និងប្រកបរបរចិញ្ចឹមជីវិតនោះទេ ដោយអ្នកស្រីទាមទារសំណងរួមចំនួន៣៥០០០ដុល្លារសម្រាប់ផ្ទះអ្នកស្រី និងកូន។
អ្នកស្រី ស៊ូ ស្រីនាង បន្តថា ពេលរុះរើ អាជ្ញាធរបានរឹបអូសយកជ័រប្រេងរបស់អ្នកស្រីអស់២២កាន ដែលអ្នកស្រីអះអាងថា អ្នកស្រីបានជឿពីគេមកលក់ត ដោយជ័រលេខមួយតម្លៃជាង៣០ម៉ឺនរៀលក្នុងមួយកាន។ អ្នកស្រីបន្តថា៖ “ខាងសមត្ថកិច្ចប៉ូលិសដឹកឡានទៅតែម្ដង កូនខ្ញុំគ្រាន់ថារបស់ហ្នឹងយកទៅធ្វើអី ចាប់កូនខ្ញុំក្រៀកយកទៅ កូនខ្ញុំសួរយកកូនខ្ញុំទៅធ្វើអីខ្ញុំនៅមើលរបស់ទ្រព្យខ្ញុំ”។
អ្នកស្រីអំពាវនាវឲ្យសមត្ថកិច្ចប្រគល់ឥវ៉ាន់លក់ដូររបស់គាត់វិញ ដោយអ្នកស្រីព្រោះពេលនេះ គាត់មិនមានទ្រព្យសម្បត្តិអ្វីទេ។ អ្នកស្រីបន្តទៀតថា ក្នុងការរុះរើនោះ អ្នកស្រីបានបាត់លុយ និងគ្រឿងអលង្កាមួយចំនួននៅក្នុងផ្ទះ ដែលអ្នកស្រីអះអាងថាបានព្យាយាមរកតាំងពីម្សិលមិញរហូតដល់ថ្ងៃនេះនៅតែរកពុំឃើញ។
VOD មិនទាន់អាចទាក់ទងអាជ្ញាធរខណ្ឌព្រែកព្នៅសុំការអត្ថាធិបាយពីបញ្ហានេះបានទេ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។ វីអូឌីក៏មិនអាចសុំការអត្ថាធិបាយពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានទេ ដោយលោកអះអាងថា ថ្ងៃនេះលោកសុំច្បាប់ឈប់សម្រាកព្រោះមានធុរៈ។
នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ មានប្រសាសន៍ថា ការប្រើកម្លាំងដ៏ច្រើនចុះរុះរើផ្ទះរបស់ប្រជាពលរដ្ឋដែលមិនបានព្រមព្រៀងទាំងបង្ខំនេះ គឺមិនត្រឹមត្រូវតាមច្បាប់ និងបង្ហាញពីកម្សោយនៃការគ្រប់គ្រង។ លោកថា អាជ្ញាធរគួររកដំណោះស្រាយជាមួយពលរដ្ឋឲ្យបានជាមុនសិន មុនឈានដល់ការរុះរើ។
លោក សៀ ភារម្យ មានប្រសាសន៍ថា៖ “នៅពេលដែលប្រជាពលរដ្ឋរបស់ខ្លួនមិនទាន់ចរចាគ្នាត្រូវរ៉ូវ ហើយយើងទៅបង្ខំកម្ទេចទ្រព្យសម្បត្តិរបស់គេ ហើយមិនកំទេចផ្ទះទេគឺយកលួចឆក់យកអាទ្រព្យសម្បត្តិរបស់គេនៅក្នុងផ្ទះហ្នឹង យកទៅបាត់អស់ទៀត អ៊ីចឹងអានេះគឺជារឿងមួយអាចនិយាយបានថាជាអំពើប្លន់ ប្លន់នៅទីសាធារណៈជាលក្ខណៈប្រព័ន្ធ”។
អ្នកស្រី ស៊ូ ស្រីនាង អះអាងថា គាត់ទិញដីនៅទីនោះតាំងពីឆ្នាំ១៩៩៧មក ហើយមានការដឹងឮពីអាជ្ញាធរមូលដ្ឋាន។ អ្នកស្រីបន្ថែមថា ប្តីរបស់អ្នកស្រីជាយោធា និងស្លាប់កាលពីឆ្នាំ២០០០ ដោយសារជំងឺពេលចុះបំពេញការងារ។
កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ សាលារាជធានីបានជូនលិខិតមួយច្បាប់ឲ្យអ្នកស្រី ស៊ូ ស្រីនាង ដោយបញ្ជាក់ថា សាលារាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធនឹងចុះរុះរើផ្ទះដែលជាចំណុចរងផលប៉ះពាល់ ព្រោះសាលារាជធានីភ្នំពេញបានទុកឱកាស និងលទ្ធភាពឲ្យគ្រួសារទាំងពីរពិចារណា និងសម្រេចចិត្តជាយូរមកហើយ។ ក្រោយមកនៅថ្ងៃទី២៧ ខែសីហា អភិបាលខណ្ឌព្រែកព្នៅបានចុះជួបគ្រួសារទាំងពីរផ្ទាល់ប្រាប់ពីការផ្តល់សំណង និងការរុះរើ ប៉ុន្តែពួកគេមិនព្រមទទួលយកសំណងដែលផ្តល់ដោយអាជ្ញាធរនោះទេ ដោយពួកគេទាមទារជាង៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីទិញផ្ទះនៅកន្លែងផ្សេងនៅក្នុងរាជធានីភ្នំពេញ៕
សូមសរសេរមកលោក សេង វណ្ណៈ តាមរយៈ sengvannakdmc@gmail.com

>.. អាជ្ញាធរ ត្រូវតែ ប្រគល់ទ្រព្យសម្បត្តិ អោយគាត់ វិញ កុំអោយគេចោទ ថា ជា ចោរ !
រឿងនេះ យើងមិនត្រូវនិយាយពីរឿង យោធិន ឬរឿងស្អី ៗ ដែលមានលក្ខណៈជាការសង្កត់បញ្ហាឲ្យកាន់តែធំ ដើម្បីវាយប្រហារដ្ឋាភិបាលទេ។
តែរឿងដែលយើងត្រូវតែពិចារណា គឺរោះងច្បាប់ និង រឿងគម្រោងអភិវឌ្ឍន៍ កពិចារណាដល់ភាពពជាក់ស្តែងនៃជីវភាពប្រជាពលរដ្ឋរងផលប៉ះពាល់ដែរ។ រងផលប៉ះពាល់ មានករណី ១) ប្រជាជនមានដីស្រប់ច្បាប់ ដែលត្រូវប៉ះជាមួយគម្រោង ២) ប្រជាជនមានលំនៅស្ថានលើដីមិនស្របច្បាប់ មានន័យថា ដីចំណីផ្លូវ ឬដីរដ្ឋ ដីសាធារណៈ ។ បញ្ហាទី ១ គេអាចដោះស្រាយតាមច្បាប់អស្សាមិករណ៍ អញ្ចឹងទៅ តែត្រង់ថា រដ្ឋត្រូវសងសំណងប៉ុន្មាន យើងមិនដឹងទេ។
តែករណីទី២ ជារឿងដែលលំបាកណាស់។ ជួនកាលទៅ បើរដ្ឋសងច្រើនពេក ក៏រដ្ឋពុំមានលុយដែរ។ តែរឿងដែលសំខាន់ ប្រជាជន គាត់មិននិយាយពីរឿងតម្លៃសំណង់របស់ គាត់ទេ គឺគាត់និយាយតែពីរឿងជីវភាពរបស់គាត់ ទោះជាគាត់មានតែខ្ទមមួយ ៣ម៉ែត្រ ៤ ជ្រុង ក៏គាត់ថាជាវិមានសុខរបស់គាត់ដែរ ដោយគាត់ទាមទាររាប់ម៉ឺនដុល្លា នឹងគេដែរ។ មានន័យថា ផ្គាប់ចិត្តគាត់មិនត្រូវ។ បើយើងជាអាជ្ញាធរ ក៏យើងលំបាកដែរ។ តែកមានរឿងខ្លះ ក៏អាជ្ញាត្រូវពិិចារណាពីជីវភាពរបស់ពួកគាត់ថា តើ បន្ទាប់ពីគាត់រៀចេញទៅ គាត់ត្រូវរស់នៅក្នុងស្ថានភាពបែបណា? ហើយតម្លៃណាមួយដែលយើងគួដោះស្រាយជាមួយគាត់? រឿងនេះ សរុបឲ្យខ្លី គឺរឿងមេឃុំ ចៅសង្កាត់ និង មេភូមិតែម្តង នៅពេលដែល ប្រជាជនចាប់តាំងទីរស់នៅ និងសាងសង់ គឺគាត់មិនរវល់ទេ។
ទោះជាយ៉ាងណាក៏ដោយ គម្រោងកសាងផ្លូវ កសាងសំណង់សាធារណៈដើម្បីជាតិ មិនត្រូវមានអ្នកណាម្នាក់រំខានទេ។ ហើយអ្នកនយោបាយ អ្នកសិទ្ធមនុស្សនានា ក៏មិនត្រូវលូកដៃមកខ្ទាស់ មកកកូរកកាយ មកញុះញង់ បង្កើតជាវិបត្តិទេ។ អ្នកទាំងនេះ ត្រូវចូលរួមជាមួយរដ្ឋាភិបាល ក្នុងការដោះស្រាយរកទីជម្រាប រកលទ្ធភាពសម្រាប់ការចរចារដែលមានលទ្ធផលសមស្របអាចទទួលយកបាន ទាំងអស់គ្នា វាល្អជាង ការយកបញ្ហាមកវាយប្រហាររដ្ឋាភិបាលទេ។
គេសង្កេតឃើថា បច្ចុប្បន្ននេះ អ្វីក៏ដោយ ទោះជាគម្រោងអភិវឌ្ឍន៍ដោយវិស័យឯកជន កមានក្រុុមអង្គការ និងអង្នកនយោបាយ មួយចំនួន យកមកធ្វើជាមុខរបររបស់ខ្លួន ចេញមុខរុញច្រាន ញុះញង់ មិនតែប៉ុណ្ណោះ រហូតដល់គម្រោងអភិវឌ្ឍសំណង់សាធារណៈ ក៏ពួកនេះ មកញុះញង់ ដែរ។
សួរថា តើអនាគតទៅ ប្រទេសកម្ពុជាត្រូវកសាងប្រទេសយ៉ាងដូចម្តេច? តើត្រូវតែប្រើហឹង្សាប្រឈម ជាមួយនឹងការញុះញង់របៀបនេះ ជារៀងរហូតឬ?
ផ្លូវដោះស្រាយមានតែមួយ គឺ គ្រប់គ្នាត្រូវគោរពច្បាប់ ដោយចាប់ផ្តើមពី ៖ ទី ១) អាជ្ញាធរមូលដ្ឋានត្រូវច្បាស់លាស់ក្នុងការអនុញ្ញាតឲ្យប្រជាជនរស់នៅ និងសាសងសង់សំណង់អ្វីមួយ។ ទី២) ប្រជាជនត្រូវទទួលស្គាល់ថាខ្លួនខុសច្បាប់។ ទី៣) បើមានគម្រោងដែលប៉ះពាល់នឹងជីវភាព ផ្ទះសម្បែងប្រជាជន ខុសច្បាប់ ឬត្រូវច្បាប់ ក៏ត្រូវជជែកគ្នា ឲ្យធានថា ប្រជាជនទទួលបានផលដោយសមនឹងកាល៖ទសៈនៃសេដ្ឋកិច្ចបច្ចប្បន្ន។ ហើយប្រជាជន ក៏មិនត្រូវគាបករដ្ឋាភិបាលដែរ។ ទី៤) អង្គការ សមាគមនានា ត្រូវជួរដ្ឋាភិបាល ក្នុងរៀបចំកន្លែងរស់នៅថ្មី ការសម្របសម្រួលតម្លៃសងសំណង ឲ្យបានសមរម្យ មិនឲ្យប្រជាជនគាបរដ្ឋាភិបាល។ អង្គការត្រូវតាមទៅជួយកសាងភូមឋាន សំណង់ហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់ ដើម្បីបម្រើឃឿនវប្បធម៌ និងជីវភាពប្រជាជន។
តែរឿងជាក់ស្តែងនៃគរួសារប៉ះនឹងគម្រោងស្ពាននេះ រដ្ឋាភិបាលគួរពិនិត្យដែរថា ៖ តើសំណង់នោះ វាស្ថិតនៅលើដីចំណីផ្លូវ ២៥ ម៉ែត្រពីអក្សផ្លូវ ឬកនៅក្រៅខ្សែនោះ។ បើនៅក្នុងបរិវេណ ២៥ ម៉ែត្រ ក៏គួរតែជួយគ្នាឲ្យបានសមរម្យទៅ ។ តែបើក្រៅខ្សៃ ២៥ ម៉ែត្រ ក៏ត្រូវតែសងគ្នា ឲ្យបាន ៣៥០០០ ដុល្លាទៅ។
ត្រូវគិតថា គ្រួសារគេ ក៏ដូចគ្រួសារយើងទេ។ មិនមែនរឿងយើង យើងមិនឈឺ ។ តែបើសិននេះ ជារឿងយើងវិញ??