ដោយ ឡេង ម៉ាលី
2015-09-01
RFA

អង្គភាពគាំពារជនរងគ្រោះនៃសាលាក្ដីខ្មែរក្រហម រៀបចំកិច្ចប្រជុំរវាងដើមបណ្ដឹងរដ្ឋប្បវេណីជាង ២០០នាក់ និងមេធាវីសំណុំរឿង ០០២ នៅថ្ងៃទី៦ តុលា នៅរាជធានីភ្នំពេញ។ RFA/Leng Maly
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃអង្គារ ទី១ ខែកញ្ញា បានធ្វើសវនាការស្ដាប់ការថ្លែងទុក្ខសោករបស់ដើមបណ្ដឹងរដ្ឋប្បវេណីទាក់ទងនឹងការបង្ខំឱ្យធ្វើការងារ។ ដើមបណ្ដឹងរដ្ឋប្បវេណីដែលឡើងមកថ្លែងទុក្ខសោកទីមួយ ឈ្មោះ នួន ណារុំ អតីតជាសមាជិកពលករកងចល័តមួយរូបនៅការដ្ឋានធ្វើការងារដោយបង្ខំលើកទំនប់អាង ១មករា ខេត្តកំពង់ធំ។
ដើមបណ្ដឹងរដ្ឋប្បវេណី នួន ណារុំ ហៅ អ៊ុយ សំណា ជាអ្នកមានកំណើតនៅខេត្តកំពង់ចាម ថ្លែងថា ការងារនៅលើកទំនប់អាង ១ មករា ខេត្តកំពង់ធំ នោះលំបាកខ្លាំងណាស់ គឺត្រូវធ្វើទាំងយប់ទាំងថ្ងៃ មិនថាឈឺ ឬជា។ បន្ថែមលើការលំបាកនេះទៀត មានពលករជាច្រើននាក់ត្រូវបាត់ខ្លួន ឬចាប់យកទៅសម្លាប់។
លោកស្រី នួន ណារុំ ថ្លែងថា សមាជិកគ្រួសារទាំងអស់លោកស្រី ក៏ត្រូវពួកខ្មែរក្រហមយកទៅសម្លាប់ដែរ៖ «ពេលខ្ញុំឈរនៅកន្លែងចុងភៅគេ ស្រាប់តែ មុំ នៅភូមិជាមួយនាងខ្ញុំ ដែលជាអ្នកថ្មីដូចគ្នានៅកងចល័តហ្នឹង ប្រាប់ថា បង! ព្រឹកមិញ គេយកម៉ែឪយើងទៅសម្លាប់អស់ហើយ។ ពេលនោះនាងខ្ញុំដូចបាត់ព្រលឹងអស់ ចង់ជ្រុះចានដែកពីដៃហើយ។ ពេលនោះខ្ញុំសួរ មុំ ថា ចុះយើង តើយើងត្រូវទៅឬអត់? តែ មុំ ថា គេយកទៅតាំងពីព្រឹកម្ល៉េះ យើងមិនអាចទៅបានទេ វាហួសពេលទៅហើយ»។
ដើមបណ្ដឹងរដ្ឋប្បវេណីមួយរូបទៀត គឺលោកស្រី ចៅ ឡាង ដែលជាអតីតពលករកងចល័តនៅទំនប់ ១ មករា ក៏ថ្លែងពីទុក្ខសោករបស់លោកស្រី ជូនអង្គជំនុំជម្រះដែរ។ លោកស្រីបញ្ជាក់ថា លោកស្រីត្រូវពួកខ្មែរក្រហមបង្ខំឱ្យរែកដីលើកទំនប់ហួសកម្លាំង។ លោកស្រីត្រូវតែធ្វើព្រោះខ្លាចគេយកទៅសម្លាប់។
លោកស្រី ចៅ ឡាង ជម្រាបអង្គជំនុំជម្រះថា គ្រួសារបងរបស់លោកស្រី ត្រូវពួកខ្មែរក្រហមចាប់យកទៅសម្លាប់ដោយចោទថា ជាខ្មែរស។ ការចោទបែបនេះ ក៏ព្រោះតែបងរបស់លោកស្រីមានអំបិល ដែលបានពីការដូរនាឡិកា។ អ្នកជិតខាងប្រាប់លោកស្រីថា គ្រួសារបងរបស់លោកស្រីត្រូវគេចងអូសមុននឹងសម្លាប់៖ «ខ្ញុំសួរគេទៅវិញថា បើគេចោទគាត់ថាជាខ្មែរស តើគេយកគាត់ទៅសម្លាប់យ៉ាងដូចម្ដេច? គេឆ្លើយប្រាប់ខ្ញុំថា ប្ដី និងប្រពន្ធ គេដាក់ច្រវាក់ទាក់នឹងរទេះគោ។ កូនអាយុបី ក៏គេដាក់អ៊ីចឹងដែរ។ គេអូសបញ្ច្រាសកាត់ព្រៃទៅហើយ។ តើបងស្រីខ្ញុំ ក្មួយខ្ញុំវេទនាយ៉ាងណា?»។
ដើមបណ្ដឹងរដ្ឋប្បវេណីទាំងពីររូប នៅតែចង់ដឹងថា ហេតុអ្វីបានជារឿងរ៉ាវបែបនេះ កើតឡើងចំពោះពួកគាត់។ តាមរយៈប្រធានអង្គជំនុំជម្រះសាលាដំបូង ពួកគាត់សួរទៅជនជាប់ចោទ នួន ជា និង ខៀវ សំផន ថា តើមានគោលបំណងអ្វីបានជាជម្លៀសប្រជាជនចេញពីទីក្រុង ឱ្យទៅធ្វើការហួសកម្លាំង និងមិនឱ្យហូបឆ្អែត?
ជនជាប់ចោទ នួន ជា និង ខៀវ សំផន មិនបានឆ្លើយតប សំណួររបស់ដើមបណ្ដឹងរដ្ឋប្បវេណីទាំងពីរទេ ដោយសារតែជនជាប់ចោទទាំងពីរបានប្រកាសកាលពីថ្ងៃទី៨ ខែមករា ថា នឹងរក្សាសិទ្ធិនៅស្ងៀមមិនឆ្លើយតបទៅនឹងសំណួរពីភាគីទាំងឡាយទេ រួមទាំងសំណួររបស់អង្គជំនុំជម្រះផង។
បន្ទាប់ពីដើមបណ្ដឹងរដ្ឋប្បវេណីពីររូបនេះ អង្គជំនុំជម្រះនឹងស្ដាប់ការថ្លែងទុក្ខសោករបស់ដើមបណ្ដឹងរដ្ឋប្បវេណីពីររូបទៀត នៅថ្ងៃទី២ កញ្ញា ទាក់ទងនឹងអង្គហេតុការងារដោយបង្ខំ នៅការដ្ឋានធ្វើទំនប់អាងត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សាលាក្ដីខ្មែរក្រហមបញ្ចប់នីតិវិធីប្រឆាំងជនជាប់ចោទ អៀង ធីរិទ្ធ
- សាលាក្ដីខ្មែរក្រហមផ្អាកសវនាការម្ដងទៀតដោយសារបញ្ហាពហិការមិនទាន់ដោះស្រាយ
- សាលាក្ដីខ្មែរក្រហមផ្អាកសវនាការដោយសារមេធាវីការពារក្ដីជនជាប់ចោទធ្វើពហិការ
- សាក្សីទី១០ថ្លែងពីការឈឺចាប់និងបាត់បង់គ្រប់យ៉ាងនៅការដ្ឋានទំនប់អាងត្រពាំងថ្ម
- សាក្សីទី៩អតីតមេកងចល័តថាអ្នកធ្វើការនៅការដ្ឋានអាងត្រពាំងថ្មធ្លាក់ខ្លួនឈឺរាល់ថ្ងៃ
- មន្ត្រីនាំពាក្យថាមរណភាពរបស់ជនជាប់ចោទ អៀង ធីរិទ្ធ នឹងមិនប៉ះពាល់ដល់ការជំនុំជម្រះទេ
- ប្រវត្តិសង្ខេបរបស់ជនជាប់ចោទ អៀង ធីរិទ្ធ
- ជនជាប់ចោទ អៀង ធីរិទ្ធ ទទួលមរណភាព
- សាក្សីទី៨បញ្ជាក់ថាមានការសម្លាប់ស្ត្រីមានផ្ទៃពោះនៅការដ្ឋានធ្វើទំនប់អាងត្រពាំងថ្ម
ឡប់មួយពូជ(កាត់ទោសសត្វពពែដោយសារមានគ្រាប់បាយជាប់មាត់ឯក្រុមសត្វស្វាលួចស៊ីបាយបានរួចខ្លួនឡើងយសសក្តិ)។