​ក្រុមអ្នកតវ៉ា​ឲ្យ​ដោះលែង​យុវជន​នៅ​ខេត្ត​កោះកុង​ព្រម​រំសាយ​បន្ទាប់ពី​អាជ្ញាធរ​ព្រមាន​​

ដោយ៖​ ឈុន វួ​ចលាង​ | ថ្ងៃពុធ ទី2 កញ្ញា 2015
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

ប្រជាពលរដ្ឋ​តវ៉ា​នៅមុខ​សាលាដំបូង​ខេត្ត​កោះកុង​កាលពីពេល​កន្លងមក​ (រូបថត៖ អ៊ិត សូធឿត)


​ក្រុមអ្នកតវ៉ា​ឲ្យ​តុលាការ​ដោះលែង​យុវជន​ចលនា​មាតា​ធម្មជាតិ​៣​នាក់ នៅ​ខេត្ត​កោះកុង​បាន​រំសាយ​ការ​ដង្ហែ​ក្បួន​បណ្តោះអាសន្ន​ក្រោយ​ពី​សាលាក្រុង​ខេមរភូមិន្ទ បាន​ចេញ​បម្រាម​មិន​ឲ្យមាន​ការ​ជួបជុំតវ៉ា ដោយ​ចោទ​ថា​ធ្វើឲ្យប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារ​ណៈ​។​

​សាលាក្រុង​ខេមរភូមិន្ទ​បានដាក់​កំហិត​ដល់​ក្រុម​ប្រជាពលរដ្ឋ​ឲ្យ​បញ្ឈប់​រាល់​សកម្មភាព​ត​វ៉ា នៅ​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២ ខែកញ្ញា​នេះ ដោយ​ព្រមាន​ថា​នឹង​ចាត់ការ​តាម​វិធានការ​ច្បាប់។

សកម្មជន​នៃ​ក្រុម​ចលនា​មាតា​ធម្មជាតិ​មួយ​រូប លោក សន ចាន់​ដា​រ៉ា បានឲ្យដឹងថា ក្រោយពី​មាន​បម្រាម​មិនឲ្យ​មាន​ការតវ៉ា​នោះ ក៏​មាន​ក្រុមអ្នកតវ៉ា​មួយ​ក្រុម​ផ្សេង​ទៀត បាន​តវ៉ា​ប្រឆាំង​នឹង​ក្រុម​ពួកគាត់ ដែល​តវ៉ា​ឲ្យមាន​ការដោះលែង​យុវជនប​រិ​ស្ថានទាំង​៣​នាក់​។ លោក​អះអាង​ថា ក្រុមអ្នកតវ៉ា​ទាំងនោះ​ត្រូវបាន​អាជ្ញាធរ​ជួល​មក​ឲ្យ​ប្រឆាំង​នឹង​សកម្មជន​បរិស្ថាន​។ លោក​ថា​៖ “​អាជ្ញាធរ​បាន​ជួល​ប្រជាជន​មក​បាតុកម្ម​ប្រឆាំង​នឹង​ពួក​យើង​វិញ ដោយ​លើក​ហេតុផល​ថា បាតុកម្ម​តវ៉ា​មិន​គោរព​ច្បាប់ និង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ មានន័យ​ថា ពួកយើង​រាល់ថ្ងៃ​ហ្នឹង​កំពុងតែ​មិន​គោរព​ច្បាប់ ហើយ​ប៉ះពាល់​ដល់​ការរកស៊ី​គេ​នៅក្នុង​ផ្សារ​នៅក្នុង​ខេត្ត​ហ្នឹង​”​។​

VOD មិនអាច​ទាក់ទង​អភិបាល​ខេត្ត​កោះកុង លោក ប៊ុន លើ​ត បាន​នៅឡើយ​។​

​អ្នកសម្របសម្រួល​អង្គ​ការ​សិទ្ធិមនុស្ស​លីកាដូ​ប្រចាំ ខេត្ត​កោះកុង លោក អ៊ិន គង់​ចិត្រ ថ្លែងថា ការចេញ​បម្រាម​ជា​ថ្មី​ទៀត​របស់​អាជ្ញាធរ​លោក​យល់ឃើញថា ជា​ចេតនា​ក្នុងការ​បំបិទ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​សំដែង​មតិ​។ លោក​ថា​៖ “​ឃើញថា នេះ​ជា​ចេតនា​មួយ​ដើម្បី​បំបិទ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ដែល​គាត់​សម្តែង​មតិ​។ ការពិត​គាត់​មាន​គ្នា​មិន​ច្រើន​ទេ ប៉ុន្តែ​ពួកគាត់​កន្លងមក​ច្រើន​គោរព​សណ្តាប់ធ្នាប់ គោរព​ច្បាប់​ចរាច​រណ៍ ហើយ​គាត់​រស់នៅ​ក៏​មាន​អនាម័យ​ស្អាតបាត​ដែរ មិន​រំខាន​ទៅ​ភ្ញៀវ​ទេសចរណ៍​អី​ទេ​”​។​

​គួ​រំឭក​ផងដែរ​ថា ការតវ៉ា​ឲ្យមាន​ការដោះលែង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង​៣​នាក់​នោះ មាន​រយៈពេល​ជិត​កន្លះ​មកហើយ​។ យុវជន​ទាំង​៣​នាក់​ត្រូវបាន​អាជ្ញាធរ​ខ្មែរ​ចាប់ខ្លួន បន្ទាប់ពី​ពួកគេ​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​បូម​ខ្សាច់​របស់​វៀតណាម ដែល​ពួកគេ​អះអាង​ថា​ធ្វើ​ខូច​បរិស្ថាន និង​ប៉ះពាល់​ដល់​ការប្រកប​របរ​នេសាទ​របស់​ពលរដ្ឋ​ខ្មែរ​៕

​សូម​សរសេរ​មក​កញ្ញា ឈុន វួ​ចលាង តាមរយៈ chhun.vouchleang@yahoo.com

What Next?

Recent Articles

One Response to "​ក្រុមអ្នកតវ៉ា​ឲ្យ​ដោះលែង​យុវជន​នៅ​ខេត្ត​កោះកុង​ព្រម​រំសាយ​បន្ទាប់ពី​អាជ្ញាធរ​ព្រមាន​​"

  1. love cambodia says:

    ពួកអាក្បត់ជាតិ ទៅជាប្រើប្រាស់សិទ្ឋតវ៉ាដោយអហិង្សាថាខុសច្បាប់ ចុះពួកហែងចាប់គេដោយគ្រាន់តែហាមមិនអោយយួនបូមខ្សាច់ហែងចាប់គេដាក់គុក តើនោះត្រូវច្បាប់មែនទេ?